គម្រោង EPPIC ចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចវិលជុំពីគំនិតច្នៃប្រឌិតដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិកក្នុងតំបន់អាស៊ាន
(VOVWORLD) - ការប្រកួតប្រជែងកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត (EPPIC) គឺជាគម្រោងដែលរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០២០ ដោយអង្គការ UNDP សហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្រោមការគាំទ្រពីក្រសួងការបរទេសន័រវេស និងស្ថាប័ន សហប្រតិបត្តិការអភិវឌ្ឍន៍ន័រវេស។ ការប្រឡងនេះ បានទាក់ទាញការចូលរួមក្រុមចំនួន ១៥៩ មកពីប្រទេសសមាជិកអាស៊ានចំនួន ៦ ផងដែរ។
ក្រុមទាំង ១៤ ក្រុមបានជាប់ក្នុងការប្រឡងវគ្គផ្តាច់ព្រ័ត្រ EPPIC ឆ្នាំ២០២០ |
គោលបំណងគឺដើម្បីស្វែងរក លើកកំពស់ និងពង្រីកការផ្តល់ដំណោះស្រាយច្នៃប្រឌិតថ្មី ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាបំពុលដោយសារកាកសំណល់ប្លាស្ទិកនៅឈូងសមុទ្រ ហាឡុង (Ha Long) នៅប្រទេសវៀតណាម និងកោះ Samui ក្នុងប្រទេសថៃ។ ពីនោះ រួមចំណែកជំរុញដំណើរការផ្លាស់ប្តូរទៅជាខឿនសេដ្ឋកិច្ចវិលជុំក្នុងតំបន់អាស៊ាន តាមរយៈដំណោះស្រាយច្នៃប្រឌិតដូចជា៖ ការប្រើប្រាស់សម្ភារៈជំនួសផ្លាស្ទិច ជំរុញដំណោះស្រាយកែឆ្នៃថ្មីឡើងវិញ ព្រមទាំងជំរុញគំរូលើកទឹកចិត្តក្នុងការប្រើប្រាស់ឡើងវិញ និងប្រមូលសំរាមក្នុងសហគមន៍ជាដើម។
អ្នកកំពុងស្តាប់បទបង្ហាញស្តីពីគំរូនៃការយកកែវ ដែលប្រើប្រាស់ច្រើនដងចូលទៅ តាមសាកលវិទ្យាល័យរបស់ លោកស្រី Le Thuy Linh អាយុ ៣៣ ឆ្នាំ ដែលជាស្ថាបនិក និងជានាយិកាប្រតិបត្តិ (CEO) របស់ក្រុម AYA ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង ១៤ ក្រុមបានជាប់ក្នុងការប្រឡងវគ្គផ្តាច់ព្រ័ត្រ EPPIC ឆ្នាំ២០២០។ កាលពីមុននោះ គំរូនេះត្រូវបានអនុវត្តនៅមហោស្រពតន្រ្តី Epizo de 2019 នៅ Phu Quoc និងសកម្មភាពរត់ Marathon Lakerun ឆ្នាំ ២០២០ ដោយជួយសន្សំសំចៃបានកែវប្លាស្ទិចប្រើប្រាស់ម្តងគត់រាប់ពាន់កែវផងដែរ។ ចំពោះគំនិតផ្តួតផ្តើមនៃការនាំយកកែវ ដែលបានប្រើច្រើនដងចូលទៅក្នុងសាកលវិទ្យា ល័យ បងស្រី Linh បានចែករំលែកថា៖
« យើងខ្ញុំនឹងមានភារកិច្ចចំនួន ២។ ទីមួយ គឺបណ្តុះបណ្តាលឲ្យនិស្សិតអំពីសេដ្ឋកិច្ចវិលជុំ តាមរយៈសិក្ខាសាលានិងការហ្វឹកហាត់ (Training)។ បន្ទាប់មក នាងខ្ញុំនឹងលើកយកឧទាហរណ៍ពីការប្រើប្រាស់កែវដែលប្រើប្រាស់ច្រើនដងនៅក្នុងសាលា ដើម្បីឱ្យអ្នកទាំងអស់អនុវត្តអ្វី ដែលអ្នកបានរៀនចូលទៅក្នុងការអនុវត្តក្នុងជីវិតជាក់ស្តែងផងដែរ។ យើងខ្ញុំនៅតែមានភារកិច្ច មួយទៀតគឺស្វែងរកសប្បុរសជន ឬម្ចាស់ជំនួយឧបត្ថម្ភកែវដែក ឬម៉ាស៊ីនសំអាតឧស្សាហកម្មសម្រាប់សាលាផងដែរ។ បន្ទាប់ពីរកបានអ្នកឧបត្ថម្ភរួចជាស្រេចហើយ នាងខ្ញុំនឹងនាំកែវទាំងនេះចូលទៅក្នុងសាលា រួមទាំងតម្លើងគំរូនេះនៅតាមសាលារៀនទៀតផង»។
ពិធីប្រគល់រង្វាន់ជូនក្រុមចំនួន ៤ ដែលបានឈ្នះក្នុងការប្រឡង EPPIC ឆ្នាំ២០២០ |
ប្រសិនបើគំនិតផ្តួចផ្តើមនិងសកម្មភាពរបស់ក្រុម AYA ដើរតួរនាទីត្រឹមតែជាការមិនរកប្រាក់ចំណេញនិងឆ្ពោះទៅការអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីសេដ្ឋកិច្ចវិលជុំ នោះគំរូនៃការបំលែងសំបកកញ្ចប់អាហារសម្រន់ (Snack) ទៅជាអាលុយមីញ៉ូម និងប្រេងម៉ាស៊ូត (diesel) នៃក្រុម CIRAC របស់ថៃ គឺជាគំរូដែលបង្ហាញយ៉ាងច្បាស់លាស់អំពីនិយមន័យនេះ។ លោកវេជ្ជបណ្ឌិត Sikarin Tamiyakul សហស្ថាបនិកនៃក្រុម CIRAC បានមានប្រសាសន៍ថា៖ នាបច្ចុប្បន្នគំរូនេះ កំពុងដំណើរការសាកល្បងដោយមានសមត្ថភាពគឺកែច្នៃសំបកកញ្ចប់អាហារសម្រន់ (Snack) ចំនួន ១០០០ តោន ទៅជាអាលុយមីញ៉ូមចំនួន ២០០ គីឡូក្រាម / ថ្ងៃ រីឯ ការបំលែងទៅជាប្រេងម៉ាស៊ូត កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍនិងសាកល្បង។ លោក Sikarin Tamiyakul បានឲ្យដឹងថា៖
«យើងបានចាត់ទុកកាកសំណល់ប្លាស្ទិចជាវត្ថុធាតុដើមមួយដែរ តាមរយៈបច្ចេកវិទ្យាដែលបំលែងវត្ថុធាតុដើមនេះទៅជាអាលុយមីញ៉ូមនិងប្រេងម៉ាស៊ូតវិញ។ ប្រេងម៉ាស៊ូតត្រូវបានប្រើប្រាស់នៅក្នុងគ្រឿងម៉ាស៊ីន រីឯអាលុយមីញ៉ូមវិញ ក៏ត្រូវបានប្រើប្រាស់ឡើងវិញនៅក្នុងឧស្សាហកម្មអាលុយមីញ៉ូមផងដែរ។ ហេតុដូច្នេះវាមិនមានការបំភាយ និងមិនជះឥទ្ធិពលដល់បរិស្ថាននោះទេ»។
ទោះបីវាគ្រាន់តែជាគំរូសាកល្បងក៏ដោយ ប៉ុន្តែភាពជាក់ស្តែងបានជួយដល់គំរូរបស់ក្រុម CIRAC ត្រូវបានគេវាយតម្លៃខ្ពស់ផងដែរ។ CIRAC ក្លាយទៅជាក្រុមមួយក្នុងចំណោមទាំង ៤ ដែលទទួលបានរង្វាន់ដូចគ្នាក្នុងការប្រឡង ដោយទទួលបានទឹកប្រាក់ ១៨.០០០ ដុល្លារអាមរិក និងបានចូលរួមវគ្គបណ្តុះបណ្តាល «ពន្លឿនល្បឿន» ក្នុងរយៈពេល ៩ ខែដើម្បីបង្កើតគំនិតផ្តួតផ្តើមក្លាយទៅជាគំរោងយកទៅអនុវត្តជាក់ស្តែងទៅក្នុងជីវភាពរស់នៅតែម្តង។ ក្រៅពីគំរូសាកល្បង ដូចជាគំរូនៃក្រុម CIRAC នោះ នាបច្ចុប្បន្ននេះមានគំរូកំពុងតែដំណើរការប្រកប ដោយប្រសិទ្ធភាព មិនត្រឹមតែជួយកាត់បន្ថយកាកសំណល់ប្លាស្ទិកជាអប្បបរមាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កលក្ខណៈអំណោយផលសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកក្នុងការពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចវិលជុំទៀតផង ។
សម្រាប់រដ្ឋាភិបាលវៀតណាម គម្រោង EPPIC បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់វៀតណាមស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព កសាងសេដ្ឋកិច្ច សមុទ្រពណ៌ខៀវ ខឿនសេដ្ឋកិច្ចវិលជុំ និងប្រឆាំងនឹងការបំពុល សមុទ្រ ជាពិសេសគឺបញ្ហាកាកសំណល់ប្លាស្ទិក។ លោក Ta Dinh Thi អគ្គនាយកនៃអគ្គនាយកដ្ឋានសមុទ្រនិងកោះវៀត ណាម និងជាសមាជិកនៃគណចាត់តាំងការប្រឡង EPPIC ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖
“គម្រោងនេះមានសារសំខាន់យ៉ាងខ្លាំងណាស់ ក្នុងការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយ ជាពិសេសគឺក្រុមភារកិច្ចដ៏ធំៗនៃផែនការសកម្មភាពជាតិស្តីពីការគ្រប់គ្រងសំរាមប្លាស្ទិកមហាសមុទ្រ ដែលលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានដាក់ចេញ។ គម្រោងនេះរួមចំណែកបញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងការចូលរួមយ៉ាងសកម្ម ជាមួយសហគមន៍អន្តរជាតិ ព្រមទាំងស្នើនិងអនុវត្តគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ជាពិសេសក្នុងការប្រឆាំងនឹងកាកសំណល់ប្លាស្ទិកនៅលើសមុទ្រនិងមហាសាគរ ក៏ដូចជាអនុវត្តតាមគោលការណ៍របស់បក្សនិងរដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព និងកសាងសេដ្ឋកិច្ចសមុទ្រពណ៌ខៀវ - សេដ្ឋកិច្ចវិលជុំផងដែរ»។
ស្នងបន្តពីភាពជោគជ័យនៃ EPPIC ឆ្នាំ២០២០ គណៈកម្មការរៀបចំកម្មវិធីបានបំផុសនិងរៀបចំការប្រឡងគំនិតច្នៃប្រឌិត ដើម្បីប្រឆាំងនឹងកាកសំណល់ប្លាស្ទិច EPPIC ២០២១។ គណៈកម្មការរៀបចំកម្មវិធីបានប្រកាសទីតាំងចំនួនពីរនៃការសាកល្បងដែលមានភាពច្នៃប្រឌិតក្នុងការកាត់បន្ថយការបំពុលដោយកាកសំណល់ប្លាស្ទិច (EPPIC) ឆ្នាំ២០២១គឺ នៅតំបន់សេដ្ឋកិច្ចពិសេស Mandalika កោះ Lombok (ឥណ្ឌូនេស៊ី) និងកោះ Samal (ហ្វីលីពីន)។ ការអនុវត្តគំនិតផ្តួតផ្តើម និងគំរូរបស់ EPPIC បានរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតបរិស្ថានល្អៗថែមទៀត ព្រមទាំងបង្កើតការងារធ្វើនៅក្នុងខឿនសេដ្ឋកិច្ចវិលជុំនៅក្នុងតំបន់ផងដែរ៕