បទសម្ភាសន៍ជាមួយឯកអគ្គរាជទូតថៃប្រចាំវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ថៃ (៦ សីហា ១៩៧៦ - ៦ សីហា ២០២១) ឯកអគ្គរាជទូតថៃប្រចាំវៀតណាមឯកឧត្តម Nikorndej Balankura បានអញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមអំពីខ្លឹមសារនានាទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
បទសម្ភាសន៍ជាមួយឯកអគ្គរាជទូតថៃប្រចាំវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ - ảnh 1ឯកអគ្គរាជទូតថៃប្រចាំវៀតណាមឯកឧត្តម Nikorndej Balankura ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាម។ 

អ្នកសារព័ត៌មាន៖ សូមគោរពអរគុណឯកឧត្តមឯកអគ្គរាជទូតដែលបានចំណាយពេលផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន VOV ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ថៃ។

សូមគោរពឯកឧត្តមថា ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើន វៀតណាមនិងថៃបានក្លាយទៅជា “ដៃគូយុទ្ធសាស្ត្រ” របស់គ្នានៅឆ្នាំ២០១៣ ហើយជាប្រទេសដំបូងគេទាំងពីរក្នុងអាស៊ានដែលបានបង្កើតទំនាក់ទំនងនេះ។ បន្ទាប់មក នៅឆ្នាំ២០១៩ ភាគីទាំងពីរបានលើកកម្រិតទំនាក់ទំនងឡើងជា “ភាពជាដៃគូយុទ្ធសាស្ត្រជំរុញ” សំដៅលើកកំពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លានិងទូលំទូលាយជាងទៀត។ អីចឹងតើភាគីទាំងពីរបានអនុវត្តន៍វាយ៉ាងដូចម្ដ៉េច?

ឯកឧត្តមឯកអគ្គរាជទូត៖ “ដំបូងឡើយ ខ្ញុំពិតជាមានកិត្តិយសដោយទទួលបានបេសកកម្មជាឯកអគ្គរាជទូតថៃប្រចាំ វៀតណាមស្របពេលវេលាដ៏សំខាន់មួយ។ នោះគឺការរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតថៃ-វៀតណាម។ ប្រទេសយើងទាំងពីរជាប្រទេសដំបូងគេនៅអាស៊ានដែលបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ ហើយនៅឆ្នាំ២០១៩ ភាគីទាំងពីរបានលើកកម្រិតទំនាក់ទំនងឡើងជាភាពជាដៃគូយុទ្ធសាស្ត្រជំរុញ។ ប្រការនេះបានគូសបញ្ជាក់ថា ភាគីទាំងពីរសុទ្ធតែវាយតម្លៃខ្ពស់ចំពោះសារសំខាន់របស់គ្នាទៅវិញទៅមក។ ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនឹងជួយប្រទេសយើងទាំងពីររួមគ្នាអភិវឌ្ឍន៍ ខណៈដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជំរុញនឹងជួយឲ្យទំនាក់ទំនងលាតសន្ធឹងលើគ្រប់វិស័យចាប់ពីសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ អប់រំ។ ខ្ញុំជឿជាក់ថា ថៃនិងវៀតណាមមានមូលដ្ឋានគ្រឹះដ៏សំខាន់និងខ្លាំងក្លាចាប់ពីកម្រិតដ៏សំខាន់បំផុតនោះគឺប្រជាជន។ នៅពេលដែលប្រជាជនមានការយល់ដឹង ស្រឡាញ់រាប់អានគ្នាទៅវិញទៅមកហើយមានភាពជិតស្និទ្ធគ្នាចាប់ពីវប្បធម៌ របៀបរស់នៅ រហូតដល់ទីតាំងភូមិសាស្ត្រនយោបាយនោះ វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីអភិវឌ្ឍន៍ដល់កម្រិតថ្នាក់ដឹកនាំ”។

អ្នកសារព័ត៌មាន៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មតែងតែបានចាត់ទុកថា ជាចំណុចដ៏លេចធ្លោមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រការនោះត្រូវបានបង្ហាញដោយការដែលថៃបន្តស្ថិតនៅក្នុងក្រុមវិនិយោគិនបរទេសជួរមុខទាំង១០នៅវៀតណាមហើយប្រទេសទាំងពីរកំពុងខិតខំនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់២៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៥។ តើលោកមានការវាយតម្លៃយ៉ាងណាចំពោះសក្ដានុពលដើម្បីឲ្យភាគីទាំងពីរអាចសម្រេចបានគោលដៅនេះ?

ឯកឧត្តមឯកអគ្គរាជទូត៖ គោលដៅនេះជាការសាកល្បងមួយ ជាពិសេសនៅពេលដែលថៃនិងវៀតណាមកំពុងប្រឈមនឹងជម្ងឺរាតត្បាតកូវីដ-១៩។ យើងកំពុងឆ្ពោះទៅរកគោលដៅចន្លោះពី១,៦ដល់២,៥ពាន់លានដុល្លាអាមេរិក។ យើងមានភាពសម្បូរបែបក្នុងការវិនិយោគ មិនត្រឹមតែជាឧស្សាហកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាឧស្សាហកម្មថ្មី ផ្លាតហ្វមថ្មីទៀតផង។ បច្ចុប្បន្ននេះ ការផ្លាស់ប្ដូរពាណិជ្ជកម្មអេឡិចត្រូនិកក៏រីកចម្រើនយ៉ាងខ្លាំងក្លាដែរ។ ហើយប្រការដ៏សែនសំខាន់មួយទៀតដើម្បីសម្រេចបានគោលដៅនេះ គឺការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ កសាងការតភ្ជាប់វាងអ្នកផ្គត់ផ្គង់ ហើយកសាងការតភ្ជាប់ក្នុងការផលិត។ ថៃនិងវៀតណាមអាចបំពេញឲ្យគ្នាក្នុងបណ្ដាវិស័យដែលភាគីនីមួយៗកំពុងអនុវត្តន៍។ ខ្ញុំគិតថាយើងនឹងសម្រេចបានគោលដៅ២៥ពាន់លានដុល្លាអាមេរិកជាក់ជាពុំខាន សូម្បីតែលើសពីនេះទៅទៀត។ ប៉ុន្តែ ដំណាក់កាលនេះប្រហែលជាយឺតបន្តិច ដោយ សារស្ថានភាពជម្ងឺកូវីដ-១៩”។

អ្នកសារព័ត៌មាន៖ ក្នុងឆ្នាំ២០២១ ជម្ងឺរាតត្បាតកូវីដ-១៩បានបង្កឡើងផលប៉ះពាល់ដ៏ធំទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ក៏ដូចជាសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងគ្រាលំបាកនោះ គឺមនោសញ្ចេតនា ការចែករំលែក ជួយទំនុកបម្រុងគ្នាទៅវិញទៅមករវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវបានបង្ហាញកាន់តែច្បាស់។ អីចឹងតើការទូតរវាងប្រជាជនជាមួយប្រជាជនមានសារសំខាន់យ៉ាងដូចម្ដ៉េចចំពោះការពង្រឹងចំណងមិត្តភាពរវាងវៀតណាម-ថៃ ឯកឧត្តម?

ឯកឧត្តមឯកអគ្គរាជទូត៖ មនុស្សគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ ដោយហេតុនេះ វៀតណាមនិងថៃយកចិត្តទុកដាក់ខ្ពស់ដល់ភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ នៅពេលដែលជម្ងឺកូវីដ-១៩ផ្ទុះឡើង ថៃបានប្រកាសថា នឹងសហការជាមួយវៀតណាមដោយអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន។ ទំនាក់ទំនងរវាងប្រជាជនថៃនិងវៀតណាមមានតាំងពីរាប់រយឆ្នាំកន្លងមកនេះ យើងដូចនឹងបងប្អូនអញ្ចឹង។ អាណិកជនវៀតណាមនៅតំបន់ភាគឦសាន្តថៃជាមួយប្រជាជនថៃមិនមានការរើសអើងទេ។ ពួកគេរស់នៅជាមួយគ្នាដូចនឹងបងប្អូនអញ្ចឹង។ មុននេះមិនយូរប៉ុន្មានទេ យើងទើបតែបានប្រារព្ធខួបលើកទី១៣១ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ យើងមានសមាគមន៍មិត្តភាពថៃ-វៀតណាម វៀតណាម-ថៃ។ ជារៀងរាល់ឆ្នាំ យើងសុទ្ធតែមានកម្មវិធីផ្លាស់ប្ដូរ ជួបប្រាស្រ័យនិស្សិតទៅវិញទៅមក។ ខ្ញុំឃើញថា កម្មវិធីនេះបានបង្កើតឡើងភាពស្អិតរមួតខាងវប្បធម៌ អប់រំ ភាសានិងវិស័យផ្សេងៗជាច្រើន។ ខ្ញុំជឿជាក់ថា នៅពេលដែលថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរអាចទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក គឺទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជននឹងកាន់តែជិតស្និទ្ធហើយមានការជួបប្រាស្រ័យគ្នាជាច្រើនថែមទៀត។

សូមអរគុណឯកឧត្តមឯកអគ្គរាជទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ