ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ ប្រិយមិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញប្រិយមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ប្រិយមិត្តហេង ដារ៉េត សិក្ខាកាមមួយរូបនៅវិទ្យាស្ថានបច្ចេកទេសយោធាវៀតណាមបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពីជ័យជំនះ Dien Bien Phu ៖ "ជ័យជំនះ Dien Bien Phu គឺជាមោទនភាពរួមរបស់ប្រទេសទាំងបីនៅឥណ្ឌូចិន ព្រមទាំងបង្ហាញនូវចំណងសាមគ្គីភាព មិត្តភាព រួមគ្នាប្រយុទ្ធប្រឆាំង អាណានិគមនិយមបារាំងរវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ។ ជំនាន់យុវវ័យនៃប្រទេសទាំងបីចាំបាច់ត្រូវរៀនសូទ្រ និងពង្រីកនូវរាល់មេរៀនបទពិសោធន៍នៃជ័យជំនះ Dien Bien Phu។
មិត្តហេងដារ៉េតជាទីមេត្រី។ ទោះបីជាជ័យជំនះ Dien Bien Phu បានកន្លងផុតអស់រយៈពេល ៦៥ ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែនៅពេលរៀបចំពិធីរំលឹកខួបម្ដងៗនោះ ប្រជាជននៃប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវនៅតែមានអារម្មណ៍រំជួលចិត្តដដែល។ ជ័យជំនះ Dien Bien Phu គឺជាការប្រមូលផ្តុំនៃលទ្ធិស្នេហាជាតិ ស្មារតីបដិវត្តន៍ កម្លាំងមហាសាមគ្គីជាតិទាំងមូល ឬទ្ធិនុភាព និងកម្លាំងនៃប្រជាជាតិទាំងមូល ក៏ដូចជាជ័យជំនះនៃចំណងសាមគ្គីគ្នា ប្រយុទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសេសឥណ្ឌូចិនទាំងបី។ យើងខ្ញុំសង្ឃឹមថា ក្រោយពេលបញ្ចប់ការសិក្សាទៅប្រទេសវិញ បណ្ដាសិក្ខាកាមកម្ពុជានឹងផ្សព្វផ្សាយអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃ ជ័យជំនះ Dien Bien Phu មេរៀនបទពិសោធន៍យុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់កងទ័ពនិងប្រជាជនវៀតណាមទៅកាន់ យុទ្ធជនជំនាន់វ័យក្មេងកម្ពុជា ផងដែរ។
ទិដ្ឋភាពនៃមហោស្រពសៀវភៅអឺរ៉ុបឆ្នាំ២០១៩ |
មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់ស្ដាប់ការឧទ្ទេសនាមអំពីមហោស្រពសៀវភៅអឺរ៉ុបឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ លោកអ្នកនាងជាទីមេត្រី។ នាយប់ថ្ងៃទី ២ ខែឧសភាកន្លងទៅ នៅមជ្ឈមណ្ឌលវប្បធម៌បារាំង L'Epace (ទីក្រុងហាណូយ) បានប្រព្រឹត្តិទៅពិធីបើក មហោស្រពសៀវភៅអឺរ៉ុបឆ្នាំ២០១៩ ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមបណ្ដាវិទ្យាស្ថានវប្បធម៌និងស្ថានទូត អឺរ៉ុប។ មហោស្រពសៀភៅឆ្នាំនេះមានការចូលរួមរបស់ប្រទេសអឺរ៉ុបចំនួន ១០ ដែលនាំមកនូវលំហវប្បធម៌ដ៏រស់រវើក ជាមួយនឹងបណ្ដាសកម្មភាពដូចជា៖ ការឧទ្ទេសនាមសៀវភៅ ការតាំងពិពណ៌ ការបញ្ចាំងខ្សែភាពយន្ត ជាដើម។ មហោស្រពសៀភៅឆ្នាំ ២០១៩ សំដៅលើកតម្កើង ចែករំលែកវប្បធម៌របស់បណ្ដាប្រទេសអឺរ៉ុបទៅកាន់មិត្តអ្នកអានវៀតណាមផងដែរ។
ទិដ្ឋភាពនៃ"ហាងកាហ្វេកែច្នៃឡើងវិញ" |
ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីរូបសណ្ឋានហាងកាហ្វេ ដែលស្និទ្ធិស្នាលជាមួយបរិស្ថាន។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសំណួរគួរឱ្យចាប់អារម្មណ៍នេះរបស់មិត្ត។ មិត្តសុខ សំណាង និងប្រិយមិត្តជាទីមេត្រី។ ទោះបីជា ស្ថិតនៅក្នុងច្រកតូចមួយនៃវិថី Hang Tre (ទីក្រុងហាណូយ) ក៏ដោយ ប៉ុន្តែ "ហាងកាហ្វេកែច្នៃឡើងវិញ" នៅតែទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់រូប ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ។ ហាងកាហ្វេនេះត្រូវបានតុបតែងលម្អដោយរបស់របរ និងសំភារៈដែលហាក់ដូចជាត្រូវបានគេបោះបង់ចោលដូចជាត្រាក់ទ័រភ្ជួរដី កង់រថយន្ត អំពូលភ្លើងជាដើម។ ម្ចាស់ហាងកាហ្វេនេះបានចែករំលែកថា គំនិតផ្ដួចផ្ដើមរបស់លោកគឺស្ដែងចេញពីការបំពុលអាកាសធាតុដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ ហើយលោកមានបំណងចង់ផ្លាស់ប្ដូរការយល់ដឹងរបស់មនុស្សគ្រប់រូប តាមរយៈការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយសំរាមប្លាស្ទិចចំពោះបរិស្ថានផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕