(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! គិលានដ្ឋានពេទ្យយោធា-ស៊ីវិល Thồng Pè នៅស្រុក Kham Cot ខេត្ត Bolikhamxay ប្រទេសឡាវ អស់រយៈពេល ១៦ ឆ្នាំមកនេះ បាននិងកំពុងពង្រីកបេសកកម្មរបស់ខ្លួនបានយ៉ាងល្អ ជាមួយនឹងសកម្មភាពជាក់ស្តែង និងប្រកបដោយអត្ថន័យជាច្រើន។ ទីកន្លែងនេះបានក្លាយជាទីបង្អែកដ៏ទុកចិត្តរបស់ប្រជាជនឡាវនៅតាមភូមិស្រុកព្រំដែន និងជាផ្ទះមិត្តភាពនៅតំបន់ព្រំដែនរួមឡាវ-វៀតណាមផងដែរ។ ដើម្បីបង្កើតឡើងសមិទ្ធិផលនោះគឺដោយ មានការរួមចំណែករបស់បុគ្គល និងអង្គការជាច្រើន ប៉ុន្តែលេចធ្លោជាងគេគឺលោកវេជ្ជបណ្ឌិត Nguyen Viet Duc ជាអ្នកដែលបានផ្សាភ្ជាប់នឹងគិលានដ្ឋាន Thong Pe អស់រយៈពេល ១០ ឆ្នាំកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត Duc ក៏ត្រូវបានចាត់ទុកជាអ្នកនាំសារនៃសេចក្តីស្រឡាញ់ និងចំណងសាមគ្គីភាពដ៏ស្អិតរមួតរវាងវៀតណាម និងឡាវទៀតផង។
លោកវេជ្ជបណ្ឌិត Nguyen Viet Duc ពិនិត្យសុខភាពជូនប្រជាជនក្នុងភូមិ។ |
លោកវេជ្ជបណ្ឌិត Nguyen Viet Duc កើតនៅឆ្នាំ ១៩៧៤ នៅខេត្ត Ha Tinhភាគកណ្ដាលវៀតណាម។ ដោយសារស្រឡាញ់ពណ៌បៃតងនៃអាវទ័ព បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញវេជ្ជបណ្ឌិតពហុព្យាបាល លោក Nguyen Viet Duc បាន ចូលបម្រើកងទ័ពការពារព្រំដែន។ ក្រោយរយៈពេលច្រើនឆ្នាំធ្វើការ និងប្រមូលបទពិសោធន៍នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Tinh ក្នុងឆ្នាំ ២០១៣ លោកបានចេញដំណើរជាផ្លូវការទៅបំពេញភារកិច្ចនៅគិលានដ្ឋានយោធា-ស៊ីវិល Thong Pe។ រូបភាពនិងអារម្មណ៍នៅពេលមកដល់ទីនេះជាលើកដំបូង នៅតែផ្ដិតជាប់ក្នុងការចងចាំរបស់លោក។
“ធ្វើដំណើរពីច្រកទ្វារព្រំដែន Cau Treo ទៅកាន់គិលានដ្ឋានគឺមានចម្ងាយជាង ១៤ គីឡូម៉ែត្រ ប៉ុន្តែមិនមានផ្ទះណាមួយទេ វាស្ងាត់ជ្រងំ ព័ទ្ធជុំវិញដោយព្រៃភ្នំ មានអារម្មណ៍ធុញទ្រាន់ណាស់។ ប៉ុន្តែដោយសារភារកិច្ចនយោបាយ ខ្ញុំបានជំនះវាបន្តិចម្តងៗ។ កាលនោះ ស្ថានភាពសេដ្ឋកិច្ចនៅតំបន់នេះនៅមានការលំបាកខ្លាំង ប៉ុន្តែឥឡូវនេះមានការជួញដូរទៅវិញទៅមក ដូច្នេះក៏ប្រសើរឡើងហើយ។ ក្រៅពីនោះ យើងខ្ញុំមិនទទួលបានការបណ្តុះបណ្តាលភាសាទេ ហើយដោយសារតែវប្បធម៌ខុសគ្នា ដូច្នេះជួបការលំបាកខ្លាំង។ ដំបូងឡើយ ខ្ញុំត្រូវស្គាល់ជនជាតិឡាវ ដែលចេះភាសាវៀតណាមសិន។ នៅពេលដែលខ្ញុំពិនិត្យសុខភាពម្ដងៗ ខ្ញុំត្រូវទូរស័ព្ទទៅសួរគេឱ្យជួយបកប្រែ ហើយតាមនោះខ្ញុំក៏ចាប់ផ្ដើមរៀនភាសាផងដែរ។ បើមិត្តខ្ញុំមិនលើកទូរស័ព្ទ ខ្ញុំមិនអាចធ្វើការបានទេ”។
តាមរយៈការហៅទូរស័ព្ទ “សង្គ្រោះ” និងការជួបប្រាស្រ័យទាក់ទងជាមួយអ្នកភូមិ Thong Pe លោកវេជ្ជបណ្ឌិត Duc បានជំនះលើការលំបាកដំបូងជាបណ្តើរៗ។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែប្រឈមនឹងការលំបាកផ្សេងៗទៀត។ តំបន់នេះមានភូមិចំនួន ៩ ប៉ុន្តែគិលានដ្ឋានភូមិតែ ១ និងគិលានដ្ឋានយោធា-ស៊ីវិលតែមួយ ដូច្នេះវាតែងតែមានស្ថានការណ៍លើសចំណុះ។ មិនត្រឹមតែប៉ុណ្ណោះ ២/៣ នៃចំនួនប្រជាជននៅទីនេះជាជនជាតិភាគតិច។ ពួកគេមានទម្លាប់ព្យាបាលជំងឺដោយទំនៀមទម្លាប់តាំងពីបុរាណកាល ហើយមិនព្រមទៅគិលានដ្ឋានទេ។ លើសពីនេះ មនុស្សជាច្រើនមិនមានលទ្ធភាពទៅព្យាបាលទេ។ ប្រឈមមុខនឹងបញ្ហាទាំងនេះ លោកវេជ្ជបណ្ឌិត Duc និងសហការី បានចុះទៅតាមផ្ទះប្រជាជនផ្ទាល់ ដើម្បីពិនិត្យ ព្យាបាលជំងឺនិងកសាងទំនុកចិត្តក្នុងសហគមន៍។ លោកវេជ្ជបណ្ឌិត Duc បានចែករំលែកថា៖
“ការផ្លាស់ប្តូរទម្លាប់ព្យាបាលជំងឺនេះមិនអាចធ្វើបានក្នុងរយៈពេលខ្លីៗឡើយ ហើយត្រូវការពេលវេលា។ ជំនួសឱ្យជំទាស់នឹងការព្យាបាលរបស់ប្រជាជន យើងខ្ញុំបានរៀនទទួលយកវា ហើយផ្លាស់ប្តូរការយល់ដឹងរបស់គេបន្តិចម្តងៗ ដោយទៅតាមផ្ទះដើម្បីពិនិត្យ និងពន្យល់ផ្ទាល់ឲ្យប្រជាជន”។
វេជ្ជបណ្ឌិត Duc តែងតែទទួលបានការគោរពស្រឡាញ់របស់ប្រជាជននៅឃុំ Na Pe។
(រូបថត៖ baohatinh) |
ភាពក្លៀវក្លា ការលះបង់ និងសមត្ថភាពរបស់លោក Duc បានបញ្ចុះបញ្ចូល និងកសាងទំនុកចិត្តក្នុងដួងចិត្តប្រជាជន។ លោក Siphong និងលោកស្រី Somxi នៅឃុំ Na Pe ជាអ្នកជំងឺពីរនាក់ក្នុងចំណោមអ្នកជំងឺត្រូវស្ពឹកមួយចំហៀងខ្លួនជាច្រើន ដែលត្រូវបានលោកវេជ្ជបណ្ឌិត Duc ព្យាបាលជាសះស្បើយ បានចែករំលែកថា៖
“លោកវេជ្ជបណ្ឌិតគឺជាមនុស្សល្អ និងមានសមត្ថភាព ត្រូវបានប្រជាជនគោរពស្រលាញ់ និងជាទីបង្អែករបស់ប្រជាជននៅក្នុងឃុំ Na Pe។ កាលពីឆ្នាំមុន ខ្ញុំបានស្ពឹកមួយចំហៀងខ្លួន ទៅបង្គន់ក៏ត្រូវការអ្នកពទៅ ប៉ុន្តែក្រោយពីទទួលបានការព្យាបាលត្រឹមតែ ១ ដល់ ២ ខែរបស់លោក Duc ខ្ញុំអាចដើរបានធម្មតា ហើយបានសះស្បើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ អ្នកជំងឺខ្វិនជាច្រើនមកពីឆ្ងាយដូចទីក្រុងវៀងចន្ទន៍ និងថាខេក សុទ្ធតែបានជាសះស្បើយបន្ទាប់ពីមកព្យាបាលនៅទីនេះផងដែរ”។
“លោកវេជ្ជបណ្ឌិតតែងតែលះបង់អស់ពីចិត្តដើម្បីអ្នកជំងឺ។ ពេលធ្លាក់ខ្លួនឈឺ មកទីនេះ អ្នកនឹងត្រូវបានគ្រូពេទ្យព្យាបាលដោយការយកចិត្តទុកដាក់ អស់ពីចិត្តពីថ្លើម ផ្ដល់ថ្នាំព្យាបាលឲ្យជាសះស្បើយ ហើយបង្កើតគ្រប់លក្ខខណ្ឌអំណោយផល”។
ឃុំ Na Pe មានភូមិសរុបចំនួន៩ភូមិ លោកវេជ្ជបណ្ឌិត Duc បានចុះទៅគ្រប់ភូមិ ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយឃោសនាអំពីវិធីសាស្រ្តបង្ការទប់ស្កាត់ជំងឺ ក៏ដូចជាណែនាំប្រជាជនឲ្យចេះធ្វើវប្បកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ លោកវេជ្ជបណ្ឌិត Duc បានចែករំលែកថា៖
“កងទ័ពការពារព្រំដែនរបស់យើងខ្ញុំ មានពាក្យស្លោក ជាមួយគ្នា ៤ យ៉ាង៖ ហូបជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាអ្នកស្រុកជាមួយគ្នា។ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ យើងខ្ញុំក៏ចុះសួរសុខទុក្ខប្រជាជន ចូលរួមសកម្មភាពនានា និងជួបប្រាស្រ័យជាមួយអ្នកភូមិផងដែរ។ ក្នុងឱកាសបុណ្យតេតរបស់ជនជាតិ Mong បុណ្យតេត Bunpimay ឬបុណ្យចូលឆ្នាំថ្មីវៀតណាម យើងខ្ញុំរៀបចំរួមគ្នានៅគិលានដ្ឋាន ផឹកស្រាជាមួយគ្នា និងរីករាយជាមួយគ្នា។ ឥឡូវនេះខ្ញុំដូចកូនម្នាក់នៃភូមិអ៊ីចឹង”។
រូបភាពរបស់លោកវេជ្ជបណ្ឌិត Duc តាំងពីយូរណាស់មកហើយ បានក្លាយទៅជារូបភាពដ៏ជិតស្និទ្ធចំពោះប្រជាជនក្នុងភូមិ ហើយត្រូវបានគេហៅដោយឈ្មោះស្និទ្ធស្នាលថា ប៉ា Duc។ សកម្មភាពជាក់លាក់ដែលកើតចេញពីសេចក្ដីស្រឡាញ់ និងការលះបង់របស់វេជ្ជបណ្ឌិតដែលពាក់ស័ក្តិពណ៌បៃតង ប៉ា Duc គឺជាហេតុផលដែលប្រជាជនឡាវនៅទីនេះចង់រក្សាគាត់។ ពួកគេចាត់ទុកវេជ្ជបណ្ឌិតរូបនេះ ដូចអ្នកភូមិពិតប្រាកដអីចឹង។ សម្រាប់លោកវេជ្ជបណ្ឌិត Duc ការពិនិត្យ និងព្យាបាលជំងឺឲ្យប្រជាជននៅតាមតំបន់ព្រំដែនឡាវ និងពូនជ្រុំចំណងសាមគ្គីភាពវៀតណាម-ឡាវ មិនត្រឹមតែជាភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងក៏ជាបេសកកម្មរបស់លោកទៀតផង។ ហើយលោកនឹងបន្តបំពេញបេសកកម្មដ៏ខ្ពង់ខ្ពស់នេះជាក់ជាពុំខានឡើយ៕