លោកគ្រូវៀតណាមទទួលបានពានរង្វាន់ព្រះរាជបុត្រីថៃ PMCA លើកទី ៣- ប្រើប្រាស់ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា) សំដៅ ដោះស្រាយ រាល់បញ្ហារបស់សហគមន៍
(VOVWORLD) - ដោយមានជំនាញ និងបទពិសោធន៍បង្រៀនរូបវិទ្យា និងបច្ចេកវិទ្យា ក្នុងរយៈពេល ៩ ឆ្នាំនៅសាលាមធ្យមសិក្សាជនជាតិ Him Lan ស្រុក Chau Thanh A ខេត្ត Hau Giang នោះ លោកគ្រូ Le Thanh Liem បានបង្កើតនិងដើរតួនាទីជាប្រធានក្លឹបសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់សាលា។
លោកគ្រូ Le Thanh Liem |
គោលដៅ គឺដើម្បីជួយសិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវរាល់បញ្ហាសង្គមជាក់ស្ដែង ព្រមទាំងស្វែងរករាល់ដំណោះស្រាយប្រកបដោយផលប្រយោជន៍សម្រាប់
សហគមន៍។ គំរូនេះបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ជាពិសេសគឺក្នុងស្ថានភាព ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងរយៈពេលកន្លងទៅ។ សកម្មភាពបង្រៀន និងជួយសម្រួលសិស្សានុសិស្សក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងការសិក្សារបស់លោកគ្រូ Le Thanh Liem ត្រូវបានក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមទទួលស្គាល់ ហើយត្រូវបានជ្រើសរើសជាតំណាងរបស់វៀតណាម ដើម្បីទទួលពានរង្វាន់រាជបុត្រី Maha Chakri លើកទី ៣ សម្រាប់បណ្ដាប្រទេសជាសមាជិកអាស៊ាន។ លោកគ្រូ Le Thanh Liem បានឲ្យដឹងថា “ខ្ញុំគិតថាត្រូវខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េចដើម្បីសិស្សានុសិស្សជនជាតិក្នុងសាលាទទួលបានសិទ្ធិអភិវឌ្ឍន៍ដូចគ្នា។ ជាពិសេសគឺមានឱកាសប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្ននេះ។ ដូច្នេះហើយខ្ញុំបានបង្កើតក្លឹបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងសាលា ដែលមានសមាជិកជាលោកគ្រូ អ្នកគ្រូ មកពីគ្រប់មុខវិទ្យា ដើម្បីជួយណែនាំដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវ”។
ដោយមានរូបរាងតូចច្រឡឹង ស្បែកសនោះ លោកគ្រូ Le Thanh Liem ដែលមានអាយុ ៣២ ឆ្នាំ តែងតែទទួលបានទឹកចិត្តស្រឡាញ់រាប់អានពីអ្នកជិតខាង ជាមួយនឹងសំលេងទន់ភ្លន់និងស្នាមញញឹមលើបបូរមាត់របស់ខ្លួន។ លោកគ្រូ Le Thanh Liem បានចែករំលែកថា៖ សាលានេះមានទាំងសិស្សានុសិស្សជនជាតិ ខ្មែរ និងជនជាតិមួយចំនួនទៀត។ ប្អូនៗត្រូវបានផ្តល់ជូនកន្លែងស្នាក់នៅ តាមរបបរបស់រដ្ឋ។ ប្អូនៗភាគច្រើនមិនសូវបានទាក់ទងផ្ទាល់ជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាព័ត៌មាន ដូច្នេះ ត្រូវតែណែនាំដល់ប្អូនៗអំពីជំនាញជាក់លាក់។ លោកគ្រូបានសំណេះសំណាលថា៖ “យើងខ្ញុំបានប្រមូលសិស្សានុសិស្សតាមក្រុមនីមួយៗជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីជួយណែនាំ ពិភាក្សាអំពី បញ្ហាបន្ទាន់ក្នុងសង្គម សំដៅតម្រង់ទិសដៅសិក្សាស្រាវជ្រាវសម្រាប់ប្អូនៗ។ ក្រោយមក សិស្សានុសិស្សត្រូវបាន បែងចែកជាក្រុមៗ តាមវិស័យ ដែលប្អូនៗពេញចិត្ត ដើម្បីជួយគ្នាទៅវិញទៅមក ។ លោកគ្រូ អ្នកគ្រូនឹងតាមដានសកម្មភាពរបស់ក្រុមនីមួយៗ ដើម្បីជួយសម្រួលអំពីវិធី និងឧបករណ៍សក្សាស្រាវជ្រាវ។ លើលពីនេះទៅទៀត យើងខ្ញុំបានរៀបចំការប្រកួតកម្រិតសាលារៀនមួយដងក្នុងមួយឆ្នាំសម្រាប់សិស្សានុសិស្សផងដែរ”។
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ព្រះរាជបុត្រីថៃ PMCA លើកទី ៣ |
ក្នុងអំឡុងពេលរក្សាគម្លាតសង្គម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ សាលារៀនបានអនុវត្តន៍ការសិក្សាតាមអនឡាញ។ ជាក់ស្ដែង លោកគ្រូ Liem និងសិស្សានុសិស្សនៅតែអនុវត្តន៍សកម្មភាពតាមអនឡាញ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយផលប្រយោជន៍សម្រាប់សហគមន៍ដូចជា៖ បង្កើតឧបករណ៍លាងដៃដែលបានប្រើប្រាស់ក្នុងមន្ទីរពេទ្យ សាលារៀន និងគម្រោងប្រើប្រាស់កាំរស្មីអ៊ុលត្រាវីយូដើម្បីសម្លាប់មេរោគនៅលើសាច់ប្រាក់៖ “ក្នុងកំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ តាមរយៈសកម្មភាពអនឡាញ សិស្សានុសិស្សមានគំនិតជាច្រើន។ នោះគឺគំនិតអំពីឧបករណ៍សម្រាប់មេរោគលើសាច់ប្រាក់ ដោយកាំរស្មីអ៊ុលត្រាវីយូររបស់សិស្សានុសិស្សថ្នាក់ទី ៧ A ជនជាតិខ្មែរ។ លើលពីនេះទៅទៀត មានក្រុមសិស្សានុសិស្សមួយទៀត បានរចនាប្រព័ន្ធលាងដៃដោយស្វ័យប្រវត្តិ ជាមួយការណែនាំដោយសម្លេង Google ទៀតផង។ យើងខ្ញុំបានអនុវត្តន៍ជាក់ស្ដែងគំនិតទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ”។
ទន្ទឹមនឹងនេះ លោកគ្រូ Liem ក៏បានបង្កើតឧបករណ៍លាងដៃដែលមិនចាំបាច់ប៉ះពាល់ ក្នុងចម្ងាយ ២០ សង់ទីម៉ែតដោយចំណាយប្រាក់ប្រមាន ២ លានដុងប៉ុណ្ណោះ។ ឧបករណ៍នេះត្រូវបានតំឡើង និងដាក់ឲ្យប្រើប្រាស់នៅមណ្ឌលសុខាភិបាលឃុំ Tan Binh ស្រុក Phung Hiep ចាប់ពីខែមិនា ឆ្នាំ ២០២០។
សកម្មភាពនិងលទ្ធផលដូចបានរៀបរាប់ខាងលើរបស់លោកគ្រូ Le Thanh Liem ទទួលបានការជឿទុកចិត្ត កោតសរសើរ និងគោរពពីសិស្សានុសិស្ស។ ចំពោះគណៈនាយកសាលាវិញ លោក Liem គឺជាលោកគ្រូឆ្នើមមួយរូប ដែលត្រូវបានសិស្សានុសិស្ស និងមិតរួមអាជីពគោរព។ លោកគ្រូ Lu Xuan Hoan នាយកសាលាមធ្យមសិក្សាជនជាតិ Him Lam បានវាយតម្លៃថា៖ “ការដែលលោកគ្រូ Le Thanh Liem ទទួលបានពានរង្វាន់រាជបុត្រីថៃសម្រាប់គ្រូបង្រៀននៅតំបន់អាស៊ានគឺជាកិត្តិយសដ៏ធំធេងរបស់សាលានិយាយដោយឡែក និងផ្នែកអប់រំខេត្ត Hau Giang និយាយរួម។ ស្នាដៃផ្ទាល់ខ្លួនរបស់លោកគ្រូ Liem មានឥទ្ធិពលដ៏ធំធេងដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងរីកសុះសាយក្នុងផ្នែកអប់រំខេត្ត Hau Giang ទៀតផង”។
ចែករំលែកអំពីផែនការនាពេលអនាគត លោកគ្រូ Le Thanh Liem បានឲ្យដឹងថា៖ លោកគ្រូនឹងបន្តអភិវឌ្ឍក្លឹបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សាលា ដើម្បីបង្កើតគម្រោង ផលិតផលជាក់ស្ដែង ជិតស្និទ្ធិ ហើយមានផលប្រយោជន៍ក្នុងជីវភាពរស់នៅ ហើយតាមនោះអប់រំនិងអភិវឌ្ឍជំនាញសម្រាប់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ តភ្ជាប់ទំនាក់ទំនងជាមួយគ្រូបង្រៀននៃបណ្ដាប្រទេស ដើម្បីក្ដាប់ជាប់ការអភិវឌ្ឍន៍លើវិស័យអប់រំក្នុងតំបន់ផងដែរ៕