(VOVWORLD) -ទោះបីជា ប្រទេសថៃ និងវៀតណាមគ្មានព្រំដែនជាប់គ្នាក៏ដោយ ប៉ន្តែមានទំនាក់ទំនងដ៏ជិតស្និទ្ធិ យូរលង់ណាស់មកហើយ។ នាបច្ចុប្បន្ននេះ រួមជាមួយចរន្តសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នោះ តម្រូវការជួបប្រាស្រ័យទាក់ទងវប្បធម៌ សំដៅបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺចំពោះយុវវ័យគឺកាន់តែត្រូវបានលើកកម្ពស់។ ក្នុងនោះ ម្ហូបអាហារ និងភាសាវៀតណាមត្រូវបានយុវវ័យថៃមានចំចូលចិត្ត និងយកចិត្តទុកដាក់ពិសេសផងដែរ។
យុវវ័យថៃសំដែងសិល្បៈនៅប្រទេសវៀតណាម |
“នាងខ្ញុំឈ្មោះ Kittiya Lamduanaiumung។ នាងខ្ញុំគិតថា នាបច្ចុប្បន្ននេះ អ្នកសិក្សារៀនសូត្រភាសាវៀតណាមមិនទាន់មានច្រើនឡើយ។ ក្រោយពីពេលបង្កើតសហគមន៍អាស៊ាននោះ វៀតណាមបានក្លាយទៅជាប្រទេសមួយដែលមានកម្លាំងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ នាងខ្ញុំបានជ្រើសរើសយក ភាសាវៀតណាម ដើម្បីសិក្សារៀនសូត្រ។ ក្រោយពីចេះភាសាវៀតណាមហើយ នាងខ្ញុំអាចស្វែងរកការងារធ្វើទាំងនៅថៃ និងវៀតណាមយ៉ាងងាយស្រួលផងដែរ”។
ដោយមានគោលបំណងសិក្សារៀនសូត្រភាសាវៀតណាមដើម្បីបម្រើការងារនោះ Kittiya Lamduanaiumung បានបញ្ចប់ការសិក្សាមុខជំនាញភាសាវៀតណាមផ្នែកសន្ទនានៅមហាវិទ្យាល័យ Ubon Ratchthani និងបញ្ចប់ការសិក្សាមុខជំនាញភាសាវៀតណាមផ្នែកទេសចរណ៍នៅមហាវិទ្យាល័យ UdonThani Rajabhat ក៏ដូចជាមានទំនាក់ទំនងជិតស្និទ្ធិជាមួយវប្បធម៌ និងមនុស្សវៀតណាម។ កញ្ញា Kittiya Lamduanaiumung បានចែករំលែកថា៖
“នាងខ្ញុំចូលចិត្តជីវភាពរស់នៅដ៏សាមញ្ញនៅវៀតណាមណាស់។ ប្រជាជន វៀតណាមតែងតែប្រៀនប្រដៅកូនចៅថាត្រូវសង្វាតរៀនសូត្រ។ មិត្តភក្តិវៀតណាមរបស់នាងខ្ញុំមានទឹកចិត្តល្អណាស់។ ពួកគេតែងតែពន្យល់មេរៀនឲ្យនាងខ្ញុំ ជាពិសេសគឺអំពីវប្បធម៌វៀតណាម”។
និស្សិតវៀតណាមនិងនិស្សិតថៃថតរូបអនុស្សាវរីយ៍
|
ក្រៅពីការសិក្សារៀនសូត្រភាសា និងចូលរួមសកម្មភាពជួបប្រាស្រ័យទាក់ទងគ្នានោះ ម្ហូបអាហារក៏ជាកត្តាដ៏ជិតស្និទ្ធិដើម្បីរកឃើញវប្បធម៌វៀតណាមផងដែរ។ យុវវ័យថៃអាចទទួលទានម្ហូបប្រពៃណីវៀតណាមនៅប្រទេសថៃតែម្ដង់។
“នៅខេត្ត Khon Kaen មានជនជាតិថៃបានបើកហាងម្ហូបអាហារវៀតណាមច្រើន ណាស់។ ខេត្ត Khon Kaen នៅជិត ភូមិភាគទន្លេមេគង្គ បានជាជនជាតិវៀតណាមមករស់នៅទីនេះច្រើនណាស់។ ហេតុដូច្នេះហើយ ម្ហូបវៀតណាមក៏មានវត្តមានជាច្រើននៅទីនេះផងដែរ”។
“គ្រួសារខ្ញុំរស់នៅខេត្ត Lopburi។ នៅទីនេះមានហាង Pho និងម្ហូបល្បីឈ្មោះរបស់វៀតណាមជាច្រើនណាស់។ ក្រុមគ្រួសារខ្ញុំតែងតែទៅទទួលទានអាហារនៅទីនេះ។ ម្ហូបវៀតណាមមានបន្លែច្រើន ហើយអាចបំប៉នសុខភាពច្រើនណាស់”។
ចំណែកឯកញ្ញា Nutnicha Limboonngan អាយុ ២៤ ឆ្នាំ ដែលកំពុងធ្វើការនៅបាងកក មានចំណាប់អារម្មណ៍នៅពេលបានរកឃើញវប្បធម៌ម្ហូបអាហារនៅវៀតណាមក្នុងឱកាសចុះកម្មសិក្សានៅប្រទេសវៀតណាម។ កញ្ញាបានឲ្យដឹងថា៖
“ក្នុងពេលរស់នៅថៃ យើងខ្ញុំត្រឹមតែស្គាល់ម្ហូបណែម និង Pho ប៉ុណ្ណោះ។ ប៉ុន្តែនៅ ពេលភ្លក់មុខម្ហូបទាំងនេះនៅវៀតណាម ទើបយើងខ្ញុំឃើញថារូបមន្តធ្វើ Pho គឺខុសពីនៅថៃ។ ហេតុដូច្នេះហើយ យើងខ្ញុំបានផ្លាស់ប្ដូរមតិជាច្រើនអំពីម្ហូបអាហារជាមួយមិត្តភក្តិវៀតណាម”។
ក្រៅពីការជក់ចិត្តនឹងម្ហូបវៀតណាមនោះ កញ្ញា Nutnicha Limboonngan ក៏
ចូលចិត្តសិក្សារៀនសូត្រភាសាវៀតណាមផងដែរ។ ហេតុដូច្នេះហើយកញ្ញាបានចុះឈ្មោះ ចូលរៀនវគ្គសិក្សារៀនសូត្រភាសាវៀតណាមនៅមហាវិទ្យាល័យ Khon Kaen។ កញ្ញាបានសំណេះសំណាលថា៖
“ក្នុងអំឡុងពេលសិក្សារៀនសូត្រនោះ នាងខ្ញុំបានស្វែងយល់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងទំនៀមទំលាប់ប្រើប្រាស់ចង្កឹះនៅពេលទទួលទានអាហាររបស់ប្រជាជនវៀតណាម។ នាងខ្ញុំមិនត្រឹមតែបានសិក្សារៀនសូត្រភាសាវៀតណាមផ្លូវការប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់អំពីគ្រៀមភាសាទៀតផង”។
កញ្ញា Nutnicha Limboonngan បានឲ្យដឹងថែមទៀតថា រាល់ដំណើរទស្សានានៅវៀតណាម គឺសុទ្ធតែធ្វើឲ្យកញ្ញាមានភាពកក់ក្ដៅ ហាក់ដូចជានៅស្រុកកំណើតរបស់ខ្លួនដែរ។ កញ្ញា Nutnicha Limboonngan មានគោលបំណងចេះនិយាយភាសារវៀតណាមយ៉ាងស្ទាត់ជំនាញ ដើម្បីអាចមានឱកាសមកធ្វើការនៅវៀតណាម៕