វត្តភូ – គោលដៅទេសចរណ៍ដែលមិនគួររំលងនៅតំបន់ភាគខាងត្បូងប្រទេសឡាវ

(VOVWORLD) - លោកអ្នកនាងនិងនិងប្រិយមិត្តជាទីមេត្រី! “វត្តភូ ជាកន្លែងទេសចរណ៍គួរឲ្យទៅទស្សនាក្នុងដំណើរទេសចរណ៍នៅប្រទេស
ឡាវ” នោះគឺជាការចែករំលែករបស់អ្នកស្រី Anh Phuong ដែលបានរស់នៅ និងធ្វើការនៅប្រទេសឡាវអស់រយៈពេលជាច្រើនឆ្នាំមក ហើយបានធ្វើដំណើរទេសចរណ៍នៅឡាវជាច្រើនដង។ អញ្ចឹងតើវត្តភូនៅឯណា មានអ្វីគួរឲ្យចាប់អារម្មណ៍? តោះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តទៅទស្សនាវត្តភូជាមួយអ្នកស្រី Anh Phuong តាមរយៈអត្ថបទរបស់អ្នកយកព័ត៌មាន VOV៥។

វត្តភូ – គោលដៅទេសចរណ៍ដែលមិនគួររំលងនៅតំបន់ភាគខាងត្បូងប្រទេសឡាវ  - ảnh 1គ្រួសារអ្នកស្រី Anh Phuong។ (រូបថត៖ VOV)

ថ្ងៃមួយនៅដើមខែមីនា ប៉ុន្តែខ្យល់អាកាសនៅរដ្ឋធានីវៀងចន្ទន៍បានក្ដៅស្អុះស្អាប់ហើយ គ្រួសារអ្នកស្រី Anh Phuong បានសម្រេចត្រឡប់ទៅទស្សនាវត្តភូ ជាលើកទីពីរ។ គ្រួសាររបស់នាងបានស្នាក់នៅ Pakse ក្នុងខេត្ត បំប៉ាសាក់ (ភាគខាងត្បូងប្រទេសឡាវ) ធ្វើដំណើរចម្ងាយជាង ៣០ គីឡូម៉ែត្រទៀត នឹងទៅដល់វត្តភូ (ប្រាសាទវត្តភូ)។ បន្ទាប់ពីទិញសំបុត្ររួច គ្រួសារអ្នកស្រី Anh Phuong ទាំង៤នាក់បានជិះរថអគ្គីសនីចូលក្នុងបរិវេណទេសចរណ៍ស្នូល។ អ្នកស្រី Anh Phuong បានចែករំលែកថា៖

“ពេលនាងខ្ញុំទៅកាន់ទីនោះជាលើកដំបូង គឺត្រឹមតែដើរតាមប្តីរបស់ខ្ញុំប៉ុណ្ណោះ។ គាត់មានបទពិសោធន៍មកចំប៉ាសាក់ជាច្រើនដង ហើយបានទទូចថា នៅពេលមកដល់ប៉ាកសេ ដែលជាទីរួមខេត្តនៃចំប៉ាសាក់ ប្រាកដជាត្រូវទៅវត្តភូ។ ដូច្នេះនាងខ្ញុំទៅជាមួយគ្រួសារទាំងមូល ដោយមិនដឹងថាមានអ្វីនៅទីនោះទេ។ មកដល់ទីនេះ នាងខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ភ្លាមៗបន្ទាប់ពីចាកចេញពីទីនោះ នាងខ្ញុំបានគិតថា ត្រូវវិលត្រឡប់ទៅទីនេះនិងចំណាយពេលច្រើនទៀតទៅទស្សនាបេតិកភណ្ឌពិសេសនេះ”។

វត្តភូ ជាប្រាសាទបុរាណបំផុតនៃប្រទេសឡាវ។ ប្រាសាទនេះស្ថិតនៅប៉ាកសេ ក្នុងខេត្តចំប៉ាសាក់ ភាគនិរតីនៃប្រទេសឡាវ ជាប់ព្រំដែនថៃនិងកម្ពុជា។ ទីនេះទាក់ទាញភ្ញៀវទេសចរជាមួយនឹងភាពស្រស់ស្អាតអាថ៌កំបាំង បុរមបុរាណ ហើយនៅតែមានស្លាកស្នាមជាច្រើននៃអរិយធម៌បុរាណ ជាមួយនឹងកំពែងថ្មភក់ វត្តអារាមព្រះពុទ្ធសាសនាថេរវាទ។ ភ្ញៀវទេសចរជាច្រើនទៅទស្សនាវត្តភូ ដោយសារតែពួកគេចង់ស្វែងយល់ពីតំបន់បេតិកភណ្ឌ UNESCO មួយក្នុងចំណោមបេតិកភណ្ឌទាំងបីរបស់ឡាវ។ ក្រោយពីត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក វត្តភូបានក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរកាន់តែច្រើន អាស្រ័យដោយមានភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍នៃស្ថាបត្យកម្មប្លែកៗ និងតម្លៃវប្បធម៌ប្រវត្តិសាស្ត្រ។

វត្តភូ – គោលដៅទេសចរណ៍ដែលមិនគួររំលងនៅតំបន់ភាគខាងត្បូងប្រទេសឡាវ  - ảnh 2ប្រាសាទវត្តភូ។

ដោយសារនេះជាលើកទីពីរដែលទៅទស្សនារមណីយដ្ឋាននេះ បានជាអ្នកស្រី Anh Phuong បានចំណាយពេលច្រើនដើម្បីទស្សនា ក្បូរក្បាច់រចនា និងស្ថាបត្យកម្មដែលបានឆ្លាក់លើថ្ម។ ខណៈពេលដែលកូនៗកំពុងតែលេង នាងនិងប្តីបានទៅថតរូប check in នៅកាច់ជ្រុងដែលលើកមុនមិនទាន់បានថត៖

“វត្តភូ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះជាប្រាសាទបុរាណបំផុតរបស់ឡាវ សូម្បីតែបុរាណជាងប្រាសាទអង្គរវត្តរបស់កម្ពុជាទៀត។ ជាង ១០០០ ឆ្នាំមុន តើមនុស្សប្រើកម្លាំងដោយរបៀបណាដើម្បីឡើងភ្នំខ្ពស់ៗ ប្រើឧបករណ៍សាមញ្ញ និងសិប្បកម្មដើម្បីសាងសង់សំណង់ដ៏ធំសម្បើមបែបនេះ។ ធំសម្បើម រឹងមាំ ពេលមើលពីចម្ងាយ និងមើលពីលើ។ ហើយពេលមកជិត ស្ថាបត្យកម្មទាំងខាងក្នុងនិងខាងក្រៅ សូម្បីតែក្បូរក្បាច់រចនាដែលឆ្លាក់លើថ្ម ទោះបីជារង
ផលប៉ះពាល់ដោយពេលវេលាក៏ដោយ ប៉ុន្តែអ្នកអាចឃើញភ្លាមៗនូវលក្ខណៈពិសេសដោយឡែកនៃប្រាសាទខ្មែរនិងឥណ្ឌា”។

កន្លែងទេសចរណ៍ភាគច្រើននៅចំប៉ាសាក់ នៅតែមានលក្ខណៈរហោស្ថាន ដោយមិនទាន់មានការវិនិយោគសមរម្យ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មអមជាមួយ មិនអាចទាក់ទាញភ្ញៀវទេសចរបានឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តចំប៉ាសាក់បានកសាងទួរទេសចរណ៍មួយចំនួន ដោយរួមបញ្ចូលគ្នារវាងការទស្សនាវត្តភូ និងរមណីយដ្ឋានមួយចំនួនទៀតក្នុងខេត្ត ដើម្បីឱ្យភ្ញៀវទេសចរមានជម្រើសដ៏សមហេតុផល។ ក្រោយពីផ្អាករយៈពេល៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅដើមខែកុម្ភៈកន្លងទៅ អាជ្ញាធរខេត្តក៏បានរៀបចំពិធីបុណ្យវត្តភូឡើងវិញ ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ លោក សោម ប៊ុត តាគួន អភិបាលរងខេត្តចំប៉ាសាក់ បានឲ្យដឹងថា៖

“វត្តភូជាកន្លែងទេសចរណ៍ដ៏សំខាន់របស់ប្រទេសឡាវ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០០១ ជាគោលដៅទេសចរណ៍ដែលមានទាំងកន្លែងទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងភូមិសិប្បកម្មនៃខេត្តចំប៉ាសាក់ ដូច្នេះហើយ យើងរំពឹងថា ការរៀបចំពិធីបុណ្យវត្តភូលើកនេះ នឹងជួយជំរុញវិស័យទេសចរណ៍របស់ខេត្ត”។

ប្រទេសឡាវមានបេតិកភណ្ឌយូណេស្កូចំនួន ៣ ដែលកន្លែងនីមួយៗមានភាពស្រស់ស្អាតរៀងៗខ្លួន ប៉ុន្តែវត្តភូគឺជាកន្លែងដែលបង្កប់នូវជំនឿដ៏យូរលង់មកហើយ ដែលអ្នកស្ទើរតែមិនអាចរកឃើញនៅកន្លែងផ្សេងបាន។ ប្រិយមិត្តអើយ កុំរំលងវត្តភូ ពេលមកដល់តំបន់ភាគខាងត្បូងប្រទេសឡាវណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ