VIETNAM EXPO ២០២៣៖ ឱកាសសម្រាប់សហគ្រាសឥណ្ឌូនេស៊ីផ្សព្វផ្សាយផលិតផល
Phuong Thao -  
(VOVWORLD) - ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម (VIETNAM EXPO) លើកទី៣២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE រដ្ឋធានី ហាណូយ។ ក្រោយរយៈពេល ៣១ ឆ្នាំរួមដំណើរជាមួយសហគ្រាសទាំងជាតិនិងអន្តរជាតិ VIETNAM EXPO បានក្លាយទៅជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាម និងអន្តរជាតិ ផ្សព្វផ្សាយផលិតផលរបស់ខ្លួន ក៏ដូចជាស្វែងរកដៃគូសហប្រតិបត្តិការ ក្នុងនោះមានទាំងសហគ្រាសមកពីប្រទេស
ឥណ្ឌូនេស៊ីផងដែរ។
ក្រោមប្រធានបទ “រួមដំណើរជាមួយសហគ្រាសក្នុងយុគសម័យឌីជីថល” Vietnam Expo ២០២៣ បានទាក់ទាញការចូលរួមពីសហគ្រាសចំនួន ៥០០ អង្គភាព មកពីប្រទេស និងដែនដីចំនួន ១៥ ដោយបង្ហាញក្រុមផលិតផលដ៏សម្បូរបែបនិងវិសេសវិសាល។ តំបន់ស្តង់ទំនិញអន្តរជាតិបានទាក់ទាញការចូលរួមពីប្រទេសនានាដូចជា កូរ៉េខាងត្បូង ចិន ប៉ូឡូញ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ និងគុយបា ជាដើម។
លោក Rein Wirawan Gazalba (ស្ដាំ) នាយកប្រតិបត្តិនិងអភិវឌ្ឍន៍ PT Delameta Bilano។ (រូបថត៖ Phuong Thao/VOV5) |
ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន ៤ ដែលចូលរួមVietnam Expo ២០២៣ ក្រុមហ៊ុន PT Delameta Bilano នាំមកនូវផលិតផលក្នុងវិស័យទីក្រុងឆ្លាតវៃ បច្ចេកវិទ្យាគ្រប់គ្រង និងការទូទាត់ការដឹកជញ្ជូន។ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩០ ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រព័ន្ធបង់ប្រាក់ ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី រហូតមកដល់ពេលនេះ PT Delameta Bilano បានដំឡើងប្រព័ន្ធបង់ប្រាក់នៅតាមផ្លូវហាយវេចំនួន ៣២ នៅក្នុងប្រទេស គ្រប់គ្រងការទូទាត់ថ្លៃដឹកជញ្ជូននៅកំពង់ផែធំៗ ដោយដំណើរការប្រតិបត្តិការប្រាក់ចំនួនជាង ១,១ ពាន់លានលើក ក្នុងមួយឆ្នាំ ស្រូបយក ៤០% នៃចំនួនប្រតិបត្តិការដោយផ្អែកលើកាត
អេឡិចត្រូនិកជាតិ។ លោក Rein Wirawan Gazalba នាយកប្រតិបត្តិនិងអភិវឌ្ឍន៍ PT Delameta Bilano បានឲ្យដឹងថា៖
“នៅពិព័រណ៍លើកនេះ យើងខ្ញុំនាំយកផលិតផលប្រៀបខ្លាំងរបស់យើងខ្ញុំនៅក្នុងវិស័យដឹកជញ្ជូន នោះគឺ EncoBus និង EncoHub។ Encobus គឺជាកម្មវិធីសូសវ៉ែដែលប្រើក្នុងការទូទាត់ថ្លៃដឹកជញ្ជូននៅទីក្រុងហ្សាកាតា។ EncoHub ជាកម្មវិធីទូទាត់ប្រាក់ដែលអាចបញ្ចូលជាមួយប្រតិបត្តិការដឹកជញ្ជូន ទីក្រុងឆ្លាតវៃ និងវិស័យជាច្រើនទៀត។ វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស មធ្យោបាយដឹកជញ្ជូនសាធារណៈក៏សម្បូរបែប ហើយតម្រូវការធ្វើដំណើររបស់ប្រជាជនកាន់តែកើនឡើងៗផងដែរ។ នោះគឺជាវិស័យសក្តានុពលដូចនឹងទីផ្សាររបស់យើងខ្ញុំនៅទីក្រុងហ្សាកាតា។ ដូច្នេះហើយ យើងខ្ញុំសង្ឃឹមថាផលិតផលរបស់យើងខ្ញុំនឹងទទួលបានការគាំទ្រយ៉ាងឆាប់រហ័សនៅទីនេះ”។
ផលិតផលមួយចំនួនរបស់ក្រុមហ៊ុន PT Istana Rempah Maju Sejahtera។ (រូបថត៖ Phuong Thao/VOV5) |
ខុសពីក្រុមហ៊ុន PT Delameta Bilano ក្រុមហ៊ុន PT Istana Rempah Maju Sejahtera គឺជាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងវិស័យម្ហូបអាហារ ដែលមានឯកទេសក្នុងការផលិតផលិតផលពីសណ្តែកវ៉ានីឡា។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូឡង់ អូស្ត្រាលី ជប៉ុន ថៃ ជាដើម។ មកដល់ Vietnam Expo លើកនេះ PT Istana Rempah Maju Sejahtera មានបំណងចង់នាំយកផលិតផលធម្មជាតិសុទ្ធសាធពីសណ្តែកវ៉ានីឡារបស់ឥណ្ឌូនេស៊ី។ លោកស្រី Fransisca ទទួលបន្ទុកផ្នែកលក់នៃក្រុមហ៊ុន បានឲ្យដឹងថា៖
“ចូលរួម Vietnam Expo លើកនេះ យើងមានបំណងចង់អភិវឌ្ឍន៍ទីផ្សារនៅអាស៊ី។ បច្ចុប្បន្ននេះ មនុស្សជាច្រើនប្រើប្រាស់សណ្ដែកវ៉ានីឡាសិប្បនិម្មិត ដែលមិនល្អសម្រាប់សុខភាពទេ។ សូមសាកល្បងប្រើវ៉ានីឡាធម្មជាតិសុទ្ធសាធ ព្រោះវាមិនមានសារធាតុរក្សាទុក ដូច្នេះរសជាតិនឹងឆ្ងាញ់ពិសារជាង។ យើងខ្ញុំក៏សង្ឃឹមថា តាមរយៈពិព័រណ៍លើកនេះ នឹងពង្រីកទីផ្សារនៅវៀតណាមផងដែរ។ យើងខ្ញុំមានផែនការបង្កើតសាខាប្រចាំ
វៀតណាមដើម្បីផ្សព្វផ្សាយសណ្ដែកវ៉ានីឡានៅទីផ្សារនេះ”។
វាយតម្លៃពីសក្តានុពលនៃទីផ្សារវៀតណាមសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីតាមរយៈពិព័រណ៍លើកនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi បានចែករំលែកថា៖
“ក្រុមហ៊ុនឥណ្ឌូណេស៊ីទាំង ៤ ដែលចូលរួមក្នុងពិព័រណ៍លើកនេះ សុទ្ធតែមានបំណងពិតប្រាកដចង់ជ្រៀតចូលទីផ្សារវៀតណាម ហើយសហប្រតិបត្តិការជាមួយសហគ្រិន
វៀតណាម។ វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសពីរដែលកំពុងផ្តោតលើការធ្វើឌីជីថល
នីយកម្មតាមរយៈបច្ចេកវិទ្យា។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន ៤ ដែលចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះគឺ កំពុងប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាដើម្បីជួយពន្លឿនដំណើរការសាងសង់ទីក្រុងឆ្លាតវៃ។ ទីក្រុងហាណូយ ទីក្រុងហូជីមិញក៏ដូចជាទីក្រុងផ្សេងទៀតនៅវៀតណាមគឺជាទីផ្សារសក្តានុពលសម្រាប់ពួកគេ”។
យោងតាមការចែករំលែករបស់អនុព័ន្ធពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Addy Perdana Soemantry ថា ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២២ សម្រេចបានទឹកប្រាក់ចំនួន ១៤,១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនឥណ្ឌូនេស៊ីជាច្រើនកំពុងធ្វើអាជីវកម្មនៅវៀតណាម។ ជាមួយនឹងការចូលរួមពីក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន ៤ នៅឯ VIETNAM EXPO លើកនេះ ផលិតផលប្រៀបខ្លាំងរបស់ឥណ្ឌូនេស៊ី ជាថ្មីម្តងទៀតនឹងមានឱកាសខិតជិតមកអ្នកប្រើប្រាស់វៀតណាម។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីស្វែងរកដៃគូនៅវៀតណាម រួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឆ្ពោះទៅរកគោលដៅ ១៥ ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ ២០២៨ ផងដែរ៕
Phuong Thao