ចំណាប់អារម្មណ៍នៃស៊ីហ្គេម ៣២៖ ទីកន្លែងដែលតម្លៃកីឡានិងវប្បធម៌រួមគ្នាបញ្ចេញពន្លឺរស្មី

(VOVWORLD) - ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលប្រារព្ធឡើងនៅប្រទេសកម្ពុជា កំពុងឈានចូលថ្ងៃប្រកួតដ៏គគ្រឹកគគ្រេងនិងប្ដូរផ្ដាច់។ នេះមិនត្រឹមតែជាទីធ្លាលេងកីឡាសម្រាប់កីឡាករ កីឡាការិនី ជួបប្រាស្រ័យ សិក្សា និងប្រកួតប្រជែងគ្នា ដើម្បីនាំមកនូវភាពភ្លឺស្វាងជូនមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យសម្រាប់រីកសាយភាយតម្លៃវប្បធម៌ រឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំង ១១ ក្នុងតំបន់ រួមចំណែកផ្សព្វផ្សាយរូបភាពនៃតំបន់អាស៊ីអាគ្នេយ៍មួយប្រកប ដោយសន្តិភាព អភិវឌ្ឍន៍យ៉ាងស្វាហាប់ និងសមាហរណកម្មជាមួយពិភពលោកទៀតផង។

ចំណាប់អារម្មណ៍នៃស៊ីហ្គេម ៣២៖ ទីកន្លែងដែលតម្លៃកីឡានិងវប្បធម៌រួមគ្នាបញ្ចេញពន្លឺរស្មី - ảnh 1ក្ដីសប្បាយរីករាយរបស់ ខាន់ ចេសា - "កញ្ញាមាស" នៃកីឡាកម្ពុជានៅពេលឈ្នះមេដាយមាស។ (រូបថត៖ plo.vn)

ក្នុងស្នូរសំឡេងទះដៃ និងការស្រែកហោរកញ្ច្រៀវគាំទ្រពីទស្សនិកជនរាប់ពាន់នាក់នៅកន្លែងប្រកួត ស្ថិតនៅក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ
ខាន់ ចេសា - “កញ្ញាមាស” នៃកីឡាកម្ពុជា មិនអាចទប់ទឹកភ្នែកបានទេ នៅពេលដែលនាងឈ្នះមេដាយមាសលើវិញ្ញាសាជូជីតស៊ូ No-Gi (គ្មានឯកសណ្ឋានក្បាច់គុន) សម្រាប់ទម្ងន់ធ្ងន់ ៥២ គីឡូក្រាម។ ពីរថ្ងៃមុន ក៏នៅកន្លែងប្រកួតនេះដែរ ចេសាក៏បានស្រក់ទឹកភ្នែក ប៉ុន្តែវាជាទឹកភ្នែកនៃការសោកស្ដាយដោយសារនាងបានបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវិញ្ញាសាជូជីតស៊ូ Gi (មានឯកសណ្ឋានក្បាច់គុន) ជាមួយគូប្រកួតជនជាតិហ្វីលីពីន។ ខាន់ ចេសា បានចែករំលែកថា ការគាំទ្រនិងការលើកទឹកចិត្តពីអ្នកគាំទ្របានផ្តល់កម្លាំងចិត្តបន្ថែមទៀតសម្រាប់នាង។

“ខ្ញុំពិតជាចង់កែកំហុសរបស់ខ្លួន ដោយបានចាញ់នៅវគ្គផ្ដាច់ព្រ័ត្រលើកមុន។ ខ្ញុំក៏ចង់ថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់ផងដែរ ទោះបីជាខ្ញុំត្រឹមតែទទួលបានមេដាយប្រាក់ក៏ដោយ ក៏ខ្ញុំនៅតែទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើន ហើយខ្ញុំដឹងថាខ្ញុំនឹងទទួលបានការគាំទ្រកាន់តែច្រើនទៀតប្រសិនបើខ្ញុំឈ្នះមេដាយមាស។ ដូច្នេះហើយថ្ងៃនេះ ខ្ញុំបានខិតខំអស់ពីសមត្ថភាព ហើយពេលប្រកួតអស់ពីសមត្ថភាព ខ្ញុំជឿថាខ្ញុំអាចឈ្នះមេដាយមាសជាពុំខាន”។

ចំណាប់អារម្មណ៍នៃស៊ីហ្គេម ៣២៖ ទីកន្លែងដែលតម្លៃកីឡានិងវប្បធម៌រួមគ្នាបញ្ចេញពន្លឺរស្មី - ảnh 2កីឡាការិនី Dinh Thi Huong (វៀតណាម) - ម្ចាស់មេដាយមាសវិញ្ញាសា Kumite (ការ៉ាតេដូប្រយុទ្ធគ្នា) ទម្ងន់ធ្ងន់ក្រោម ៦៨ គីឡូក្រាម។ (រូបថត៖ VOV)

មេដាយមាសជានិច្ចកាលជាគោលដៅរបស់អត្តពលិកគ្រប់រូបនៅពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ វាមិនត្រឹមតែជាលទ្ធផលនៃការហ្វឹកហាត់យ៉ាងហត់នឿយក្នុងរយៈពេលវែងឆ្ងាយ និងការឈរឡើងវិញបន្ទាប់ពីបរាជ័យជាច្រើនលើកច្រើនសាប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពនៅពេលដណ្ដើមបានភាពភ្លឺស្វាងសម្រាប់ប្រទេសជាតិផងដែរ។ កីឡាការិនី Dinh Thi Huong (វៀតណាម) - ម្ចាស់មេដាយមាសវិញ្ញាសា Kumite (ការ៉ាតេដូប្រយុទ្ធគ្នា) ផ្នែកនារីទម្ងន់ធ្ងន់ក្រោម ៦៨ គីឡូក្រាម និង កីឡាករ Quah Zheng Wen (សិង្ហបុរី) - ម្ចាស់មេដាយមាសវិញ្ញាសារហែលផ្ងារចម្ងាយ ១០០ ម៉ែត្រផ្នែកបុរស នៅស៊ីហ្គេម ៣២ បានចែករំលែកថា៖

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ គូប្រកួតធំបំផុតរបស់ខ្ញុំគឺមិត្តឥណ្ឌូនេស៊ីម្នាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែខ្ញុំបានយកឈ្នះ។ នេះជាលើកទី៣ហើយដែលខ្ញុំចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែទើបជាលើកដំបូងដែលខ្ញុំឈ្នះមេដាយមាសតែប៉ុណ្ណោះ។ នៅស៊ីហ្គេម ២ លើកមុន ខ្ញុំបានប្រកួតក្នុងប្រភេទទម្ងន់ ៥០ គីឡូក្រាម ហើយលើកនេះខ្ញុំបានឡើងប្រកួតក្នុងប្រភេទទម្ងន់ ៦៨ គីឡូក្រាម។ ការឡើងទម្ងន់លឿនបែបនេះពិតជាពិបាកណាស់ ក្រពះខ្ញុំមិនអាចសម្របតាមរបបអាហាររបស់ខ្ញុំបានទេ ហើយមុនពេលវាស់ទម្ងន់ ខ្ញុំត្រូវតែផឹកទឹកពីរលីត្រ”។

“ក្នុងវិញ្ញាសាហែលសេរី១០០ម៉ែត្រកាលពីថ្ងៃមុន ទោះបីជាខ្ញុំមិនអាចឈ្នះមិត្តរួមក្រុមរបស់ខ្ញុំ Jonathan ក៏ដោយ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា កុំបាក់ឆន្ទៈទេ។ ខ្ញុំខិតខំស្ដារឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ផ្តោសំខាន់លើវិញ្ញាសាប្រកួតលើកនេះ ហើយខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឈ្នះមេដាយមាសទី ៩៩៩ សម្រាប់កីឡាសិង្ហបុរីនៅក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម”។

ចំណាប់អារម្មណ៍នៃស៊ីហ្គេម ៣២៖ ទីកន្លែងដែលតម្លៃកីឡានិងវប្បធម៌រួមគ្នាបញ្ចេញពន្លឺរស្មី - ảnh 3កីឡាការិនីវៀតណាម Hoang Thi Lan Huong និង Nguyen Minh Phuong បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ នៅពេលនាំមួកដួន quai thao និងកន្សែង ចំពុះក្អែកចូលក្នុងការប្រកួតរបស់គេ។

មិនត្រឹមតែដាក់ចេញគោលដៅទទួលបានស្នាដៃខ្ពស់ប៉ុណ្ណោះទេ អត្តពលិកជាច្រើនដែលមកចូលរួមស៊ីហ្គេម ក៏មានបំណងចង់ឧទ្ទេសនាមអំពីអត្តសញ្ញាណនិងលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ប្រទេសខ្លួនទៅដល់មិត្តភក្តិអន្តរជាតិទៀតផង។ នៅពេលប្រកួតវិញ្ញាសាជូជីតស៊ូសម្ដែង កីឡាការិនីវៀតណាម Hoang Thi Lan Huong និង Nguyen Minh Phuong បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ នៅពេលនាំមួកដួន quai thao និងកន្សែង ចំពុះក្អែកចូលក្នុងការប្រកួតរបស់គេ។ ថ្វីត្បិតតែមិនដណ្ដើមបានចំណាត់ថ្នាក់ខ្ពស់បំផុតក៏ដោយ ប៉ុន្តែមេដាយសំរឹទ្ធក៏ស្នាដៃដែលធ្វើឱ្យកញ្ញាទាំងពីរនាក់នេះមានអារម្មណ៍ពេញចិត្ត។

“យើងក៏ពេញចិត្តចំពោះការប្រកួតរបស់ខ្លួនដែរ ព្រោះយើងបានបង្ហាញអ្វីៗទាំងអស់ដែលយើងបានរៀន និងហ្វឹកហាត់នៅលើកន្ទេលប្រកួត ហើយបំពេញបានគោលបំណងរបស់យើងនោះ គឺនាំយកលក្ខណៈវប្បធម៌របស់វៀតណាមឧទ្ទេសនាមទៅដល់មិត្តភក្តិអន្តរជាតិ។ មួកដួន quai thao នេះត្រឹមតែមាននៅប្រទេសវៀតណាមប៉ុណ្ណោះ ហើយបងប្អូននារីយើងទាំងពីរនាក់ចង់នាំលក្ខណៈពិសេសរបស់វៀតណាមទៅកាន់ឆាកអន្តរជាតិ។ ដោយសារតែមនុស្សម្នាតែងតែស្គាល់ដល់មួកដួនធម្មតាប៉ុណ្ណោះ ប៉ុន្តែមួកដួន quai thao នេះពិតជាពិសេសណាស់”។

ចំណាប់អារម្មណ៍នៃស៊ីហ្គេម ៣២៖ ទីកន្លែងដែលតម្លៃកីឡានិងវប្បធម៌រួមគ្នាបញ្ចេញពន្លឺរស្មី - ảnh 4ទង់ជាតិនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ បក់រវីកៗនៅខាងក្រៅពហុកីឡដ្ឋាន មរតកតេជោ។ (រូបថត៖ VOV)

ប្រព្រឹត្តទៅជារៀងរាល់ពីរឆ្នាំម្តង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនត្រឹមតែជាមហោស្រពកីឡានៃតំបន់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់បង្កើនការផ្លាស់ប្តូរវប្បធម៌ ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពទៀតផង។ ដើម្បីឱ្យស៊ីហ្គេមលើកនេះអាចប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនៃចំណងមិត្តភាព ប្រទេសម្ចាស់ផ្ទះកម្ពុជាបានសម្រេចមិនយកថ្លៃការចូលទស្សនាការប្រកួតប្រភេទកីឡាទាំង មិនយកថ្លៃសិទ្ធិផ្សាយការប្រកួតកីឡា ព្រមទាំងផ្ដល់អាហារ កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងសេវាសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃចំពោះប្រតិភូកីឡាទាំង១១ដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា លោក ថោង ខុន បានសង្កត់ធ្ងន់ថា បាវចនា “កីឡា៖ រស់ក្នុងសន្តិភាព” ក៏បានបង្ហាញពីសេចក្ដីប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះផងដែរ។

 មកដល់កម្ពុជាក្នុងប៉ុន្មានថ្ងៃនេះ អ្នកណាក៏អាចមើលឃើញបរិយាកាសដ៏គគ្រឹកគគ្រេង និងសប្បាយរីករាយរបស់ប្រទេសក្នុងពិធីបុណ្យធំ។ គ្រប់ផ្លូវទាំងអស់ ត្រូវបានគ្របដណ្ដប់ដោយទង់ជាតិ បដា ពាក្យស្លោកស្វាគមន៍ប្រតិភូកីឡាដែលមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ទាំងអស់គ្នាមកទីនេះក្នុងគោលដៅរួមតែមួយ គឺយកឈ្នះក្នុងស្មារតីកីឡាដ៏ថ្លៃថ្នូ និងក្នុងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសនានាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ