បញ្ញាដ៏ឈ្លាសវៃនៅក្នុងសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong
(VOVWORLD) - ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ សៀវភៅដ៏មានតម្លៃជាច្រើនក្បាលរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានបង្ហាញមុខដល់សំណាក់មិត្តអ្នកអាន។ ទាំងនោះគឺជាសៀវភៅដ៏មានតម្លៃ ដែលសង្ខេបសុន្ទរកថា ការសំណេះសំណាល និងការណែនាំរបស់លោកអគ្គលេខាបក្ស; បង្ហាញពីការត្រិះរិះយ៉ាងមុតស្រួច និងចក្ខុវិស័យនយោបាយដ៏ឆ្លាតវៃរបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាមលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។
សៀវភៅ “កសាងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជាតិ” របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
(រូបថត៖ bvhttdl.gov.vn) |
ក្នុងចំណោមស្នាដៃបោះពុម្ពផ្សាយរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong អំពីបញ្ហាជាមូលដ្ឋាននានាក្នុងបុព្វហេតុកសាង ការពារមាតុភូមិ ការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍប្រទេសជាតិដែលបានបោះពុម្ពផ្សាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សៀវភៅដោយមានចំណងជើងថា “កសាងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជាតិ” ដែលត្រូវបានបង្ហាញមុខនាថ្ងៃទី ២១ ខែមិថុនា កន្លងទៅ គឺជាស្នាដៃបោះពុម្ពផ្សាយដែលមានខ្លឹមសារធំ៖ ៩២៧ ទំព័រ។ សៀវភៅនេះបានឆ្លុះបញ្ចាំងពីបញ្ហាមួយដែលលោកអគ្គលេខាបក្ស មានការជក់ចិត្តបំផុត ការខ្វល់ខ្វាយបំផុត និងការយល់ដឹងយ៉ាងជ្រៅជ្រះបំផុត។
ជាមួយនឹងបញ្ញាដ៏ឈ្លាសវៃ និងការយល់ដឹងយ៉ាងទូលំទូលាយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើឱ្យស៊ីជម្រៅ រស់រវើកថែមទៀតនូវគោលការណ៍ជាមូលដ្ឋានអំពីវប្បធម៌ តាមនោះវប្បធម៌គឺជាគុណតម្លៃ ដួងព្រលឹង កម្លាំងរស់ និងកម្លាំងពលំរបស់ប្រជាជាតិ។ នៅក្នុងសៀវភៅនេះ លោកអគ្គលេខាបក្ស បានបញ្ជាក់ថា ត្រូវអភិវឌ្ឍន៍វប្បធម៌ដោយស្មើគ្នាជាមួយនឹងនយោបាយ សេដ្ឋកិច្ច សង្គម ដោយផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយនឹងការអភិវឌ្ឍវប្បធម៌ ការលើកកម្ពស់ជីវភាពវប្បធម៌ ធ្វើឱ្យវប្បធម៌ជ្រាបចូលយ៉ាងជ្រាលជ្រៅទៅក្នុងគ្រប់ទិដ្ឋភាព គ្រប់វិស័យ គ្រប់ទំនាក់ទំនងនៃជីវភាព បង្កើតនិងពង្រីកប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃក្រុមគ្រួសារ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កំណត់ស្តង់ដារនៃតម្លៃសីលធម៌ និងបង្កើតកម្លាំងរបស់មនុស្សវៀតណាម។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានអះអាងថា៖
“សៀវភៅនេះមានតម្លៃដ៏ធំសម្បើម ពីព្រោះវាមិនត្រឹមតែជាផលិតផលពីបញ្ញាផ្ទាល់ខ្លួនរបស់លោកអគ្គលេខាបក្សប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត សៀវភៅនេះត្រូវបានយល់ថា ជាសំណង់វិទ្យាសាស្ត្រជាប្រព័ន្ធ ដោយប្រមូលផ្តុំនូវសតិអារម្មណ៍ ទស្សនៈដឹកនាំ សុន្ទរកថា និងអត្ថបទសរសេរ របស់ប្រមុខបក្សកុម្មុយនិស្តវៀតណាម អំពីអត្តចរិត និងលក្ខណៈនៃវប្បធម៌វៀតណាម អំពីតួនាទី និងបេសកកម្មនៃវប្បធម៌ ដូចប្រភពធនធានផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព អំពីការតភ្ជាប់វប្បធម៌ជាមួយសេដ្ឋកិច្ច និងនយោបាយ អំពីការថែរក្សាតម្លៃវប្បធម៌ប្រពៃណីបដិវត្តន៍ និងការអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យថ្មីផងដែរ”។
“ពង្រីកប្រពៃណីមហាសាមគ្គីជនជាតិទាំងមូល កសាងប្រទេសជាតិយើងឲ្យកាន់តែសម្បូររុងរឿង រឹងមាំ អរិយធម៌ និងសុភមង្គល” គឺជាសៀវភៅរបស់លោកអគ្គលេខាបក្ស ស្តីពីការពង្រីកកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលបច្ចុប្បន្ន។ សៀវភៅនេះបានសង្ខេបតថភាពជាក់ស្ដែង បំពេញបន្ថែម និងលើកកំពស់ទ្រឹស្តីអំពីបុព្វហេតុមហាសាមគ្គីជនជាតិទាំងមូល ដែលត្រូវបានស្រាវជ្រាវ វិភាគយ៉ាងជ្រាលជ្រៅ ព្រមទាំងប្រមូលឯកសារ រូបភាព អត្ថបទសរសេរ និងសុន្ទរកថាដ៏លេចធ្លោ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់រណសិរ្សមាតុភូមិ អង្គការនយោបាយសង្គម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ នោះគឺជាសតិអារម្មណ៍ដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ សក្ខីភាព និងតថភាពជាក់ស្តែងអំពីមហាសាមគ្គីជនជាតិទាំងមូល ជាមួយនឹងរចនាប័ទ្មសរសេរដ៏សាមញ្ញ ងាយយល់ ងាយចងចាំ ស៊ីជម្រៅ និងដក់ជាប់ក្នុងចិត្តមនុស្ស។ លោក Huynh Dam អតីតប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖
“តាំងពីដើមមក បក្សបានកំណត់ថា បើចង់ឲ្យបុព្វហេតុបដិវត្តន៍ទទួលជោគជ័យ ត្រូវតែជឿជាក់ ពឹងផ្អែក និងពង្រីកកម្លាំងជាតិទាំងមូល; ត្រូវតែបញ្ជាក់ថា "យកប្រជាជនជាឫសគល់"។ ទស្សនៈទាំងនេះត្រូវបានលោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលមរតក លើកកំពស់ឲ្យកាន់តែសុក្រិត។ លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងសុន្ទរកថារបស់ខ្លួន បានអះអាងថា៖ មហាសាមគ្គីភាព គឺជាកត្តាសម្រេចកំណត់ជ័យជំនះប្រកបដោយនិរន្តរភាពនៃបុព្វហេតុបដិវត្តន៍វៀតណាម”។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
លោក Le Hoai Trung។ (រូបថត៖ baoquocte.vn) |
ក្នុងពេលជាមួយគ្នានោះ សៀវភៅដោយមានចំណងជើងថា “កសាងនិងអភិវឌ្ឍន៍កិច្ចការបរទេសនិងការទូតវៀតណាមគ្រប់ជ្រុងជ្រោយ ទំនើប ពោរពេញទៅដោយអត្តសញ្ញាណ “ដើមឬស្សី
វៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បង្ហាញមុខនាថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០២៣ បានសង្ខេបសតិអារម្មណ៍ស្នូលៗនៃកិច្ចការបរទេស និងការទូតវៀតណាម ក្នុងប្រវត្តិសាស្ត្រជាតិរាប់ពាន់ឆ្នាំ។ មតិជាច្រើនបានចាត់ទុកសៀវភៅនេះថា ជាស្នាដៃដ៏ធំបំផុត ល្អិតល្អន់បំផុត និងរស់រវើកបំផុតតាំងពីមុនមក ដែលបញ្ជាក់យ៉ាងច្បាស់នូវអត្តសញ្ញាណដ៏វិសេសវិសាលនិងខ្ជាប់ខ្ជួននៃកិច្ចការបរទេស និងការទូតវៀតណាម។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖
“នេះគឺជាសៀវភៅដំបូងគេ ដែលបានរៀបចំជាប្រព័ន្ធនូវអត្ថបទសរសេរ និងសុន្ទរកថាសំខាន់ៗរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងមុខតំណែងដឹកនាំផ្សេងៗគ្នាក្នុងវិស័យកិច្ចការបរទេស។ លោកអគ្គលេខាបក្ស ជាមនុស្សដែលបានសង្ខេបនិងអភិវឌ្ឍន៍ទ្រឹស្ដី លើកឡើងសតិអារម្មណ៍ ដោយឈរលើមូលដ្ឋាននៃការទទួលមរតកប្រពៃណីរបស់ប្រជាជាតិវៀតណាម និងសតិអារម្មណ៍ហូជីមិញ តាមរយៈការងារទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៃកិច្ចការបរទេស ដើម្បីឲ្យយើងអាចកសាង និងអភិវឌ្ឍន៍កិច្ចការបរទេសនិងការទូតគ្រប់ជ្រុងជ្រោយ ទំនើប ពោរពេញទៅដោយអត្តសញ្ញាណដើមឫស្សីវៀតណាម”។
ទន្ទឹមនឹងនោះ សៀវភៅរបស់លោកអគ្គលេខាបក្សស្តីពីការផ្លាស់ប្ដូរថ្មីរដ្ឋសភា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ គោលមាគ៌ាយោធា យុទ្ធសាស្ត្រការពារជាតិ... ក៏បានបង្ហាញពីបញ្ញាឈ្លាសវៃ ការត្រិះរិះមុតស្រួច និងភាពច្នៃប្រឌិតរបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាមផងដែរ។ នេះជាឃ្លាំងឯកសារដ៏មានតម្លៃ ជាទិសដៅដ៏ធំធេងសម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន និងនាពេលខាងមុខ៕