(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Bac Ninh ទើបបានរៀបចំរួចរាល់នូវឯកសារ “ របរធ្វើគំនូរប្រជាប្រិយ Dong Ho” ដោយបានស្នើឲ្យក្រសួងវប្បធម៌កីឡា និងទេសចរណ៍ដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដើម្បីពិចារណា ហើយបញ្ជូនទៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីដែលចាំចាច់ត្រូវការពារជាបន្ទាន់។
គំនូ "អាពាហ៍ពិពាហ៍កណ្តុរ" |
មុននេះ ខេត្ត Bac Ninh និងសិប្បករក្នុងខេត្តបានខិតខំប្រឹងប្រែងជាច្រើនក្នុងការអភិរក្សនិងពង្រីកតម្លៃនៃរបរធ្វើគំនូរប្រជាប្រិយ Dong Ho។
គំនូរប្រជាប្រិយ Dong Ho គឺជារបរធ្វើគំនូរឆ្លាក់លើឈើប្រជាប្រិយ ដែលត្រូវបានសហគមន៍អ្នកភូមិ Dong Ho ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh ច្នៃប្រឌិត និងអភិវឌ្ឍន៍ ហើយមានតម្លៃអំពីប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈដ៏វិសេសវិសាល។ នេះគឺជាប្រភេទគំនូរដែលបាន បង្ហាញយ៉ាងរស់រវើកអំពីសង្គមកសិកម្មវៀតណាម ជីវភាពរស់នៅ ពលកម្ម ក៏ដូចជាទំនៀមទំលាប់ របស់ប្រជាជនវៀតណាមផងដែរ។ លោក Nguyen Dang Che សិប្បករមួយរូប ដែលជក់ចិត្តនឹងមុខរបរនេះបានឲ្យដឹងថា ផ្ទាំងគំនូរ Dong Ho នីមួយៗ គឺសុទ្ធតែមានលក្ខណៈមនុស្សសាស្ត្រ លើកត្រដែតសោភ័ណភាព និងសីលធម៌ក្នុងនាមជាមនុស្ស។ លោកបានឲ្យដឹងថា៖
“ខ្ញុំគិតថា តាមរយៈគំនូ "អាពាហ៍ពិពាហ៍កណ្តុរ" នោះ ដូនតាបានផ្ដែផ្ដាំនូវអត្ថន័យរិះគន់ផង និងកំប្លែងផង។ ខ្ញុំគិតថា នេះគឺជាផ្ទាំងគំនូរល្បីឈ្មោះបំផុតនៃប្រភេទគំនូរ Dong Ho“។
គំនូរ Dong Ho មិនត្រឹមតែមានលក្ខណៈប្រជាប្រិយដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងមានពណ៌ និងប្រភេទក្រកាសបោះពុម្ភទៀតផង។ សិប្បករ Nguyen Dang Che បានឲ្យដឹងថា៖
“លក្ខណៈដ៏ពិសេសរបស់គំនូរ Dong Ho គឺចាប់ពីវត្ថុធាតុដើមរហូតដល់ពណ៌គឺសុទ្ធតែមកពីធម្មជាតិ ពោលគឺ ក្រដាសគឺធ្វើពីដើម do ក្នុងព្រៃ ពណ៌សគឺធ្វើពីប្រភេទខ្យងម្យ៉ាងនៅក្នុងសមុទ្រ ពណ៌ក្រហមគឺធ្វើពីគ្រួសនៅលើភ្នំ និងពណ៌ខ្មៅគឺធ្វើពីស្លឹកឫស្សី។ វត្ថុធាតដើមទាំង នេះគឺសុទ្ធតែធ្វើដោយដៃទាំងស្រុង“។
សិប្បករកំពុងធ្វើគំនូរDong Ho |
សម័យកាលរុងរឿងរបស់ភូមិគំនូរ Dong Ho គឺចាប់ពីចុងសតវត្សរ៍ទី ១៩ ដល់ទសវត្សរ៍ទី ៤០ នៃសតវត្សរ៍ទី ២០។ នាគ្រានោះ ក្នុងភូមិមានត្រកូលចំនួន ១៧ គឺសុទ្ធតែប្រកបរបរធ្វើគំនូរ។ នាបច្ចុប្បន្ននេះ ភូមិ គំនូរ Dong Ho មានត្រឹមតែគ្រួសារចំនួន ២ គ្រួរ ដែលធ្វើគំនូរតែប៉ុណ្ណោះ គឺគ្រួសារសិប្បករ Nguyen Huu Sam និងគ្រួសារសិប្បករ Nguyen Dang Che ។
គ្រួសាររបស់សិប្បករ Nguyen Huu Sam បានវិនិយោគទឹកប្រាក់ជិត ៣ ពាន់លានដុង (ប្រមាណ ១២៩ ពាន់ដុល្លារអាមេរិក)ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុក និងអភិរក្ស គំនូរ Dong Ho។ នេះក៏ជាកន្លែងដែលយុវជនក្នុងភូមិមកសិក្សារៀនសូត្ររបៀបធ្វើគំនូរ និងស្វែងយល់របរប្រពៃណីរបស់ស្រុកកំណើត។ ក្នុងឱកាសមកទស្សនាមជ្ឈមណ្ឌលនេះ លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ Le Van Lan បានវាយតម្លៃថា៖
“ក្នុងទិសដៅថែរក្សាបណ្ដាតម្លៃបុរាណ នេះគឺជាកន្លែងអភិរក្សបណ្ដាតម្លៃវិចិត្រកម្ម ដែលជាប្រភេទគំនូរបុរាណ។ យើងពិតជាមានសំណាងល្អណាស់ ដែលមានមជ្ឈមណ្ឌលដូច្នេះផងដែរ“។
ចំណែកគ្រួសាររបស់លោក Nguyen Huu Sam វិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍គំនូរ Dong Ho។ ទោះជាលោក Nguyen Huu Sam បានលាចាកលោកហើយក៏ដោយ ប៉ុន្តែកូនប្រុស និងកូនប្រសាររបស់លោកគឺ លោក Nguyen Huu Qua និងលោកស្រី Nguyen Thi Oanh នៅបន្តមរតក រក្សារបធ្វើគំនូរ។ នាបច្ចុប្បន្ននេះ លោកស្រី Nguyen Thi Oanh គឺជាសិល្បការិនី ដើមដំបូងនៅភូមិ Dong Ho។ លោកស្រី Nguyen Thi Oanh បានឲ្យដឹងថា៖
“គំនូរ Dong Ho បានបាត់បង់ទៅជាបណ្តើរៗ។ ខ្ញុំមានគោលបំណងចង់លើកកម្ពស់តម្លៃនៃគំនូរ Dong Ho។ ដូច្នេះ នាបច្ចុប្បន្នេះ ខ្ញុំបានច្នៃប្រឌិតរូបភាពស្រុកកំណើត ដើម្បីធ្វើឲ្យគំនូរមានភាពសំបូរបែបផងដែរ“។
ក្រៅពីការខិតខំប្រឹងប្រែងរបស់សិប្បកនោះ នៅមានការរួមដំណើរ ចូលរួមវិភាគទានរបស់ខេត្ត Bac Ninh ទៀតផង។ លោក Nguyen Van Phong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឲ្យដឹងថា៖
“ដើម្បីស្ដារបេតិកភ័ណ្ឌនេះ យើងត្រូវយកចិត្តទុកដាក់ដល់សហគមន៍ ។ ហេតុដូចច្នេះហើយ យើងខ្ញុំបានផ្តោតសំខាន់លើការរៀបចំវគ្គហ្វឺកហ្វឹនអំពីរបរធ្វើគំនូរ ឧទ្ទេសនាម និងផ្សព្វផ្សាយដល់មិត្តភក្តិទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានយកចិត្តទុកដាក់ដល់គ្រួសារសិប្បករ ហើយបង្កលក្ខណៈងាយស្រួលកក្នុងការលក់ផលិតផលសម្រាប់ពួកគេផងដែរ“។
គំនូរប្រជាប្រិយ Dong Ho គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ការអភិរក្ស ថែរក្សាប្រភេទគំនូរនេះរបស់សិល្បករ រួមទាំងការសម្រេចរួចរាល់នូវសំណុំឯកសារ ដើម្បីស្នើឲ្យអង្គការយូណេស្កូពិចារណាដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី ដែលចាំចាច់ត្រូវការពារជាបន្ទាន់នឹងជួយគំនូរ Dong Ho ងើបឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក៏ដូចជាពង្រឹង ខឿនវប្បធម៌ ដែលពោរពេញទៅដោយអត្តសញ្ញាណរបស់វៀតណាមផងដែរ៕