ដំបូលផ្ទះវៀតណាមដ៏កក់ក្ដៅរបស់និស្សិតឡាវនិងកម្ពុជា

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ចាប់ពីដើមឆ្នាំ ២០២២ មក និស្សិតកម្ពុជានិងឡាវចំនួនជាង ៥០ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ មានដំបូលផ្ទះទីពីររបស់ខ្លួន នៅពេលដែលគេត្រូវបានគ្រួសារវៀតណាមនៅតាមខ័ណ្ឌ ស្រុកចំនួន ១៧ និងទីក្រុង Thu Duc ទទួលឧបត្ថម្ភ ចិញ្ចឹមបីបាច់ ហើយរស់នៅជាមួយគ្នាដូចសមាជិកគ្រួសារអញ្ចឹង។ នេះក៏ជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២) និងខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២) ផងដែរ។

ដំបូលផ្ទះវៀតណាមដ៏កក់ក្ដៅរបស់និស្សិតឡាវនិងកម្ពុជា - ảnh 1និស្សិតឡាវ កម្ពុជា និងគ្រួសារឪពុកម្ដាយធម៌ ចូលរួមកម្មវិធី "គ្រួសារវៀតណាមជាមួយនិស្សិតឡាវ កម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ" ឆ្នាំ២០២២។

លន់ លាងឆេង និស្សិតកម្ពុជា បច្ចុប្បន្នកំពុងសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យ Ton Duc Thang បានក្លាយជាសមាជិកក្នុងគ្រួសារវៀតណាមមួយនៅទីក្រុងហូជីមិញ។ ម្តាយធម៌របស់ប្អូនគឺលោកស្រី Truong Thuy Uyen នាយិការងសាលាអនុវិទ្យាល័យ Van Don ខណ្ឌទី ៤។ រាល់មនោសញ្ចេតនានិងការយកចិត្តទុកដាក់ពីម្តាយធម៌ បានជំរុញឲ្យ លន់ លាងឆេង ចង់ស្វែងយល់អំពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជាលក្ខណៈវប្បធម៌ស្រដៀងគ្នារវាងប្រទេសទាំងពីរផងដែរ។ ដំណាលអំពីម្តាយធម៌របស់ខ្លួន លាងឆេង បាននិយាយយ៉ាងរីករាយថា៖

“ខ្ញុំត្រូវបានម៉ែ Uyen ទទួលចិញ្ចឹម ថែទាំដូចកូនបង្កើតអញ្ចឹង ម៉ែតែងតែយកចិត្តទុកដាក់ សួរសុខទុក្ខ បើខ្ញុំជួបការលំបាកអ្វីខ្លះ ម៉ែតែងតែជួយឧបត្ថម្ភទាំងខាងសម្ភារៈនិងស្មារតី។ ខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់ដែលមានម្ដាយម្នាក់នៅក្បែរខ្លួន ក្នុងអំឡុងពេលខ្ញុំនៅរស់នៅឆ្ងាយពីគ្រួសារ។ ខ្ញុំគិតថាខ្លួនពិតជាមានសំណាងណាស់”។

ចំណែកឯ កញ្ញា Thienleungsavang Daothip និស្សិតជនជាតិឡាវម្នាក់ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច នៃសាកលវិទ្យាល័យ Van Lang ចាប់តាំងពីមករស់នៅជាមួយឪពុកម្តាយធម៌មក ការនិយាយភាសាវៀតណាមរបស់នាងកាន់តែស្ទាត់ជំនាញ ហើយលក្ខខណ្ឌនិងគុណភាពក្នុងការសិក្សាក៏ប្រសើរឡើងផងដែរ។ កញ្ញា Daothip បានចែករំលែកថា៖

“ឪពុកម្ដាយធម៌ស្រឡាញ់ខ្ញុំណាស់ ថែទាំសុខភាព ការហូបចុករបស់ខ្ញុំក៏ល្អដែរ។ នៅផ្ទះខ្ញុំមានបន្ទប់ដោយឡែក ដូច្នេះហើយការរស់នៅមានផាសុកភាពជាងបើធៀបនឹងក្នុងអន្តេវាសិកដ្ឋាន ហើយការសិក្សាក៏មានប្រសិទ្ធភាពជាងផងដែរ”។

ស្តាប់កូនស្រីធម៌ដំណាលរឿង លោកស្រី Do Lien Ngoc Ly (សង្កាត់ទី២ ខណ្ឌទី៦) ញញឹមដោយក្ដីរីករាយហើយសំណេះសំណាលថា៖ Daothip ជានិស្សិតឡាវម្នាក់ក្នុងចំណោមនិស្សិតឡាវពីរនាក់ដែលលោកស្រីបានទទួលចិញ្ចឹមក្នុងឆ្នាំនេះ។ មុននោះ លោកស្រី Ly បានទទួលចិញ្ចឹមសិស្សឡាវនិង
កម្ពុជាចំនួន ៨ នាក់ហើយ។ លោកស្រី Ly ស្ម័គ្រចិត្តទទួលចិញ្ចឹមព្រោះថាគ្រួសារលោកស្រីបើកសេវាផ្ទះហូមស្ទេ ហើយលោកស្រីមានកូនស្រីពីរនាក់ដែលក៏កំពុងជាសិស្សដែរ៖

“នៅពេលដែលកូនបង្កើតខ្ញុំទៅឆ្ងាយ ជាម្តាយម្នាក់ ខ្ញុំបារម្ភគ្រប់បែបយ៉ាង។ អាស្រ័យហេតុនេះ ពេលកូនៗចាកចេញពីស្រុកកំណើតមករៀននៅទីនេះ ខ្ញុំក៏ចង់ឲ្យពួកគាត់មានឪពុកម្តាយ មានអារម្មណ៍ដូចគ្រួសារអញ្ចឹង ជៀសផុតពីរឿងអាក្រក់។ វាសាមញ្ញអញ្ចឹង នោះគឺជាស្មារតីរបស់ប្រជាជនវៀតណាម”។

ទន្ទឹមនឹងការចលនាឲ្យបណ្ដាគ្រួសារទទួលចិញ្ចឹម ថែទាំនិស្សិតឡាវនិងកម្ពុជានោះ ទីក្រុងហូជីមិញក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ទិវាគ្រួសារវៀតណាម-ឡាវ-កម្ពុជា; ថ្នាក់ដឹកនាំទីក្រុងចុះសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារដែលទទួលចិញ្ចឹមនិស្សិតឡាវ កម្ពុជា; ដំណើរទៅទស្សនាអាស័យដ្ឋានបដិវត្តន៍ ជាដើម។ បណ្ដាខ័ណ្ឌ ស្រុក ទីក្រុង Thu Duc ក៏សម្របសម្រួលគ្នាក្នុងការគ្រប់គ្រង លើកទឹកចិត្ត និងបង្កលក្ខខណ្ឌសម្រាប់និស្សិត ចូលរួមសកម្មភាពសហគមន៍ តាមនោះធ្វើការឃោសនា អប់រំ លើកកម្ពស់ការយល់ដឹងសម្រាប់និស្សិតឡាវ កម្ពុជាអំពីទឹកដី មនុស្ស វប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាម រួមជាមួយនឹងប្រពៃណីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយឡាវនិងកម្ពុជាផងដែរ។

ចំពោះនិស្សិតកម្ពុជា មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មាននិស្សិតកម្ពុជាចំនួន ១៦៧នាក់ ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ និងសាលាជាន់ខ្ពស់នានានៅទីក្រុងហូជីមិញ ត្រូវបានទទួលចិញ្ចឹមតាមកម្មវិធី “បណ្ដុះពន្លកមិត្តភាព”។ គ្រួសារឪពុកម្ដាយធម៌ចំនួនជាង ១០០ គឺជាសមាជិកសមាគម អតីតជំនាញការ អតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលធ្លាប់បានទៅជួយមិត្តកម្ពុជា។ លោក Tran Tan Ngo អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា បានឲ្យដឹងថា៖

“ប្អូនៗរស់នៅឆ្ងាយពីផ្ទះ ពីក្រុមគ្រួសារ ពីស្រុកកំណើត មកវៀតណាមដើម្បីសិក្សា។ ឪពុកម្ដាយធម៌គឺជាអ្នកដែលតែងតែជួបសំណេះសំណាល ថែទាំប្អូនៗ; រៀបចំការជួបប្រាស្រ័យនិងការអំណរបុណ្យតេតឲ្យប្អូនៗបានចូលរួមដើម្បីយល់ដឹងបន្ថែមអំពីវប្បធម៌វៀតណាម។ ឪពុកម្ដាយធម៌គឺជាអ្នកដែលធ្លាប់បានចូលរួមប្រយុទ្ធនៅកម្ពុជា ទៅជួយមិត្តកសាងប្រទេសឡើងវិញ។ ពួកគេជាមនុស្សដែលស្រឡាញ់ប្អូនៗច្រើនបំផុត”។

អាត់ ស្រីនាង និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញបានបង្ហាញពីការរំភើបចិត្តចំពោះការយកចិត្តទុកដាក់របស់គ្រួសារឪពុកម្ដាយធម៌យ៉ាងដូច្នេះថា៖

“ពេលខ្ញុំត្រូវបានទទួលជាកូនធម៌ មានម្ដាយធម៌ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏មានសាច់ញាតិនៅទីនេះដែរ ពេលខ្ញុំជួបការលំបាក មានសាច់ញាតិនៅវៀតណាមជួយខ្ញុំ។ ខ្ញុំពិតជាសប្បាយរីករាយណាស់”។

នៅមានកម្មវិធី សកម្មភាពដ៏មានអត្ថន័យជាច្រើនទៀត ដែលមិនត្រឹមតែតភ្ជាប់និស្សិតឡាវ និងកម្ពុជាជាមួយគ្រួសារវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ ការថែទាំរបស់បក្សភាគ អាជ្ញាធរទីក្រុងហូជីមិញ ចំពោះនិស្សិតឡាវនិងកម្ពុជាក្នុងអំឡុងពេលសិក្សានៅទីក្រុង។ តាមរយៈសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការយល់ដឹងគ្នាទៅវិញទៅមកអំពីទឹកដី មនុស្ស វប្បធម៌ និងប្រវត្តិសាស្ត្រកាន់តែត្រូវបានបង្កើនថែមទៀត។ ពីនោះ រួមចំណែកក្នុងការពូនជ្រុំ រឹតបន្តឹងចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសជិតខាងទាំងបី វៀតណាម-ឡាវ-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ