ប្រជាជន Xo Dang ក្លាយទៅជាអ្នកមានពីការដាំរុក្ខជាតិឱសថ
(VOVWORLD) - ប្រជាជនចំនួន ៩៥% នៅស្រុក Tu Mo Rong ខេត្ត Kon Tum ជាជនជាតិ Xo Dang។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុវត្តន៍គោលដៅអភិវឌ្ឍន៍រុក្ខជាតិ ឱសថ ប្រជាជនជនជាតិ Xo Dang បានជម្រុញកម្លាំងពលកម្ម ផលិតកម្ម និងធ្វើអ្នកមានពីភូមិសាស្ត្រនៃស្រុកកំណើតរបស់ខ្លួន។
លោក A Linh ពិនិត្យដើមយិនស៊ិន Ngoc Linh របស់គ្រួសារ (រូបថត៖ VOV) |
ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី លោក A Linh ដែលរស់នៅភូមិ Pu Ta ឃុំ Mang Ri ស្រុក Tu Mo Rong តែងតែមានវត្តមាននៅក្នុងចំការយិនស៊ិន Ngoc Linh របស់គ្រួសារលោក។ រដូវនេះយិនស៊ិន Ngoc Linh ស្ថិតក្នុងដំណាក់កាល “លង់លក់ក្នុងរដូវរងារ” ប៉ុន្តែអ្នកដាំមិនបានលង់លក់ទេ ពោលគឺត្រូវថែទាំចំការកុំឲ្យសត្វកំប្រុក កណ្ដុរ និងសត្វព្រៃជាច្រើនដែលបំផ្លាញឫសយិនស៊ិន។ លោក A Linh ជាមហាសេដ្ឋីយិនស៊ិនម្នាក់ក្នុងចំណោមមហាសេដ្ឋីយិនស៊ិន Ngoc Linh ដទៃទៀតនៅស្រុក Tu Mo Rong ដោយមានចំការយិនស៊ិនដែលមានដើមឈើអាយុច្រើនឆ្នាំប្រហែល ៥.០០០ ដើម។ អញ្ជើញចែករំលែកអំពីដំណើរការរួចផុតពីភាពក្រីក្រពីការដាំដុះយិន ស៊ិន Ngoc Linh លោក A Linh បានឲ្យដឹងថា៖ “ខ្ញុំបានខ្ចីប្រាក់ចំនួន ១០០ លានដុង (ស្មើនឹង ៤.០០០ ដុល្លារអាមេរិក) ដើម្បីទិញពូជយិនស៊ិន Ngoc Linh មកដាំ។ ជាសំណាងល្អ ការខ្ចីប្រាក់សម្រាប់វិនិយោគលើយិនស៊ិនបានអភិវឌ្ឍដោយជោគជ័យ និងមានប្រសិទ្ធភាព ធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង”។
សម្រាប់ប្រជាជនជនជាតិ Xo Dang នៅស្រុក Tu Mo Rong ថ្វីត្បិតតែរស់នៅជុំវិញតំបន់សម្គាល់ភូមិសាស្ត្រយិនស៊ិន Ngoc Linh ក៏ដោយ ប៉ុន្តែការដាំដុះប្រភេទឱសថមានតម្លៃសេដ្ឋកិច្ចខ្ពស់នេះគឺមិនងាយស្រួលទេ។ បញ្ហាប្រឈមមុខដ៏ធំមួយ នោះគឺតម្លៃលក់ពូជយិនស៊ិន Ngoc Linh ខ្ពស់ ប្រហែល ១០០.០០០ ដុង (ជាង ៤ ដុល្លារអាមេរិក)/១គ្រាប់ និង តម្លៃ ៣០០.០០០ ដុង (១៣ ដុល្លារអាមេរិក) សម្រាប់ដើមយិនស៊ិនដែលមានអាយុ ១ ឆ្នាំ។ នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះ ដើម្បី ជួយប្រជាជនដាំយិនស៊ិន Ngoc Linh អាជ្ញាធរស្រុក Tu Mo Rong បានជួយឧបត្ថម្ភទុនសម្រាប់ប្រជាជន Xo Dang ដើម្បីអភិវឌ្ឍយិនស៊ិន Ngoc Linh។ លោក A Son ដែលជាគ្រួសារក្រីក្រមួយបានខ្ចីប្រាក់ចំនួន ១០០ លានដុង (៤.០០០ ដុល្លារអាមេរិក) ពីធនាគារគោលនយោបាយសង្គមនៃស្រុក Tu Mo Rong ដើម្បីទិញគ្រាប់ពូជយិនស៊ិន Ngoc Linh។ មកដល់ពេលនេះ ចំការយិនស៊ិនរបស់លោកមានរុក្ខជាតិយិនស៊ិនចំនួន ៣០០០ ដើមហើយ។ លោក A Son បានចែករំលែកថា៖ “បច្ចុប្បន្ននេះ តម្លៃយិនស៊ិនគឺខ្ពស់ណាស់។ ដំបូងឡើយ ប្តីប្រពន្ធយើងពីរនាក់មានការស្ទាក់ស្ទើរ ប៉ុន្តែយើងនៅតែសម្រេចចិត្តខ្ចីប្រាក់។ ចាប់ពីឆ្នាំទី ៤ ដល់ឆ្នាំទី ៥ រុក្ខជាតិយិនស៊ិនចេញគ្រាប់ពូជជាមធ្យមពី ២០ ទៅ ៣០ គ្រាប់ក្នុងមួយដើមដែរ។ ខ្ញុំទទួលបានគ្រាប់ពូជ ហើយមានពូជរុក្ខជាតិផ្ទាល់ខ្លួន”។
ជាមួយនឹងតម្លៃទីផ្សារជាមធ្យមនាពេលបច្ចុប្បន្នប្រហែល ១០០ លានដុងក្នុងមួយគីឡូក្រាមយិនស៊ិន Ngoc Linh ស្រស់ រួមទាំងឫស និងស្លឹក គ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ ហើយកំពុងបន្តក្លាយជាអ្នកមាន។ លោក Truong Quang Tri នាយកការិយាល័យប្រតិបត្តិការស្រុក Tu Mo Rong ធនាគារគោលនយោបាយសង្គមខេត្ត Kon Tum បានអះអាងថា៖ “មកដល់បច្ចុប្បន្ន សមតុល្យប្រាក់កម្ចីសរុបសម្រាប់ដាំរុក្ខជាតិឱសថនិយាយរួម និងដើមយិនស៊ិន Ngoc Linh និយាយដោយឡែក គឺជិត ១០០ ពាន់លានដុង (ជាង ៤០.០០០ ដុល្លារអាមេរិក) ដែលមានអ្នកខ្ចីជាង ១.០០០នាក់។ តាមរយៈការត្រួតពិនិត្យ ប្រភពកម្ចីក៏មានប្រសិទ្ធភាពផងដែរ។ ដើមយិនស៊ិន Ngoc Linh លូសលាស់បានល្អ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព”។
គ្រួសារ Xo Dang កាន់តែច្រើនឡើងនៅស្រុក Tu Mo Rong កំពុងដាំរុក្ខជាតិឱសថដ៏មានតម្លៃយិនស៊ិន Ngoc Linh (រូបថត៖ VOV) |
មិនត្រឹមតែអាចដាំដុះបានដើមយិនស៊ិន Ngoc Linh ប៉ុណ្ណោះទេ គ្រួសារជនជាតិ Xo Dang ជាច្រើននៅស្រុក Tu Mo Rong សព្វថ្ងៃកំពុងដាំរុក្ខជាតិឱសថផ្សេងៗទៀត ដើម្បីមានប្រាក់ចំណូល និងមានប្រាក់ចំនូលបន្ថែមសម្រាប់ដាំដើមយិនស៊ិន Ngoc Linh។ រហូតមកដល់បច្ចុប្បន្ន មានគ្រួសារចំនួន ៥៦២ ទៀត ភាគច្រើនជាប្រជាជន Xo Dang នៅស្រុក Tu Mo Rong បានរួចផុតពីភាពក្រីក្រ។ លោក Vo Trung Manh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tu Mo Rong បានឲ្យដឹងថា៖ “ប្រជាជនមិនរំពឹងឬពឹងផ្អែកលើជំនួយឧបត្ថម្ភរបស់រដ្ឋដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនៅឡើយ។ ពីស្ថានភាពជាក់ស្តែងបង្ហាញថា ប្រជាជនបានខ្ចីប្រាក់ពីប្រភពកម្ចីផ្សេងៗគ្នា ពីប្រភពចំណូលគ្រួសារ ដើម្បីវិនិយោគលើការអភិវឌ្ឍន៍ការដាំដុះយិនស៊ិន Ngoc Linh។ ប្រការនេះបង្ហាញថា ប្រជាជនជនជាតិភាគតិចមានការផ្លាស់ប្តូរជាច្រើនក្នុងផ្នត់គំនិត ក្នុងរបៀបធ្វើការដែរ”។
បច្ចុប្បន្ន ស្រុក Tu Mo Rong មានផ្ទៃដីជាង ២.៣០០ ហិកតាកំពុងដាំដុះយិនស៊ិន Ngoc Linh រួមជាមួយផ្ទៃដីជាង ១.៣០០ ហិកតាកំពុងដាំរុក្ខជាតិឱសថផ្សេងទៀត។ ដោយមានទម្រង់ជាច្រើនដូចជា៖ ការខ្ចីដើមទុនដើម្បីវិនិយោគលើការដាំយិនស៊ិន Ngoc Linh ការចូលរួមក្នុងក្រុមសហករណ៍ ការផ្សារភ្ជាប់ជាមួយនឹងអង្គភាពអាជីវកម្ម ... ប្រជាជន Xo Dang កាន់តែច្រើនឡើងកំពុងដាំប្រភេទរុក្ខជាតិឱសថដ៏មានតម្លៃនេះ។ នេះក៏ជាការងារជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាជនស្រុក Tu Mo Rong ក្នុងការរួមចំណែកសម្រេចបាននូវគោលដៅដែលថា ដល់ឆ្នាំ ២០៣០ ខេត្ត Kon Tum នឹងក្លាយជាតំបន់ឱសថជាតិដ៏សំខាន់ និងជាមជ្ឈមណ្ឌលផលិតឱសថដ៏ធំមួយរបស់វៀតណាមផងដែរ៕