(VOVWORLD) - ក្នុងរដូវកាលជំងឺរាតត្បាតបានផ្ទុះឡើងនោះ ប្រជាជននៅទូទាំងប្រទេសបានផ្លាស់ប្តូរទម្លាប់ និងជីវភាពរស់នៅ ពោលគឺមិនត្រឹមតែស្វែងរកភាពសប្បាយរីករាយតូចៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងរួមកម្លាំងកាយចិត្ត ចែករំលែកជាមួយប្រទេសជាតិក្នុងគ្រាលំបាក។ ការងារទាំងនេះនឹងជួយពង្រឹងជំនឿទុកចិត្តដល់ប្រជាជន ដើម្បីជំនះពុះពារលើជំងឺរាតត្បាតផងដែរ។
អង្ករសម្រាប់ជនក្រីក្រនៅវៀតណាម |
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងតៅ កស្មារតីជួយគ្នាទៅវិញទៅមក ស្រុះចិត្តគំនិត ស្រុះកម្លាំងកាយចិត្ត រួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 របស់ប្រជាជនត្រូវបានបំផុសឡើងយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសជាថ្មីម្ដងទៀត។ ចែករំលែកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដល់ទីកន្លែងដែលត្រូវបិទផ្លូវ សណ្ឋាគារត្រូវបានប្រើប្រាស់ទៅជាតំបន់ដាក់ឲ្យនៅដាច់ដោយឡែកដោយស្ម័គ្រចិត្ត សប្បុរសជនសិល្បៈករ បានម្ចាស់ការរៃអង្គាសទឹកប្រាក់ ចែករំលែកជាមួយសហគមន៍។ សកម្មភាពទាំងនេះ បានបង្កើតឡើងកម្លាំងរីកសុះសាយយ៉ាងស៊ីជម្រៅ និងខ្លាំងក្លា។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាល ប្រជាជននៅទូទាំងប្រទេសបានកាត់បន្ថយការធ្វើដំណើរនៅតាមវិថីជាអតិបរមា។ នាប៉ុន្មានថ្ងៃថ្មីៗនេះ នៅគ្រប់ទីកន្លែងនៃទីក្រុងហាណូយគឺសុទ្ធតែមានសភាពស្ងប់ស្ងាត់។ ប្រជាជនគ្រប់រូបបានបន្សាំនឹងស្ថានភាពរស់នៅនាបច្ចុប្បន្ននេះ។ អ្នកស្រី Nguyen Thi Huyen នៅខុនដូ My Dinh ទីក្រុងហាណូយបានចែករំលែកថា៖
“អគារខុនដូ ដែលខ្ញុំកំពុងរស់នៅ មាន ជនជាតិកូរ៉េខាង ត្បូងរស់នៅ ច្រើនណាស់ ដូច្នេះគេបានវាយតម្លៃថា នេះគឺជាទីកន្លែងដែល មានស្ថានភាព ជំងឺ រាតត្បាតដ៏ស្មុគស្មាញ។ ទន្ទឹមនឹងនេះ សមាជិកក្នុងគ្រួសារខ្ញុំសុទ្ធតែ មានការយល់ងដឹងអំពីជំងឺរាតត្បាត Covid ទើបយើងខ្ញុំមិនសូវព្រួយបារម្ភច្រើនទេ។ ក្នុងរយៈពេល ១-២ សប្តាហ៍ខាងមុខ ជំងឺរាតត្បាត Covid នឹងឈានដល់កំរិតកំពូលប៉ុន្តែខ្ញុំជឿជាក់ថាដោយមានការបញ្ជាណែនាំរបស់
សកម្មភាពជូនចំណីអាហារដល់ជនក្រីក្រ |
រដ្ឋាភិបាល មានការរួមដៃគ្នារបស់ប្រទេសជាតិទាំងមូល ការយល់ដឹងរបស់មនុស្សគ្រប់រូប និងក្រុមគ្រួសារនីមួយៗនោះ ជំងឺរាតត្បាតនឹងត្រូវរុញថយក្រោយពុំខាន“។
ជំងឺរាតត្បាត COVID 19 បានបណ្តាលឱ្យសិស្សានុសិស្ស និងនិស្សិតរាប់លាននាក់នៅទូទាំងប្រទេសត្រូវឈប់សម្រាក។ ហើយទន្ទឹមនឹងការសិក្សារៀនសូត្រតាមរយៈអនឡាញ និងទូរទស្សន៍នោះ គ្រួសារជាច្រើនក៏ឆ្លៀតពេលវេលា ដើម្បីបង្រៀនឲ្យកូនៗនៅផ្ទះផងដែរ។
“ជាធម្មតាប្អូនរវល់ទៅសាលារៀនណាស់ ទើបមិនសូវធ្វើការងារនៅផ្ទះឡើយ។ ប៉ុន្តែ នាបច្ចុប្បន្ននេះ ដោយបានឈប់សម្រាកនៅផ្ទះ ដោយសារជំងឺរាតត្បាត ទើបប្អូនបានធ្វើការបោសសំអាតផ្ទះ និងរៀបចំទុកដាក់អីវ៉ាន់ផងដែរ“។
“ខ្ញុំចេះរបៀបចម្អិនពងមាន់ នំបញ្ចុក សម្លក្តាម និងសម្លស្លឹកងប់ហើយ។ ទន្ទឹមនឹងនេះ ខ្ញុំក៏ចេះដាំបាយ និងធ្វើការងារកំប៉ិកកំប៉ុកដូចជា បោសសម្អាតផ្ទះ និងបោកសម្លៀកបំពាក់ផងដែរ “។
បន្ទាប់ពី ក្រសួងព័ត៌មាននិងគមនាគមន៍ និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីបំផុសផ្ញើសារជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 មក ខេត្ត Quang Ninh មានអង្គការ បុគ្គលបានចូលរួមយ៉ាងសកម្ម ហើយជួយជ្រោមជ្រែងសកម្មភាពនេះ ក្នុងស្មារតីថា ថវិកាទាំងអស់ដែលទទួលបាននឹងត្រូវបានប្រើប្រាស់សម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19។
អ្នកស្រី Le Thi Huong មកពីសង្កាត់ Yet Kieu ទីក្រុង Ha Long ខេត្ត Quang Ninh ក៏បានចូលរួមជួយជ្រោមជ្រែងចលនានេះដែរ។ អ្នកស្រី Le Thi Huongមានហាងគុយទាវកាត់តូចមួយដែលបានដំណើរការអស់រយៈពេល ១០ ឆ្នាំមកហើយ។ ទោះបីជាការលក់ដូរបានធ្លាក់ចុះដោយសារជំងឺរាតត្បាតក៏ដោយ ប៉ុន្តែ ដោយយល់ដឹងពីការលំបាករបស់កម្លាំងគ្រូពេទ្យ និងប្រជាជនដែលត្រូវស្នាក់នៅដាច់ដោយឡែកនោះ អ្នកស្រីបានពិភាក្សាជាមួយប្ដី ហើយសម្រេចចិត្តជួយឧបត្ថម្ភចំណីអាហារសម្រាប់មនុស្សរាប់រយនាក់នៅមន្ទីរពេទ្យដាក់នៅដាច់ដោយឡែកពិសេសលេខ ២ របស់ខេត្ត Quang Ninh។ អ្នកស្រីបានចែករំលែកថា៖
“ខ្ញុំ និងប្ដីបានខិតខំប្រឹងប្រែងធ្វើចំណីអាហារពេញមួយយប់។ នៅពេលប្រជាជនទទួលទានចំណីអាហារទាំងនេះ គឺពិតជាសប្បាយរីយរាយណាស់។ នេះគឺជាការរួមចំណែកដ៏តិចតូចរបស់គ្រួសារខ្ញុំ ដើម្បីជួយឧបត្ថម្ភគ្រូពេទ្យ ក៏ដូចជាប្រជាជនដែលត្រូវស្នាក់នៅដាច់ដោយឡែកពីគេផងដែរ“។
ដោយមានគោលបំណងចង់រួមដៃគ្នាជាមួយបណ្តាមូលដ្ឋាន និងសហគមន៍ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ Covid-19 នោះ សណ្ឋាគារលំដាប់ផ្កាយ ៤ នៅសង្កាត់ Hung Thang ទីក្រុង Ha Long បានធ្វើជាតំបន់ដាក់នៅដាច់ដោយឡែកសម្រាប់ភ្ញៀវទេសចរ ដែលវិលត្រឡប់មកវៀតណាមពីតំបន់ផ្ទុះជំងឺរាតត្បាត។ ម្ចាស់សណ្ឋាគារក៏បានផ្ដល់បន្ទប់ អាហារនិងសេវាកម្មបោកសំលៀកបំពាក់ ដោយឥតគិតថ្លៃជូនភ្ញៀវចំនូន ១៥៧ នាក់ ដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅសណ្ឋាគារនេះដែរ។ លោកស្រី Bui Thi Thuy Hanh នាយិកាសណ្ឋាគារ Bao Minh Radiant បានឲ្យដឹងថា៖
“ភ្ញៀវបរទេសដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅទីនេះបានថ្លែងអំណរគុណដល់សណ្ឋាគារ ខេត្ត Quang Ninh និងវៀតណាម។ ខ្ញុំចង់បញ្ជូនសារថា នៅពេលប្រទេសរីកចម្រើន និងមានសុវត្ថិភាព យើងពិតជាមានសុវត្ថិភាពដែរ។ នៅពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹង
ការរីករាលដាលនៃជំងឺនេះ ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងរួមដៃគ្នាដោយអស់ពីកម្លាំងកាយចិត្ត ដើម្បីរុញថយក្រោយជំងឺរាតត្បាតផងដែរ“។
នៅចំពោះមុខនឹងជំងឺរាតត្បាត សកម្មភាពល្អប្រៃជាច្រើន ត្រូវបានរីកសុះសាយក្នុងស្មារតីជួយគ្នាទៅវិញទៅមក។ ពលរដ្ឋគ្រប់រូបសុទ្ធតែជាយុទ្ធជន រួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត បង្កើតសហគមន៍មួយប្រកបដោយត្តាករណា សមាគ្គីភាព និងសុវត្ថិភាពផងដែរ៕