មជ្ឈមណ្ឌលទេសចរណ៍វៀតណាមបានចាប់ផ្តើមដំណើរការឡើងវិញក្រោយកូវីដ ១៩
(VOVWORLD) - វិស័យទេសចរណ៍នៅវៀតណាមកំពុងចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីអំឡុងពេលដ៏វែងដែលរងផលប៉ះពាល់ពីការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ អាស្រ័យហេតុនេះ មណ្ឌលទេសចរណ៍ជាច្រើនលើទូទាំងប្រទេសបានចាប់ផ្តើមដំណើរការឡើងវិញដោយមានសកម្មភាពអនុគ្រោះជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ។
មណ្ឌលកម្សាន្តនានានៅខេត្ត Ba Ria-Vung Tau ចាប់ផ្តើមដំណើរការឡើងវិញ (រូបថត៖ VOV) |
យោងតាមសម្ព័ន្ធសមាគមទេសចរណ៍នៃខេត្ត Ba Ria – Vung Tau វិស័យទេសចរណ៍របស់ខេត្ត កំពុងទទួលបានសញ្ញាវិជ្ជមានជាច្រើន ចាប់តាំងពីបានវិលត្រឡប់ទៅរកស្ថានភាពធម្មតាថ្មី។ បើប្រៀបធៀបទៅនឹងពេលវេលាមុននេះ ១ ខែវិញ បច្ចុប្បន្នខេត្តទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ២-៣ ម៉ឺននាក់ ហើយក្នុងកំឡុងពេលចុងសប្តាហ៍ចំនួនភ្ញៀវកើនឡើងដល់ប្រហែល ១០ ម៉ឺននាក់ផងដែរ។ លោក Hoang Ngoc Linh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍ Ba Ria – Vung Tau បានអះអាងថា នៅពេលដែលខេត្តភាគខាងជើងមួយចំនួនបានដកចេញបទបញ្ជារក្សាគម្លាតសង្គមដោយសារកូវីដ ១៩ នោះ ទំនងជា ក្នុងប៉ុន្មានថ្ងៃខាងមុខ ចំនួនភ្ញៀវទេសចរនឹងទៅទស្សនាខេត្ត Ba Ria-Vung Tau កាន់តែកើនឡើងជាក់ជាពុំខាន។
“ភ្ញៀវទេសចរនឹងនៅតែធ្វើដំណើរទេសចរណ៍ ពីព្រោះ ពេលវេលាធ្វើដំណើរទៅ Ba Ria –Vung Tau ក៏ដូចជាមធ្យោបាយធ្វើដំណើរមានភាពល្អប្រសើរជាង។ ម្យ៉ាងវិញទៀត ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ភ្ញៀវទេសចរ នៅតែជ្រើសរើសការធ្វើដំណើររយៈពេលខ្លី ហេតុដូច្នេះ Ba Ria –Vung Tau គឺជាជម្រើសដ៏ល្អបំផុត”។
លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria – Vung Tau ក៏បានវាយតម្លៃថា ចាប់ពីពេលនេះរហូតដល់ថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា នឹងមានភ្ញៀវទៅទស្សនា Ba Ria-Vung Tau ច្រើនកុះករ។
“នានិទាឃរដូវ អាកាសធាតុនៅ Ba Ria-Vung Tau ពិតជាស្រស់ស្អាតខ្លាំងណាស់។ ហើយកំឡុងពេលនេះជារដូវទេសចរណ៍របស់ខេត្តផងដែរ។ ប្រសិនបើស្ថានភាពជំងឺមានស្ថេរភាព ចាប់ពីពេលនេះរហូតដល់រដូវឈប់សម្រាកថ្ងៃទី ៣០ ខែមេសា នឹងមានភ្ញៀវមកទស្សនាច្រើនកុះករជាពុំខាន”។
ដំណើរទេសចរណ៍ដែលទៅកាន់ Ba Ria – Vung Tau ដែលត្រូវភ្ញៀវផ្អាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កំពុងបានដំណើរការឡើងវិញ។ ខេត្ត Ba Ria - Vung Tau បន្តលើកទឹកចិត្តឲ្យសហគ្រាស បង្កើតកញ្ចប់ជំរុញសេដ្ឋកិច្ចជាច្រើន កាត់បន្ថយតម្លៃនិងផ្តល់សេវាកម្មបន្ថែម។ ជាពិសេស ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមតំបន់ណាមបូខាងកើត និងខេត្ត ក្រុងនានា ដើម្បីបង្កើនការរីកសាយភាយនូវវិស័យ ទេសចរណ៍ក្នុងតំបន់។
កម្មវិធី "Danang by night" នឹងក្លាយជាផលិតផលទេសចរណ៍នារាត្រីថ្មីរបស់ទីក្រុង Da Nang នាពេលខាងមុខនេះ (រូបថត៖ VOV) |
ទីក្រុង Da Nang នៅភាគកណ្តាលវៀតណាម មានឆ្នេរសមុទ្រស្អាតៗជាច្រើន។ ដូច្នេះ ការរៀបចំដំណើរកម្សាន្តនាពេលរាត្រីនៅឆ្នេរ My An, សង្កាត់ My An ស្រុក Ngu Hanh Son នឹងបង្កើតគំនូសពណ៌សម្រាប់ Da Nang នាពេលរាត្រី។ នៅចុងឆ្នាំ ២០១៩ ទីក្រុង Da Nang បានអនុវត្តន៍សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍នាពេលរាត្រីសម្រាប់បម្រើទេសចរណ៍ ប៉ុន្តែគម្រោងនេះមិនអាចអនុវត្តន៍បានឡើយ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ បច្ចុប្បន្ន គម្រោងនេះត្រូវបានចាប់ផ្តើមឡើងវិញដោយមានផលិតផលចំនួន ៣ ផ្តោតលើការស្តារទេសចរណ៍ក្នុងតំបន់។ លោក Cao Tri Dung ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ Da Nang បានឲ្យដឹងថា៖ “សហគមន៍ធុរកិច្ចបានសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ទីក្រុង Da Nang គ្រោងនឹងផ្តោតលើក្រុមផលិតផលចំនួន ៣។ ទី ១ ក្រុមទៅលេងមណ្ឌលទេសចរណ៍ Ba Na នាពេលរាត្រី និងទីពីរគឺទួរទេសចរណ៍ទស្សនាទីក្រុង Da Nang នាពេលរាត្រី។ ទីបីគឺបន្តដំណើរកម្សាន្តតាមដងទន្លេដោយទូកដែលមានចំណុចពិសេសៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត រួមគ្នាជាមួយសហគមន៍អ្នកផ្តល់សេវាកម្មដើម្បីបង្កើតផលិតផល ដើម្បីចាប់ផ្តើមដំណើរការក្នុងឱកាសថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភាខាងមុខនេះ”។
ក្នុងឆ្នាំ ២០២១ នេះ វិស័យទេសចរណ៍នៃទីក្រុង Da Nang កំពុងខិតខំទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៥ លាននាក់ កើនឡើង ៨៥ - ៨៦% បើប្រៀបធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ពេលរាត្រី ទីក្រុង Da Nang កំពុងអនុវត្តកម្មវិធីទាក់ទាញទេសចរណ៍ក្នុងស្រុកជាច្រើន ជាមួយផ្នែកទេសចរណ៍គួបផ្សំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ (MICE) ជាដើម។ ទេសចរណ៍ MICE គឺជាផ្នែកមួយនៃខ្សែទេសចរណ៍សំខាន់ៗ ដែល Da Nang កំពុងឆ្ពោះទៅនាពេលខាងមុខនេះ ដើម្បីធ្វើឱ្យចំនួនភ្ញៀវទេសចរមានស្ថេរភាពបន្ទាប់ពីកូវីដ ១៩។
ខេត្ត Quang Ninh ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយនៅភាគខាងជើងវៀតណាម ក៏កំពុងមានផែនការស្តារវិស័យទេសចរណ៍ឲ្យមានភាពរស់រវើកឡើងវិញ នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនិងត្រៀមសម្រាប់រដូវឈប់សម្រាក ថ្ងៃទី ៣០ មេសា និងទី១ ឧសភានាពេលខាងមុខ។ បច្ចុប្បន្ន ខេត្ត Quang Ninh នៅតែបន្តបញ្ចុះតម្លៃសំបុត្រ ៥០% នៅថ្ងៃធ្វើការធម្មតានិង ១០០% នៅថ្ងៃឈប់សម្រាក ពេលទៅលេងឆ្នេរហាឡុង និងតំបន់ទេសភាពដទៃទៀតនៅក្នុងតំបន់។ នាពេលថ្មីៗនេះ មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានជួបនិងស្តាប់យោបល់របស់សមាគមទេសចរណ៍ ថ្នាក់ដឹកនាំសាខាចំណុះសម្ព័ន្ធសមាគម ដើម្បីជួយក្រុមហ៊ុនទេសចរណ៍រាល់ការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា មន្ទីរកំពុងរង់ចាំសេចក្តីសម្រេចចិត្តជាផ្លូវការរបស់គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ដើម្បីដាក់ពង្រាយផែនការវិលត្រឡប់មកវិញនៃទេសចរណ៍ខេត្ត Quang Ninh៕