ជំនួបប្រាស្រ័យយុវជនវៀតណាម-ថៃ - ការជួបជុំគ្នានៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - ក្រោយរយៈពេល១០ឆ្នាំត្រូវបានរៀបចំឡើង កម្មវិធីជួបប្រាស្រ័យយុវជនវៀត ណាម-ថៃ បាននាំមកនូវឱកាសតភ្ជាប់ ទំនាក់ទំនងជួបប្រាស្រ័យហើយបង្កើតឡើងបណ្ដាញ យុវជនដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ បន្ទាប់ពីព្រឹត្តិការណ៍រំលឹកខួប១០ឆ្នាំនៃទិវាបង្កើត កម្មវិធីជួបប្រាស្រ័យដែលបានធ្វើឡើងកាលពីឆ្នាំ២០១៨នោះ ត្រូវដល់ឆ្នាំនេះ ទើបយុវជន នៃប្រទេសទាំងពីរមានឱកាសជួបជុំគ្នាឡើងវិញក្នុងកម្មវិធី “ចំណងមិត្តភាពថៃ-វៀត ណាម តភ្ជាប់ទំនាក់ទំនងយុវជនក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី”។ កម្មវិធីត្រូវបាន ស្ថានទូតថៃប្រចាំទីក្រុងហាណូយរៀបចំឡើងដោយមានការចូលរួមតាមទម្រង់ ជួបផ្ទាល់មុខនិងតាមអនឡាញ។
កម្មវិធីជួបប្រាស្រ័យរវាងយុវជនថៃ-វៀតណាមត្រូវបានស្ថានទូតថៃប្រចាំទីក្រុងហាណូយរៀបចំតាមប្រព័ន្ធវីដេអូ។ |
“នាងខ្ញុំជាសមាជិកានៃកម្មវិធីផ្លាស់ប្ដូរយុវជនវៀតណាម-ថៃកាលពី ឆ្នាំ២០១៧។ ឆ្នាំនោះ យើងខ្ញុំមានឱកាសទៅកាន់ប្រទេសថៃ ដោយបានទៅទស្សនា រមណីយដ្ឋានរបស់ថៃ ក៏ដូចជាចូលរួមសកម្មភាពជួបប្រាស្រ័យផ្នែកវប្បធម៌រវាងនិស្សិត នៃប្រទេសទាំងពីរផងដែរ។ រាល់សកម្មភាពទាំងនោះបានជួយយើងខ្ញុំឲ្យបានយល់ដឹងបន្ថែម អំពីវប្បធម៌និងមនុស្សថៃ ហើយស្រឡាញ់ប្រទេសថៃកាន់តែច្រើនថែមទៀត។ នោះ គឺជាប្រភពកម្លាំងចលករដែលជួយនាងខ្ញុំអាចរៀនភាសាថៃឲ្យបានពូកែ ហើយបច្ចុប្បន្ន នេះ នាងខ្ញុំបានក្លាយទៅជាគ្រូបង្រៀនភាសាថៃហើយ។ នាងខ្ញុំមានបំណងចង់ផ្ទេរបន្ត ការជក់ចិត្តនឹងភាសាថៃ វប្បធម៌ថៃរបស់ខ្លួនដល់ប្អូនៗនិស្សិតជំនាន់ក្រោយ”។
“នាងខ្ញុំបានចូលរួមកម្មវិធីឆ្នាំ២០១៤នៅវៀតណាមក្នុងរយៈពេល ១៤ថ្ងៃ។ យើងបានជួបប្រាស្រ័យគ្នាប្រកបដោយក្ដីសប្បាយរីករាយតាមរយៈល្បែងលេង កំសាន្ត ហើយចែករំលែកអំពីវប្បធម៌ពួក ពិធីបុណ្យទាននានារបស់វៀតណាមនិងថៃ។ យើងបានសម្ដែងរបាំប្រពៃណីនៃតំបន់ឦសានថៃ ចំណែកឯមិត្តវៀតណាមក៏ស្លៀក ពាក់អាវផាយ ហើយសម្ដែងរបាំប្រជាប្រិយរបស់វៀតណាមវិញផងដែរ។ អ្វីៗដែល នាងខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ យើងគ្រប់គ្នាទាំងថៃនិងវៀតណាមអាចតភ្ជាប់គ្នាយ៉ាង ងាយស្រួលណាស់ តាមរយៈការជួបប្រាស្រ័យផ្នែកវប្បធម៌ ភាសា និងបទពិសោធន៍ ជាមួយគ្នា”។
កញ្ញា Amonrat Nawasri (ខាងស្ដាំ) និងមិត្តស្រីជិតស្និទ្ធជនជាតិវៀតណាមឈ្មោះ Hanh។ |
ក្រៅពីការពង្រីក “ពិភពទស្សនៈ” អំពីប្រទេសជិតខាងដ៏ល្អមួយក្នុងតំបន់អាស៊ាន នោះ ក្ដីសប្បាយរីករាយដែលកញ្ញា Dao Thi Hop និងកញ្ញា Amonrat Nawasri ទទួល បាននៅពេលចូលរួមកម្មវិធីនេះ គឺការដែលគេមានមិត្តភក្តិថ្មីៗថែមទៀត ជាពិសេស កញ្ញា Amonrat Nawasri មានមិត្តស្រីជិតស្និទ្ធម្នាក់ឈ្មោះ Hanh នៅវៀតណាម។ ហើយ ពួកគេបានជួបជុំគ្នាឡើងវិញតាមប្រព័ន្ធវីដេអូក្នុងកម្មវិធីលើកនេះ។
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Hanh។ នាងរួសរាយរាក់ទាក់ ណាស់ ហើយតែងតែណែនាំខ្ញុំអំពីទីកន្លែងសំខាន់ៗនិងវប្បធម៌វៀតណាម។ ពេលបាយ Hanh ក៏ប្រាប់ខ្ញុំថា ជនជាតិវៀតណាមតែងតែអញ្ជើញបាយមុនពេលទទួលទាន ហើយបង្រៀនខ្ញុំឲ្យចេះនិយាយអរគុណទៀតផង។ ពេល ខ្ញុំមានឱកាសដើរកំសាន្តនៅ វៀតណាមវិញ ខ្ញុំក៏បានជួបជុំជាមួយ Hanh ទៀត ហើយនាងបាននាំខ្ញុំទៅទស្សនាកន្លែងទេសចរណ៍ ជាច្រើន។ រហូតមកទល់បច្ចុប្បន្ននេះ យើងខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយគ្នា”។
បណ្ដាតំណាងបានរួមគ្នា រំលឹករាល់អនុស្សាវរីយ៍និងបទពិសោធន៍នៅពេលចូលរួមកម្មវិធីយុវជន វៀតណាម-ថៃ; ផ្ទៀងស្ដាប់សុន្ទរកថារបស់លោកស្រី Ratiwan Boonprakong ប្រធានតំណាងការិ យាល័យពន្លឿនទេសចរណ៍ថៃនៅទីក្រុងហូជីមិញ ក្រោមប្រធានបទ “និន្នាការរបស់អតិថិជននៅអាស៊ីឆ្នាំ២០២១” ព្រមទាំងផ្លាស់ប្ដូរអំពី មធ្យោបាយចរាចរណ៍ វប្បធម៌ ម្ហូបអាហារ ភាពយន្ត តារាសម្ដែង តារាចម្រៀងដែល យុវជននៃប្រទេសទាំងពីរយកចិត្តទុកដាក់។ ជាពិសេស បណ្ដាតំណាងបានពិភាក្សាគ្នា យ៉ាងផុលផុសអំពីទិសដៅប្រតិបត្តិការរបស់កម្មវិធីនាពេលខាងមុខ។
“យុវជននៃប្រទេសយើងទាំងពីរមិនមានឱកាសច្រើនដើម្បី ជួបជុំគ្នាដោយផ្ទាល់ឡើយដោយសារការរាតត្បាតនៃជម្ងឺកូវីដ ១៩។ ប៉ុន្តែ យើងនៅតែរក្សា ទំនាក់ទំនងតាមរយៈបណ្ដាញសង្គម។ វៀតណាមនិងថៃសុទ្ធតែប្រើ facebook ដូច្នេះ ខ្ញុំគិតថាយើងគួរតែបង្កើត fanpage មួយនៃក្រុមយុវជនវៀត ណាម-ថៃ ដើម្បីធ្វើបច្ចុប្បន្ន កម្មព័ត៌មាន”។
ក្នុងពេលជាមួយគ្នានោះ ស្ថានទូតថៃប្រចាំវៀតណាមក៏មានផែនការមួយចំនួន សំដៅអភិវឌ្ឍកម្មវិធីជួបប្រាស្រ័យរវាងយុវជននៃប្រទេសទាំងពីរឲ្យបានសមស្របនឹងស្ថានភាពជាក់ស្ដែងនៃដំណាក់កាលនីមួយៗផងដែរ។ លោកស្រី Chanidabha Yuktadatta លេខាទីមួយនៃស្ថានទូតថៃប្រចាំទីក្រុងហាណូយ បានលើកមតិថា៖
“យុវជនវៀតណាម-ថៃដែលមានអាយុចន្លោះពី១៨ដល់៣០ឆ្នាំ នឹងធ្វើការជាគូ ថៃ-វៀតណាមរួមគ្នាធ្វើវីដេអូឃ្លីបមួយរយៈពេលប្រមាណ៥នាទីអំពីការផ្លាស់ប្ដូរវប្បធម៌ ប្រហែលជា ថតវីដេអូមិត្ត២នាក់ចម្អិនអាហារ ឬការចែករំលែកបទពិសោធន៍ក្នុងរយៈពេលកើតមាន ជម្ងឺរាតត្បាត។ នៅវៀតណាមមានក្បាច់រាំលាងដៃដ៏ល្បីល្បាញណាស់ ដូច្នេះបណ្ដា មិត្តអាចថតឈុតឆាកលាងដៃ ហើយមិត្តនៅថៃអាចចែករំលែកពីលក្ខណៈនៅថៃ។ រាល់វីដេអូឃ្លីបនេះនឹងត្រូវបានបង្ហោះឡើឆានែល youtube facebook tiktok និងគេហ ទំព័ររបស់ VOVTV។ ក្នុងឆ្នាំ២០២២ ប្រសិនបើស្ថានភាពកូវីដ ១៩ ត្រូវបានគ្រប់គ្រង យើង អាចរៀបចំសកម្មភាពដោយផ្ទាល់នៅវៀតណាមឬនៅថៃ”។
កម្មវិធីជួបប្រាស្រ័យរវាងយុវជនវៀតណាម-ថៃរួមជាមួយផែនការនានាដែល យុវជននៃប្រទេសទាំងពីរកំពុងកសាង នឹងជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍបណ្ដាញ យុវជនឲ្យកាន់តែទូលំទូលាយ ដើម្បីជួយគាំទ្រគ្នាក្នុងការងារនិងជីវភាពរស់នៅតាមនោះ រួមចំណែកជំរុញការជួបប្រាស្រ័យនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមនិងថៃឲ្យកាន់តែស៊ីជម្រៅនិងរឹងមាំថែមទៀត៕