ឋានសួគ៌ទេសចរណ៍សមុទ្រ Phuket ឆ្ពោះទៅរកការអភិវឌ្ឍទៅជាមជ្ឈមណ្ឌលររៀបចំព្រឹត្តិការណ៍និងមជ្ឈមណ្ឌលថែទាំសុខភាពលំដាប់ពិភពលោក

(VOVWORLD) - ជាមួយនឹងប្រធានបទ "ជីវភាពនាពេលអនាគត៖ ការរស់នៅប្រកបដោយភាពសុខដុមរមនា និងការចែករំលែកវិបុលភាព" ប្រទេសថៃត្រូវបានឈរឈ្មោះធ្វើជាម្ចាស់ផ្ទះនៃការតាំងពិព័រណ៌ឯកទេស (Specialized Expo) ឆ្នាំ២០២៨ នៅ ភូកេត។ ពិព័រណ៌ភូកេត ផ្តោតលើកត្តាចំនួន៣៖ មនុស្ស ភពផែនដី និងវិបុល ភាព។ ក្នុងនោះ គោលដៅរបស់ប្រទេសថៃគឺជំរុញការគួបផ្សំគ្នារវាងការច្នៃប្រឌិត និងប្រាជ្ញា តុល្យភាពរវាងកំណើននិងការប្រើប្រាស់ដែលមានមេត្រីភាពបរិស្ថាន ក៏ដូចជាធ្វើឱ្យភូកេតមិនត្រឹមតែត្រូវបានគេស្គាល់ជាគោលដៅដ៏ល្អឥតខ្ចោះនៃឋានសួគ៌ឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលថែទាំសុខភាព និងកាយសម្បទាលំដាប់ពិភពលោកសម្រាប់មនុស្សគ្រប់គ្នាទៀតផង។

ឋានសួគ៌ទេសចរណ៍សមុទ្រ Phuket ឆ្ពោះទៅរកការអភិវឌ្ឍទៅជាមជ្ឈមណ្ឌលររៀបចំព្រឹត្តិការណ៍និងមជ្ឈមណ្ឌលថែទាំសុខភាពលំដាប់ពិភពលោក - ảnh 1លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំវៀតណាម (ស្ដាំ) និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
លោក Nguyen Minh Vu ថតរូបជាមួយ hashtag គាំទ្រ ភូកេត។ (រូបថត៖ ស្ថានទូតថៃ)

នៅមហាសន្និបាតប្រចាំឆ្នាំលើកទី ១៧១ នៃអង្គការពិព័រណ៍ពិភពលោក (BIE) ចាប់ពីថ្ងៃទី ២៧ ដល់ ទី២៩ ខែវិច្ឆិកា ដែលធ្វើឡើងនៅទីក្រុងប៉ារីស ភូកេត - ថៃ មានឱកាសធ្វើបទបង្ហាញលើកទី ២ ស្តីពីការទទួលរៀបចំពិព័រណ៍ឯកទេសឆ្នាំ ២០២៨ បន្ទាប់ពីឈានដល់វគ្គបន្ទាប់ រួមជាមួយតំណាងមកពីអាហ្សង់ទីន ស៊ែប៊ី អេស្ប៉ាញ និងអាមេរិក។ លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំវៀតណាមមានប្រសាសន៍ថា៖

“ប្រទេសថៃសង្ឃឹមថា ការចុះឈ្មោះធ្វើជាម្ចាស់ផ្ទះពិព័រណ៌ឯកទេសនឹងទទួលបានការគាំទ្រច្រើន ដោយសារតែភូកេតជាកន្លែងទទួលរៀបចំ ដែលមនុស្សស្ទើរតែទាំងអស់ធ្លាប់បានស្គាល់ដល់។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងខ្ញុំចង់បង្ហាញមិនមែនជាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងភូកេតនោះទេ ប៉ុន្តែជាទិដ្ឋភាពថ្មីមួយលើសេវាកម្មធ្វើដំណើរកំសាន្តនិងព្យាបាលជំងឺដ៏មានប្រសិទ្ធភាព។ លើសពីនេះ ភូកេត ក៏បំពេញបានយ៉ាងពេញលេញនូវកត្តាទាក់ទងនឹងម្ហូបអាហារ វប្បធម៌ សមត្ថភាពរៀបចំពិព័រណ៍ ការទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាការតាំងពិពណ៌ និងចូលរួមសន្និសីទ។ សង្ឃឹមថា យើងនឹងជាប់ឆ្នោតក្នុងកិច្ចប្រជុំរបស់អង្គការពិព័រណ៍ពិភពលោកជាមួយនឹងសមាជិកចំនួន ១៧០ នៅខែកក្កដា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស”។

ជាមួយនឹងការចុះឈ្មោះលើកនេះ ប្រទេសថៃបានបង្ហាញពីការប្តេជ្ញាចិត្ត និង "មហិច្ឆតា" របស់ខ្លួនក្នុងការនាំពិព័រណ៍ Specialised Expo មកកាន់តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងជាលើកដំបូង។ ដូច្នេះហើយ ការគាំទ្ររបស់ប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម គឺត្រូវបានប្រទេសថៃយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមបានឲ្យដឹងបន្ថែមទៀតថាថា៖

“ឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានថ្លែងទៅកាន់ឯកឧត្តម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ថា៖ សង្ឃឹមថាវៀតណាមនឹងគាំទ្រប្រទេសថៃ ព្រោះយើងជាមិត្តដ៏ល្អ និងជិតស្និទ្ធិ និងជាសមាជិកនៃដំបូលរួមអាស៊ាន”។

នៅក្នុងផែនការអភិវឌ្ឍន៍ការតភ្ជាប់តំបន់ ប្រទេសថៃបានអនុម័តលើគោលមាគ៌ាអភិវឌ្ឍន៍ខេត្តភាគខាងត្បូងចំនួនបួន ទៅជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចសុខភាព Andaman (Andaman Wellness Corridor: AWC) រួមមាន៖ Phuket, Krabi, Phang Nga និង Ranong; បង្កើតមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក និងអភិវឌ្ឍន៍សមត្ថភាពវេជ្ជសាស្ត្រតាមស្តង់ដារអន្តរជាតិ។

ឋានសួគ៌ទេសចរណ៍សមុទ្រ Phuket ឆ្ពោះទៅរកការអភិវឌ្ឍទៅជាមជ្ឈមណ្ឌលររៀបចំព្រឹត្តិការណ៍និងមជ្ឈមណ្ឌលថែទាំសុខភាពលំដាប់ពិភពលោក - ảnh 2ជ្រុង ភូកេត នៅព្រឹត្តិការណ៍អបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រថៃ ដែលបានរៀបចំឡើងដោយស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ។ (រូបថត៖ ស្ថានទូតថៃ)

ចំណែកខាងស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី៩៥ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រថៃ (ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ - ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២) ស្ថានទូតបានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិព័រណ៌ភូកេត។ គោលដៅគឺដើម្បីនាំមកនូវទស្សនៈថ្មីថ្មោងអំពីភូកេត សម្រាប់អ្នករាល់គ្នាដែលចូលរួមពិធីអបអរសាទរ។ លោក Ta Quang Ngoc ប្រធានសមាគមមិត្តភាពវៀតណាម-ថៃបានផ្ដល់អធិប្បាយថា៖

“ព្រឹត្តិការណ៍តាំងពិពណ៌ភូកេត ដែលរៀបចំដោយរដ្ឋាភិបាលថៃ ខ្ញុំគិតថានេះជាសកម្មភាពល្អណាស់។ នៅក្នុងទំនាក់ទំនងទ្វេភាគី យើងកំពុងគិតគូដល់ការខួបលើកទី ១០ នៃទំនាក់ទំនងយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣។ ក្នុងនោះនឹងមានសកម្មភាពសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងវប្បធម៌ជាច្រើន ដើម្បីបង្ហាញពីទំនាក់ទំនងក្នុងកម្រិតយុទ្ធសាស្ត្រ។ ក្នុងវិស័យសេដ្ឋកិច្ច ត្រូវតែយកកត្តាចីរភាពជាកត្តាចម្បង”។

យុទ្ធនាការចលនាឲ្យភូកេតក្លាយជាម្ចាស់ផ្ទះពិព័រណ៌ Specialized Expo ២០២៨ នឹងមានលទ្ធផលនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋអំណាចភូកេតបានកំណត់គោលដៅថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ប្រជាជនក្នុងតំបន់នឹងមានអាយុកាលវែងជាង និងសុខភាពកាន់តែប្រសើរឡើង ជាពិសេសជំងឺទឹកនោមផ្អែម សម្ពាធឈាម និងជំងឺមហារីកនឹងត្រូវបានកាត់បន្ថយ។ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ត្រូវបានកែលម្អ ជាពិសេសការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ស្របតាមស្តង់ដារនៃមជ្ឈមណ្ឌលព្រឹត្តិការណ៍ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ