មហោស្រពម្ហូបអាហារអន្តរជាតិ ឆ្នាំ​២០១៨​ - មហោស្រពម្ហូប​អាហារ នៃ ទឹក​ចិត្តមេត្តាករណា

(VOVWORLD) -មហោស្រពម្ហូបអាហារអន្តរជាតិ លើកទី ៦ ឆ្នាំ២០១៨ ទើបនឹងបានប្រព្រឹត្តិ ទៅនាចុងសប្ដាហ៍មុននៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសសម្រាប់ប្រទេសនានាផ្លាស់ប្ដូរវប្បធម៌ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងឧទ្ទេសនាមរូបភាពទេសចរណ៍វៀតណាមដល់មិត្តភក្តិអន្តរជាតិតាមរយៈស្ថានទូត និងមជ្ឈមណ្ឌលវប្បធម៌បរទេសប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយអត្តន័យ មនុស្សធម៌ទៀតផង ដោយមានការចូលរួមចំណែករបស់អង្គភាព និងបុគ្គលសម្រាប់មូលនិធិសប្បុរសធម៌។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេសវៀតណាម  សំដៅជួយឧបត្ថម្ភជនពិការ កុមារកំព្រា អ្នកក្រីក្រ និងអ្នកមានជីវភាពរស់នៅលំបាកនៅទូទាំងប្រទេសផងដែរ។
មហោស្រពម្ហូបអាហារអន្តរជាតិ ឆ្នាំ​២០១៨​ - មហោស្រពម្ហូប​អាហារ នៃ ទឹក​ចិត្តមេត្តាករណា - ảnh 1  លោកស្រី Vanthani Wiputvongsakul ភារៈធារីស្ថានទូតថៃ

ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ ប៉ុន្តែនាវេលាម៉ោង៧ ព្រឹក មានមនុស្សរាប់រយនាក់បានចូលរួមមហោស្រពម្ហូបអាហារអន្តរជាតិលើកទី ៦ នៅជំវិញបរិវេណអាគារសម្រាប់អ្នកការទូត Van Phuc ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ។ ស្តង់លក់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍របស់ស្ថានទូតចំនួនជាង ៣០ ប្រទេស ក្នុងនោះមាន ប្រទេសអាស៊ានចំនួន ១០ ដូចជា៖ ឡាវ ថៃ កម្ពុជា ឥណ្ឌូនេស៊ី និងសិង្ហបរីជាដើម និងអង្គការ សហគ្រាសនានានៅក្នុងប្រទេសបានចាប់ផ្ដើមបម្រើភ្ញៀវ។

ស្តង់ទំនិញជាង ១២០ ត្រូវបានដាក់លក់នៅសងខាងផ្លូវនៅជំវិញអាគារសម្រាប់អ្នកការទូត។ ក្នុងមហោស្រពលើកនេះ ស្តង់ទំនិញរបស់ឡាវបានដាក់លក់ម្ហូបប្រពៃណីមួយចំនួនដូចជា៖ ឡាប បាយដំណើប និងញាំល្ហុងជាដើម។ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane បានឲ្យដឹងថា៖

“កម្មវិធីនេះគឺពោរពេញទៅដោយអត្ថន័យចំពោះស្ថានទូតឡាវ។ ទីមួយគឺជួយពូនជ្រំចំណងសាមគ្គីភាព។ លើសពីនេះទៅទៀតមហោស្រពសប្បុរសធម៌នេះក៏បានជួយឧបត្ថម្ភថល់មនុស្សដែលមានស្ថានភាពរស់នៅលំបាក កុមារកំព្រារ និងកុមារពិការផងដែរ។ យើងខ្ញុំនឹងរៃអង្គាសប្រាក់ចំណេញទាំងអស់សម្រាប់កម្មវិធីនេះ”។

ស្ដីពីអត្ថន័យនៃមហោស្រពម្ហូបអាហារលើកនេះ លោកស្រី Phuong ភ្ញៀវមួយរូបបានសំណេះសំណាលថា៖

“នាងខ្ញុំឃើញថា មហោស្រពលើកនេះមានអត្ថន័យច្រើនណាស់។ នាងខ្ញុំមិនត្រឹមតែបានភ្លក់ម្ហូបប្រចាំរបស់ប្រទេសជាច្រើនលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឱកាសរៃអង្គាសទឹកប្រាក់សម្រាប់មូលនិធិ សប្បុរសធម៌ទៀតផង។ នាងខ្ញុំសង្ឈឹមថានឹងមានកម្មវិធីដូច្នេះជាច្រើនថែមទៀត ដើម្បីជួយឧបត្ថម្ភអ្នកដែលមានស្ថានភាពលំបាកផងដែរ”។

ក្នុងមហោស្រពម្ហូបអាហារលើកទី ៦ ឆ្នាំ ២០១៨ នេះ គណៈចាត់តាំងទទួលបានទឹកប្រាករៃអង្គាសចំនួន ៦០០ លានដុង។ ក្នុងអំឡុងពេលប្រព្រឹត្តិទៅមហោស្រពម្ហូបអាហារនីមួយ ឯកគ្គរដ្ឋទូត ភរិយាឯកអគ្គរដ្ឋទូត និងមិត្តិភក្តិអន្តរជាតិ ដែលតំណាងឲ្យមជ្ឈមណ្ឌលវប្បធម៌បានរួមដំណើរជាមួយមូលនិធិនៅទូទាំងប្រទេសវៀតណាម។ លោកស្រី Vanthani Wiputvongsakul ភារៈធារីស្ថានទូតថៃប្រចាំនៅទីក្រុងេហាណូយបានចែករំលែកថា៖

        “នាងខ្ញុំសប្បាយរីករាយណាស់ ដោយបានចូលរួមចំណែកជួយឧបត្ថម្ភកុមារ។ វៀតណាម និងថៃជាប្រទេសជិតខាងជិតស្និទ្ធិ ហើយតែងតែជួយគ្នាទៅវិញទៅមកនាគ្រាលំបាក។ ក្រៅពីបានចូលរួមមហោស្រពម្ហូបអាហារលើកនេះ ខ្ញុំក៏បានចូលរួមកម្មវិធី សប្បុរសធម៌នៅ ខេត្ត Dien Bien ដើម្បីជួយឧបត្ថម្ភកុមារកំព្រា និងកុមារមានស្ថានភាពលំបាកផងដែរ។ ហេតុដូច្នេះ ស្ថានទូត ក៏ដូចជាប្រជាជនថៃមានក្ដីសម្បាយរីករាយណាស់ ដោយបានជួយប្រជាជនវៀតណាម លើកកម្ពស់ជីវភាពរស់នៅឲ្យល្អថែមទៀតផងដែរ”។

ក្នុងរយៈពេលកន្លងទៅ គណៈចាត់តាំងកម្មវិធីបានរៃអង្គាសទឹកប្រាក់ដើម្បីសាងសង់សាលាមតេយ្យ Binh Thuan ខេត្ត Yen Bai  សាលាអន្តេវាសិកដ្ឋានជនជាតិ  សាលាបឋមសិក្សា  Ma Le ស្រុក Dong Van ខេត្ត Ha Giang   និងសាងសង់ស្ពាន Long An។ តាមគម្រោង មហោស្របម្ហូបអាហារអន្តរជាតិលើកទី ៧ នឹងបន្តប្រព្រឹត្តិទៅ នាខែធ្នូឆ្នាំ២០១៩ ខាងមុខ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលមានជីវភាពរស់នៅលំបាកនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ