ប្រទេសថៃខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការអភិវឌ្ឍទេសចរណ៍

(VOVWORLD) - ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពន្លឿនការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត Covid-19 ព្រមទាំងចូលរួមចំណែកជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃប្រទេសថៃ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលថៃ (Depa) កាលពីថ្ងៃទី ១៧ ខែកុម្ភៈ កន្លងទៅ បានបំផុសយុទ្ធនាការដែលមានឈ្មោះថា "ទេសចរណ៍ឌីជីថល" ក្នុងគោលបំណងចង់បង្កើនការយល់ដឹង ហើយលើកទឹកចិត្តសហគ្រាសទេសចរណ៍ឱ្យប្រើប្រាស់ផ្លាតហ្វមឌីជីថលកាន់តែទូលំទូលាយ។

ប្រទេសថៃខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការអភិវឌ្ឍទេសចរណ៍ - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង Depa ជាមួយអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ដើម្បីលើកទឹកចិត្តសហគ្រាសទេសចរណ៍ឱ្យប្រើប្រាស់ផ្លាតហ្វម ThailandCONNEX។ (រូបថត៖ VOV) 

យុទ្ធនាការ “ទេសចរណ៍ឌីជីថល” នេះនឹងអភិវឌ្ឍន៍ផ្លាតហ្វមទេសចរណ៍ជាតិមួយ ដែលមានឈ្មោះថា ThailandCONNEX ដើម្បីជួយតភ្ជាប់សហគ្រាសទេសចរណ៍យ៉ាងឆាប់រហ័សនៅទូទាំងប្រទេសថៃ ព្រមទាំងជួយពួកគេក្នុងការអនុវត្តបច្ចេកវិទ្យា និងការច្នៃប្រឌិតឌីជីថល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនិងប្រសិទ្ធភាព កាត់បន្ថយការចំណាយប្រតិបត្តិការ ហើយបើកឱកាសអាជីវកម្មជាច្រើនបន្ថែមទៀតផងដែរ។ ThailandCONNEX រួមមានផ្នែកស្នូលចំនួនបី៖ ផ្លាតហ្វមទេសចរណ៍ឌីជីថលជាតិ សេវាកម្មលេខកូដទេសចរណ៍ឌីជីថលជាតិ និងធនាគារទិន្នន័យទេសចរណ៍ឌីជីថលជាតិ។ ក្នុងនោះ ផ្លាតហ្វមទេសចរណ៍ឌីជីថលជាតិជួយសហគ្រាសទេសចរណ៍ក្នុងការណែនាំអំពីផលិតផលរបស់ខ្លួន ក៏ដូចជាទទួលបានផលិតផល និងសេវាកម្មរបស់សហគ្រាសដទៃទៀតទាំងក្នុងនិងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សផងដែរ។ សេវាកម្មលេខកូដទេសចរណ៍ជាតិអនុញ្ញាតឲ្យសហគ្រាសទេសចរណ៍ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ និងលេខកូដប្រើប្រាស់ ដែលត្រូវបានរួមបញ្ចូលជាមួយបច្ចេកវិទ្យា Blockchain ក្នុងប្រតិបត្តិការ និងការតភ្ជាប់ជាមួយសហគ្រាសដទៃទៀត។ ធនាគារទិន្នន័យទេសចរណ៍ឌីជីថល គឺជាមជ្ឈមណ្ឌលសម្រាប់ការប្រមូលផ្តុំនិងរក្សាទុកព័ត៌មានអំពីសហគ្រាស ផលិតផល និងសេវាកម្មទេសចរណ៍របស់ថៃទីកន្លែងទេសចរណ៍ សហគមន៍ក្នុងស្រុក កន្លែងស្នាក់នៅ ភោជនីយដ្ឋាន ហើយសំខាន់បំផុតគឺការវិភាគលើឥរិយាបថអ្នកប្រើប្រាស់ក្នុងទម្រង់ទិន្នន័យធំ។ លោក Nuttapon Nimmanphatcharin ប្រធានទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលថៃ (Depa) បានឲ្យដឹងថា៖

“ThailandCONNEX គឺជាផ្លាតហ្វមទេសចរណ៍តាមគំរូ B2B (សហគ្រាសទៅសហគ្រាស) ដំបូងគេនៅប្រទេសថៃ ហើយទំនងជាដំបូងគេនៅអាស៊ានផងដែរ។ ផ្លាតហ្វមនេះនឹងជួយតភ្ជាប់សហគ្រាសទាំងអស់នៅក្នុងវិស័យទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ថៃ។ វានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ទាំងមូល រួមទាំងសហគ្រាសដឹកជញ្ជូន សហគ្រាសរៀបចំដំណើរទេសចរណ៍ ភោជនីយដ្ឋាន និងសហគ្រាសប្រភេទផ្សេងៗទៀត។ មិនត្រឹមតែសំដៅតភ្ជាប់សហគ្រាសទេសចរណ៍ថៃប៉ុណ្ណោះទេ ផ្លាតហ្វមនេះក៏ជួយតភ្ជាប់ប្រទេសថៃជាមួយពិភពលោកទៀតផង។ សហគ្រាសទេសចរណ៍ទាំងអស់នៅជុំវិញពិភពលោកអាចតភ្ជាប់ជាមួយ ThailandCONNEX ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ីនេះ”។

ប្រទេសថៃខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការអភិវឌ្ឍទេសចរណ៍ - ảnh 2លោក Nithee Seeprae អនុប្រធាន TAT ទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ថ្លែងនៅពិធី។ (រូបថត៖ VOV)

នៅថ្ងៃទី ១៧ ខែកុម្ភៈផងដែរ Depa ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ដើម្បីលើកទឹកចិត្តសហគ្រាសទេសចរណ៍ឱ្យប្រើប្រាស់ផ្លាតហ្វម ThailandCONNEX តាមនោះជួយពួកគេកែលម្អប្រតិបត្តិការអាជីវកម្ម បង្កើនឱកាសផ្សព្វផ្សាយ ហើយរួមគ្នាពន្លឿនដំណើរការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ថៃ ក្នុងដំណាក់កាលក្រោយ វិបត្តិ Covid-19 ផងដែរ។ លោក Nithee Seeprae អនុប្រធាន TAT ទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល ស្រាវជ្រាវ និងអភិវឌ្ឍន៍ បានឲ្យដឹងថា៖

“គោលដៅចម្បងរបស់ TAT នាបច្ចុប្បន្ននេះគឺជំរុញការផ្លាស់ប្តូរឌីជីថលនៃវិស័យទេសចរណ៍របស់ថៃ។ យើងត្រូវសហប្រតិបត្តិការជាមួយភាគីនានា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងតំបន់ឯកជនឱ្យចេះអនុវត្តន៍ឧបករណ៍ឌីជីថលក្នុងការអភិវឌ្ឍនិងធ្វើអាជីវកម្មទេសចរណ៍។ ThailandCONNEX គឺជាឱកាសដ៏ល្អសម្រាប់តំបន់ឯកជនថៃ ជាពិសេសផ្នែកទេសចរណ៍ ដើម្បីអាចអភិវឌ្ឍន៍ដោយខ្លួនឯង និងជួយគាំទ្រដល់រដ្ឋាភិបាលថៃ ដើរតួនាទីឈានមុខគេក្នុងការជួយទ្រទ្រង់ខឿនសេដ្ឋកិច្ច ហើយជួយយើងខ្ញុំសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរចំនួន ៣០ លាននាក់មកកាន់ប្រទេសថៃក្នុងឆ្នាំនេះផងដែរ”។

យោងតាមលោក Nattaseth Wongwatanakan ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Travizgo ដែលជាដៃគូអភិវឌ្ឍន៍ ThailandCONNEX របស់ Depa ប្រព័ន្ធអេកូឡូស៊ីនេះត្រូវបានបង្កើតឡើង ដើម្បីរក្សាទុកចំនួនទិន្នន័យដ៏ធំ ហើយប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីវិភាគនិន្នាការ ចំណងចំណូលចិត្ត និងតម្រូវការរបស់ភ្ញៀវទេសចរ តាមនោះជួយសហគ្រាសទេសចរណ៍ក្នុងការរចនា និងកែលម្អផលិតផលនិងសេវាកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ស្ថាប័នរដ្ឋក៏អាចប្រើប្រាស់ទិន្នន័យនេះ ដើម្បីតាក់តែងគោលនយោបាយប្រកបដោយប្រសិទ្ធភាព ហើយអនុវត្តន៍ផែនការផ្សព្វផ្សាយ ដើម្បីជួយលើកកំពស់គុណភាពនៃវិស័យទេសចរណ៍ផងដែរ”។

Depa ប៉ាន់ប្រមាណថា នឹងមានសហគ្រាសទេសចរណ៍យ៉ាងហោចណាស់ ១០ម៉ឺនអង្គភាព ដែលកំពុងដំណើរការនៅលើផ្លាតហ្វម Thailand-CONNEX ជាមួយនឹងផលិតផលនិងសេវាកម្មទេសចរណ៍ជាង ២០ម៉ឺន ដែលជួយបង្កើតឡើងប្រាក់ចំណូលជាង ១២០ ពាន់លានបាត (ស្មើនឹង ៣,៤ ពាន់លានដុល្លារអាមេរិក) សម្រាប់ខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ