អភិបាលកិច្ចសហគ្រាសយកឈ្នះលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  តាមស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ ១៩ ដែលផ្ទុះឡើងនៅវៀតណាមនាពេលកន្លងមកបានបង្ហាញថា អភិបាលកិច្ចសហគ្រាសគឺជាជំហាននិងដំណោះស្រាយដ៏មានសារៈសំខាន់សម្រាប់អត្ថិភាពនិងការអភិវឌ្ឍរបស់សហគ្រាស ជាពិសេសសហគ្រាសចាប់ផ្តើមអាជីវកម្ម (startup) ដែលមានខ្នាតតូចនិងមធ្យម មុខសញ្ញាដែលងាយរងគ្រោះបំផុត។ ហេតុដូច្នេះហើយ នៅពេលដែលជំងឺរាតត្បាតផ្ទុះឡើងជាថ្មីបាននិងកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ រឿងរ៉ាវនៃអភិបាលកិច្ចសហគ្រាសបន្តត្រូវបានអ្នកជំនាញ អ្នកសេដ្ឋកិច្ចនិងសហគ្រិនលើកយកមកពិភាក្សាជាញឹកញាប់ផងដែរ។

អភិបាលកិច្ចសហគ្រាសយកឈ្នះលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ - ảnh 1(រូបថត៖ baodansinh.vn)

នៅឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងជាលើកដំបូង ក្រុមហ៊ុនភាគហ៊ុនបណ្តុះបណ្តាលនិងសហប្រតិបត្ដិការអន្ដរជាតិ INCOMAS ដែលជាសហគ្រាសចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយក្នុងវិស័យអប់រំរបស់អនុបណ្ឌិតសង្គមវិទ្យា សហគ្រិន Tran Tu Hoa បានជួបការលំបាកជាច្រើន។ បញ្ហាចោទឡើងគឺធ្វើយ៉ាងម៉េច ដើម្បីក្រុមហ៊ុនអាចទប់ទល់នឹងការលំបាកទាំងនេះ ដែលត្រូវបានពិពណ៌នាថាជា “មិនធ្លាប់មានពីមុនមក” ដែលបង្ខំឱ្យនាយក Tran Tu Hoa ធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់និងមានការកែតម្រូវទាក់ទងនឹងបញ្ហាអភិបាលកិច្ច។ តាមនោះ ក្រុមហ៊ុនបានសម្រេចចិត្តកាត់បន្ថយចំណាយជាអតិបរមាដោយសងការិយាល័យកំពុងជួលឲ្យទៅម្ចាស់វិញ ហើយក្នុងពេលតែមួយអនុញ្ញាតឱ្យនិយោជិកធ្វើការនៅផ្ទះ ទទួលបានប្រាក់ខែពាក់កណ្តាល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានសម្រេចចិត្តបំពេញបន្ថែមអាជីវកម្ម គឺលក់ទឹកដោះគោយ៉ាអួ Ba Vi តាមទម្រង់អនឡាញដោយទាញយកអត្ថប្រយោជន៍ពីគេហទំព័រដែលមានស្រាប់របស់ក្រុមហ៊ុន។ នាយក Tran Tu Hoa បានសម្រេចចិត្តធ្វើការស៊ីឈ្នួលឱ្យអង្គភាពមួយផ្សេងទៀត (កាន់តួនាទីជាអគ្គនាយកគ្រប់គ្រង) ដើម្បីរកប្រាក់ចំណូលសម្រាប់រក្សាប្រតិបត្តិការរបស់ក្រុមហ៊ុន។ ដោយមានការផ្លាស់ប្តូរមានលក្ខណៈបដិវត្តជាបន្តបន្ទាប់អំពីវិធីសាស្រ្តអភិបាលកិច្ចនេះ នៅចុងឆ្នាំ ២០២០ ក្រុមហ៊ុន NCOMAS បានបើកទ្វារ ដំណើរការសកម្មភាពឡើងវិញ។ សហគ្រិន Tran Tu Hoa បានចែករំលែកថា៖ “មេរៀនទីមួយគឺការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ហ៊ានគិតហ៊ានធ្វើនិងចាប់យកឱកាស។

ម្យ៉ាងវិញទៀត ត្រូវផ្តោតលើការងារដែលអាចបង្កើតលំហូរសាច់ប្រាក់ចាំបាច់សម្រាប់ក្រុមហ៊ុន។ ពោលគឺធ្វើយ៉ាងម៉េចដើម្បីមានកម្លាំងដោយខ្លួនឯង ហើយមិនអាចពឹងផ្អែកលើអ្នកដទៃបានទេ។ យើងបានធ្វើការផ្លាស់ប្តូរជាច្រើន។ យើងក៏ជឿជាក់ មិនគួរជាអ្នកអភិរក្ស ដោយព្យាយាមរក្សាចំណង់ចំណូលចិត្តទាល់តែសោះ។  ផ្ទុយទៅវិញ យើងត្រូវរកវិធីធ្វើពិពិធកម្មអាជីវកម្ម។ ដូច្នោះហើយ យើងគឺជាអង្គភាពមួយដែលប្រតិបត្តិការក្នុងវិស័យអប់រំ ប៉ុន្តែយើងបានសម្រេចចិត្តពង្រីកសកម្មភាពរបស់យើងទៅក្នុងផ្នែកអាជីវកម្មវិញ។ អាជីវកម្មនេះត្រឹមតែជាការចំណាយពេលខ្លីដើម្បីចិញ្ចឹមជីវិតវែងអន្លាយ រក្សាប្រាក់ចំណូលចំពោះមុខ សម្របខ្លួនទៅនឹងតថភាពសង្គមបច្ចុប្បន្នទៀតសោត”។

យោងតាមអនុបណ្ឌិត លោក Le Minh Dao សាស្ត្រាចារ្យដេប៉ាដឺម៉ង់សេដ្ឋកិច្ចនិងអភិបាលសហគ្រាស សាកលវិទ្យាល័យព្រៃឈើ អ្នកប្រឹក្សាអាជីវកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា រឿងនៃការទទួលយកការផ្លាស់ប្តូរដើម្បីជំនះការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ របស់ក្រុមហ៊ុន NCOMAS និង ពាណិជ្ជករ Tran Tu Hoa គឺជាឧទាហរណ៍ជាក់ស្តែងមួយអំពីសមត្ថភាពយកឈ្នះការលំបាករបស់អាជីវកម្មវៀតណាមនិយាយរួម និងអ្នកចាប់ផ្តើមអាជីវកម្មនិយាយដោយឡែកនៅក្នុងបរិបទនៃជំងឺរាតត្បាត។ ពីការពិតនេះ បូករួមនឹងបទពិសោធន៍ដែលទទួលបានបន្ទាប់ពីសិក្សានិងធ្វើការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់អស់រយៈពេលជាយូរ មក លោកបណ្ឌិត Le Minh Dao ជឿជាក់ថា ដើម្បីជំនះការលំបាក អ្វីដែលសំខាន់បំផុតនោះគឺសហគ្រាសនិងសហគ្រិន ត្រូវតែមានការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងអស់ពីចិត្តផងដែរ។

“ដើម្បីឆ្លងផុតពីវិបត្ដិបច្ចុប្បន្ន សហគ្រាសធុនតូច មធ្យមនិងខ្នាតតូច គួរតែពិនិត្យនិងវាយតំលៃឡើងវិញនូវកត្តាម៉ាក្រូបរិស្ថាន ដែលជាកត្តាជះឥទ្ធិពលដល់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសនៅក្នុងវិស័យនីមួយៗ។ ទីពីរគឺស្វែងរកឱកាស ប្រភពធនធានជំនួសឱកាសសហប្រតិបត្តិការថ្មី ហ៊ានទទួលយករបស់ថ្មី ស្វែងរកឱកាសថ្មី ទីផ្សារថ្មី ផ្តល់ជូនអតិថិជននូវផលិតផលនិងសេវាកម្មថ្មីៗ។ យើងត្រូវតែឆ្លៀតយកឱកាសនេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងទាំងក្នុងប្រទេសក៏ដូចជាអន្តរជាតិ។ នៅក្នុងការងារអភិបាលកិច្ចសហគ្រាស ចាំបាច់ត្រូវយកចិត្តទុកដាក់លើមូលដ្ឋានចំនួន ៥ គឺ ការកែលម្អផលិតភាព; លើកកម្ពស់គុណភាពសេវ៉ាកម្ម; កាត់បន្ថយចំណាយនិងកាត់បន្ថយការខ្ជះខ្ជាយដែលមិនចាំបាច់; កែលំអរនូវភ័ស្តុភារ វិធីដឹកជញ្ជូន ដើម្បីនាំទំនិញទៅកាន់អ្នកប្រើប្រាស់តាមរបៀបលឿនបំផុតជាមួយនឹងគុណភាពល្អបំផុត ជាពិសេស ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារសម្រាប់និយោជិក។  លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់លើសាវតាវប្បធម៌និងគុណតម្លៃមនុស្សសាស្ត្ររបស់សហគ្រាស ជាពិសេសពង្រឹងការជឿទុក ចិត្ត សាមគ្គីភាពនិងការឯកភាពដើម្បីជំនះរាល់ការលំបាក”។

អភិបាលកិច្ចសហគ្រាសយកឈ្នះលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ - ảnh 2លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម

ដោយមានទស្សនៈស្រដៀងគ្នា លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមក៏បានលើកឡើងថា៖ “ការថែរក្សានិងនិរន្តរភាពរបស់អាជីវកម្មនិងរបៀបដែលអាចអភិវឌ្ឍសហគ្រាសក្រោយជំងឺរាតត្បាតយ៉ាងដូចម្ត៉េច អាស្រ័យលើបរិយាកាសសេដ្ឋកិច្ចមួយចំហៀង ប៉ុន្តែម្យ៉ាងវិញទៀត អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសខ្លួនឯងដែរ។ ក្នុងរយៈពេលដ៏ខ្លីនេះ ប្រការសំខាន់សម្រាប់សហគ្រាសគឺត្រូវកាត់បន្ថយថ្លៃដើម ហើយព្យាយាមរក្សាការងារសម្រាប់កម្មករដោយវិធានការជាច្រើន។ ក្នុងអំឡុងពេលមានវិបត្តិនេះ ទីផ្សារពិភពលោកនឹងត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ហើយសេដ្ឋកិច្ចនានានឹងផ្តោតលើការការពារទីផ្សារក្នុងស្រុក។ សម្រាប់វៀតណាមវិញ ទីផ្សារដែលមានប្រជាជនជិត ១០០ លាននាក់ នឹងក្លាយជាប្រភពធនធានដ៏ធំមួយ ដែលសហគ្រាសក្នុងស្រុកអាចធ្វើអាជីវកម្មបានដែរ”។

ដើម្បីសម្របខ្លួនទៅនឹងបរិបទនៃការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ បច្ចុប្បន្នក្រុមហ៊ុននីមួយៗនិងសហគ្រាសនីមួយៗ ត្រូវបង្កើតវិធីសាស្រ្តអភិបាលកិច្ចនិងប្រតិបត្តិការដែលអាច បត់បែនបាននិងសមស្រប។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើបញ្ហាបណ្តុះបណ្តាលនិងបណ្តុះបណ្តាលខ្លួនឯង ដោយប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅរបស់ខ្លួន ប៉ុន្តែមិនអភិរក្សអំពីវិធីធ្វើ និងកំណត់ឱ្យច្បាស់នូវបេសកកម្ម តម្លៃស្នូលនិងចក្ខុវិស័យដែលអាជីវកម្មកំពុងប្រដេញតាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ