សហគ្រាសនៅវៀតណាមឆ្លៀតយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលដើម្បីស្ទុះផ្លោះទៅមុខ

(VOVWORLD) - ឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងជំងឺរាតត្បាតកូវីដ ១៩ បាននាំមកនូវបញ្ហាប្រឈមផងនិងឱកាសផងសម្រាប់វិស័យជាច្រើននៅវៀតណាម។ គ្រប់វិស័យនៃអាជីវកម្មត្រូវតសម្របខ្លួន, ច្នៃប្រឌិតអនុវត្តន៍ បច្ចេកវិទ្យាខ្ពស់, និងផ្លាស់ប្តូរជាឌីជីថលដើម្បីគងវង្សនិងអភិវឌ្ឍន៍។ នៅវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២ ដែលរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម មតិជាច្រើនបានអះអាងថា វៀតណាមបានឆ្លៀតយកផលប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីកាលានុវត្តភាពបច្ចេក វិទ្យានិងការផ្លាស់ប្តូរឌីជីថល ដើម្បីជំរុញចំណុចលោតផ្លោះ ទោះបីស្ថិតក្នុងគ្រាលំបាកបំផុតក៏ដោយ។

សហគ្រាសនៅវៀតណាមឆ្លៀតយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលដើម្បីស្ទុះផ្លោះទៅមុខ - ảnh 1ក្រុមហ៊ុន Loc Troi Group ដាក់យន្តហោះគ្មានមនុស្សបើកបាញ់ថ្នាំសម្លាប់សត្វល្អិតលើស្រែ ដើម្បីកាត់បន្ថយកម្លាំងពលកម្មដល់កសិករ ( រូបថត៖ TTXVN)
 

នៅចំពោះមុខការអភិវឌ្ឍបច្ចេកវិទ្យា អាជីវកម្មជាច្រើនត្រូវបង្ខំចិត្តផ្លាស់ប្តូរយ៉ាងខ្លាំងដើម្បីសម្របខ្លួន។ ចាប់តាំងពីឆ្នាំ ២០១៩ មក សម្ព័ន្ធក្រុមហ៊ុន Loc Troi  ដែលត្រូវបាន ស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាពនៅវៀតណាម បានបំពាក់ស្មាតហ្វូនរាប់ពាន់គ្រឿងសម្រាប់កសិករដើម្បីបង្កើនកម្មវិធីបច្ចេកវិទ្យាក្នុងការតភ្ជាប់រវាងផលិតកម្ម និងការប្រើប្រាស់។ បច្ចុប្បន្ននេះ បរិមាណ ៨០% នៃប្រតិបត្តិការ ការគ្រប់គ្រងពីការិយាល័យរហូតដល់ការអនុវត្តដំណើរការកសិកម្មនិងការត្រួតពិនិត្យដំណាក់កាលផលិតកម្ម និងការប្រើប្រាស់ទាំងអស់គឺនៅលើប្រព័ន្ធអ៊ីនធឺរណែតទាំងស្រុង។ Loc Troi ក៏ជាសហគ្រាសដំបូងគេដែលបង្កើតវិញ្ញាបនបត្រកាបូនសម្រាប់ដើមស្រូវវៀតណាម ហើយក៏ជាអង្គភាពតែមួយគត់ក្នុងប្រទេសដែលបង្កើតវិញ្ញាបនបត្រកាបូនបៃតងសម្រាប់ដើមស្រូវនៅតំបន់អាស៊ីអាគ្នេយ៍។

ការផ្តោតលើការវិនិយោគ ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតបច្ចេកវិទ្យាមិនត្រឹមតែជួយឱ្យអាជីវកម្មពង្រីកទំហំផលិតកម្មរបស់ពួកគេ និងធ្វើឱ្យមានស្ថិរភាពទីផ្សារប្រពៃណីទាំងពីរនៃប្រទេសហ្វីលីពីន និងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលទៅកាន់ប្រទេសជាច្រើននៅក្នុងទីផ្សារអឺរ៉ុបសម្រាប់ផលិតផលអង្ករ។ លោក Nguyen Duy Thuan អគ្គនាយកក្រុមហ៊ុន Loc Troi Group បានឲ្យដឹងថា៖  “នៅក្នុងទ្រង់ទ្រាយទំហំ ១ លានហិកតា គឺក្រុមហ៊ុន Loc Troi កំពុងអនុវត្តន៍លក្ខណៈវិនិច្ឆ័យនៃការិយាល័យគ្មានក្រដាស;  វាលស្រែគ្មានស្នាមជើង និងស្រូវចំនួន ១១០.០០០ ហិកតានៅក្នុងខេត្ត An Giang យើងបាននិងកំពុងអនុវត្តការផលិតដោយដោយមិនប្រើប្រាស់សាច់ប្រាក់។ ក្រៅពីនេះ ភូមិភាគខ្លះបានរៀបចំផែនទីឌីជីថលក្នុងការធ្វើកសិកម្ម។ នេះក៏ជាការងារដំបូងគេក្នុងការបង្កើតវាលស្រែធំៗ ហើយដោយហេតុនេះបង្កើតប្រសិទ្ធភាពផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ”។

សហគ្រាសនៅវៀតណាមឆ្លៀតយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលដើម្បីស្ទុះផ្លោះទៅមុខ - ảnh 2លោក Nguyen Hoang Giang អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (រូបថត៖ Chi Kien/VGP)

លោក Nguyen Nam Hai ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានបញ្ជាក់ថា បើធៀបនឹង១០ឆ្នាំមុន តម្លៃសរុបនៃផលិតផលបច្ចេកវិទ្យាខ្ពស់សម្រាប់ការនាំចេញបានកើនឡើងពី ១៩% ដល់ជាង ៥០%។ ក្នុងរយៈពេលបច្ចុប្បន្ន ដើម្បីនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ ជារឿងមិនអាចខ្វះបានក្នុងការវិនិយោគថ្មីលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្ម ហើយវៀតណាមនៅតែមានឱកាសច្រើនសម្រាប់ការច្នៃប្រឌិតនាពេលខាងមុខ៖

“វៀតណាមបានបន្សល់ទុកនូវសញ្ញាសម្គាល់ ហើយថ្មីៗនេះ យើងឃើញថា មានអាជីវកម្មជាង ៣.០០០ ដែលចូលរួមក្នុងការអភិវឌ្ឍសកម្មភាពច្នៃប្រឌិតថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្ម បរិមាណដើមទុនសរុបដែលត្រូវបានប្រកាស គឺការវិនិយោគក្នុងប៉ុន្មានឆ្នាំកន្លងមកបានឈានដល់ជាង ១ ពាន់លានដុល្លារអាមេរិក ជាប់ៗគ្នាក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំថ្មីៗ ហើយឥឡូវនេះកើនឡើងបីដង ធៀបនឹងឆ្នាំ ២០១៧”។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន វៀតណាមកំពុងបន្តបង្កើតយន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីលើកទឹកចិត្តសហគ្រាសនាំចូលបច្ចេកវិទ្យា ជាពិសេសសម្រាប់ឧស្សាហកម្ម និងវិស័យស្នូលសំខាន់ៗ ដើម្បីអនុវត្តន៍យ៉ាងឆាប់រហ័សទៅក្នុងផលិតកម្ម និងអាជីវកម្មដើម្បីបង្កើតផលិតផលថ្មីប្រកបដោយតម្លៃបន្ថែមខ្ពស់។ យោងតាមបណ្ឌិត Tran Thi Hong Minh នាយកវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម សំខាន់បំផុតគឺនៅតែជាគោលនយោបាយហិរញ្ញវត្ថុដើម្បីលើកកម្ពស់ការបង្កើតថ្មីទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមជាមួយនឹងការបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងយន្តការពហុភាគី។ បណ្ឌិត Tran Thi Hong Minh បានចាត់ទុកថា៖

“តាមរយៈការចូលជាសមាជិកនៃអង្គការពហុភាគី ក៏ដូចជានៅពេលដែលយើងចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី... ហើយនេះក៏ជាឱកាសដ៏ល្អសម្រាប់យើងមានបរិយាកាសអំណោយផល ដើម្បីអាចជំរុញការនាំចូលនិងការនាំចេញដ៏រឹងមាំ។ ជាពិសេសខ្ញុំចង់សង្កត់ធ្ងន់ថា វៀតណាមនឹងមានឱកាសចូលរួមក្នុងកិច្ចសន្ទនានេះ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់យើងនិងធុរកិច្ច ដើម្បីយើងអាចម្ចាស់ការ ក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់”។

 អ្នកជំនាញសេដ្ឋកិច្ចជាច្រើនបាននិយាយថា បច្ចុប្បន្ននេះ ក្នុងបរិបទនៃការបន្សាំប្រកបដោយសុវត្ថិភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ លើកកម្ពស់ខ្សែសង្វាក់តម្លៃឧស្សាហកម្ម និងវិស័យសំខាន់ៗ ដែលមានសក្តានុពល និងគុណសម្បត្តិ ចាំបាច់ត្រូវបន្តបង្កើតឡើងចំណុចលោតផ្លោះនៅក្នុងស្ថាប័នអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងបរិបទបច្ចុប្បន្ន ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្មសកល និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ត្រូវមានការផ្លាស់ប្តូរធំជាងពេលណាៗទាំងអស់។ លោក Nguyen Hoang Giang អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានឲ្យដឹងថា៖ “វៀត ណាមចាំបាច់ត្រូវចូលរួមយ៉ាងសកម្មក្នុង និងគាំទ្រយន្តការពហុភាគី ប៉ុន្តែក៏ត្រូវពិនិត្យនិងកែសម្រួលឡើងវិញក្នុងក្របខណ្ឌសេដ្ឋកិច្ច ដើម្បីធានាបាននូវកិច្ចសន្ទនាសកម្ម និងរួមគ្នាដោះស្រាយបញ្ហាក្នុងតំបន់ ក្នុងគោលបំណងកាត់បន្ថយហានិភ័យក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លើសពីនេះ ដើម្បីកែលម្អឋានៈក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ចាំបាច់ត្រូវកំណត់ភាពបន្ទាន់ និងគំនិតផ្តួចផ្តើមរបស់សហគ្រាស ក្នុងការរៀបចំសម្រាប់ការបណ្តុះបណ្តាល និងជាពិសេសដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា និងផ្ទេរការផ្លាស់ប្តូរឌីជីថលដើម្បីបម្រើដល់ខ្សែសង្វាក់អភិវឌ្ឍន៍ផលិតផល”។

វៀតណាមដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មនាំមុខគេ ដោយផ្តោតលើឧស្សាហកម្មកែច្នៃ និងផលិតកម្ម រួមចំណែកយ៉ាងសំខាន់ចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងទិសដៅទំនើបកម្ម នាំវៀតណាមក្លាយជាប្រទេសឧស្សាហកម្មទំនើប។ នៅក្នុងបរិបទនោះ អាជីវកម្មជាច្រើនបាននិងត្រៀមខ្លួនរួចជាស្រេច ដើម្បីទាញ យកអត្ថប្រយោជន៍នៃឱកាសពីបដិវត្តន៍បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំដើម្បីសម្របខ្លួននិងបោះជំហានទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ