កោះម៉ាក់ និងធម្មនុញ្ញ "ទេសចរណ៍ប្រកបដោយនិរន្តរភាព"

(VOVWORLD) - បិទទ្វារ និងបិទភ្លើងក្រោយម៉ោង៨យប់។ គ្មានក្លឹបរាត្រី ឬហាងបារខារ៉ាអូខេទេ។ សូម្បីតែគ្មានហាងលក់ទំនិញគ្រប់មុខក៏គ្មានដែរ។ មធ្យោបាយធ្វើដំណើរស្នូលគឺការដើរថ្មើជើង កង់ ឬឡានអគ្គិសនី។ យ៉ាងណាមិញ កោះម៉ាក់ - កោះដ៏រហោស្ថានមួយក្នុងខេត្តត្រាត ភាគខាងកើតប្រទេសថៃ កំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករមកទទួលយកបទពិសោធន៍នៃ "របៀបរស់នៅយឺតៗ" សម្របខ្លួនទៅនឹងធម្មជាតិ កាត់បន្ថយស្នាមជើងកាបូន និងរួមគ្នាការពារភពផែនដី។ ជោគជ័យនេះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់ស្ថាប័នជាច្រើន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេសការប្តេជ្ញាចិត្តរបស់សហគមន៍ជនអន្តោគ្រាមជាមួយនឹងធម្មនុញ្ញ "ទេសចរណ៍ប្រកបដោយនិរន្តរភាព"។

ដោយមានចម្ងាយ ៣៨ គីឡូម៉ែត្រពីដីគោក កោះម៉ាក់គឺជាកោះធំទីបីនៃខេត្តត្រាត (ប្រទេសថៃ) បន្ទាប់ពីកោះឆាង និងកោះគុត។ មិនត្រឹមតែល្បីល្បាញដោយសម្រស់ធម្មជាតិដ៏រហោស្ថានប៉ុណ្ណោះទេ កោះម៉ាក់សព្វថ្ងៃនេះក៏ទាក់ទាញភ្ញៀវទេសចរដោយរបៀបរស់នៅបៃតង និងការខិតខំប្រឹងប្រែងជំរុញទេសចរណ៍ប្រកបដោយនិរន្តរភាព ថែរក្សាធម្មជាតិដ៏ស្រស់បំព្រង ទន្ទឹមនឹងការបង្កើតប្រភពចំណូលពីទេសចរណ៍សម្រាប់មនុស្សជំនាន់ក្រោយៗទៀតផង។

កោះម៉ាក់ និងធម្មនុញ្ញ លោកស្រី Panupan Suvachananonda អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ប្រចាំខេត្តត្រាត ចែករំលែកនៅក្នុងសិក្ខាសាលាស្តីពីទេសចរណ៍និរន្តរភាពនៅកោះម៉ាក់។
(រូបថត៖ VOV)

លោកស្រី Panupan Suvachananonda អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ប្រចាំខេត្តត្រាត បានឲ្យដឹងថា ដោយមានរមណីយដ្ឋាន និងសណ្ឋាគារប្រមាណតែ ៤០ កន្លែងប៉ុណ្ណោះ កោះម៉ាក់មិនកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរច្រើនពេកនោះទេ ប៉ុន្តែឆ្ពោះទៅរកភ្ញៀវទេសចរប្រកបដោយគុណភាពដែលសុខចិត្តគោរពតាម "ធម្មនុញ្ញកោះម៉ាក់" ដែលបង្កើតឡើងដោយប្រជាជននៅលើកោះ ដើម្បីជំរុញសកម្មភាពទេសចរណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន។

“ខ្ញុំគិតថា សក្តានុពលរបស់កោះម៉ាក់គឺចំនួនភ្ញៀវទេសចរប្រកបដោយគុណភាពដែលស្វែងរកកន្លែងស្ងប់ស្ងាត់ និងសុខសាន្ត មិនដូចកោះដទៃទៀតដែលមានក្លឹបកម្សាន្ត ហាងបារ ឬខារ៉ាអូខេទេ។ ភ្ញៀវទេសចរនៅពេលមកដល់កោះម៉ាក់ អាចចូលរៀនវគ្គបង្រៀនការជ្រលក់ក្រណាត់ដែលមិនប៉ះពាល់ដល់បរិស្ថាន ថ្នាក់បង្រៀនការធ្វើម្ហូបសរីរាង្គនៅតាមកសិដ្ឋាន ស្រូបយកខ្យល់អាកាសបរិសុទ្ធពេលជិះកង់ ឬដើរលេងជុំវិញកោះ រីករាយជាមួយនឹងអាហារប្រចាំតំបន់ និងចូលរួមក្នុងសកម្មភាពមុជទឹកផងដែរ។ តួរលេខបង្ហាញថា ភ្ញៀវទេសចរដែលធ្លាប់មកលេងកោះម៉ាក់ បានវិលត្រឡប់មកច្រើនដងសម្រាប់វិស្សមកាលយូរជាង”។

កោះម៉ាក់ និងធម្មនុញ្ញ ផលិតផលទឹកដូងសរីរាង្គនៅលើកោះម៉ាក់។ (រូបថត៖ VOV)

កោះម៉ាក់ត្រូវបានរដ្ឋាភិបាលថៃជ្រើសរើសដើម្បីអនុវត្តន៍សាកល្បងគោលនយោបាយទេសចរណ៍បៃតងស្របតាមគំរូសេដ្ឋកិច្ច BCG (ជីវសាស្ត្រ - វិលជុំ - បៃតង) តាមនោះ កោះត្រូវបានតម្រង់ទិសដើម្បីអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍ ដែលអាចបង្កើតប្រភពចំណូលប្រកបដោយចីរភាពសម្រាប់ប្រជាជន ព្រមទាំងជំរុញគំរូគ្រប់គ្រងល្អ ហើយសំខាន់ជាងនេះទៅទៀត គឺប្ដេជ្ញាកាត់បន្ថយស្នាមកាបូន ក្នុងសកម្មភាពទេសចរណ៍ទាំងអស់។

ដោយពន្យល់ពីជម្រើសនេះ លោក Chumpol Musiganont នាយករងនៃទីភ្នាក់ងារគ្រប់គ្រងតំបន់សម្រាប់ទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលថៃ (DASTA)បានមានប្រសាសន៍ថា៖

«ខ្ញុំចាត់ទុកថា កត្តាមួយក្នុងចំណោមកត្តាសំខាន់បំផុតគឺនៅកោះម៉ាក់ មាន “ធម្មនុញ្ញទេសចរណ៍ប្រកបដោយនិរន្តរភាព” ដែលបង្កើតឡើងដោយប្រជាជនផ្ទាល់ ដែលជាចំណុចសំខាន់ដើម្បីធានា ការចូលរួមយ៉ាងពេញលេញនិងមានការទទួលខុសត្រូវរបស់ប្រជាជនលើគ្រប់វិស័យនៃការអភិវឌ្ឍទេសចរណ៍នៅលើកោះ»។

ក្នុងនាមជាពលរដ្ឋជំនាន់ទី៤ ដែលរស់នៅលើកោះម៉ាក់ លោកស្រី Piriya Suvachananonda តំណាងរដ្ឋបាលស្រុកកោះម៉ាក់បានឲ្យដឹងថា លោកស្រីមានមោទនភាពណាស់ដែលដូនតាជាអ្នករស់នៅដំបូងគេនៅលើកោះនេះកាលពីជាង១០០ឆ្នាំមុន។

“៩០% នៃអ្វីៗគ្រប់យ៉ាងនៅលើកោះគឺស្ថិតនៅក្រោមកម្មសិទ្ធិនិងដំណើរការដោយឯកជន។ គ្រួសារនៅទីនេះរក្សាបាននូវព្រៃកៅស៊ូ និងព្រៃដូងសរីរាង្គដ៏ធំល្វឹងល្វើយ។ យើងខ្ញុំ រួមចំណែកបង្កើតពណ៌បៃតង និងអុកស៊ីសែនយ៉ាងច្រើនដល់កោះនេះ។ ភ្ញៀវមកទីនេះអាចដើរចូលព្រៃបានយ៉ាងងាយស្រួល។ អាជ្ញាធរមូលដ្ឋានធានាថាភ្ញៀវទេសចរនឹងមានសុវត្ថិភាពជានិច្ច”។

កោះម៉ាក់ និងធម្មនុញ្ញ សមាជិកនៃអង្គការសម្អាតសំរាម Trash Hero ធ្វើការនៅលើកោះម៉ាក់។ (រូបថត៖ VOV)

សហស្ថាបនិកនៃអង្គការសម្អាតសំរាម Trash Hero នៅលើកោះ អ្នកស្រី Rong Rong Zhu បាននិយាយថា នាងនិងមិត្តភក្តិបានស្រឡាញ់កោះម៉ាក់តាំងពីគ្រាដំបូងមកដល់កោះ ហើយចង់ឲ្យកោះបៃតង ស្អាតនិងស្រស់បំព្រងជារៀងរហូត។ Trash Hero បានដាក់កន្ត្រកសំរាមបន្ថែមទៀតនៅតាមឆ្នេរសមុទ្រជុំវិញកោះ ព្រមទាំងរៀបចំសកម្មភាពសម្អាតអនាម័យជាប្រចាំនៅលើកោះ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងភ្ញៀវទេសចរដែលមកលេងកោះម៉ាក់។ ជាពលរដ្ឋអាមេរិកម្នាក់ អ្នកស្រី Zhu ចំណាយពេលរហូតដល់ ៨ ខែក្នុងមួយឆ្នាំនៅកោះម៉ាក់ ដើម្បីចូលរួមសកម្មភាពសម្អាតសំរាម នៅលើកោះ។ នាងបានចែករំលែកថា៖

 “យើងជឿជាក់ថា Trash Hero អាចផ្សព្វផ្សាយសារ អំពីរបៀបរស់នៅបៃតងនិងស្អាតរបស់ខ្លួនតាមរយៈការអប់រំ។ ប្រសិនបើយើងអាចនាំកុមារមកចូលរួមយុទ្ធនាការសម្អាតសំរាមនៅលើកោះដោយផ្ទាល់ ឲ្យពួកគេមើលផ្ទាល់ថា តើឆ្នេរមើលអាក្រក់ប៉ុណ្ណា ពេលកខ្វក់ ហើយតើកាកសំណល់ប្លាស្ទិកបំផ្លាញដី និងសមុទ្រយ៉ាងដូចម្ដ៉េច នៅថ្ងៃអនាគត ពួកគេនឹងជួយប្រទេសថៃកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដបប្លាស្ទិក។ យើងខ្ញុំសង្ឃឹមថា អាចសម្របសម្រួលជាមួយ DASTA, TAT និងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំសិស្សានុសិស្សចូលរួមក្នុងយុទ្ធនាការ Trash Hero របស់យើងខ្ញុំនៅកោះម៉ាក់នេះ”។

កោះម៉ាក់ត្រូវបានលើកតម្កើងដោយការជាប់ចំណាត់ថ្នាក់ទី ២ ក្នុងបញ្ជីគោលដៅទេសចរណ៍បៃតងនៅពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងប៊ែកឡាំង ២០២៣។ កោះនេះក៏ត្រូវបាន Green Destination Foundation (GDF) ដែលជាអង្គការផ្ដល់វិញ្ញាបនប័ត្រមិនស្វែងរកប្រាក់ចំណេញ នៅប្រទេសហូឡង់ ជ្រើសរើសដើម្បី ក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍បៃតងល្អបំផុតទាំង ១០០ នៅលើពិភពលោក និងជាគំរូ ទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសថៃ។ ប្រទេសនេះក៏កំពុងជំរុញយ៉ាងសកម្មឱ្យកោះម៉ាក់សម្រេចបានស្តង់ដារទេសចរណ៍សកលត្រឹមឆ្នាំ២០២៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ