(VOVWORLD) - គុនថៃ (Muay) គឺជាសិល្បៈក្បាច់គុនបុរាណថៃដែលត្រូវបាននាំចូលប្រទេសវៀតណាមចាប់តាំងពីទសវត្សរ៍ទី ៩០ នៃសតវត្សមុន។ រហូតមកដល់បច្ចុប្បន្ន Muay ថៃបានក្លាយទៅជាវិញ្ញាសារកីឡាដ៏ពេញនិយម ដែលត្រូវបានរួមបញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាល និងការប្រកួតប្រជែងយ៉ាងទូលំទូលាយ។
ការហ្វឹកហាត់នៅក្នុងក្លឹប Muay ថៃ មួយនៅវៀតណាម។ |
សហគមន៍ Muay ថៃនៅវៀតណាម នាបច្ចុប្បន្នមានមនុស្សជាង ៥៤ ពាន់នាក់ ដែលកំពុងហ្វឹកហាត់និងប្រាស្រ័យគ្នាក្នុងទម្រង់អាជីព និងមិនមែនអាជីពជាច្រើនដូចជា៖ ក្លឹប កន្លែងហាត់ប្រាណ... ជំហានលោតផ្លោះដែលកត់សម្គាល់ការផ្លាស់ប្តូររបស់ Muay ថៃ នៅវៀតណាមនោះ គឺព្រឹត្តិការណ៍ប្រកួតកីឡាក្នុងផ្ទះអាស៊ី Asian Indoor Games ឆ្នាំ ២០០៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្តផ្សេងៗទៀតនៅវៀតណាម។ នៅពេលនោះ អ្នកប្រដាល់ Muay ថៃ Nguyen Tran Duy Nhat ដែលក្រោយមកត្រូវបានគេប្រសិទ្ធនាមថា "ជើងឯក Muay ថៃ" បានឈ្នះមេដាយមាសពីកីឡាករថៃក្នុងការប្រកួតផ្ដាច់ព្រ័ត្រនៃប្រភេទទម្ងន់ ៥៧ គីឡូក្រាមផ្នែកបុរស។ ក្រៅពីនោះ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតក្នុងទ្រង់ទ្រងធំបែបនោះ បានជំរុញការបណ្តុះបណ្តាគ្រូបង្វឹក និងអាជ្ញាកណ្តាល Muay ថៃដោយមានរបៀបរៀបរយ។ ប្រការនេះបានជួយ Muay ថៃ មានការអភិវឌ្ឍយ៉ាងរឹងមាំដល់មូលដ្ឋាន។
ដោយមានសមិទ្ធិផលជើងឯកថ្នាក់ជាតិចំនួន ១០ លើក មេដាយមាសពិភពលោក ១ គ្រឿង មេដាយសំរឹទ្ធពិភពលោក ១ គ្រឿង មេដាយសំរឹទ្ធស៊ីហ្គេម ១ គ្រឿង មេដាយសំរឹទ្ធអាស៊ី ១ គ្រឿង លោក Nguyen Van Yen គ្រូបង្រៀនវិញ្ញាណសារអប់រំកាយនៅសាកលវិទ្យាល័យ FPT ហាណូយ និងជាកីឡាករ Muay ថៃនៃក្រុមជម្រើសជាតិវៀតណាម បានចែករំលែកថា៖
“កាលខ្ញុំនៅតូច ខ្ញុំបានហាត់ក្បាច់គុនបុរាណ។ ប៉ុន្តែបន្ទាប់ពីខ្ញុំចូលរួមក្រុមនគរបាលប្រជាជន គឺចំពេលដែលគេទើបបង្កើតក្រុម Muay ថៃ។ ខ្ញុំក៏ចាប់ផ្ដើមហាត់ Muay ថៃចាប់ពីពេលនោះមក។ ដំបូងឡើយ វាត្រឹមតែជាចំណង់ចំណូលចិត្តប៉ុណ្ណោះ។ ក្រោយមក ខ្ញុំបានជ្រាបវប្បធម៌ថៃ និង Muay ថៃ ហើយកាន់តែស្រឡាញ់វា។ មកទល់នឹងពេលនេះ ទោះបីជាខ្ញុំកំពុងបង្រៀននៅសាលា FPT ក៏ដោយ ក៏ខ្ញុំនៅតែប្រកួតកីឡា Muay ថៃ ទាំងកម្រិតជាតិ និងអន្តរជាតិ ហើយមានបំណងចង់ផ្សព្វផ្សាយវប្បធម៌ថៃ និង Muay ថៃ ទៅកាន់តែមនុស្សរឹតតែច្រើនថែមទៀត”។
ក្រៅពីការអភិវឌ្ឍ Muay ថៃ នៅសាកលវិទ្យាល័យ ក្លឹប Muay ថៃ ឯកជនក៏មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ ជាពិសេសនៅទីក្រុងហូជីមិញ។ លោក Nguyen Quang Trieu អាយុ ២០ ឆ្នាំ ធ្វើការនៅមជ្ឈមណ្ឌលហាត់ប្រាណ Elite Pham Ngoc Thach បានឲ្យដឹងថា៖ គាត់បានហាត់កីឡានេះអស់រយៈពេលជិត ២ ឆ្នាំនៅទីក្រុងហូជីមិញ ហើយមានមិត្តរួមថ្នាក់ដែលធ្លាប់ឈ្នះមេដាយនៅកម្រិតស៊ីហ្គេម៖
“នៅទីក្រុងហូជីមិញ Muay ថៃមានប្រជាប្រិយភាពជាង។ មានការប្រកួតសម្រាប់យុវជនច្រើនជាងនៅទីនេះ។ មានក្លឹបតូចៗជាច្រើនដែលបង្រៀន Muay។ ទីក្រុងហាណូយក៏មានដែរ ប៉ុន្តែតិចជាង។ ពីមុន ខ្ញុំធ្វើការនៅមជ្ឈមណ្ឌលហាត់ប្រាណ California នៅទីក្រុងហូជីមិញ ដោយមានឯកទេសខាងហាត់កាយសម្ព័ន្ធ និងកីឡា Muay ថៃ។ ការងារនេះជួយខ្ញុំអាចបន្តផ្សាភ្ជាប់នឹងចំណូលចិត្តរបស់ខ្លួន ហើយនាំមកនូវប្រភពចំណូលស្ថិរភាព ប្រហែល ១៥-២០ លានដុង ប្រសិនបើមានចំនួនអតិថិជនស្ថិរភាពពី ៥ ដល់ ១០ នាក់”។
និស្សិតសាកលវិទ្យាល័យ FPT សម្ដែង Muay ថៃ។ |
យោងតាមលោក Nguyen Van Yen គ្រូបង្រៀនអប់រំកាយនៅសាកលវិទ្យាល័យ FPT ហាណូយ និងជាកីឡាករ Muay ថៃនៃក្រុមជម្រើសជាតិវៀតណាម វិជ្ជាជីវៈគ្រូបង្វឹក Muay ថៃ នៅវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។ ដើម្បីក្លាយជាគ្រូបង្វឹក Muay សំខាន់បំផុតគឺត្រូវអភិវឌ្ឍន៍សមត្ថភាពជំនាញតាមរយៈការហ្វឹកហាត់ និងការស្រាវជ្រាវក្នុងរយៈពេលពី ១ ដល់ ២ ឆ្នាំ៖
“បច្ចុប្បន្នមានសហព័ន្ធ Muay ថៃទីក្រុងហូជីមិញ ហើយធំជាងគេប្រហែលជាអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ដោយមានវិញ្ញាសារ Muay ថៃ និង pencak silat។ នេះជាទីកន្លែងដើម្បីចាត់បញ្ជូនសមាជិកក្រុមជម្រើសជាតិទៅចូលរួមក្នុងការប្រកួតអន្តរជាតិដូចជា៖ ស៊ីហ្គេម ការប្រកួតអាស៊ី និងពិភពលោក”។
តាមទស្សនៈរបស់អ្នកជំនាញបរទេស Muay ថៃកំពុងអភិវឌ្ឍន៍យ៉ាងលឿនក្នុងប្រទេសវៀតណាម។ លោកគ្រូ Wittawat Kasom (Kru Din) ស្ថាបនិក និងជាប្រធានក្លឹប Lannafighting និងជាគ្រូបង្វឹកនៃក្រុម Muay ថៃ ជម្រើសជាតិថៃ បានធ្វើអត្ថាធិប្បាយថា៖
“នេះជាលើកទី៥ហើយដែលខ្ញុំមកវៀតណាម។ ខ្ញុំឃើញថា Muay ថៃ នៅវៀតណាមមានការរីកចម្រើនជាច្រើន។ ក្រៅពីហាត់ក្បាច់គុន Muay ថៃ ប្រជាជនវៀតណាមក៏មានចំណេះដឹង និងទេពកោសល្យក្នុងការសម្តែង Muay ថៃ ផងដែរ។ ប្រៀបខ្លាំងរបស់ជនជាតិវៀតណាម គឺមានសិល្បៈក្បាច់គុនបុរាណ Vovinam និងចូលចិត្តហាត់កុងហ្វូ។ ទាំងនេះសុទ្ធតែជាក្បាច់គុនដែលមានលក្ខណៈសម្ដែង ដូច្នេះមានគុណសម្បត្តិខ្លាំងណាស់ពេលសម្តែង Muay ថៃ”។
បច្ចុប្បន្ននេះ នៅវៀតណាម មានការប្រកួតថ្នាក់ជាតិចំនួនពីរដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺការប្រកួតជើងឯកជាតិ និងពានរង្វាន់ Muay ថៃជាតិ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា។ ការប្រកួតចលនាធំៗ មានពី ៣ ដល់ ៥ នៅកម្រិតទីក្រុង ស្រុក និងកន្លែងហាត់ប្រាណ... លើសពីនេះ វៀតណាមក៏កំពុងផ្តោតលើការប្រកួតសម្រាប់យុវជនផងដែរ៕