អាស៊ានជំរុញសេដ្ឋកិច្ចបៃតង

(VOVWORLD) - សេដ្ឋកិច្ចបៃតង រួមជាមួយនឹងការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន គឺជាសសរស្តម្ភទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាព និងជានិន្នាការដែលជៀសមិនរួចរបស់ប្រទេសនានា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតងត្រូវបានគេចាត់ទុកថា ជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចបរិយាប័ន្ននៅក្នុងអាស៊ាន។

អាស៊ានជំរុញសេដ្ឋកិច្ចបៃតង - ảnh 1បណ្ដាតំណាងដែលអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចបៃតងអាស៊ានកាលពីដើមខែកក្កដា ឆ្នាំ២០២៣ នៅកោះ Bangka ឥណ្ឌូនេស៊ី។

នៅវេទិកាសេដ្ឋកិច្ចបៃតងអាស៊ាន ដែលប្រព្រឹត្តទៅនៅដើមខែកក្កដា ឆ្នាំ២០២៣ នៅកោះ Bangka ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានអំពាវនាវឱ្យបណ្តាប្រទេសអាស៊ានទាញយកផលប្រយោជន៍ពីសម្ព័ន្ធភាពហិរញ្ញវត្ថុចម្រុះសកល ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចបៃតងក្នុងតំបន់។ ជាគំនិតផ្តួចផ្តើមមួយដែលបានប្រកាសដោយប្រទេសឥណ្ឌូនេស៊ីនៅក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៣ នៅកោះបាលី សម្ព័ន្ធភាពហិរញ្ញវត្ថុចម្រុះសកលអាចជួយអាស៊ានប្រមូលផ្តុំវិនិយោគិន និងអ្នកជំនាញជួរមុខមួយចំនួនក្នុងវិស័យសេដ្ឋកិច្ចបៃតង ដូចជា ទេសចរណ៍អេកូឡូស៊ី ការគ្រប់គ្រងកាកសំណល់តាមសមុទ្រនិងឆ្នេរសមុទ្រ និងរបរនេសាទប្រកបដោយចីរភាព។ ថ្លែងនៅក្នុងវេទិកានេះ រដ្ឋមន្ត្រីក្រសួងផែនការនិងអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី លោក Suharso Monoarfa បានចែករំលែកថា៖

“ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៣ ឥណ្ឌូនេស៊ីបានសន្យាដាក់ចេញក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងមួយសម្រាប់អាស៊ាន ដែលដាក់មូលដ្ឋានគ្រឹះសម្រាប់ការបង្កើតការយល់ដឹងរួម និងផែនការជំរុញយុទ្ធសាស្ត្រនេះ ដូចអាទិភាពមួយក្នុងចំណោមអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់នាពេលបច្ចុប្បន្ន។ យុទ្ធសាស្ត្រនេះគឺចាំបាច់ក្នុងបរិបទនៃភាពខុសគ្នាខាងប្រាក់ចំណូលរវាងបណ្ដាប្រទេសអាស៊ាន។ ខ្ញុំជឿជាក់ថា អាស៊ានអាចដើរតួនាទីនាំមុខគេ ក្នុងនិន្នាការសេដ្ឋកិច្ចបៃតងសកល ដោយពង្រីកប្រៀបខ្លាំងដែលមានស្រាប់ ជាពិសេសក្នុងវិស័យសមុទ្រ មហាសមុទ្រ និងធនធានទឹក ដាក់ឲ្យដំណើរការនូវគំនិតផ្តួចផ្តើមអំពីនវានុវត្តន៍ និងចែករំលែកចក្ខុវិស័យអំពីវិបុលភាពរួមរបស់អាស៊ានផងដែរ”។

អាស៊ានជំរុញសេដ្ឋកិច្ចបៃតង - ảnh 2ទេសចរណ៍សមុទ្រគឺជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅវៀតណាម។ (រូបថត៖ TTXVN)

នៅក្នុងតំបន់ វៀតណាមជាប្រទេសជាប់មាត់សមុទ្រដែលមានឆ្នេរសមុទ្រប្រវែងជាង ៣២៥០ គីឡូម៉ែត្រ លាតសន្ធឹងពីខាងជើងទៅខាងត្បូង ស្ថិតនៅជិតផ្លូវនាវាចរណ៍អន្តរជាតិ និងក្នុងតំបន់ ដូច្នេះវៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ចែករំលែកនៅវេទិកានេះ លោក Nguyen Anh Duc កម្មាភិបាលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ទន្ទឹមនឹងសក្តានុពលធម្មជាតិ វៀតណាមកំពុងបង្កើតលក្ខខណ្ឌអំណោយផលជាជំហានៗសម្រាប់ខ្លួនឯង ដើម្បីផ្លាស់ប្តូរពីសេដ្ឋកិច្ចត្នោតទៅជាសេដ្ឋកិច្ចបៃតង។ លើសពីនេះ លោកក៏បានស្នើរវិធានការនានាដើម្បីជំរុញសេដ្ឋកិច្ចបៃតងក្នុងតំបន់អាស៊ាន ដូចជា៖ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាតម្លៃស្នូលពីសមុទ្រ លើកកម្ពស់អត្តសញ្ញាណប្រវត្តិសាស្ត្រ វប្បធម៌ និងទាញយកប្រយោជន៍ពីវិទ្យាសាស្ត្រ
ជឿនលឿន ជាដើម។

ក្នុងពេលជាមួយគ្នានោះ កម្ពុជា-ប្រទេសជាប្រធានអាស៊ានឆ្នាំ២០២២ ជឿជាក់ថា សេដ្ឋកិច្ចបៃតងជាកូនសោរសម្រាប់កំណើនរបស់អាស៊ាន។ ឯកអគ្គរាជទូតកម្ពុជាប្រចាំអាស៊ាន លោក ហេង សារិទ្ធ មានប្រសាសន៍ថា ការអភិវឌ្ឍកំពង់ផែសមុទ្រ និងផ្លូវទឹក គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកែលម្អការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នេះក៏ជាកត្តាសក្ដានុពលមួយសម្រាប់សេដ្ឋកិច្ចបៃតង។ ចែករំលែកអំពីផលប៉ះពាល់នៃសេដ្ឋកិច្ចបៃតង ក៏ដូចជាវិធានការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងសម្រាប់តំបន់អាស៊ាន លោក ហេង សារិទ្ធ បានចាត់ទុកថា៖

“កម្ពុជាជឿជាក់ថា សេដ្ឋកិច្ចបៃតងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាន។ ចក្ខុវិស័យរួមអាស៊ានដល់ឆ្នាំ ២០២៥ បានចង្អុលបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ចាំបាច់ត្រូវអនុវត្តន៍ប្រកបដោយសមកាលកម្ម ជាមួយនឹងការទទួលខុសត្រូវរបស់សមាសភាគសង្គមទាំងអស់ដើម្បីបង្កើតប្រសិទ្ធភាពអតិបរមា។ រដ្ឋាភិបាល អង្គការសង្គម សហគ្រាស និងពលរដ្ឋអាស៊ានត្រូវរួមគ្នាយល់ឃើញពីប្រសិទ្ធភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតផលប្រយោជន៍រួមផងដែរ”។

ទិន្នន័យនៅវេទិកាសេដ្ឋកិច្ចបៃតងអាស៊ានឆ្នាំ ២០២៣ បង្ហាញឲ្យឃើញថា តំបន់អាស៊ីអាគ្នេយ៍មានទំហំជាង ៦៦% គឺសមុទ្រ និងមហាសមុទ្រ ហើយសតំបន់មុទ្ររបស់អាស៊ានស្រូបយក ១៥% នៃជលផលនេសាទសកល បង្កើតការងារសម្រាប់កម្មករប្រហែល ៦២៥ លាននាក់នៅក្នុងវិស័យ របរវិជ្ជាជីវៈពាក់ព័ន្ធ។ ដូច្នេះហើយអាចនិយាយបានថា ការជំរុញសេដ្ឋកិច្ចបៃតងលើវិស័យដូចជា ទេសចរណ៍អេកូឡូស៊ី ការគ្រប់គ្រងកាកសំណល់តាមមហាសមុទ្រ និងរបរនេសាទប្រកបដោយចីរភាព នឹងក្លាយជាឱកាសដ៏ធំមួយក្នុងដើម្បីជំរុញកំណើននៅក្នុងប្រទេសសមាជិកអាស៊ាននីមួយៗ។ ប្រការនេះក៏រួមចំណែកក្នុងការលើកកម្ពស់ឋានៈរបស់អាស៊ាន ហើយពង្រីកតួនាទីរបស់អាស៊ានជាមជ្ឈមណ្ឌលកំណើនសកលមួយ ស្របតាមប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២៣ របស់ឥណ្ឌូនេស៊ី៖ "សារសំខាន់អាស៊ាន៖ស្នូលនៃកំណើន" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ