(VOVWORLD) - ម៉ាកកាហ្វេ Bich Thao Son La គឺជាម៉ាកកាហ្វេមួយក្នុងចំណោមម៉ាកកាហ្វេល្បីឈ្មោះបំផុតចំនួន ១០ ប្រភេទ ដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងម៉ាកកាហ្វេពិសេសវៀតណាមឆ្នាំ ២០២០ និងជាផលិតផល OCOP ដែលបានទទួលស្គាល់ជាលំដាប់ផ្កាយ ៤។ បច្ចុប្បន្ន សហករណ៍កាហ្វេ Bich Thao កំពុងបន្តកសាងម៉ាកយីហោនេះ ដោយធានានូវលក្ខខណ្ឌទទួលស្គាល់ស្តង់ដារម៉ាកយីហោកាហ្វេផ្កាយ ៥ ថ្នាក់ជាតិ។
សហករណ៍កាហ្វេ Bich Thao បច្ចុប្បន្នមានផ្ទៃដីដាំដុះកាហ្វេពិសេសជាង ៦០ ហិកតា (រូបថត៖ VOV) |
សហករណ៍កាហ្វេ Bich Thao មានទីតាំងស្ថិតនៅភូមិ Hoang Van Thu សង្កាត់ Hua La ទីក្រុង Son La ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ មានសមាជិកចំនួន ១១ នាក់ ដែលមានផ្ទៃដីដាំកាហ្វេសរុបជាង ៩០ ហិកតា។ ក្រៅពីសមាជិកពេញសិទ្ធិសំខាន់ៗ សហករណ៍ក៏បានទទួលយកសមាជិកចំនួន ៤០០ នាក់បន្ថែមទៀតចូលរួមក្នុងផលិតកម្មនិងកែច្នៃកាហ្វេលើផ្ទៃដីដាំដុះជិត ១.០០០ ហិកតាទៀតផង។
ដើម្បីលើកកម្ពស់នូវគុណភាពនិងតម្លៃផលិតផល សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សហករណ៍បានវិនិយោគលើប្រព័ន្ធឧបករណ៍និងម៉ាស៊ីនទំនើបសម្រាប់ផលិតកម្មនិងកែច្នៃ ដូចជា៖ ម៉ាស៊ីនលីងនិងគិនកាហ្វេ ម៉ាស៊ីនបែងចែកម៉ាកកាហ្វេតាមពណ៌និងផ្ទះកញ្ចក់សម្រាប់ការផលិតនិងកែច្នៃកាហ្វេលាយទឹកឃ្មុំ ឬតែស៊ីរូធ្វើពីសំបកកាហ្វេជាដើម។ តាមនោះ ខេត្តបានកសាងម៉ាកយីហោផលិតផល និងកសាងកេរ្ត៍ឈ្មោះការហ្វេ Bich Thao ដើម្បីនាំម៉ាកកាហ្វេពិសេសមួយប្រភេទនេះរបស់ខេត្ត Son La ជូនដល់អតិថិជន។ លោក Nguyen Xuan Thao នាយកសហករណ៍កាហ្វេ Bich Thao បានឲ្យដឹងថា៖ “ដំបូងឡើយ ប្រជាជនដាំដុះកាហ្វេក៏ជួបប្រទះនឹងការលំបាកមិនតិចឡើយ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរបស់មន្ទីរ សាខា ស្រុកនិងទីក្រុងជាទូទៅ ប្រជាជនបានយល់ដឹងថា ផលិតផល OCOP នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អ្នកដាំដុះ និងអ្នកកែច្នៃ រួមទាំងនាំមកជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់និងមានគុណភាពល្អប្រសើរទៀតផង”។
ដោយបានប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបក្នុងដំណាក់កាលផលិតកម្មនីមួយៗ បច្ចុប្បន្ននេះ សហករណ៍កំពុងអនុវត្តគំរូដាំកាហ្វេពិសេសលើផ្ទៃដីចំនួន ៦០ ហិកតា ដែលផលិតតាមទិសដៅសរីរាង្គ ហើយត្រូវបានទទួលស្គាល់ថាផលិតតាមស្តង់ដារ VietGAP។ នេះជាប្រភេទពូជកាហ្វេ THA1 ដែលមានទិន្នផលនិងគុណភាពខ្ពស់ ជាពិសេសសម្រាប់កែច្នៃកាហ្វេដើម្បីនាំចេញផងដែរ”។
លោកស្រី Nguyen Thi Bac សមាជិកនៃសហករណ៍បានឲ្យដឹងថា បើប្រៀបធៀបនឹងតម្លៃកាហ្វេធម្មតាដែលកែច្នៃតាមបែបប្រពៃណីនោះ គឺប្រភេទកាហ្វេពិសេសថ្មីនេះមានគុណភាពខ្ពស់ជាង ហើយតម្លៃសេដ្ឋកិច្ចក៏កើនឡើងពី៣ ដល់៤ ដងដែរ សូម្បីតែ ផលិតផលតែស៊ីរូធ្វើពីសំបក់កាហ្វេក៏មានតម្លៃខ្ពស់ រហូតដល់ ៤៥០,០០០ ដុង/១ គីឡូក្រាមដែរ។
“ពូជកាហ្វេថ្មីនេះ គឺជាពូជគ្រាប់ធំ ពោលគឺគ្រាប់ធំផងនិងមានគុណភាពល្អជាងមុនផង ដូច្នេះ ទើបខ្ញុំចូលរួមផ្លាស់ប្តូរការដាំដុះនេះ។ ខ្ញុំនឹងខិតខំថែទាំចំការនឹងចាំមើល ប្រសិន បើឆ្នាំក្រោយ ចំការនេះផ្តល់ទិន្នផលល្អ ខ្ញុំនឹងបំផ្លាញពូជចាស់ទាំងអស់ ហើយដាំពូជថ្មីទាំងស្រុងជំនួសវិញ”។
មិនត្រឹមតែប៉ុណ្ណោះ សហករណ៍កាហ្វេ Bich Thao ថែមទាំងបន្តពង្រីកទំហំផលិតកម្មរួមបញ្ចូលទាំងលើកកម្ពស់បច្ចេកវិទ្យាកែច្នៃកាហ្វេទៀតផង។ ម្យ៉ាងវិញទៀត សហករណ៍បានជំរុញការកែលម្អពូជកាហ្វេថ្មីដើម្បីជំនួសពូជកាហ្វេបែបប្រពៃណីនិងសហការជាមួយអង្គការ អាជីវកម្ម និងគ្រួសារនានាក្នុងផលិតកម្ម កែច្នៃនិងលក់ផលិតផល។
សហករណ៍បានវិនិយោគលើឧបករណ៍និងម៉ាស៊ីនទំនើបៗ ជាច្រើនសម្រាប់ការផលិតនិងកែច្នៃកាហ្វេ (រូបថត៖ VOV) |
លោក Nguyen Xuan Thao បានឲ្យដឹងថែមទៀតថា ការសហការគ្នាដើម្បីផលិតកម្មនិងការប្រើប្រាស់ផលិតផលរវាងសមាជិកដែលចូលរួមក្នុងផលិតកម្មនិងសហករណ៍បានដំណើរការដោយស៊ីចង្វាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សមាជិកនៃសហករបានបង្កើតផ្នត់គំនិតនៃផលិតកម្មកសិកម្មដែលមានគុណភាពខ្ពស់ កន្លែងខ្លះបានដាំប្រភេទកាហ្វេ THA1 ដោយរួមបញ្ចូលក្នុងចំការកាហ្វេបែបប្រពៃណី ប៉ុន្តែការលំបាកធំបំផុតនៅពេលនេះគឺមិនមានថវិកាគ្រប់គ្រាន់សម្រាប់ជួយឧបត្ថម្ភដល់គ្រួសារក្នុងការដាំពូជកាហ្វេពិសេសថ្មីនេះទេ។
“សហករណ៍បានស្នើដល់មន្ទីរ សាខានិងគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីអាចជួយឧបត្ថម្ភបងប្អូនកសិករអំពីពូជមួយចំណែក ពោលគឺ ឱ្យកសិករដាំពូជកាហ្វេថ្មី THA1 ដើម្បីនាំមកនូវផលប្រយោជន៍មានស្ថេរភាពសម្រាប់អ្នកដាំកាហ្វេ”។
ការផ្លាស់ប្តូរផ្នត់គំនិតក្នុងផលិតកម្មកសិកម្ម ដោយផ្តោតលើការអភិវឌ្ឍត្រឹមត្រូវ ពីផលិតកម្មផលិតផលទៅជាការកែច្នៃដើម្បីកែលម្អខ្សែផលិតផលកាហ្វេរបស់សហករណ៍បានរួមចំណែកបង្កើនប្រាក់ចំណូលសរុបរបស់សហករណ៍កាហ្វេ Bich Thao ដែលក្នុងមួយឆ្នាំ ទទួលបានជាង ៤០ ពាន់លានដុង។
ការដែលសហករណ៍បានខិតខំប្រឹងប្រែងក្នុងការកសាងម៉ាកយីហោ ធានានូវល័ក្ខខ័ណ្ឌសម្រាប់ការពិនិត្យដើម្បីទទួលស្គាល់ស្តង់ដារផ្កាយ ៥ ថ្នាក់ជាតិ បានបង្ហាញពីផ្នត់គំនិតផលិតកម្មកសិកម្មយ៉ាងមានរបៀបរាបរយនិងបំណងប្រាថ្នា អះអាងពីម៉ាកយីហោនិងគុណភាពរបស់កាហ្វេនៅតំបន់ព្រៃភ្នំ Son La ជាមួយនឹងទីផ្សារធំ មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅតាមទីផ្សារអន្តរជាតិទៀតផង៕