ខេត្ត Lao Cai ផ្តោតលើការអភិវឌ្ឍប្រភេទទេសចរណ៍បែបកសិកម្ម
(VOVWORLD) - ដើម្បីលើកកំពស់គុណភាពសេវាកម្ម តាមរយៈគោលដៅបង្កើតឡើងទម្រង់ទេសចរណ៍ ឆ្លងកាត់បទពិសោធន៍ដ៏វិសេសវិសាលនិងគួរឲ្យទាក់ទាញជាច្រើនប្រភេទ គឺជាវិធីដែលអង្គភាពប្រតិបត្តិករទេសចរណ៍នៅខេត្ត Lao Cai កំពុងមានបំណងឆ្ពោះទៅរក។ នៅពេលនេះ គំរូទេសចរណ៍កសិកម្មកំពុងត្រូវបានផ្សព្វផ្សាយដោយអង្គភាពនានាក្នុងក្រុង Sa Pa រួមជាមួយនឹងការជំរុញការស្វែងយល់និងធ្វើអាជីវកម្មរាល់អត្តសញ្ញាណនិងវប្បធម៌ប្រពៃណីរបស់មូលដ្ឋាន។
ចំការស្ត្របឺរី របស់សហករណ៍ Thang Loi ក្នុងសង្កាត់ Ta Phin ទីរួមស្រុក Sa Pa (រូបថត៖ Nguyen Tuan) |
ជាមួយនឹងផ្ទៃដីត្រឹមតែជាង ២ ហិកតាដែលដាំស្ត្របឺរីនៅក្នុងផ្ទះសំណាញ់ប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ ចំការស្ត្របឺរីរបស់សហករណ៍ Thang Loi ស្ថិតក្នុងឃុំ Ta Phin ទីរួមស្រុក Sa Pa បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣០០ នាក់មកទស្សនានិងទទួល បទពិសោធន៍។ បទពិសោធន៍គឺដំណើរការដាំដុះ ដំណើរការថែទាំ បេះផ្លែ និងរីករាយទទួលទានជាមួយផ្លែស្ត្របឺរីដែលមានរសជាតិផ្អែមនិងក្រអូបនៅឯចំការផ្ទាល់ គឺជាទម្រង់ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរនៅពេលមកកាន់ Sa Pa។ ភ្ញៀវទេសចរ Nguyen Hai Nam មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នេះជាលើកទី៣ហើយ ដែលខ្ញុំមកកាន់ Sa Pa និងលើកទីមួយដែលបានទៅទស្សនាចំការផ្លែស្ត្របឺរី។ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានស្គាល់ពីវិធីដាំផ្លែស្ត្របឺរី បេះផ្លែស្ត្របឺរីទុំដោយដៃរបស់ខ្លួន”។
និយាយអំពីការងារទទួលភ្ញៀវ ក៏ដូចជាការជួយភ្ញៀវទទួលបានបទពិសោធន៍ពីគំរូទេសចរណ៍កសិកម្ម លោកស្រី Do Thuy Linh អ្នកគ្រប់គ្រងចំការស្ត្របឺរីនៃសហករណ៍ Thang Loi បានឲ្យដឹងថា៖ “ឥឡូវនេះ អ្នកគ្រប់គ្នាត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ៣ ហើយ តាមនោះ គេនាំគ្នាធ្វើទេសចរណ៍ច្រើនកាន់តែច្រើន។ តាំងពីបុណ្យតេតប្រពៃណីរហូតមកដល់ពេលនេះ ចំការស្ត្របឺរីរបស់ខ្ញុំមានផលិតផលគ្រប់គ្រាន់សម្រាប់ភ្ញៀវមកដកបទពិសោធទេ។ មានពេលខ្លះ ចំការគ្មានផ្លែទុំទេ ភ្ញៀវត្រូវបេះផ្លែបឺរីស្រគាលដើម្បីយកទៅឆ្ងាយដែរ”។
នៅពេលនេះ ចំការកាណូឡា (cải dầu) នៅឃុំ Hoang Lien និង Ta Van នៅ Sa Pa កំពុងរីកលូតលាស់បានទាក់ទាញភ្ញៀវទេសចរមួយចំនួនមកទស្សនានិងថតរូប។ ទន្ទឹមនឹងនោះ គំរូដកពិសោធន៍ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមចៀម និងអាងចិញ្ចឹមត្រី ក៏ត្រូវបានអង្គភាពនិងបុគ្គលជាច្រើន បណ្តាក់ទុនសម្រាប់សេវ៉ាកម្មបម្រើភ្ញៀវទេសចរ។ លោក Nguyen Trung Kien នាយករងតំបន់ទេសចរណ៍ Cat Cat ទីក្រុង Sa Pa បានឲ្យដឹងថា៖ ការស្វាគមន៍ភ្ញៀវទេសចរ ដើរទន្ទឹមនឹងការបង្ការជំងឺរាតត្បាតនៅតែជាកត្តាចាំបាច់ដែលត្រូវបានមូលដ្ឋានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់។
ចំការកាណូឡា (cải dầu) នៅឃុំ Hoang Lien នៅ Sa Pa (រូបថត៖ កាសែត Dan tri) |
“យើងបានលើកទឹកចិត្តអ្នកនៅក្នុងរមណីយដ្ឋានឱ្យអនុវត្តន៍ការងារការពារជំងឺរាត ត្បាតឱ្យបានល្អ ហើយតែងតែកំណត់ស្មារតីនៃការរៀនរស់ជាមួយនឹងជំងឺរាតត្បាត។ ប្រការសំខាន់ណាស់ គឺនៅពេលបើកទេសចរណ៍ឡើងវិញ ចាំបាច់ត្រូវរៀបចំផែនការអំពីរបៀបធានាឱ្យមានការទទួលភ្ញៀវប្រកបដោយសុវត្ថិភាពបំផុត”។
បច្ចុប្បន្ននេះ គំរូដកបទពិសោធន៍ សាកល្បងធ្វើស្រែចំការមួយថ្ងៃដូចជា ការភ្ជួររាស់ ស្ទូង ដាំដុះ និងប្រមូលកសិផល កំពុងតែពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ពេលមកលេងស្រុក Sa Pa។ ការអភិវឌ្ឍវិស័យទេសចរណ៍ កសិកម្ម ក៏ជាការលើកទឹកចិត្ត ដល់ប្រជាជនក្នុងការកែប្រែដី អភិវឌ្ឍន៍ការដាំដុះ និងការចិញ្ចឹមសត្វ រួមចំណែកលើកកំពស់ទេសភាព បរិស្ថាន និងបង្កើនប្រាក់ចំណូល។ លោក Vuong Trinh Quoc ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sa Pa បានឲ្យដឹងថា៖ អាជ្ញាធរក្នុងតំបន់បានបង្កើនការឃោសនា ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាជនអំពីអត្ថប្រយោជន៍ជាក់ស្តែងពីការអភិវឌ្ឍវិស័យកសិកម្ម ផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍។ ទន្ទឹមនឹងនោះ ផ្តល់ដំណោះស្រាយលើការរៀបចំផែនការដីធ្លី ដង់ស៊ីតេ សាងសង់ ការធ្វើផែនការទេសចរណ៍ ក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
“ដើម្បីអូសបន្លាយការស្នាក់នៅ ភ្ញៀវទេសចរត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដកពិសោធន៍។ នៅតាមគោលដៅដែលជារមណីយដ្ឋានទេសចរណ៍ ភូមិកសិកម្ម ជាពិសេសការសាងសង់រមណីយដ្ឋានសុទ្ធតែត្រូវមានស្តង់ដារ និងគុណភាពខ្ពស់”។
ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ គិតចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ មានភ្ញៀវទេសចរជាង ៣០០.០០០ នាក់មកកាន់ Lao Cai ចំណូលត្រូវបានប៉ាន់ប្រមាណជិត ១.០០០ ពាន់លានដុង ត្រឹមតែសម្រេចបាន ៣០% បើធៀបនឹងមុនផ្ទុះជំងឺរាតត្បាត។ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ទេសចរណ៍កសិកម្ម គឺជាទិសដៅប្រកបដោយនិរន្តរភាព និងយូរអង្វែងនៅក្នុងទីក្រុង Sapa ក៏ដូចជាខេត្ត Lao Cai ផងដែរ៕