សិក្ខាសាលាបាទីក៖ នាំបាទីកមកជិតយុវជនវៀតណាម

(VOVWORLD) - បាទីកត្រូវបានចាត់ទុកថា ជាសិល្បៈសិប្បកម្មដ៏ពេញនិយមនិងល្បីល្បាញលើទូទាំងពិភពលោក។ សម្រាប់ប្រជាជនឥណ្ឌូនេស៊ី បាទីក មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខណៈពិសេសផ្ទាល់ខ្លួនទៀតផង។ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីក្រណាត់ បាទីក ដល់ប្រជាជន វៀតណាមនិយាយរួម និងជំនាន់វ័យក្មេងនិយាយដោយឡែក ស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញបានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីណែនាំអំពី បាទីក។ "សិក្ខាសាលាបាទីក" គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនោះ។
សិក្ខាសាលាបាទីក៖ នាំបាទីកមកជិតយុវជនវៀតណាម - ảnh 1បណ្ដាតំណាងដែលចូលរួមសិក្ខាសាលា។

“បាទីកនៅឥណ្ឌូណេស៊ីគឺមានការពេញនិយមខ្លាំងណាស់ ប៉ុន្តែមានប្រភេទពិសេសចំនួន២ពីរនោះ គឺបាទីកនៅ Jawa ខាងលិច និងតំបន់ឆ្នេរសមុទ្រ។ បាទីក នៅ Jawa ទទួលឥទ្ធិពលពី "លក្ខណៈរាជវង្សានុវង្ស" ដោយមានពណ៌ជ្រៅ។ ក្នុងពេលជាមួយគ្នានោះ បាទីកនៅតំបន់ឆ្នេរសមុទ្រ មានក្បូរក្បាច់រចនានិងពណ៌ចម្រុះជាង។ ហើយមានគំរូបាទីកខ្លះទៀត ដែលទទួលឥទ្ធិពលពីវប្បធម៌ចិន និងជប៉ុន និងប្រទេសភាគខាងកើតមួយចំនួន។ សង្ឃឹមថានៅពេលអនាគត ខ្ញុំនឹងមានការច្នៃប្រឌិតថ្មីលើក្រណាត់បាទីក ជាមួយនឹងលក្ខណៈ "វប្បធម៌" របស់វៀតណាម”។

នោះគឺជាការចែករំលែករបស់លោកស្រី Venny Afwanny Akamsyah - សិប្បការិនីមកពីវិទ្យាស្ថាន Batik House Indonesia ក្នុងកម្មវិធី "សិក្ខាសាលា បាទីក" ដែលបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍ បាទីក" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមេសា នៅទីក្រុងហូជីមិញ។ ដោយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការបង្រៀននិងចែករំលែកចំណេះដឹងអំពី បាទីក ក៏ដូចជាផលិតផលតម្បាញប្រពៃណីរបស់ឥណ្ឌូនេស៊ីទៅកាន់ប្រទេសនិងតំបន់ជាង១១២នោះ លោកស្រី Venny Afwanny Akamsyah បានណែនាំយ៉ាងយកចិត្តទុកដាក់ដល់មិត្តវ័យក្មេងនៅព្រឹត្តិការណ៍អំពីជំហានគូរ បាទីក ។ លោកស្រីឲ្យដឹងថា ដើម្បីសម្រេចរួចរាល់ផលិតផលបាទីកមួយ គឺទាមទារឲ្យមានភាពអត់ធ្មត់និងភាពល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗ។

“ដំបូងឡើយ ត្រូវប្រើខ្មៅដៃដើម្បីគូសវាសលំនាំលើក្រណាត់ ប្រើឧបករណ៍ដើម្បីលាបក្រមួនឃ្មុំលើលំនាំដែលអ្នកទើបតែគូរ។ ចង់ឲ្យផលិតផលបានល្អ យើងត្រូវពិនិត្យផ្ទៃទាំងសងខាងនៃក្រណាត់ដើម្បីដឹងថា តើក្រមួនឃ្មុំជ្រាបចូលបានស្មើឬអត់? បន្ទាប់នោះ គឺការជ្រលក់ក្រណាត់។ បន្ទាប់ពីជ្រលក់ក្រណាត់រួចត្រាំក្រណាត់ក្នុងទឹកក្តៅដើម្បីបំបែកក្រមួនឃ្មុំចេញពីក្រណាត់ ដូច្នេះអ្នកបានបញ្ចប់ដំណើរការរបស់អ្នកហើយ”។

ដោយមានការណែនាំផ្ទាល់ពីលោកស្រី Venny Afwanny Alamsyah និស្សិតជិត ៦០ នាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ចំណុះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ និងអ្នកចូលរួមដទៃ ទទួលបានចំណេះដឹងដែលមានប្រយោជន៍ ក៏ដូចជាទទួលបានបទពិសោធន៍គួរឲ្យចងចាំផងដែរ នៅពេលបានចូលរួមផ្ទាល់ក្នុងការធ្វើឡើងក្រណាត់បាទីកមួយផ្ទាំង។ ជាពិសេសសម្រាប់និស្សិតដែលធ្លាប់បានស្លៀកពាក់សម្លៀកបំពាក់ បាទីក នេះគឺជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមអំពីដំណើរការដើម្បីធ្វើឡើងប្រភេទក្រណាត់ដ៏ពិសេសនេះ។

“យើងត្រូវចេះបច្ចេកទេសដូចបានណែនាំ របៀបដាក់ក្រណាត់ របៀបគូរយ៉ាងម៉េច។ សម្រាប់អ្នកដែលធ្វើជាលើកដំបូង ត្រឹមតែបាត់បង់ការប្រមូលអារម្មណ៍បន្តិចបន្តួច ក៏អាចធ្វើឲ្យក្រមួនឃ្មុំហៀរចេញ ហើយធ្វើឲ្យខូចលំនាំ។ ទោះជាយ៉ាងណាក៏ដោយ នោះក៏ជាលក្ខណៈគួរឲ្យទាក់ទាញនៃការគូរបាទីកផងដែរ”។

“ខ្ញុំឃើញថា លំនាំលើក្រណាត់បាទីក មានភាពស្រដៀងគ្នាជាច្រើនជាមួយក្រណាត់ចរបាប់វៀតណាម ដែលមានពណ៌ចម្រុះ ហើយត្រូវបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាច្រើនដូចជា ធ្វើសម្លៀកបំពាក់ ធ្វើថង់ កាបូប ឬតុបតែងផ្ទះជាដើម។ បទពិសោធន៍ថ្ងៃនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ខ្ញុំបានធ្វើផលិតផល បាទីក មួយដោយខ្លួនឯង ទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ វាក៏ជាអនុស្សាវរីយ៍គួរឲ្យចងចាំដែរ”។

បាទីក មិនត្រឹមតែបង្ហាញពីភាពប្រណិតរបស់សិប្បករប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនវិទ្យាដ៏ជ្រាលជ្រៅក្នុងជីវិតមនុស្សផងដែរ។ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០០៩ បច្ចេកទេសជ្រលក់ពណ៌ប្រពៃណីបាទីក របស់ប្រទេសឥណ្ឌូនេស៊ីត្រូវបាន UNESCO បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។
ក្រណាត់ បាទីក ឥណ្ឌូនេស៊ីនិយាយរួម និងលំនាំ បាទីក និយាយដោយឡែក មានភាពស្រដៀងគ្នាជាច្រើនជាមួយនឹងលំនាំក្រណាត់សូត្រនៅ វៀតណាម។ លំនាំទាំងនេះឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌កសិកម្មស្រូវទឹក របស់ប្រជាជនអាស៊ីអាគ្នេយ៍ ដូចជាការដាក់រូបភាពសត្វ និងរុក្ខជាតិទៅក្នុងផលិតផលនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ