វៀតណាមបានរៀបចំរួចរាល់ជាស្ថាពរសម្រាប់ស៊ីហ្គេមលើកទី៣១
(VOVWORLD) - ប្រទេសវៀតណាមមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកទីពីរ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងតំបន់។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (Sea Games ៣១) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ និងតាមខេត្ត-ក្រុងជិតខាងជុំវិញចំនួន១១។ មកទល់ពេលនេះ មូលដ្ឋាននានា បានរៀបចំរួចរាល់ជាស្ថាពរ ហើយត្រៀមជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។
នាថ្ងៃទី ១១ មេសា គណៈកម្មាធិការរៀបចំស៊ីហ្គេម ៣១ នៅទីក្រុងហាណូយ បានប្រារព្ធពិធីបើក ទីក្រុងហាណូយរាប់ថយក្រោយ ៣១ ថ្ងៃឆ្ពោះទៅស៊ីហ្គេម ៣១ ៣១ (រូបថត៖ CTV/Vietnam+) |
ដើម្បីត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ គណៈកម្មាធិការរៀបចំបានបង្កើតអនុគណៈកម្មការចំនួន ៩ និងមជ្ឈមណ្ឌលប្រតិបត្តិការចំនួន ១ ក្នុងនោះអនុគណៈកម្មាធិការនីមួយៗ មានការចាត់តាំងលម្អិតពីជំនាញ បច្ចេកទេស សន្តិសុខ ចរាចរណ៍ បុគ្គលិកទទួលភ្ញៀវ ភស្តុភារ និងវេជ្ជសាស្រ្ដ... ជាដើម។ នៅតាមមូលដ្ឋាន ធ្វើការកែលម្អ និងជួសជុលគ្រឿងបរិក្ខារ ហើយកន្លែងប្រកួតប្រជែងមួយចំនួនត្រូវបានបង្កើតថ្មី។ នាថ្ងៃទី ១១ មេសា គណៈកម្មាធិការរៀបចំការប្រកួតកីឡា Sea Games លើកទី ៣១ នៅទីក្រុងហាណូយ បានប្រារព្ធពិធី ទីក្រុងហាណូយ រាប់ថយក្រោយ ៣១ ថ្ងៃឆ្ពោះទៅស៊ីហ្គេមលើកទី ៣១។ លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាបាននិយាយឲ្យដឹងថា៖ “ការងារត្រៀមប្រកួតកីឡាស៊ីហ្គេមបានស្ថិតក្នុងដំណាក់កាលរត់ប្រណាំង កែលំអហេដ្ឋារចនាសម្ព័ន្ធ តុបតែងទីតាំងបើក ហើយកីឡាករកីឡាការិនីបានត្រៀមខ្លួនរួចជាស្រេច។ នាពេលនេះ ខ័ណ្ឌ ស្រុកទាំងអស់នៃទីក្រុងហាណូយ ក៏ដូចជាតំបន់ដែលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣១បានត្រៀមខ្លួនរួចរាល់ ហើយនៅសល់តែជំហានចុងក្រោយមួយចំនួនប៉ុណ្ណោះ។ ពិធីបើកនិងបិទត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រៀបចំឡើង ដើម្បីលើកកម្ពស់រូបភាពប្រទេសវៀតណាម ក៏ដូចជាឆ្ពោះទៅសហគមន៍អាស៊ានដ៏រឹងមាំជាង”។
នៅស៊ីហ្គេមលើកទី៣១នេះ គណៈកម្មាធិការរៀបចំបានជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣០០០ នាក់នៅខេត្ត ក្រុងចំនួន ១២ ដែលបានប្រព្រឹត្តទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលក្នុងនោះមានអ្នកស្ម័គ្រចិត្តចំនួន ១.៩០០ នាក់នៅទីក្រុងហាណូយ។ អ្នកស្ម័គ្រចិត្តបានធ្វើការងារដូចជា ទទួលភ្ញៀវ បកប្រែ ណែនាំគណៈប្រតិភូ…។ បច្ចុប្បន្ននេះ អនុគណៈកម្មាធិការទទួលភ្ញៀវបានបង្ហើយការជ្រើសរើស និងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត។ ប្អូន Tran Thi Thanh Tra និស្សិតនៅសកលវិទ្យាល័យហាណូយ នៃមហាវិទ្យាលយ័សេដ្ឋកិច្ច ជាអ្នកស្ម័គ្រចិត្តដែលបានជ្រើសរើសដើម្បីបម្រើកីឡាស៊ីហ្គេមលើកទី ៣១ បានចែករំលែកថា៖ “តាំងពីនាងខ្ញុំនៅជាសិស្សមក រូបភាពស៊ីហ្គេមលើកទី ២២ ក្នុងឆ្នាំ ២០០៣ ត្រូវបានរៀបជាមេរៀនបង្រៀននៅក្នុងសាលា ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនមកលើរូបខ្ញុំ ហើយខ្ញុំក៏សង្ឃឹមថា ថ្ងៃណាមួយខ្ញុំអាចក្លាយជាអ្នកស្ម័គ្រចិត្ត។ នៅពេលមានការប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់បម្រើស៊ីហ្គេមលើកទី ៣១ គ្រូបានបញ្ជូនឯកសារទៅសាលាដោយលើកទឹកចិត្តពួកយើងឱ្យចូលរួម ហើយជាឱកាសដ៏ល្អសម្រាប់រូបខ្ញុំក្នុងការចូលរួមកម្មវិធីដ៏ធំបែបនេះ។ យើងបានបញ្ចប់ការប្រឡងមុខវិជ្ជាមុនការប្រកួតស៊ីហ្គេម ហើយខ្ញុំអាចចំណាយពេលទាំងអស់របស់ខ្ញុំចូលរួមជាមួយក្រុមអ្នកស្ម័គ្រចិត្តស៊ីហ្គេមផងដែរ”។
គណៈប្រតិភូអន្តរជាតិចុះពិនិត្យទីតាំងប្រកួតកីឡាស៊ីហ្គេមនៅខេត្ត Quang Ninh (រូបថត៖ VOV) |
នៅសល់ប៉ុន្មានថ្ងៃទៀតនៃខែមេសា ឆ្នាំ ២០២២ រាល់ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅឯកន្លែងប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាមនឹងត្រូវបញ្ចប់ ហើយដាក់ឱ្យដំណើរការសាកល្បង។ ក្នុងចំណោមវិញ្ញាសារកីឡាទាំង ៧ ប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ដែលប្រព្រឹត្តទៅនៅខេត្ត Quang Ninh កោះ Tuan Chau ទីក្រុង Ha Long គឺជាទីកន្លែងដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះការប្រកួតច្រើនជាងគេ រួមមាន បាល់បោះ បាល់ទះឆ្នេរខ្សាច់ និងទ្រីយ៉ាត្លុង (ហែលទឹក រត់ កង់)។ សម្ព័ន្ធក្រុមហ៊ុន Tuan Chau មានបទពិសោធន៍ក្នុងការរៀបចំការប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ដូច្នេះហើយទើបខេត្ត Quang Ninh ចាត់តាំងឱ្យរៀបចំបាល់ទះឆ្នេរខ្សាច់។ លោក Dinh Huu Chung អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Tuan Chau បានឲ្យដឹងថា៖ “យើងកំពុងរៀបចំពង្រាយការបូមខ្សាច់ សម្រាប់ទីលានបាល់ចំនួន ៤ រួមមាន ទីលានបាល់ទះឆ្នេរខ្សាច់ចំនួន ២ ទីលានបាល់បោះឆ្នេរខ្សាច់ចំនួន ២។ បរិមាណការងារបូមខ្សាច់ ត្រូវបានបញ្ចប់។ សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង ទេសភាពទាំងសងខាង និងអនាម័យបរិស្ថានត្រូវបានបញ្ចប់ ដើម្បីធានាបាននូវតម្រូវការរបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម”។
ក្នុងដំណើរពិនិត្យនាពេលថ្មីៗនេះទៅកាន់ទីតាំងមួយចំនួននៃស៊ីហ្គេមលើកទី ៣១ នៅទីក្រុងហាណូយ Bac Ninh និង Quang Ninh គណៈប្រតិភូនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលចូលរួមស៊ីហ្គេមលើកទី ៣១ បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់វៀតណាម-ប្រទេសម្ចាស់ផ្ទះ; ហើយអះអាងថា វៀតណាមបានត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ស៊ីហ្គេមលើកទី៣១។ នៅក្នុងមហោស្រពកីឡាលើកនេះ អត្តពលិកមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ បានចូលរួមប្រកួតក្នុងវិញ្ញាសារកីឡា ៤០ ប្រភេទដោយប្រកួតប្រជែងដណ្តើមមេដាយចំនួន ៥២៦ ឈុត។ ម្ចាស់ផ្ទះវៀតណាមបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស៊ីហ្គេមលើកទី ៣១ ដោយរំពឹងទៅលើរដូវស៊ីហ្គេមមួយនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អក្នុងចិត្តមិត្តភក្តិអន្តរជាតិ៕