ឡាវអភិវឌ្ឍន៍កសិកម្មដើម្បីជំនួសទំនិញនាំចូល
(VOVWORLD) - ជាប្រទេសដែលមានអត្រាអតិផរណាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០២២ អតិផរណារបស់ឡាវ បានកើនឡើងដល់ ២២% ហើយនៅឆ្នាំ ២០២៣ អតិផរណានៅតែមិនទាន់បញ្ឈប់នៅឡើយ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ អត្រាអតិផរណាដែលបានកត់ត្រានៅក្នុងប្រទេសឡាវ បានលើសពី ៤០%។ ហេតុផលមួយក្នុងចំណោមហេតុផលដែលនាំទៅការហក់ឡើងនៃអត្រាអតិផរណា គឺអត្រានាំចូលទំនិញមានលក្ខណៈរប៉េះរប៉ោះ ដែលមិនទាន់ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅឡើយ។ រដ្ឋាភិបាលឡាវបានពិភាក្សាអំពីការជំរុញឧស្សាហកម្មកែច្នៃ ដើម្បីបម្រើតម្រូវការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ ការជំរុញផលិតកម្មកសិកម្ម និងការកែច្នៃទៅជាទំនិញដែលឡាវមានសក្តានុពល និងមានទីផ្សារទទួលយកសម្រាប់នាំចេញ បង្កើនប្រាក់ចំណូលជារូបិយប័ណ្ណបរទេស ខិតខំប្រឹងប្រែងនៅឆ្នាំ២០២៣ នឹងនាំចេញទំនិញកសិកម្មប្រមាណ ១,២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវបានកំណត់គោលដៅថា ក្នុងមួយឆ្នាំៗទំហំនៃការនាំចេញទំនិញពីដំណាំរបស់ប្រទេសឡាវនឹងសម្រេចបានប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក ខណៈដែលទំហំនៃការនាំចេញទំនិញពីការចិញ្ចឹមសត្វនឹងសម្រេចបានប្រមាណ ១០០ លានដុល្លារអាមេរិក ដោយផ្តោតលើដំណាំ និងបសុសត្វដែលមានប្រៀបខ្លាំង និងមានទីផ្សារទទួលយក។ ក្នុងសម័យប្រជុំលើកទី៤ នៃរដ្ឋសភាឡាវនីតិកាលទី ៩ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានអនុម័តលើរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីជាតិស្តីពីការដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាក់កាល ២០២១-២០២៣ ក្នុងនោះផ្តោតលើការអភិវឌ្ឍផលិតកម្មកសិកម្មដែលផ្ដល់ទិន្នផលខ្ពស់ ដើម្បីជំនួសទំនិញនាំចូល៖
“ចាំបាច់ត្រូវជំរុញផលិតកម្មក្នុងស្រុក ដើម្បីជំនួសទំនិញនាំចូល។ ចាំបាច់ត្រូវបង្កើនការងារចិញ្ចឹមសត្វ ដាំដុះដំណាំ និងធានាធាតុចេញសម្រាប់ផលិតផល ដោយផ្តោតលើការផលិត និងការកែច្នៃ ដោយផ្សាភ្ជាប់នឹងទីផ្សារប្រើប្រាស់ជាក់ស្តែង។ ចាំបាច់ត្រូវផ្តោតលើសេវាកម្ម ការសម្របសម្រួល និងការផ្លាស់ប្តូររវាងរដ្ឋនិងឯកជន។ ផ្តោតលើការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផលិតផលិតផលមួយចំនួនដូចជា ជី ចំណីសត្វ មជ្ឈមណ្ឌលពូជរុក្ខជាតិនិងសត្វ និងប្រព័ន្ធឃ្លាំង”។
នៅឆ្នាំ២០២២ ឡាវមានមូលដ្ឋានផលិតកម្មកសិកម្មជាច្រើនបន្ថែមទៀត ជាពិសេស ទិន្នផលស្រូវបានលើសពីផែនការប្រចាំឆ្នាំ ជាង៣លានតោន ហើយការផលិតចំណីសត្វក៏សម្រេចបានទិន្នផល៣០ម៉ឺនតោនផងដែរ។ ក្រៅពីនោះ មានកសិដ្ឋាន និងរោងចក្រផលិតជីជីវសាស្ត្រថ្មីជាច្រើន ត្រូវបានកសាងឡើងផងដែរ។ រួមចំណែកកាត់បន្ថយទំហំនាំចូលជាង ៩ លានដុល្លារអាមេរិកបើធៀបនឹងឆ្នាំ ២០២១។ នេះត្រឹមតែជាតួរលេខដំបូងអំពីផលិតកម្មក្នុងស្រុកប៉ុណ្ណោះ ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរទិសដៅជាមូលដ្ឋាននោះគឺកាត់បន្ថយការនាំចូលកសិផល ពីនោះកាត់បន្ថយអតិផរណា។ លោក Bunluang Xomxihapannha សមាជិករដ្ឋសភាខេត្ត Xaynhabuli បានចាត់ទុកថា៖
“នៅក្នុងការងារផលិតកម្ម ដើម្បីជំនួសទំនិញនាំចូល ចាំបាច់ត្រូវផ្តោតលើការអភិវឌ្ឍអាជីវកម្មខ្នាតតូច និងមធ្យម និងអ្នកផ្គត់ផ្គង់ក្នុងស្រុក។ នាពេលកន្លងមក ក៏មានអ្នកផ្គត់ផ្គង់ក្នុងស្រុកជាច្រើនដែលមានភាពបត់បែននិងភាពច្នៃប្រឌិត ដោយការបើករោងចក្រផលិតជី ចំណីសត្វ និងបង្កើតកសិដ្ឋានខ្នាតធំ ប៉ុន្តែទិន្នផលទំនិញមិនទាន់អាចជំនួសឲ្យបរិមាណជី និងចំណីសត្វដែលនាំចូលបានឡើយ។ តាមរយៈការធ្វើស្ថិតិជាក់ស្តែង យើងក៏ឃើញដែរថា តម្លៃទំនិញផលិតក្នុងស្រុកគឺខ្ពស់ជាងទំនិញនាំចូល។ ខ្ញុំគិតថា យើងត្រូវវាយតម្លៃពីខ្សែសង្វាក់ផលិតកម្មទាំងមូល និងតម្លៃទំនិញដើម្បីដឹងពីមូលហេតុដែលធ្វើឲ្យតម្លៃហក់ឡើងខ្ពស់ដូច្នេះ”។
បច្ចុប្បន្ននេះ លើទូទាំងប្រទេសឡាវ មានក្រុមផលិតកម្មកសិកម្មជិត ៤.៨០០ ក្រុម សហករណ៍ចំនួន ២៦ សមាគមចំនួន ៨ និងបណ្តាញកសិករដែលធ្វើផលិតកម្មកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ ជាពិសេសខិតខំប្រឹងប្រែងសម្រេចបានគោលដៅនាំចេញទំនិញកសិកម្មចំនួន ១,២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ គោលដៅជាក់លាក់ដែលប្រទេសឡាវបានកំណត់ក្នុងឆ្នាំ ២០២៣ រួមមាន៖ ការនាំចេញកាហ្វេសម្រេចបាន ៥០ ម៉ឺនតោន; ការនាំចេញពោតសម្រេចបានទិន្នផលសរុប ១,៨លានតោន... ដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងការធ្វើផលិតកម្មកសិកម្ម និងកាត់បន្ថយការនាំចូល បណ្ដាក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំប្រជាជនពីរបៀបធ្វើវប្បកម្ម និងផលិតទំនិញឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ប្រជាជនឡាវមានបំណងថារដ្ឋាភិបាលនឹងរួមដៃជាមួយប្រជាជនក្នុងការហ្វឹកហ្វឺន៖
“ត្រូវការចំណេះដឹង ប្រជាពលរដ្ឋខ្វះចំណេះដឹង ដូច្នេះយើងមានបំណងចង់ឱ្យអ្នកជំនាញចុះមកផ្សព្វផ្សាយចំណេះដឹងអំពីរបៀបដាំដុះ និងថែទាំដំណាំយ៉ាងណា ដើម្បីធានាគុណភាព មិនប្រើប្រាស់ជីគីមីច្រើន ដែលធ្វើឲ្យដីមានជីជាតិល្អ ហើយផ្សព្វផ្សាយចំណេះដឹងអំពីជីកំប៉ុសសរីរាង្គ ដែលជួយធានាសុខភាពទាំងអ្នកដាំនិងអ្នកប្រើប្រាស់”។
“ទន្ទឹមនឹងការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ ចាំបាច់ត្រូវអភិវឌ្ឍន៍ផ្លូវថ្នល់នៅតាមជនបទទៀតផង។ ធ្វើបានរឿងទាំងពីរនេះ នឹងជួយប្រជាជនផលិតទំនិញ បន្ទាប់មកដឹកជញ្ជូនទំនិញទៅលក់បានយ៉ាងងាយស្រួល”។
ពីការដឹកនាំដ៏ខ្លាំងក្លា និងប្ដូរផ្ដាច់របស់រដ្ឋាភិបាល បណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធ សង្ឃឹមថាប្រទេសឡាវនឹងសម្រេចបានគោលដៅផលិតកម្មកសិកម្មនៅឆ្នាំ ២០២៣។ អត្រាអតិផរណានឹងថយចុះ រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាជីវភាពរស់នៅរបស់ប្រជាជន៕