វិស័យទេសចរណ៍កម្ពុជារួមជាមួយអាស៊ានត្រៀមខ្លួនជាស្រេចស្ដារឡើងវិញក្នុងឆ្នាំ២០២២
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០២២នេះ វិស័យទេសចរណ៍កម្ពុជាបានកត់ត្រាសញ្ញាវិជ្ជមានជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ការស្តារឡើងវិញនៃផ្នែកទេសចរណ៍ក្នុងប្លុកទាំងមូលក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពដែលកម្ពុជាបានកំណត់ក្នុងឆ្នាំនេះផងដែរ។
ភ្ញៀវទេសចរវិលត្រឡប់ទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញក្រោយពីជម្ងឺរាតត្បាតកូវីដ-១៩ត្រូវបានរុញថយ។ (រូបថត៖ VOV) |
ទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃខឿនសេដ្ឋកិច្ចកម្ពុជា។ ដោយសារ ផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ-១៩ អស់រយៈពេលពីរឆ្នាំកន្លងមក វិស័យទេសចរណ៍របស់ប្រទេសនេះបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យដោយមានវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបើកប្រទេសជាផ្លូវការសម្រាប់ទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងយ៉ាងគ្រប់គ្រាន់។ ភ្លាមៗក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០២២នេះ វិស័យទេសចរណ៍កម្ពុជាបានកត់ត្រាសញ្ញាវិជ្ជមានជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ការស្តារឡើងវិញនៃផ្នែកទេសចរណ៍ក្នុងប្លុកទាំងមូលក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពដែលកម្ពុជាបានកំណត់ក្នុងឆ្នាំនេះផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនច័ន្ទគតិនាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទោះបីនេះមិនមែនជាថ្ងៃបុណ្យនៅកម្ពុជាក៏ដោយ។ យោងតាមការធ្វើស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ភ្ញៀវទេសចរជិតមួយលាននាក់បានទៅកាន់គោលដៅទេសចរណ៍ដូចជា ប្រាសាទ ឆ្នេរសមុទ្រ រមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ទី៣ខែកុម្ភៈ កើនឡើងជាង៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ មុននោះ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២២ សណ្ឋាគារជាង៨០% នៅកម្ពុជាត្រូវបានកក់ពេញ ជាពិសេសនៅតាមបណ្តាខេត្តជាប់សមុទ្រនិងរាជធានីភ្នំពេញ។ សញ្ញាវិជ្ជមានទាំងនេះបង្ហាញពីការរស់ឡើងវិញនៃផ្នែកទេសចរណ៍ក្រោយពីបិទប្រតិបត្តិការក្នុងរយៈពេលវែងមួយដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩។
យោងតាមក្រសួងទេសចរណ៍របស់កម្ពុជា ក្នុងឆ្នាំ ២០១៩ ប្រទេសនេះបានទទួលភ្ញៀវអន្តរជាតិចំនួនជាង ៦,៦ លាននាក់ ដែលនាំមកនូវប្រាក់ចំណូលជាង ៤,៩ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតនោះ ក្នុងឆ្នាំ ២០២០ ចំនួនភ្ញៀវអន្តរជាតិដែលមកកម្ពុជាមានត្រឹមតែ ១,៣ លាននាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១ ចំនួននេះថែមទាំងថយចុះមកត្រឹមតែជាង១៦៣ពាន់នាក់ប៉ុណ្ណោះ។ ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩យ៉ាងគ្រប់គ្រាន់បន្ទាប់ពីប្រជាជនភាគច្រើនក្នុងស្រុកបានចាក់វ៉ាក់សាំង។ កាលពីដើមឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រកាសពីការបំផុសយុទ្ធនាការមួយដែលមានឈ្មោះថា “កម្ពុជា៖ គោលដៅទេសចរណ៍បៃតងនិងសុវត្ថិភាព”។ យោងតាមនោះ ភ្ញៀវទេសចរទាំងអស់ដែលបានចាក់វ៉ាក់សាំងការពារកូវីដ សុទ្ធតែទទួលបានការស្វាគមន៍មកកម្ពុជា ដោយមិនត្រូវការធ្វើចត្តាឡីស័កនោះទេ ព្រមទាំងសំណូមពរឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍អនុវត្តន៍វិធានការទេសចរណ៍ប្រកបដោយសុវត្ថិភាពហើយធានានិតិវិធីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ លោក សង្ហារ ម្ចាស់ភោជនីយដ្ឋាន Amazing Happy Pizza Pub នៅរាជធានីភ្នំពេញបានចែក រំលែកថា៖
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi និងមន្ត្រីនៃប្រទេសអាស៊ាននានា អញ្ជើញចូលរួមពិធិបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២។ (រូបថត៖ SPM/ Nhan Dan) |
ក្រៅពីគោលដៅធ្វើឲ្យផ្នែកទេសចរណ៍ក្នុងស្រុករស់ឡើងវិញ កម្ពុជាក៏ផ្តល់អាទិភាពខ្ពស់ដល់ការស្ដារនិងជំរុញទេសចរណ៍ក្នុងតំបន់អាស៊ានទាំងមូល នៅពេលចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ២២ ខែមករា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ រួមជាមួយព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានរៀបចំឡើងនៅខេត្តព្រះសីហនុ កម្ពុជា ដោយមានការអញ្ជើញចូលរួមរបស់ប្រតិភូអន្តរជាតិរាប់រយនាក់។ នៅទីនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំងអស់បានធ្វើពិធីចុចប៊ូតុង បើកដំណើរការទេសចរណ៍អាស៊ានឡើងវិញ។ រួមជាមួយគ្នានោះគឺពិធីប្រកាសឡូហ្គោថ្មីនៃទេសចរណ៍អាស៊ានជាមួយនឹងពាក្យស្លោក “គោលដៅទេសចរណ៍មួយសម្រាប់គ្រប់ក្ដីសុបិនទាំងអស់” ។ នេះជាសកម្មភាពដ៏មានអត្ថន័យជានិមិត្តរូបដ៏សែនសំខាន់ ដែលគូសសញ្ញានូវការចាប់ផ្តើមថ្មីសម្រាប់ទេសចរណ៍អាស៊ាន បង្ហាញពីការប្តេជ្ញាចិត្តឆ្ពោះទៅរកការបើកទេសចរណ៍អន្តរជាតិឡើងវិញនិងការស្ដារទេសចរណ៍ក្នុងឆ្នាំ២០២២។ យោងតាមលោក Agustinho da Silva ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃ ក្រុមហ៊ុនទេសចរណ៍ Spain Travel បានចាត់ទុកថា មានសហគ្រាសនិងក្រុមហ៊ុនទេសចរណ៍អឺរ៉ុបកាន់តែច្រើន ដែលយកចិត្តទុកដាក់ដល់ការតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន។
“កម្ពុជាជាគោលដៅដ៏អស្ចារ្យមួយ។ ថ្ងៃហ្នឹងខ្ញុំមកទីនេះ ជាមួយនឹងក្តី សង្ឃឹមថា អាចតភ្ជាប់ជាមួយដៃគូជាច្រើនទៀត មិនត្រឹមតែរបស់កម្ពុជាប៉ុណ្ណោះ ទេ ថែមទាំងមកពីប្រទេសអាស៊ានផ្សេងៗទៀតផង។ ភ្ញៀវទេសចរអេស្ប៉ាញនិងអ៊ឺរ៉ុបកាន់តែច្រើនឡើងៗកំពុងចាប់អារម្មណ៍នឹងគោលដៅទេសចរណ៍នៅអាស៊ីអាគ្នេយ៍។ អ្នកមានទេសភាពដ៏ស្រស់បំព្រង វប្បធម៌ដ៏វិសេសវិសាល មនុស្សរួសរាយរាក់ទាក់ និងអាហារឆ្ងាញ់ពិសារគួរឲ្យទាក់ទាញ”។
រួមជាមួយប្រទេសកម្ពុជា ប្រទេសអាស៊ានជាច្រើនទៀតក៏បានចាប់ផ្តើមកម្មវិធីជំរុញទេសចរណ៍អន្តរជាតិចាប់ពីដើមឆ្នាំ២០២២មក។ វៀតណាមបានបើកជើងហោះហើរអន្តរជាតិធម្មតាឡើងវិញជាមួយប្រទេសមួយចំនួន។ ប្រទេសថៃបានប្រកាសស្ដារកម្មវិធី "ធ្វើតេស្តហើយទៅ" ឡើងវិញ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសដែលធ្វើតេស្តអវិជ្ជមានអាចចូលទស្សនាដោយសេរីភ្លាមៗ។ កោះ បាលី របស់ឥណ្ឌូណេស៊ី បានទទួលជើងហោះហើរត្រង់លើកដំបូង ដែលដឹកភ្ញៀវទេសចរអន្តរជាតិក្រោយពីការអាក់ខានក្នុងអំឡុងពេល២ឆ្នាំកន្លងមក។
ដោយមានការខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ផ្នែកទេសចរណ៍កម្ពុជានិយាយដោយឡែកនិងបណ្តាប្រទេសអាស៊ាននិយាយរួម បានត្រៀមខ្លួនជាស្រេចបើកដំណើរការហើយស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២២៕