សហគ្រាសថៃព្យាយាមធ្វើសកម្មភាពសហគមន៍ដើម្បីតបស្នងប្រទេសវៀតណាម

(VOVWORLD) - បច្ចុប្បន្ននេះ ប្រទេសថៃគឺជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់វៀតណាម ជា វិនិយោគិនបរទេសធំជាងគេទី ៩ នៅវៀតណាមជាមួយនឹងគម្រោងជាង ៦០០ ដែលមានតម្លៃសរុបជាង ១៣ ពាន់លានដុល្លារអាមេរិក។ ក្រៅពីការវិនិយោគ អភិវឌ្ឍន៍អាជីវកម្ម និងផលិតកម្ម ដែលនាំមកនូវប្រាក់ចំណេញជូនមាតុប្រទេស សហគ្រាសថៃក៏បានរួមដំណើរជាមួយការអភិវឌ្ឍ ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាព សហគមន៍ដើម្បីតបស្នងប្រទេសវៀតណាម ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅមូលដ្ឋានផងដែរ។

ក្នុងនាមជាសហគ្រាសមួយរបស់ថៃដែលបានចូលមកវៀតណាមដំបូងគេ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ សាជីវកម្ម SCG (SCG Corporate) មានក្រុមហ៊ុនចំនួន ២៣ នៅវៀតណាម ជាមួយនឹងបុគ្គលិកវៀតណាមជាង ១៥ពាន់នាក់។ ក្នុងអំឡុងច្រើនឆ្នាំមកនេះ SCG បានបង្ហាញពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងរបស់ខ្លួនដល់សកម្មភាពសង្គម ដោយពង្រឹងការសន្យារបស់សម្ព័ន្ធក្រុមហ៊ុនក្នុងការលើកកម្ពស់សុខុមាលភាពសម្រាប់ប្រជាជនវៀតណាមតាមរយៈកម្មវិធីជាច្រើន។ ចាប់តាំងពីឆ្នាំ ២០០៧ មក កម្មវិធីអាហារូបករណ៍ ក្ដីសុបិនរួមគ្នា របស់ SCG បានផ្តល់អាហារូបករណ៍ចំនួន ៤០០ កញ្ចប់ដល់សិស្សវៀតណាមជារៀងរាល់ឆ្នាំ។

សហគ្រាសថៃព្យាយាមធ្វើសកម្មភាពសហគមន៍ដើម្បីតបស្នងប្រទេសវៀតណាម - ảnh 1ក្រុមហ៊ុន PRIME រួមវិភាគទានទឹកប្រាក់ចំនួន ៥០០ លានដុងដល់មូលនិធិបង្ការប្រឆាំងជំងឺកូវីដ-១៩ ខេត្ត Vinh Phuc។

នៅភាគខាងជើង ក្រុមហ៊ុនឥដ្ឋការ៉ូ PRIME ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SCG ក៏មានគម្រោងទំនួលខុសត្រូវសង្គមជាច្រើន ជាពិសេសគម្រោង "ចែករំលែកភាពរុងរឿងជាមួយ PRIME" ដើម្បីរួមដៃជាមួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ចាប់ផ្តើមនៅដើមឆ្នាំ ២០២១ កម្មវិធីនេះបានរួមវិភាគទានទឹកប្រាក់ចំនួន ៥០០ លានដុងដល់មូលនិធិបង្ការប្រឆាំងជំងឺកូវីដ-១៩ ខេត្ត Vinh Phuc និង ១០០ លានដុងដល់ខេត្ត Quang Nam។ លោក Chaiyaporn Supanya នាយកផ្នែកធនធានមនុស្សនិងទំនាក់ទំនងបរទេស របស់ PRIME Group និងជាអនុប្រធានសមាគមធុរកិច្ចថៃនៅវៀតណាមបានឲ្យដឹងថា៖ PRIME ក៏ផ្ដល់ជំនួយជាឥដ្ឋការ៉ូរាប់ពាន់ម៉ែត្រការ៉េសម្រាប់គ្រួសារក្រីក្រផងដែរ៖

“ជារៀងរាល់ខែ PRIME Group សហការជាមួយសមាគមកាកបាទក្រហម និងគណៈកម្មាធិការប្រជាជននៅមូលដ្ឋាន ផ្តល់ឥដ្ឋការ៉ូដើម្បីសាងសង់ឬជួសជុលផ្ទះសម្រាប់គ្រួសារក្រីក្រ ជួសជុលនិងកែលម្អទីស្នាក់ការស្ថាប័នរដ្ឋនិងសំណង់សាធារណៈ។ អាចចាត់ទុកនេះជាគោលនយោបាយសំខាន់មួយរបស់ថ្នាក់ដឹកនាំសហគ្រាសថៃ និងសមាគមធុរកិច្ចថៃនៅវៀតណាម។ យើងខ្ញុំធ្វើអាជីវកម្មនៅប្រទេសវៀតណាម ទទួលបានផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការជាមួយទាំងរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ ដូច្នេះ យើងខ្ញុំប្រៀបប្រដូចជាសមាជិកក្នុងមហាគ្រួសារវៀតណាមដែរ”។

ថ្វីត្បិតតែមកវៀតណាមក្រោយ SCG ជិត ១០ ឆ្នាំក៏ដោយ ប៉ុន្តែ Central Retail បានបង្កើតឡើងតម្លៃរបស់ខ្លួន ដោយជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងចំណោមក្រុមហ៊ុនលក់រាយដែលមានកិត្យានុភាពបំផុតទាំង១០ ឆ្នាំ ២០២១ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយ Vietnam Report ហើយត្រូវបានលើកតម្កើងជា "សហគ្រាសដើម្បីសហគមន៍" ឆ្នាំ២០២១ផងដែរ។ លោក Chalermchai Pornsiripiyakool នាយកផ្នែកទំនាក់ទំនងអន្តរជាតិនៃក្រុមហ៊ុន Central Retail Vietnam បានឲ្យដឹងថា ក្រុមហ៊ុនមានគោលនយោបាយអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមទន្ទឹមជាមួយនឹងការអភិវឌ្ឍអាជីវកម្ម៖

“យើងខ្ញុំមានគម្រោង “មជ្ឈមណ្ឌលពាណិជ្ជកម្ម១ សាលារៀន១” ពោលគឺកសាងសាលារៀនមួយឬច្រើនកន្លែងនៅតំបន់ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម។ យើងខ្ញុំកសាងថ្មីឬជួយជួសជុលសាលារៀន ជួយឧបត្ថម្ភនូវឧបករណ៍សិក្សា ដូចជាកុំព្យូទ័រ។ លើសពីនេះទៅទៀត យើងខ្ញុំក៏មានគម្រោងជួយគាំទ្រកសិផលវៀតណាម ណែនាំកសិករធ្វើវប្បកម្មតាមបែបវិទ្យាសាស្ត្រ ជួយឧបត្ថម្ភការលក់កសិផល ហើយផ្សព្វផ្សាយផលិតផល OCOP ជាដើម។ នាពេលថ្មីៗនេះ យើងខ្ញុំបានជួយឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផល OCOP របស់ខេត្តចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long នៅ Can Tho និងបណ្ដាខេត្តភាគខាងជើងនៅ Quang Ninh”។

សហគ្រាសថៃព្យាយាមធ្វើសកម្មភាពសហគមន៍ដើម្បីតបស្នងប្រទេសវៀតណាម - ảnh 2សម្ព័ន្ធក្រុមហ៊ុន CP ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សខេត្ត Ben Tre ក្នុងតម្លៃសរុប
៥០០ លានដុង។

ក្នុងចំណោមសកម្មភាពសហគមន៍លេចធ្លោរបស់សហគ្រាសថៃ ត្រូវ និយាយដល់សម្ព័ន្ធក្រុមហ៊ុន CP ដែលជាគំរូឆ្នើមក្នុងការផ្សាភ្ជាប់និងអភិវឌ្ឍន៍ជាមួយប្រជាជនវៀតណាម។ មូលនិធិជំនួយសប្បុរសធម៌ C.P វៀតណាម ក្នុងរយៈពេលច្រើនឆ្នាំមកនេះ តែងតែរៀបចំ ហើយរួមដំណើរជាមួយកម្មវិធីសង្គមដ៏មានអត្ថន័យជាច្រើន ហើយនាពេលថ្មីៗនេះ បានជួយឧបត្ថម្ភមន្ទីរពេទ្យឈាម វិទ្យានិងបញ្ចូលឈាមមជ្ឈិម រៀបចំកន្លែងបរិច្ចាគឈាមអចិន្ត្រៃយ៍ចំនួនពីរកន្លែងបន្ថែមទៀត នៅមន្ទីរពេទ្យពហុព្យាបាលកសិកម្ម និងនៅខ័ណ្ឌ Ba Dinh។ លោក Sookpakij Chearavanont ប្រធាន C.P. Group បានចែករំលែកថា៖

"ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក C.P. វៀតណាមបានរួមដំណើរជាមួយកម្មវិធីចលនាការបរិច្ចាគឈាមស្ម័គ្រចិត្តថ្នាក់ជាតិដូចជា ដំណើរក្រហម និងកម្មវិធីជាច្រើនទៀត។ យើងខ្ញុំមានបំណងចង់រួមដំណើរជាមួយកម្មវិធីបែបនេះជាប្រចាំ។ ខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរ និងអង្គការនានាដែលបានផ្តល់ឱកាសដល់ C.P. អនុវត្តន៍កម្មវិធីដ៏មានអត្ថន័យដើម្បីសហគមន៍។ ខ្ញុំត្រៀមខ្លួនជាស្រេចជានិច្ចចូលរួមបរិច្ចាគឈាមដើម្បីសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនវៀតណាម”។

នាពេលខាងមុខនេះ ស្ថានទូតថៃប្រចាំវៀតណាមនឹងរៀបចំសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ដាំដើមឈើបៃតង និងការពារបរិស្ថាន... សកម្មភាពទាំងនេះជានិច្ចកាលមានការចូលរួម និងការគាំទ្រយ៉ាងពេញទំហឹងរបស់សហគមន៍ប្រជាជនថៃនិងធុរកិច្ចថៃនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ