ធ្វើទេសចរណ៍ទីក្រុង Da Lat កាន់តែមានភាពងាយស្រួលតាមរយៈកម្មវិធី “Dalat City”
(VOVWORLD) - ទីក្រុង Da Lat មានទីតាំងនៅខេត្ត Lam Dong ដែលត្រូវបានគេចាត់ទុកថាជាកន្លែងទេសចរណ៍និងរមណីយដ្ឋានសម្រាកលំហែកាយឈានមុខគេរបស់វៀតណាម។ ជារៀងរាល់ឆ្នាំ កន្លែងនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់លាននាក់។ ដើម្បីទ្រទ្រង់និងបង្កលក្ខណៈសម្រាប់ភ្ញៀវទេសចរ ខេត្ត Lam Dong បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “ Dalat City” លើស្មាតហ្វូន។ ជាមួយនឹងកម្មវិធីនេះ អ្នកទេសចរអាចទទួលបានយ៉ាងឆាប់រហ័សងាយស្រួលនូវពត៌មានត្រឹមត្រូវនិងការទទួលខុសត្រូវសម្រាប់សេវាធ្វើដំណើរទាំងអស់ដែលបានប្រព្រឹត្តទៅនៅទីក្នុងខ្ពង់រាបមួយនេះជាមិនខាន។
ជាមួយនឹងកម្មវិធី Da Lat City ភ្ញៀវទេសចរនឹងងាយស្រួលក្នុងការធ្វើដំណើរ |
លោក Huynh Hoang Thien Tai អ្នកទេសចរនៅទីក្រុងហូជីមិញបានមកទស្សនានិងសម្រាកលំហែកាយនៅទីក្រុង Da Lat ជាលើកដំបូង ប៉ុន្តែសកម្មភាពទាំងអស់នៃការហូបចុក ការដើរកម្សាន្ត តម្លៃសណ្ឋាគារក៏ដូចជាសេវាកម្មធ្វើដំណើរផ្សេងៗទៀតគឺមានភាពរលូនដូចទៅនឹងការគ្រោងទុកដែរ។ ដើម្បីមានដំណើរទស្សនកិច្ចយ៉ាងងាយស្រួលបែបនេះ គឺដោយសារមុននេះ លោក Hoang បានចំណាយពេលស្វែងយល់និងបច្ចុប្បន្នភាពនូវពីព័ត៌មានចាំបាច់ទាំងអស់ តាមរយៈកម្មវិធី “Dalat City” ត្រូវបានដំឡើងនៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន។ លោក Hoang បានសំណេះសំណាលថា៖ “ផលិតផលនៅក្នុងកម្មវិធីមានភាពសម្បូរបែបណាស់ ខ្ញុំឃើញមានម្ហូបអាហារ មានរមណីដ្ឋានទេសចរណ៍និងមានទាំងព័ត៌មានអំពីព្រឹត្តិការណ៍ឬកន្លែងដែលត្រូវមកទស្សនាដូចជាផ្សារ Da Lat ផ្សារផ្កា ជាដើម។ ទាំងអស់នេះគឺជាអ្វីៗដែលខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះខ្ញុំមិនចាំបាច់ចំណាយពេលសម្រាប់ស្វែងរកកន្លែងទេ ពោលគឺក្នុងកម្មវិធីនេះបានបច្ចុប្បន្នភាពនូវព័ត៌មានសឹងតែទាំងស្រុង។ ខ្ញុំគិតថាខេត្តផ្សេងទៀតក៏គួរដំឡើងកម្មវិធីប្រភេទនេះដែរ»។
ដូចគ្នានេះដែរ លោក Chau Gia Bao អ្នកទេសចរមកពីខេត្ត Dong Nai ក៏ពេញចិត្តនឹងកម្មវិធីលើស្មាតហ្វូនដ៏ឆ្លាតនេះផងដែរ។ ក្រៅពីដឹងពីតំលៃនៃសេវាកម្ម រយៈចម្ងាយនៃទីមកដល់ក៏ដូចជាមធ្យោបាយធ្វើដំណើរ លោក Bao ក៏បានរៀបចំកម្មវិធីធ្វើដំណើរផ្ទាល់ខ្លួន ក្នុងអំឡុងរយៈពេល ៣ ថ្ងៃនៃការដើរកម្សាន្តនិងការសម្រាកលំហែកាយនៅ ទីក្រុង Dalat តែម្តង៖ “កម្មវិធីនេះពោរពេញដោយពត៌មាន ដូចជា សណ្ឋាគារ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន ពោលគឺវាមានប្រយោជន៍ណាស់សំរាប់អ្នកទេស ចរដែលមកដល់ទីក្រុង Da Lat ម្តងៗ ដោយមិនចំណាយពេលស្វែងយល់ ជាមុនទេ។ កម្មវិធី Dalat City គឺសមស្របណាស់សម្រាប់មនុស្សវ័យក្មេង ដែលចង់ទៅលេងកន្លែងជាច្រើនជំវិញទីក្រុង Da Lat”។
មិនត្រឹមតែបម្រើភ្ញៀវទេសចរប៉ុណ្ណោះទេ ឧបករណ៍មួយប្រភេទនេះក៏បានអត្ថប្រយោជន៍សម្រាប់ប្រជាជនទីក្រុង Da Lat ផងដែរ |
កម្មវិធី “Dalat City” គឺជាកម្មវិធីមួយដែលត្រូវបានប្រើប្រាស់លើទូរស័ព្ទស្មាតហ្វូនទាំងអស់ ដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ដោយទីក្រុង Da Lat រួមសហការជាមួយស្ថាប័ន មន្ទីនានារបស់ខេត្ត Lam Dong ក្នុងគោលបំណងធ្វើឱ្យទីក្រុងទេសចរណ៍ Da Lat ក្លាយទៅជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ បន្ទាប់ពីទាញយកពី App Store ឬ Google Play មក កម្មវិធី “Dalat City” នឹងផ្តល់ជូនអ្នកទស្សនានូវព័ត៌មានលំអិត អំពីទីតាំងនិងតម្លៃនៃការស្នាក់នៅ ការដើរកម្សាន្ត ការដើរទិញឥវ៉ាន់ ការបរិភោគម្ហូបអាហារក៏ដូចជា ពត៌មានផ្សព្វផ្សាយ ការបញ្ចុះតម្លៃ សេវាកម្មប្រើប្រាស់ យានយន្តដឹកជញ្ជូន សុទ្ធតែលំអិតតែម្តង។
ក្រៅពីផ្តល់ព័ទ៌មានដ៏លំអិតជូនដល់ភ្ញៀវទេសចរ កម្មវិធីកម្មវិធី Dalat City ក៏ផ្តល់ព័ត៌មានដោយឥតគិតថ្លៃ ដើម្បីសហគ្រាស Da Lat – Lam Dong អាចតភ្ជាប់និងផ្សព្វផ្សាយព័ត៌មានលម្អិតអំពីផលិតផលនិងសេវាកម្មទេសចរណ៍របស់អង្គភាពរបស់ខ្លួន។ លោក Nguyen Thanh Giang តំណាងសណ្ឋាគារ Dalat Plaza បានឱ្យដឹងថា៖ “ខ្ញុំឃើញថាកម្មវិធីនេះពិតជាមានប្រយោជន៍មែន ហើយព័ត៌មាននានារបស់ក្រុមហ៊ុនទេសចរ ណ៍អាចមកដល់ភ្ញៀវទេសចរឱ្យបានចាប់បំផុត។ តាមរយៈកម្មវិធីនេះ យើងអាចផ្សព្វផ្សាយអំពីសេវ៉ាកម្មទេសចរណ៍យ៉ាងងាយស្រួលជាង”។
យោងតាម លោកស្រី Nguyen Thi Bich Ngoc អនុប្រធានមន្ទីរវប្បធម៍ កីឡានិងទេសចរណ៍ Lam Dong គឺកម្មវិធីផ្នែកទន់នេះ ក៏ផ្តល់នូវលេខទូរស័ព្ទ Hotline ដោយមានផ្នែកមួយសម្រាប់អ្នកទស្សនា comment នូវ មតិយោបល់របស់ខ្លួន ពោលគឺពី គុណភាពសេវាកម្ម ព័ត៌មានអវិជ្ជមាន តម្លៃ និងឧប្បត្តិហេតុ ។ល។ ជូនដល់អាជ្ញាធរដើម្បីធ្វើអន្តរាគមន៍និងដោះស្រាយទាន់ពេលវេលា ជួយកែតម្រូវស្ថានភាព ដែលប៉ះពាល់ ដល់រូបភាពទីក្រុង៖ “ភ្ញៀវអាចទទួលបានអត្ថប្រយោជន៍ជាច្រើន អាចកក់បន្ទប់ កក់សំបុត្រតាមអនឡាញដើម្បីសន្សំសំចៃពេលវេលា។ ឧទាហរណ៍ ភ្ញៀវទេសចរដែលចង់ស្នាក់នៅក្នុងសណ្ឋាគារ A អាចទស្សនាមើលប្រភេទបន្ទប់ ដែលអាចរកបានដោយផ្ទាល់ តើតម្លៃបន្ទប់ ថ្លៃប៉ុន្មាន សម្ភារៈបំពាក់នៅក្នុងបន្ទប់មានលក្ខណៈដូចម្តេច ទីតាំងរបស់បន្ទប់ផងដែរ។ តាមរយៈកម្មវិធីនេះ អ្នកអាចរៀបចំដំណើរទស្សនាកម្សាន្តផ្ទាល់ខ្លួន។ ពោលគឺ នៅក្នុងកម្មវិធីនេះ គឺពោរពេញទៅដោយពត៌មានសម្រាប់លោកអ្នក”។ ជាមួយនឹងទិសដៅ កសាង Da Lat ឲ្យក្លាយជាទីក្រុងទេសចរណ៍ឆ្លាត ដោយយកមនុស្សជាគោល។ ក្រោមទម្រង់ចំនួនបី គឺ សហគ្រាស ភ្ញៀវទេសចរ និងស្ថាប័នគ្រប់គ្រងរដ្ឋ កម្មវិធីផ្នែកទន់លើស្មាតហ្វូន Dalat City ត្រូវបានគេចាត់ទុកជា ឧបករណ៍មានប្រយោជន៍និងត្រឹមត្រូវ ដែលរួមចំណែកយ៉ាងសកម្មក្នុងការជួយឲ្យទីក្រុង Da Lat ក្លាយទៅជាគោលដៅដ៏គួរអោយទាក់ទាញ គួរឱ្យចាប់អារម្មណ៍និងពេញចិត្តបំផុតសម្រាប់ភ្ញៀវទេសចរគ្រប់រូប ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ផងដែរ៕