ឆ្នាំ២០២១៖ “ឥណ្ឌូនេស៊ីមោះមុត ឥណ្ឌូនេស៊ីរីកចម្រើន” ក្នុងស្ថានភាពជម្ងឺរាតត្បាត

(VOVWORLD) - ធ្លាប់ជាជម្រកនៃជម្ងឺរាតត្បាតនៅទ្វីបអាស៊ី ដោយមានចំនួនករណីឆ្លងកូវីដ-១៩ ជាប់កំណត់ត្រា និងចំនួនករណីស្លាប់នាំមុខគេលើពិភពលោកនោះ ក្នុងឆ្នាំ២០២១ ជាមួយនឹងពាក្យស្លោក “ឥណ្ឌូនេស៊ីមោះមុត ឥណ្ឌូនេស៊ីរីកចម្រើន” ប្រទេសអាស៊ី អាគ្នេយ៍មួយនេះបានគ្រប់គ្រងការរាតត្បាតនៃជម្ងឺកូវីដ-១៩ប្រកបដោយជោគជ័យ ដើម្បីបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ។ សូមអញ្ជើញលោកអ្នកនាងនិង ប្រិយមិត្តក្រឡេកមើលឡើងវិញកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងពេល ១ឆ្នាំកន្លងមក។

ឆ្នាំ២០២១៖ “ឥណ្ឌូនេស៊ីមោះមុត ឥណ្ឌូនេស៊ីរីកចម្រើន” ក្នុងស្ថានភាពជម្ងឺរាតត្បាត - ảnh 1ប្រជាជនឥណ្ឌូនេស៊ីបួងសួងក្នុងរយៈពេលមានជម្ងឺរាតត្បាត។ (រូបថត៖ VOV)

ឥណ្ឌូនេស៊ី “មោះមុត” ថ្វីត្បិតតែធ្លាប់ជាជម្រកនៃជម្ងឺរាតត្បាតនៅទ្វីបអាស៊ីក្នុងឆ្នាំ២០២១

ឥណ្ឌូនេស៊ីឈានចូលឆ្នាំ២០២១ ជាមួយនឹង ចំនួនករណីឆ្លងមេរោគនិងករណីស្លាប់ដោយកូវីដ- ១៩កើនឡើងយ៉ាងខ្លាំងគួរឲ្យភ្ញាក់ផ្អើល ជាពិសេសនៅកោះ Java ដែលជាកន្លែងមានចំនួនប្រជាជនច្រើនបំផុតនិងកោះទេសចរណ៍បាលី ដែលញ៉ាំងឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចចិត្តអនុវត្តន៍ការរឹតត្បិតសង្គមទ្រង់ទ្រាយធំ។ នាពេលនោះ ឥណ្ឌូនេស៊ីកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីប្រមាណជាង១ម៉ឺននាក់ជារៀងរាល់ថ្ងៃ ជាមួយនឹងអត្រាអ្នកស្លាប់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌូនេស៊ីក៏ស្ថិតនៅក្នុងក្រុមប្រទេសទាំង៥ដែលមានចំនួនបុគ្គលិកពេទ្យស្លាប់ច្រើនបំផុតលើពិភពលោកផងដែរ។ សេដ្ឋកិច្ចឥណ្ឌូនេស៊ីបន្តធ្លាក់ដុនដាប ក្រោយពីទទួលបានកំណើនអវិជ្ជមានក្នុងអំឡុងពេល៤ត្រីមាសជាប់ៗគ្នា រួមទាំងត្រីមាសទី១ឆ្នាំ២០២១។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin ចំនួនករណីឆ្លងកូវីដ-១៩នៅឥណ្ឌូនេស៊ីបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារតែប្រជាជនឥណ្ឌូនេស៊ីភាគច្រើនមានភាពស៊ាំពីវ៉ាក់សាំងឬភាពស៊ាំធម្មជាតិ។ បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីជាប្រទេសឈរចំណាត់ លេខ៥លើពិភពលោកអំពីល្បឿនចាក់វ៉ាក់សាំងការពារកូវីដ-១៩។ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ឥណ្ឌូនេស៊ីបានសម្រេច៥៣%នៃគោលដៅដែលបានដាក់ចេញក្នុងការចាក់វ៉ាក់សាំង ដោយមានប្រជាជនអាយុពី៦ឆ្នាំឡើងទៅ ចំនួន១០៨លាននាក់ បានសម្រេចការចាក់វ៉ាក់សាំងរួចរាល់។

ក៏តាមលោករដ្ឋមន្រ្តីរូបនេះថា ការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាប្រការដ៏ចាំបាច់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតរួមរបស់សកលលោក។ ឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះការផ្ដល់ជំនួយពីបរទេសក្រោមគ្រប់រូបភាព ព្រមទាំងត្រៀមខ្លួនជាស្រេចចែករំលែកនៅពេលដែលប្រទេសផ្សេងៗត្រូវការជំនួយផងដែរ។

ឆ្នាំ២០២១៖ “ឥណ្ឌូនេស៊ីមោះមុត ឥណ្ឌូនេស៊ីរីកចម្រើន” ក្នុងស្ថានភាពជម្ងឺរាតត្បាត - ảnh 2កម្មវិធីទូរស័ព្ទចល័ត PeduluLidungi ជួយគ្រប់គ្រងការរាតត្បាតនៃជម្ងឺកូវីដ-១៩។
(រូបថត៖ VOV)

ឥណ្ឌូណេស៊ីខិតខំអភិវឌ្ឍន៍ក្នុងស្ថានភាពជម្ងឺរាតត្បាត

អាស្រ័យលើគោលនយោបាយពហុទិសខាងលើ ឥណ្ឌូណេស៊ីឥឡូវនេះបានគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយជោគជ័យ។ ចាប់តាំងពីខែតុលាមក ចំនួនករណីឆ្លងកូវីដ-១៩បានថយចុះជាបន្តបន្ទាប់។ ក្នុងខែធ្នូ ចំនួនករណីឆ្លងកូវីដ-១៩ នៅឥណ្ឌូនេស៊ីស្ថិតនៅក្នុងចន្លោះពី ២០០ ដល់៣០០ ករណីថ្មីក្នុងមួយថ្ងៃ។ នៅចុងខែតុលា ឥណ្ឌូណេស៊ីបានបើកប្រទេស ទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កមកត្រឹម៣ថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងស្តារសេដ្ឋកិច្ចឡើងវិញ។

ពីប្រទេសមួយដែលមានកំណើនអវិជ្ជមាន ស្ថិតនៅមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច ឥណ្ឌូនេស៊ីបានងើបឡើងវិញជាមួយនឹងការព្យាករណ៍ពីកំណើនវិជ្ជមាន៤%សម្រាប់ឆ្នាំ២០២១។ ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសដែលមានសមត្ថភាពស្ដារខ្ពស់បំផុតក្រោយពីជម្ងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍ តាមតារាងរៀបចំណាត់ថ្នាក់របស់ Nikkei Asia កាលពីខែតុលា។ ការស្ដារឡើងវិញនៃផ្នែកអាជីវកម្មនៅឥណ្ឌូនេស៊ីបានកើនឡើងដល់៩១% ក្នុងខែតុលា ឆ្នាំ ២០២១។

ទោះជាយ៉ាងណាក៏ដោយ នៅចំពោះមុខហានិភ័យនៃវ៉ារ្យ៉ង់ថ្មីអូមីក្រុង ដែលបានលុកលុយចូលឥណ្ឌូនេស៊ីក្នុងប៉ុន្មានថ្ងៃចុងឆ្នាំមុន ប្រទេសនេះបានបន្តរក្សាភាពប្រុងប្រយ័ត្នដើម្បីទប់ស្កាត់ការរីករាលដាលនៃវ៉ារ្យ៉ង់ថ្មីដោយយុទ្ធសាស្រ្តពហុស្រទាប់។ ចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិបានត្រឡប់មកកម្រិត១០ថ្ងៃវិញ។ មិនមែនជាជម្រកនៃជម្ងឺរាតត្បាតទៀតហើយ ប៉ុន្តែឥណ្ឌូនេស៊ីនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយជម្ងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លងកូវីដ-១៩ចំនួនជាង៤,២លាននាក់និងអ្នកស្លាប់ចំនួនជាង១៤៤ពាន់នាក់។ដូច្នេះហើយ សង្គមឥណ្ឌូណេស៊ីទាំងមូលកំពុងរួមដៃគ្នាគ្រប់គ្រងជម្ងឺរាតត្បាត ព្រមទាំងបន្តមាគ៌ាអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលខ្លី និងយូរអង្វែងដូចទៅនឹងប្រធានបទដែលប្រធាន G២០ ឥណ្ឌូនេស៊ីបានដាក់ចេញ “រួមគ្នាស្ដារឡើងវិញ ស្ដារឡើងវិញកាន់តែខ្លាំងក្លាថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ