ខេត្ត Bac Giang បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងមក ល្បឿនកំណើនសេដ្ឋកិច្ចនៃខេត្ត Bac Giang កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយជាបណ្ដើរៗ។ នៅឆ្នាំ ២០២១ Bac Giang សម្រេចបានល្បឿនកំណើនសេដ្ឋកិច្ច ៧,៨២% ដែលស្ថិតនៅក្នុងចំណោមខេត្តក្រុងឈានមុខគេទាំង១០នៅទូទាំងប្រទេស។ ជាពិសេស ខេត្តបានយកចិត្តទុកដាក់ដល់ការជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូកម្ពុជា ហើយសម្រេចបានជោគជ័យដំបូង។

នៅឆ្នាំ២០២១ ទំហំនាំចេញរបស់ខេត្ត Bac Giang ទៅកាន់ទីផ្សារកម្ពុជាសម្រេចបានជាង៩លានដុល្លារអាមេរិក។ ក្នុងឆ្នាំនេះ គិតត្រឹមខែតុលា ទំហំនាំចេញរបស់ខេត្តទៅកាន់កម្ពុជា សម្រេចបានជាង ៦,៨ លានដុល្លារទៅហើយ។ ផលិតផលនាំចេញស្នូលគឺ ផលិតផលវាយនភណ្ឌ សារធាតុគីមី និងលោហធាតុ។ ជាពិសេស ផ្លែគូលេននៃខេត្ត Bac Giang ត្រូវបានគេនាំចេញយ៉ាងខ្លាំងទៅកាន់ទីផ្សារកម្ពុជា។ ប្រសិនបើឆ្នាំ២០២០នាំចេញបានតែ ២ ពាន់តោនប៉ុណ្ណោះ គឺក្នុងឆ្នាំ២០២១ បានកើនឡើងដល់ ៣៩០០ តោន និងប្រមាណ ៣២០០ តោន គិតរហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២។

ទំហំនាំចូលពីកម្ពុជា របស់ខេត្ត Bac Giang ក្នុងឆ្នាំ២០២១ មានជាង ៧០៩ ពាន់ដុល្លារអាមេរិក។ ផលិតផលនាំចូលស្នូល គឺជាវត្ថុធាតុដើមក្រណាត់គ្រប់ប្រភេទ លោហធាតុធម្មតា ខ្សែអគ្គិសនី ខ្សែកាប ផលិតផលកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់នានា។ លោក Le Anh Duong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យដឹងថា៖

“បើប្រៀបធៀបទៅនឹងសក្ដានុពលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺទំហំនាំចូល-នាំចេញរវាងភាគីទាំងពីរនៅតែមានកម្រិត ប៉ុន្តែសក្ដានុពលសហប្រតិបត្តិការនៅតែមានទំហំធំណាស់។ ខ្ញុំមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Bac Giang និងកម្ពុជា។ បន្តផ្លាស់ប្តូរព័ត៌មាន បង្កើនការយល់ដឹងបីគ្នាទៅវិញទៅមកដើម្បីសហប្រតិបត្តិការគ្នាលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ការទាក់ទាញវិនិយោគ ការពន្លឿនពាណិជ្ជកម្ម ទេសចរណ៍ ជាដើម”។

ខេត្ត Bac Giang បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការរវាងថ្នាក់ដឹកនាំខេត្ត Bac Giang ជាមួយលោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថត៖ baobacgiang)

នាពេលថ្មីៗនេះ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Giang លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងខេត្ត Bac Giang ជាមួយបណ្តាខេត្តរបស់កម្ពុជា ហើយសង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានជំរុញឲ្យកាន់តែខ្លាំងក្លាថែមទៀត។

មិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ខេត្ត Bac Giang ក៏រៀបចំសកម្មភាពយ៉ាងញឹកញាប់ ក្នុងបំណងចង់ពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពរវាងវៀតណាមនិងកម្ពុជា ទៀតផង។ បច្ចុប្បន្ននេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Bac Giang មានសមាជិកជិត ១ ពាន់នាក់។ ក្នុងរយៈពេលកន្លងមក សមាគមតែងតែរៀបចំពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អតីតអ្នកជំនាញការ កម្មាភិបាលស្ថានទូត និងនិស្សិតកម្ពុជា ក្នុងឱកាសអបអរសាទរខួបទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពតរបស់ប្រជាជនកម្ពុជា; ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ លោក Le Van Hoan ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Bac Giang បានឲ្យដឹងថា សមាគមនឹងបន្តធ្វើសកម្មភាពកិច្ចការទូតប្រជាជនរវាងប្រទេសទាំងពីរ ហើយទាក់ទាញការចូលរួមរបស់យុវជន និងអាជីវកម្មនៃខេត្ត Bac Giang និងកម្ពុជា។

“ឧទ្ទេសនាម ឃោសនា និងផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជនគ្រប់ស្រទាប់ក្នុងខេត្ត Bac Giang អំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ប្រជាជន វប្បធម៌ សមិទ្ធិផលរបស់ប្រជាជនកម្ពុជាក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចជាចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ”។

ដើម្បីពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជា នាពេលខាងមុខ ខេត្ត Bac Giang នឹងបន្តបង្កើនសកម្មភាពការទូតប្រជាជនរវាងប្រជាជាតិទាំងពីរ ទាក់ទាញការចូលរួមរបស់យុវជន អាជីវកម្មនៃខេត Bac Giang និងកម្ពុជា; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ទាក់ទាញការវិនិយោគ ពន្លឿនពាណិជ្ជកម្ម ទេសចរណ៍ ជំរុញខ្លាំងការនាំចេញផលិតផលកសិកម្មជាប្រៀបខ្លាំងរបស់ខេត្តទៅកាន់ប្រទេសមិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ