នារីជនជាតិ Mong ជួយប្រជាកសិករលក់ផលិតផលតាមរយៈបច្ចេកវិទ្យាឌីជីថល
(VOVWORLD) - Ma Thi Chu កើតក្នុងឆ្នាំ ១៩៩១ ជនជាតិ Mong នៅទីរួមស្រុក Muong Khuong ខេត្ត Lao Cai បច្ចុប្បន្នជាម្ចាស់សហករណ៍កសិកម្មចំនួន ៣ កន្លែង។ កើតនិងធំដឹងក្តីនៅតំបន់ភ្នំនៃឃុំ Ta Ngai Cho ហើយកុមារភាពរបស់នាងបានឆ្លងកាត់ការលំបាកជាច្រើន ដូច្នេះធ្វើឲ្យកញ្ញា Ma Thi Chu តាំងចិត្តដើម្បីងើបចេញរួចផុតពីភាពក្រីក្រ។ ផ្តើមពីទីនោះ កញ្ញា Chu “បានបោះជំហាន” ចូលទៅក្នុងវិស័យកសិកម្ម។ នាងបានអនុវត្តន៍ បច្ចេកវិទ្យាឌីជីថលដើម្បីប្រើប្រាស់ផលិតផលកសិកម្ម និងកែច្នៃផលិតផលកសិកម្មក្នុងតំបន់ ជួយប្រជាជននឹងនរចិត្តក្នុងការអភិវឌ្ឍផលិតកម្ម។
កញ្ញា Ma Thi Chu (អង្គុយកណ្តាល) ណែនាំបងប្អូនស្រីផ្សាយផ្ទាល់លក់ទំនិញ (រូបថត៖ baodantoc.vn) |
កញ្ញា Chu បានចែករំលែកថា៖ ពីមុននេះ គ្រួសារនាងមានជីវភាពក្រីក្រណាស់។ យ៉ាងណាមិញ ចាប់តាំងពីពេលដែលម្ដាយនាងទៅលក់ក្រណាត់ចរបាប់មក គ្រួសារមានលុយ ទើបស្ថានភាពគ្រាន់បើជាង។ ដោយសារបានឃើញអ្នកម្តាយព្យាយាមទៅលក់ផលិតផលក្រណាត់ចរបាប់ កញ្ញា Chu មានការស្ងើចសរសើរអ្នកម្តាយយ៉ាងខ្លាំងណាស់។ នៅថ្នាក់ទី៧ កញ្ញា Chu ចាប់ផ្តើមទៅលក់របស់របរជួយម្តាយ ប៉ុន្មានឆ្នាំក្រោយមក នាងត្រូវបានអ្នកម្តាយអនុញ្ញាតិអោយទៅលក់ដូរដោយខ្លួនឯង ដើម្បី បង់ថ្លៃសាលា។
ជាពិសេសនៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង ការរកស៊ី និងធ្វើជំនួញរបស់ Ma Thi Chu ក៏ជួបការលំបាកជាច្រើន ប៉ុន្តែដោយមានភាពរហ័សរហួនរបស់ខ្លួន នាងបានប្តូរមកលក់អនឡាញវិញ។ កញ្ញា Chu បាន Live ផ្ទាល់ ហើយលក់ផ្ទាល់នៅចំការយ៉ាងមានប្រសិទ្ធភាពនូវផលិតផល ដូច ក្រូចឃ្វិច ផ្លែព្រូន ជាដើម។ កញ្ញា Chu បានឲ្យដឹងថា៖ “នាងខ្ញុំប្រកបមុខរបរលក់ដូរតាំងពីនៅក្មេង ម្កោះហើយខ្ញុំមានទំនាក់ទំនងជាមួយពាណិជ្ជករច្រើនណាស់។ ប៉ុន្តែចាប់តាំងពីជំងឺរាតត្បាតលេចឡើង នាងខ្ញុំមិនធ្វើដំណើរច្រើនទេ អាជីវកម្មក៏ពិបាក ដូច្នេះ នាងខ្ញុំចំណាយពេលស្ទើរតែពេញមួយឆ្នាំសម្រាប់ការសិក្សា ស្រាវជ្រាវ វិធីលក់តាមអនឡាញ។ ពេលនោះ នាងខ្ញុំគិតថា ខ្លួនក៏មានទេពកោសល្យក្នុងការនិយាយ ហើយយល់យ៉ាងស៊ីជម្រៅអំពីវិស័យដែលខ្លួនកំពុងប្រកបរបរ ហេតុអ្វីបានជាយើងមិនធ្វើដូចគេ។ ដំបូងឡើយ ការលក់តាមអនឡាញគឺពិបាកណាស់។ ពេលថ្ងៃខ្ញុំទៅធ្វើការស្ទើរតែគ្រប់ពេល មានតែពេលយប់ទេ ខ្ញុំរៀនពីម៉ោង ២១ ដល់ម៉ោង ២៤យប់ ពេលព្រឹក ពីម៉ោង ៥ ដល់ ៧ ឆ្លៀតឱកាសរៀនជំនាញនិយាយ រួមទាំង ការអភិវឌ្ឍផ្ទាល់ខ្លួន ជំនាញទីផ្សារ ឧបករណ៍ ពោលគឺគ្រប់បែបយ៉ាងដើម្បីខ្ញុំមានការអភិវឌ្ឍដូចសព្វថ្ងៃ”។
ដោយបានយល់ច្បាស់ថា ការលក់តាមបណ្តាញសង្គមមានប្រសិទ្ធភាពខ្ពស់ បើប្រៀបធៀបទៅនឹងការលក់បែបប្រពៃណី ឬការតាំងពិពណ៌ ពីព្រោះទម្រង់នៃការលក់ទាំងនោះមានតែអ្នកដែលមកទិញដោយផ្ទាល់ប៉ុណ្ណោះដែលដឹងពីផលិតផល។ នៅពេលលក់តាមរយៈការផ្សាយផ្ទាល់ មនុស្សចាប់អារម្មណ៍ គេនឹងចែករំលែកជាមួយមនុស្សផ្សេងទៀត តាមនោះការគ្របដណ្តប់ទីផ្សារមានទំហំធំ និងលឿន។ កញ្ញា Ma Thi Chu បានចែករំលែកថា៖“នាងខ្ញុំបានឃើញថា នៅពេលដែលខ្ញុំទៅពិព័រណ៍ផ្លែក្រូចខ្វិតនៅទីក្រុងហាណូយ។ នៅឆ្នាំនោះ ខ្ញុំបានឃើញថា ការធ្វើបែបនោះគឺពិបាកណាស់។ បើធៀបនឹងពេលនេះពេលខ្ញុំដាក់ពាក្យលក់តាមអ៊ីនធឺណិត ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន។ ដូចពីមុន អំឡុងពេលប៉ុន្មានថ្ងៃទើបលក់បានពីរបី តោន ឥឡូវមួយថ្ងៃក៏លក់បានប៉ុណ្ណឹងដែរ”។
កញ្ញា Ma Thi Chu ពិនិត្យប្រេងចម្រាញ់ដែលផលិតពីកសិផល (រូបថត៖ baodantoc.vn) |
មិនត្រឹមតែលក់តាមអនឡាញទេ កញ្ញា Chu ក៏ណែនាំឲ្យបងប្អូននារីក្នុងភូមិរៀនពីរបៀបលក់អនឡាញដែរ។ កញ្ញា Chu បានចាប់ផ្តើមបង្កើត Zoom (កម្មវិធីជំនាញសម្រាប់កិច្ចប្រជុំ និងធ្វើការអនឡាញ) ដើម្បីផ្លាស់ប្តូររបៀបលក់អនឡាញ ហើយក្នុងពេលមួយនាងបានណែនាំឲ្យបងប្អូននារីចំនួនជាង ២០នាក់។ បន្តពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឥឡូវនេះ ថ្នាក់រៀនអនឡាញរបស់កញ្ញា Chu មានអ្នកតាមដានច្រើន ហើយចង់ចូលរួមថ្នាក់រៀនជាមួយនាង។ កញ្ញា Chu មានបំណងចង់អភិវឌ្ឍន៍ឆានែលនេះយ៉ាងខ្លាំងក្លា ដោយណែនាំយុវជន និងបងប្អូននារីជាច្រើនឱ្យធ្វើដូចគ្នានឹងនាងដើម្បីឱ្យពួកគេមានការយល់ដឹងអំពីការអភិវឌ្ឍខ្លួនឯង និងស្វ័យភាពសេដ្ឋកិច្ច។
“មិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ ប៉ុន្តែមិនមែនមានន័យថា គ្រប់គ្នាមិនអាចធ្វើទៅបានដែរ យើងគ្រាន់តែមិនទាន់បានផ្តោតអារម្មណ៍នៅឡើយ។ គ្រប់យ៉ាងត្រូវការការវិនិយោគ បើអ្នកខំប្រឹងប្រែងនឹងទទួលបានលទ្ធផលជាពុំខាន”។
យ៉ាងណាមិញ សម្រាប់កសិករ ជាពិសេសកសិករនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ការប្រើប្រាស់ផលិតផលកសិផលមិនមែនពេលណាចេះតែអំណោយផលទាំងអស់នោះទេ។ Ma Thi Chu បានសញ្ជឹងគិតពីវិធីជួយប្រជាជន ឱ្យប្រើប្រាស់ផលិតផលកសិកម្មទាំងអស់។ គិតហើយចាប់ដៃធ្វើភ្លាម កញ្ញា Chu បានប្រមូលផ្តុំមិត្តភក្តិ បង្កើតសហករណ៍សហគមន៍ Muong Khuong ដោយនាងជានាយករង មានជំនាញក្នុងការទិញកសិផលពីផ្លែក្រូចឃ្វិត ចេក ផ្លែព្រូន ដើម្បីកែច្នៃ បង្កើតទៅជាផលិតផលសម្បូរបែប ដូចជា ស្រា ទឹកសីរូ ឬប្រេងចម្រាញ់ជាដើម។ ជារៀងរាល់ឆ្នាំ សហករណ៍របស់កញ្ញា Chu បានបង្កើតការងារជូនពលករតាមរដូវក្នុងស្រុករាប់រយនាក់ ដោយទទួលបានប្រាក់ចំណូលពពី ៨លានដុង/ខែ។
នៅឆ្នាំ ២០២១ សហករណ៍បានដាក់សំណុំឯកសារដើម្បីចូលរួមក្នុងកម្មវិធី OCOP ហើយបានទទួលឯកសារពីក្រុមប្រឹក្សាវាយតម្លៃផលិតផល OCOP ដែលអនុម័តលើគំនិតនៃផលិតផលដែលមានសិទ្ធិចូលរួមក្នុងកម្មវិធី OCOP សម្រាប់ស៊ីរ៉ូខ្វិត និងប្រេង ក្រូចឃ្វិច។ ចែករំលែកទិសដៅនាពេលអនាគត Ma Thi Chu បាននិយាយថា៖
“ខ្ញុំចង់ក្លាយជាគ្រូបណ្តុះបណ្តាលបំផុសគំនិតនាពេលអនាគតសម្រាប់សិស្សដទៃទៀតដែលមានស្ថានភាពស្រដៀងគ្នា។ ខ្ញុំក៏ចង់មានផលិតផលរបស់ខ្ញុំដែលជាប់ពាក់ព័ន្ធនឹងម៉ាកយីហោផ្ទាល់ខ្លួនដែលភ្ជាប់ជាមួយអត្តសញ្ញាណនៃស្រុកកំណើតរបស់ខ្លួន។ នាងខ្ញុំយល់ថា ខ្លួនឯងឥឡូវនេះនៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ នៅតែព្យាយាមកែលម្អនិងរៀនជារៀងរាល់ថ្ងៃដែរ”។
ពីការលក់តាមអនឡាញ ឥឡូវនេះ Ma Thi Chu ក៏បានផ្សាយផ្ទាល់ផងដែរ ដើម្បីចែករំលែកទេសភាព ទំនៀមទម្លាប់នៃស្រុកកំណើតរបស់នាង។ នាងសង្ឃឹមថា ទៅថ្ងៃអនាគត នាងនឹងកសាងគំរូកសិកម្មស្អាត ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ជួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឈានឡើងក្លាយជាអ្នកមាន៕