វៀតណាមមានវប្បធម៌មួយដែលគេហៅថា Pho

(VOVWORLD) - ក្នុងចំណោមមុខម្ហូបប្រពៃណីនៅវៀតណាម Pho គឺជាមុខម្ហូបដែលបានប្រជាជននិយមចូលចិត្តបំផុត។  Pho មានវត្តមាននៅគ្រប់ទីកន្លែង ពោលគឺពីជនបទរហូតដល់គ្រប់ច្រកល្ហកនៃទីក្រុង ចាប់ពីហាងអាហារតាមចិញ្ចើមផ្លូវ រហូតទៅដល់ភោជនីយដ្ឋានប្រណីត សូម្បីតែអ្នកលក់តាមដងផ្លូវក៏មានដែរ។ តាំងពីយូរណាស់មកហើយ Pho បានក្លាយទៅជាលក្ខណៈវប្បធម៌របស់ប្រជាជនវៀតណាម ជាពិសេសគឺប្រជាជនរដ្ឋធានីតែម្តង។ 
វៀតណាមមានវប្បធម៌មួយដែលគេហៅថា Pho - ảnh 1 Pho សាច់គោ មុខម្ហូបពេញនិយមនៃទីក្រុងហាណូយ

Pho មានរូបសណ្ឋានខុសៗគ្នា តាមលក្ខណៈវប្បធម៌ នៃតំបន់នីមួយៗ  ហើយ Pho  មានវត្តមាននៅគ្រប់ទីកន្លែង លាតសន្ធឹងតាមបណ្តោយប្រ ទេសជាតិ។ ថ្វីត្បិតដូច្នេះមែន ប៉ុន្តែ Pho ហាណូយ ប្រហែលជាល្បីឈ្មោះជាងគេបំផុត។ នៅទីក្រុងហាណូយ មានហាង Pho ល្បីឈ្មោះជាច្រើន ដែលផ្សាភ្ជាប់ជាមួយឈ្មោះរបស់អ្នកបង្កើត ឈ្មោះគ្រួសារនិងត្រកូលជាដើម។ អាចរៀបរាប់បានថា Pho នៅផ្លូវ Bat Dan, Pho នៅផ្លូវ Ly Quoc Su, Pho Thin និង Pho Vui  ... រឺប្រព័ន្ធ Pho របស់ត្រកូល Co ដែលមានប្រភពមកពីខេត្ត Nam Dinh ជាដើម។  ហាង Pho ល្បីៗទាំងនេះ ភាគច្រើនមានអាយុកាលប្រហែលពី ៥០ ដល់ ៧០ ឆ្នាំ ដែលបានមរតកពីជំនាន់មួយទៅជំនាន់មួយ។ លោក Nguyen Van Quy ម្ចាស់ហាង Pho Suong នៅវិថី Dinh Liet នៃទីក្រុងហាណូយបានចែករំលែកថា៖ “ឪពុកខ្ញុំបានលក់ Pho តាំងពីឆ្នាំ ១៩៣០។  Pho Suong នេះត្រូវបាន បងប្អូនប្រុសស្រីយើងខ្ញុំលក់តាំងពីពេលនោះមក។ ឈ្មោះរបស់ “Pho Suong” នេះ មិនមែនមាន ន័យថា ក្នុងក្រុមគ្រួសារមានអ្នកឈ្មោះ Suong នោះទេ ត្រឹមតែជាការដាក់ឈ្មោះតែណ្ណោះ”

Pho គឺមានច្រើនប្រភេទ ដូចជា Pho សាច់គោ ឬ Pho សាច់មាន់ ប៉ុន្តែនៅពេលនិយាយដល់ Pho ប្រជា ជនតែងតែស្មានថា ជា Pho សាច់គោ ពីព្រោះ ប្រភពដើមនៃ Pho សាច់គោមានតាំងពីយូរណាស់ហើយ។ យោងតាមអ្នកស្រាវជ្រាវ Pho សាច់គោមានតាំងពីដើមសតវត្សរ៍ទី ២០ ហើយក្រោយមក ទើបមានបន្ថែម Pho សាច់មាន់និងប្រភេទ Pho ផ្សេងៗទៀត។

គ្រឿងផ្សំសម្រាប់ធ្វើ Pho រួមមានគ្រឿងផ្សំសំខាន់ៗដូចជា សាច់គោ ទឹកត្រី ខ្ញីអំបិលនិងគ្រឿងទេសដូចជា ក្រវាញ ផ្កាចនន្ទន៍ និងផ្កាក្លាំពូជាដើម។  ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺទឹកស៊ុប។ ដើម្បីឱ្យមានទឹកស៊ុបដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ហាង Pho នីមួយៗ តែងតែមានរូបមន្តផ្ទាល់ខ្លួន ហើយអតិថិ ជនម្នាក់ៗ ក៏តែងតតែជ្រើសរើសហាងប្រចាំរបស់ខ្លួនដែរ ដើម្បីរីករាយទទួលទាន។ ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់អតិថិជនអំពីមុខម្ហូបពេញនិយមមានឈ្មោះថា Pho។

“រាល់ពេលដែលមកពីទីក្រុងហូជីមិញ ខ្ញុំតែងតែទៅទទួលទាននៅហាង Pho នេះ។ ឆ្លងកាត់អស់រយៈពេលច្រើនឆ្នាំរួចមកហើយ ប៉ុន្តែហាង Pho នេះ នៅតែមានលក្ខណៈបុរាណ ដោយគ្មានការប្រែប្រួលទាល់តែសោះ ជាពិសេស រស់ជាតិនៅតែឆ្ងាញ់ពិសារដដែល”។

“ជាទូទៅ ប្រជាជនហាណូយមានទម្លាប់ទទួលទាន  Pho ជាអាហារពេលព្រឹក ហេតុដូច្នេះ យូៗមិនបានញ៉ាំ ហាក់ដូចជាឃ្លានខ្លាំងណាស់។  ទម្លាប់នេះឌិតជាប់ក្នុងអារម្មណ៍ហើយ”។

នៅវៀតណាម គ្រប់ទីជនបទសុទ្ធតែមានមុខម្ហូបឆ្ងាញ់ប្រចាំតំបន់ ប៉ុន្តែនៅពេលនិយាយអំពីម្ហូបវៀតណាម ប្រជាជនតែងតែនិយមនូវម្ហូបអាហារហាណូយ។ ហើយនៅក្នុងមុខម្ហូបហាណូយ Pho នៅតែបានគេនិយមចូលចិត្តបំផុត។  មិនជឿថា មានអ្នកណាម្នាក់នៅហាណូយដែលមិនធ្លាប់បរិភោគ Pho ពេញមួយជីវិតរបស់ខ្លួនឡើយ។ គេអាចទទួលទាន Pho ជារៀងរាល់ថ្ងៃដូចជាបាយអញ្ជឹង ដោយមិនគិតនោះជាអ្នកក្រឬអ្នកមាន ពោលគឺអ្នកណាក៏អាចចូលហាង Pho ទទួលទានបានដែរ។  គេអាចញ៉ាំ Pho គ្រប់ពេលក្នុងមួយថ្ងៃ ដូចជា: ញ៉ាំ Pho ពេលព្រឹក ពេលថ្ងៃត្រង់ ពេលរសៀល ពេលល្ងាចនិងនៅពេលយប់ គ្រាន់តែឃ្លានគឺអាចទៅញ៉ាំបាន។ ការទទួលទាន Pho បានក្លាយជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដូច្នេះភ្ញៀវទេសចរឬប្រជាជនមកពីតំបន់ផ្សេងៗ ពេលដែលចូលមកទីក្រុងហាណូយ ប្រហែលជាមានការភ្ញាក់ផ្អើលដោយឃើញអតិថិជនកំពុងឈរតម្រង់ជួរដើម្បីរង់ចាំទិញ Pho ថែមទាំងបម្រើខ្លួនឯងទៀតផង។ បកស្រាយអំពីបញ្ហានេះ លោកស្រី Vinh Quyen ដែលជាជនហាណូយមួយរូបបានចែករំលែកថា៖ “មនុស្សជាច្រើនងឿងឆ្ងល់ សូម្បីតែមានការរិះគន់ថា ហេតុអ្វីបានជាជនជាតិហាណូយមានអរិយធម៌អាចឈរតម្រង់ជួររងចាំទិញឲ្យបាន Pho មួយ ចាន ដោយគ្មានអ្នករត់តុ ហើយត្រូវបម្រើខ្លួនឯងទៀត តាមពិតខ្ញុំគិតថា វាគឺសមហេតុផល។ ហេតុអ្វីបាន ជា យើងសុខចិត្តចាំឲ្យបាន Pho មួយចាន ព្រោះខ្ញុំគិតថា វប្បធម៌ Pho គឺមានលក្ខណៈពិសេសដោយ ឡែក។ គេមកដើម្បីញ៉ាំ Pho  ប៉ុណ្ណោះ មិនមែនជាមកដើម្បីជជែកគ្នាទេ គឺដើម្បីញ៉ាំរស់ជាតិឈ្ងុយឆ្ងាញ់ ដោយមិនត្រូវការអ្នកបម្រើឡើយ។ នេះជាលក្ខណៈខុសប្លែកក៏ថាបានដែរ”

Pho វៀតណាមបានឈានចូលក្នុងស្នាដៃអក្សរសាស្ត្ររបស់អ្នកនិពន្ធវៀតណាមល្បី ៗ ជាច្រើន។ ប្រជាជន វៀត ណាមមានមោទនភាពណែនាំដល់មិត្តភក្តិអន្តរជាតិអំពីមុខម្ហូប Pho ដ៏សំបូរបែបនិងប្លែកនៃប្រទេសជាតិ ដែលក្នុងនោះ  Phoបានក្លាយជា “ឯកអគ្គរដ្ឋទូតម្ហូបអាហារ” ដែលចូលរួមចំណែកលើកស្ទួយវប្បធម៌ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ