អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅអនាគត​អភិវឌ្ឍន៍​បៃតង និងប្រកបដោយនិរន្តរភាព

(VOVWORLD) - បច្ចុប្បន្ននេះការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច ហើយនឹងបន្តកំណត់រូបរាងអនាគតនៃគ្រប់តំបន់នៅលើពិភពលោក រួមទាំងអាស៊ាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាស៊ានបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុក ក៏ដូចជាជាមួយដៃគូនានាក្នុងបញ្ហាផ្លាស់ប្តូរ និងសមាហរណកម្មឌីជីថល។ នេះក៏ជាប្រធានបទដែលទទួលបានមតិយោបល់ជាច្រើនពីថ្នាក់ដឹកនាំ អ្នកជំនាញ និងអ្នកប្រាជ្ញនានានៅពេលចូលរួមវេទិកាអនាគតអាស៊ាន ដែលរៀបចំដោយវិទ្យាស្ថានការទូតវៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ។
អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅអនាគត​អភិវឌ្ឍន៍​បៃតង និងប្រកបដោយនិរន្តរភាព - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung 

យោងតាមមតិនានាក្នុងវេទិកានេះ សេដ្ឋកិច្ចឌីជីថលពិតជានឹងក្លាយទៅជាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ាន។ ប្រាក់ចំណូលសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននាឆ្នាំ ២០៣០ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន ១០០ ពាន់លានដុល្លារអាមេរិក កើនឡើង ៨ ដងធៀបនឹងឆ្នាំ ២០១៦ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ជាង ១ ពាន់ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០៣០។ ដោយយល់ដឹងយ៉ាងច្បាស់លាស់អំពីសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចឌីជីថល ប្រទេសជាសមាជិកអាស៊ានទាំងអស់សុទ្ធតែបានផ្ដល់អាទិភាព និងប្រភពធនធានសម្រាប់ការជំរុញវិស័យនេះ។ ចំពោះវៀតណាម យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានឲ្យដឹងថា វៀតណាមកំពុងឆ្ពោះទៅការបិទសេវាទូរសព្ទ 2G នៅទូទាំងប្រទេសនាខែកញ្ញាឆ្នាំនេះ។ ទូរសព្ទទាំងអស់នឹងជាស្មាតហ្វូនដែលជួយពន្លឿនដំណើរការផ្លាស់ប្ដូរឌីជីថល។ វៀតណាមក៏កំពុងអនុវត្តន៍គម្រោងខ្សែកាបអុបទិកក្រោមបាតសមុទ្រជាមួយដៃគូជាច្រើនក្នុងអាស៊ាន ដើម្បីធានាការតភ្ជាប់ក្នុងប្រទេស និងតំបន់។ លោករដ្ឋមន្ត្រីបានអះអាងថា៖

“ការអភិវឌ្ឍយ៉ាងឆាប់រហ័សគឺជាការអភិវឌ្ឍឌីជីថល ការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺជាការអភិវឌ្ឍបៃតង។ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងនឹងក្លាយទៅជានិន្នាការចម្បងក្នុងទសវត្សរ៍ខាងមុខ។ អនាគតរបស់អាស៊ានគឺជាអនាគតឌីជីថល ហើយយើងចាំបាច់ត្រូវកសាងស្ថាប័នឌីជីថលថ្មី ហេដ្ឋារចនាសម្ព័ន្ធឌីជីថលថ្មី និងធនធានមនុស្សឌីជីថលថ្មី។ ការផ្លាស់ប្តូរឌីជីថលគឺជាបដិវត្តន៍អំពីស្ថាប័នច្រើនជាងបដិវត្តន៍បច្ចេកវិទ្យា។ ការសម្រេចចិត្តប្រើប្រាស់និងការគ្រប់គ្រងបច្ចេកវិទ្យាឌីជីថលនឹងដើរតួនាទីគន្លឹះក្នុងការបង្កើតរូបរាងអនាគតរបស់អាស៊ានផងដែរ”។

ស្របនឹងទស្សនៈនេះ លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសទីពីររបស់ ប្រ៊ុយណេបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាង
ស្ថាប័ន និងគោលនយោបាយ រួមចំណែកកាត់បន្ថយហានិភ័យ និងពង្រីកគុណសម្បត្តិដែលបច្ចេកវិទ្យាឌីជីថលនាំមកជូន៖ “ទោះបីជាបច្ចេកវិទ្យាគឺជាឧបករណ៍ដ៏ល្អប្រសើរដើម្បីអភិវឌ្ឍន៍  ប៉ុន្តែវាក៏នាំមកនូវហានិភ័យ និងបញ្ហាប្រឈមផងដែរ។ ដូច្នេះ អាស៊ានតែងតែសង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានប្រកបដោយទំនួលខុសត្រូវ ធានាបរិយាប័ន្នសម្រាប់មនុស្សគ្រប់រូប និងផ្នែកសេដ្ឋកិច្ចទាំងអស់សុទ្ធតែទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា។ តាមនោះ យើងអាចពឹងផ្អែកលើបច្ចេកវិទ្យាទាំងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នដូចជា៖ ការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបញ្ចេញកាបូន គ្រោះកាប់បំផ្លាញព្រៃឈើ និងការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះផងដែរ”។

ទន្ទឹមនឹងការកសាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងការផ្សព្វផ្សាយជំនាញឌីជីថលសម្រាប់ប្រជាជនក្នុងតំបន់ក៏ជាបញ្ហាដែលបណ្តាប្រទេសជាសមាជិកអាស៊ានយកចិត្តទុកដាក់ពិសេស។ មានមតិដែលវាយតម្លៃថានេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ព្រោះថាក្នុងចំណោមពលរដ្ឋអាស៊ានជិត ៧០០ លាននាក់ ប្រហែល ៥០% កំពុងរស់នៅក្នុងតំបន់ជនបទដែលមានលក្ខខណ្ឌរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅអនាគត​អភិវឌ្ឍន៍​បៃតង និងប្រកបដោយនិរន្តរភាព - ảnh 2វេទិកាអនាគតអាស៊ាន ដែលរៀបចំដោយវិទ្យាស្ថានការទូតវៀតណាម

គ្រប់គ្រាន់។ ក្នុងពេលនោះ បច្ចេកវិទ្យាឌីជីថលអាចពង្រីកបានលុះត្រាតែប្រជាជនមានជំនាញឌីជីថលគ្រប់គ្រាន់។ ចូលរួមចំណែកជាដំណោះស្រាយចំពោះបញ្ហានេះ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវអាស៊ាន និងអាស៊ីបូព៌ា (ERIA) មានប្រសាសន៍ថា៖

“ទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាល ដើម្បីបង្កើនអត្រាប្រជាពលរដ្ឋ ដែលមានជំនាញឌីជីថល យើងចាំបាច់ត្រូវបណ្តុះបណ្តាលជួរគ្រូជាមុនសិន។ វិស័យឯកជនក៏ចាំបាច់ត្រូវដើរតួនាទីធំជាង ក្នុងការបណ្តុះបណ្តាល ឬពង្រឹងជំនាញរបស់ពលករ តភ្ជាប់ជាមួយសាកលវិទ្យាល័យអំពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញឌីជីថល។ លើសពីនេះ ការកសាងប្រព័ន្ធព័ត៌មានអំពីទីផ្សារការងារក៏មានសារៈសំខាន់ផងដែរ ដើម្បីជួយយើងយល់ដឹងអំពីតម្រូវការ និងនិន្នាការ។ អាស៊ានក៏ចាំបាច់ត្រូវបង្កើតស្តង់ដារ និងការយល់ដឹងរួមទាក់ទងនឹងការងារ បង្កើតក្របខណ្ឌឯកភាព។ ប្រការនេះនឹងជួយសម្រួលដល់ការបណ្ដុះបណ្ដាលជំនាញឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន”។

ដើម្បីអាស៊ានអាចអនុវត្តន៍ការផ្លាស់ប្ដូឬឌីជីថល និងកសាងអនាគតឌីជីថលប្រកបដោយជោគជ័យ មតិជាច្រើនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជួយឧបត្ថម្ភ និងកញ្ចប់វិនិយោគពីដៃគូអភិវឌ្ឍន៍នៅខាងក្រៅតំបន់។ តំណាងប្រទេស និងអង្គការអន្តរជាតិក៏បានសន្យាថានឹងបន្តរួមដំណើរជាមួយអាស៊ានក្នុងការអនុវត្តគោលដៅនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាពដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍។

រាល់មតិយោបល់ដែលបានលើកឡើងក្នុងវេទិកាអនាគតអាស៊ានលើកនេះនឹងរួមចំណែកដល់ដំណើរការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការធ្វើឌីជីថលខឿ សេដ្ឋកិច្ចក្នុងតំបន់ ដែលគ្រោងថានឹងសម្រេចរួចរាល់នាឆ្នាំ ២០២៥ ហើយប្រការនេះនឹងក្លាយទៅជាជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនៅក្នុងសមាគមផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ