ប៉មនាឡិកាអាណិកជនវៀតណាមនៅខេត្ត Nakhon Phanom - និមិត្តរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងថៃ

(VOVWORLD) - លេចធ្លោនៅតាមបណ្តាយផ្លូវជាប់មាត់ទន្លេមេគង្គនៅមជ្ឈមណ្ឌលខេត្តជាប់ព្រំដែន Nakhon Phanom ភាគឦសាននៃប្រទេសថៃ ប៉មនាឡិកាដែលមានពាក្យថា“ ប៉មនាឡិកាអាណិកជនវៀតណាមដែលរក្សាទុកអនុស្សាវរីយ៍ក្នុងឱកាសធ្វើមាតុភូមិនិវត្ត ២៥០៣» គឺជាគោលដៅទេសចរណ៍មួយដែលភ្ញៀវទេសចរមិនគួរខកខានមកទស្សានានៅពេលដែលមកដល់ខេត្ត Nakhon Phanom នោះទេ។ នៅទីនេះភ្ញៀវទេសចរមិនត្រឹមតែគយគន់ទេសភាពដ៏អស្ចារ្យនៃទន្លេមេគង្គប៉ុណ្ណោះទេ ថែមទាំងត្រូវបានប្រជាជននៅទីនេះរៀបរាប់អំពីអត្ថន័យនៃប៉មនាឡិកានេះ ដែលជា និមិត្តសញ្ញាមួយនៃចំណងមិត្តភាពវៀតណាម - ថៃ។
ប៉មនាឡិកាអាណិកជនវៀតណាមនៅខេត្ត Nakhon Phanom - និមិត្តរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងថៃ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រថៃ លោក Phan Chi Thanh (រូបថត៖ Baonhandan)

ប៉មនាឡិកាអាណិកជនមានកម្ពស់ប្រមាណ ១៥ ម៉ែត្រដែលត្រូវបានសាងសង់នៅលើផ្លូវដែលមានភាពអ៊ូអរបំផុតទី ២ នៅចំកណ្តាលខេត្ត Nakhon Phanom ជាប់ជិតច្រាំងទន្លេមេគង្គ។ មុខទាំងបួននៃប៉មនេះត្រូវបានលាបពណ៌លឿង ហើយពីលើកំពូលមានបំពាក់នាឡិកាមួយ។ ដំបូលប៉មត្រូវបានរចនាតាមបែបស្ថាបត្យកម្មប្រពៃណីវៀតណាម។ នៅចំកណ្ដាលនៃប៉មនេះត្រូវបានគេចារពាក្យថា “ប៉មនាឡិកាអាណិក ជនវៀតណាមដែលរក្សាទុកអនុស្សាវរីយ៍ក្នុងឱកាសធ្វើមាតុភូមិនិវត្ត» ។

នៅចំកណ្តាលប៉មនាឡិកាមានឆាកបាញ់ទឹកតូចៗមួយ។ រាល់យប់ប៉មនាឡិកានេះត្រូវបានបំភ្លឺដោយអំពូលភ្លើង ដែលបំភ្លឺតំបន់ជុំវិញទាំងមូលផងដែរ។ រៀងរាល់ចុងសប្តាហ៍ ទីលាននៅខាងមុខប៉មនាឡិកានេះ បានក្លាយជាកន្លែងផ្សាររាត្រីមានសភាពអ៊ូអរ។ ប៉មនាឡិកាអាណិកជនវៀតណាមត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី ១ ខែធ្នូឆ្នាំ ១៩៦០ ហើយត្រូវបានសាងសង់ក្នុងរយៈពេល៣ខែដោយមានការចូលរួមវិភាគទានពីសហគមន៍អាណិកជនវៀតណាមនៅពេលនោះផងដែរ។ ចែករំលែកអំពីអត្ថន័យនៃការសាងសង់ប៉មនាឡិកានេះលោក Tran Van Sau ប្រធានសមាគមថៃ - វៀតណាមប្រចាំនៅខេត្ត Nakhon Phanom បានមានប្រសាសន៍ថា៖

«ប្រជាជនវៀតណាមនៅខេត្ត Nakhon Phanom និងជនជាតិវៀតណាមនៅប្រទេសថៃ មុនពេលវិលត្រឡប់មកស្រុកកំណើតវិញ បានសំរេចចិត្តសាងសង់ប៉មនាឡិការមួយនេះដោយមានគោលបំណងចង់តបស្នងសងគុណជូនចំពោះគុណបំណាច់ដ៏មហិមារបស់ព្រះមហាក្សត្រថៃ ព្រមទាំងសំដែងការថ្លែងអំណរគុណចំពោះការជួយទ្រទ្រង់អស់ពីចិត្តពីថ្លើមរបស់រដ្ឋាភិបាលនិងប្រជាជនថៃដែលធ្លាប់ថែទាំបីបាច់និងជួយឧបត្ថម្ភដល់ប្រជាជនវៀតណាម ដែលត្រូវបាន  ភ្លៀសខ្លួនពីសង្គ្រាម។ លើសពីនេះទៀត ខ្ញុំក៏បានលឺជីដូនជីតារបស់ខ្ញុំរៀបរាប់ថាមានមនុស្សជាច្រើនបានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់កងទ័ពបារាំង ហើយពណ៌នៃទន្លេមេគង្គនៅពេលនោះក៏បានផ្លាស់ប្តូរទៅជាពណ៌ក្រហមផងដែរ ។ ប៉មនេះត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ទិវាដែលប្រជាជនវៀតណាមបានភៀសខ្លួនមកទីនេះដើម្បីជ្រកកោន។ ”

ប៉មនាឡិកាអាណិកជនវៀតណាមនៅខេត្ត Nakhon Phanom - និមិត្តរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងថៃ - ảnh 2ប៉មនាឡិកាអាណិកជនវៀតណាមដែលរក្សាទុកអនុស្សាវរីយ៍នៅខេត្ត Nakhon Phanom

នៅឆ្នាំនេះ ប៉មនាឡិកាអាណិកជនវៀតណាមបានប្រារព្វធ្វើឡើងពិធីរំលឹកខួបគម្រប់ ៦០ ឆ្នាំរបស់ខ្លួន។ នាពេលថ្មីៗនេះ ប៉មនាឡិការអាណិកជនវៀតណាម ត្រូវបានកែលម្អឡើងវិញដោយអាជ្ញាធរខេត្ត Nakhon Phanom ដើម្បីជួសជុលនិងលាបថ្នាំថ្មីសម្រាប់មុខទាំងបួននៃប៉មនេះ ព្រមទាំងជំនួសខ្សែយ៉ៃនាឡិកាវិលទៅជានាឡិកាអេឡិចត្រូនិចវិញ។ ទីនេះបានប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ខេត្ត Nakhon Phanom ក៏ដូចជារបស់សហគមន៍ជនជាតិវៀតណាមនៅខេត្ត Nakhon Phanom ផងដែរ ដូចជាពិធីរំលឹកខួបគម្រប ៦០ ឆ្នាំនៃប៉មនាឡិកាអាណិកជនវៀតណាមកាលពីថ្ងៃទី ២២ ខែធ្នូ ដោយមានការចូលរួមរបស់អាណិកជនវៀតណាមជាង ១.២០០ នាក់។ លោក Kayson Kongchalat អភិបាលខេត្ត Nakhon Phanom បានចែករំលែក៖

“ខ្ញុំឃើញថាការសាងសង់ប៉មអនុស្សាវរីយ៍នេះសុទ្ធសឹងតែអនុវត្តឡើងបន្ទាប់ពីមានជម្លោះ ប៉ុន្តែមានតែប៉មអាណិកជនវៀតណាមត្រូវបានសាងសង់ ដោយក្តីស្រឡាញ់ ការគោរពនិងការដឹងគុណូបការៈ ដែលជាគុណធម៌របស់ប្រជាជនវៀតណាម។ ខ្ញុំមានឱកាសនិយាយជាមួយមនុស្សវ័យចំណាស់ដើមកំណើតវៀតណាមនៅខេត្ត Nakhon Phanom ។ ពួកគេនិយាយថាពួកគេរស់នៅទីនេះយ៉ាងសប្បាយរីករាយ និងមានភាពជិតស្និទ្ធជាមួយខេត្ត Nakhon Phanom ។ ជនជាតិថៃដើមកំណើតវៀតណាមនិងអាណិកជនវៀតណាមនៅថៃ បានបំពេញបន្ថែមសួនផ្កាថៃឲ្យប្រែក្លាយទៅជាសួនផ្កាដ៏ស្រស់ស្អាតនៃពណ៌ជនជាតិទាំងអស់ផងដែរ” ។

អាចនិយាយបានថាប៉មនាឡិកានេះមិនត្រឹមតែជាមោទនភាពរបស់ជនវៀតណាមនៅប្រទេសថៃនិយាយរួមនិងខេត្ត Nakhon Phanom និយាយដោយឡែក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដ៏ជិតស្និទ្ធសម្រាប់ប្រជាជននៅទីនេះទៀតផង ។ លោក Niwat Chievirizabunza ប្រធានក្រុមប្រឹក្សាក្រុង Nakhon Phanom បានមានប្រសាសន៍ថា៖

“ តាំងពីខ្ញុំនៅក្មេង ខ្ញុំបានឃើញប៉មនាឡិកានេះហើយ។ កាលពីមុន ខ្ញុំមិនបានដឹងច្រើនអំពីសារៈសំខាន់នៃប៉មនាឡិកានេះទេ គ្រាន់តែដឹងថានេះគឺជាប៉ម ដែលជនជាតិវៀតណាមបានសាងសង់និងប្រគល់ឱ្យអាជ្ញាធរក្រុង Nakhon Phanom តែប៉ុណ្ណោះ។ ពេលវេលាបានកន្លងផុតទៅ ខ្ញុំកាន់តែមានអារម្មណ៍ថា ប៉មនាឡិកានេះ មិនត្រឹមតែជាមោទនភាពសម្រាប់ជនជាតិថៃដើមកំណើតវៀតណាមដែលមករស់នៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពស្និតស្នាលសម្រាប់ប្រជាជននៅ Nakhon Phanom ទៀតផង។

សព្វថ្ងៃនេះនៅ Nakhon Phanom មានកេរ្តិ៍ដំណែលជាច្រើនទាក់ទងនឹងជនវៀតណាម ដូចជាផ្ទះលោកអ៊ុំហូនៅ Ban May ភូមិមិត្តភាពវៀតណាម-ថៃនៅខេត្ត Nakhon Phanom ជាដើម។ ប៉ុន្តែរាល់ពេលដែលភ្ញៀវទេសចរចូលមកទស្សនា Nakhon Phanom ដ៏ស្រស់ស្អាតនេះ គ្រប់គ្នាក៏ស្ទើរតែទៅទស្សនាប៉មនាឡិកាអនុស្សាវរីយ៍អាណិកជនវៀតណាមនេះតែម្តង។ យូរៗទៅ ប៉មនេះនៅតែមានភាពរឹងមាំនៅក្បែរដងទន្លេទន្លេមេគង្គ ដើម្បីក្លាយទៅជានិមិត្តរូបដ៏ស្រស់ស្អាតនៃការផ្លាស់ប្តូរវប្បធម៌ថៃ - វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ