អ្នកជំនាញក្នុងតំបន់៖ អាស៊ានគឺជាស្នូលនៃកំណើនអាស្រ័យលើសាមគ្គីភាព ស្ថិរភាព ការសន្ទនា និងសន្តិភាព
(VOVWORLD) - ក្នុងឆ្នាំ ២០២៣ ប្រទេសឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានបានជ្រើសរើសប្រធានបទ "សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន" ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់និងលើពិភពលោក ក៏ដូចជាពង្រឹងឋានៈជាស្នូលនៃកំណើនពិភពលោកផងដែរ។ ក្នុងរយៈពេល ៥៦ ឆ្នាំកន្លងមកនេះ អាស៊ានបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីឈានឡើង កសាងសហគមន៍ដោយស្អិតរមួតនិងស្ថិរភាព ដើម្បីសម្រេចបានគោលដៅខាងលើ។ នោះជាមតិរួមរបស់អ្នកជំនាញនានាក្នុងតំបន់។
ឆ្លើយជាមួយអ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាម អ្នកប្រាជ្ញកម្ពុជា លោក អ៊ុច លាង អនុប្រធាននៃនាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា (ក្រោមរាជបណ្ឌិត្យសភាកម្ពុជា) បានចាត់ទុកថា ចាប់តាំងពីការបង្កើតកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ មក អាស៊ានមានការរួមវិភាគទានយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវជាច្រើនក្នុងការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងនិងក្រៅតំបន់ ព្រមទាំងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានាផងដែរ។
លោក អ៊ុច លាង អនុប្រធាននៃនាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា |
យោងតាមលោក អ៊ុច លាង កិច្ចព្រមព្រៀងសំខាន់ៗបានជួយអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ ហើយបង្រួញគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ដូចជាធម្មនុញ្ញអាស៊ាន ចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ និងផែនការមេកសាងសហគមន៍អាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ចក្ខុវិស័យអាស៊ានស្ដីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។
ក្នុងពេលជាមួយគ្នានោះ យោងតាមលោក Yose Diran Damuri នាយកវិទ្យាស្ថានសិក្សាគោលនយោបាយឥណ្ឌូនេស៊ី (CSIS) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចបានបណ្ដាលឲ្យហានិភ័យកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសសមាជិកអាស៊ាននានានៅតែសម្រេចបានកំណើនវិជ្ជមាន អាស្រ័យដោយរក្សាបាននូវស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។
លោក Yose Diran Damuri នាយកវិទ្យាស្ថានសិក្សាគោលនយោបាយឥណ្ឌូនេស៊ី (ប្រភព៖ CSIS) |
“គោលបំណងរបស់អាស៊ានគឺក្លាយជាស្នូលនៃកំណើន។ អាស៊ានមានតួនាទីនិងឋានៈយុទ្ធសាស្ត្រនៅលើពិភពលោក។ ប្រសិនបើយើងក្រឡែកមើលការរីកចម្រើនរបស់ប្រទេសអាស៊ាននាបច្ចុប្បន្ន នឹងឃើញភាពវិជ្ជមានបង្គួរ។ ប្រការនេះនឹងនាំមកនូវការរួមវិភាគទានដ៏ធំៗសម្រាប់តំបន់។ ប្រការនេះអាស្រ័យលើថា តើអាស៊ានដោះស្រាយបញ្ហាក្នុងតំបន់បានល្អដែរឬអត់។ ជាមួយនឹងយន្តការសន្ទនារបស់ខ្លួន អាស៊ានបានទទួលជោគជ័យក្នុងការរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់”។
លោក Yose Diran Damuri បានសង្កត់ធ្ងន់ថា ដោយមានចំនួនប្រជាជន ៦៤៦ លាននាក់ និងអត្រាកំណើន GDP ៥% នៅឆ្នាំ ២០២២ ក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចទូទៅដែលពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈមនោះ អាស៊ានបច្ចុប្បន្នជាក្បាលរថភ្លើងមួយនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ចំណែកឯលោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាម នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៍មានបានធ្វើអត្ថាធិប្បាយថា សារដ៏ធំដែលអាស៊ានចង់ផ្ញើរទៅកាន់ពិភពលោក “សារសំខាន់អាស៊ាន៖ ជាស្នូលក្នុងការអភិវឌ្ឍ” នៅតំបន់ត្រូវបានបង្ហាញតាមរយៈទិដ្ឋភាពចំនួន ៣។
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាម (រូបថត៖ asean.org) |
“តួនាទីមជ្ឈភាពរបស់អាស៊ានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរការទាំងអស់ក្នុងតំបន់ រួមទាំងក្នុងកំណើន ការអភិវឌ្ឍសេដ្ឋកិច្ច រហូតដល់ការផ្លាស់ប្តូររបៀបអនុវត្តន៍ការសម្រេចចិត្តរបស់អាស៊ាន ក៏ដូចជាវិធីអភិក្រមនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិផងដែរ។ វិធីអភិក្រមនៅតែជាការយកកិច្ចសហប្រតិបត្តិការ និងការសន្ទនាជាឧបករណ៍ក្នុងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាក្នុងទំនាក់ទំនងអាស៊ាន។ នៅពេលពិភាក្សាជាមួយអាស៊ាន ដៃគូទាំងអស់បានបញ្ជាក់ពីការគោរពចំពោះអាស៊ាន និងតួនាទីមជ្ឈភាពរបស់អាស៊ាន”។
យោងតាមលោកឯកអគ្គរដ្ឋទូត Vu Ho តាមរយៈការសន្ទនាដោយស្មោះត្រង់ ការផ្លាស់ប្តូរយ៉ាងស្មោះស្ម័គ្រ និងកិច្ចសហប្រតិបត្តិការ អាស៊ានអាចបញ្ចុះបញ្ចូលដៃគូឲ្យទទួលស្គាល់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងដំណើរការតំបន់នានា។ ពីនោះ ការសន្យានិងគំនិតផ្តួចផ្តើមជាច្រើនត្រូវបានស្នើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន។ តាមរយៈវិធីសាស្រ្តការងាររហ័ស ប្រកបដោយប្រសិទ្ធភាព អាស៊ានកាន់តែមានទំនុកចិត្តនៅពេលឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលជាដំណាក់កាលក្រោយឆ្នាំ ២០២៥៕