ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១១របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះប្រិយមិត្តទាំងអស់ដែលបានផ្ដល់មតិយោបល់និងមនោសញ្ចេតនាដល់កម្មវិធី។

ក្នុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីចុះផ្សាយព័ត៌មានអំពីពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលទទួលមរណៈភាពដោយសារជម្ងឺកូវីដ-១៩នៅវៀតណាម យើងខ្ញុំទទួលបានសំបុត្រឆ្លើយតបជាច្រើនរបស់ប្រិយមិត្ត ដែលបានសម្ដែងនូវការយោគយល់ ការចែករំលែកជាមួយប្រជាជនវៀតណាម។ មិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ញើរសំបុត្រដោយបានសរសេរថា៖ “ខ្ញុំសូមផ្ញើរក្ដីរំលែកទុក្ខដ៏ស្មោះស្ម័គ្រជូនដល់ក្រុមគ្រួសារនិងញាតិសន្ដានរបស់ជនរងគ្រោះដោយកូវីដ-១៩ទាំង២៣ពាន់នាក់។ នេះពិតជាការបាត់បង់ដ៏ធំធេងរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម”។ ចំណែកឯមិត្ត ស៊ុន វិជ្ជា នៅរាជធានីភ្នំពេញ បានចែករំលែកថា៖ “ពិធីរំលឹកវិញ្ញាណក្ខ័ន្ធមិនត្រឹមតែបង្ហាញនូវការចែករំលែករបស់បក្ស រដ្ឋវៀតណាមជាមួយការបាត់បង់ ការឈឺចាប់របស់គ្រួសារ សាច់ញាតិជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងជួយរីកសាយភាយអត្ថន័យមនុស្សសាស្ត្រក្នុងសហគមន៍ លើកទឹកចិត្តមនុស្សនៅរស់រួបរួមគ្នាដើម្បីជំនះលើជម្ងឺរាតត្បាតទៀតផង”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ពិធីអុជទៀនរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលទទួលមរណភាពដោយជម្ងឺកូវីដ-១៩។
(រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលបានចុះផ្សាយថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិដែលទទួលមរណៈភាព និងកម្មាភិបាល យុទ្ធជនដែលពលីជីវិតដោយសារជម្ងឺរាតត្បាតកូវីដ-១៩ ត្រូវបានធ្វើឡើងនៅតាមតំបន់ជាច្រើនលើទូទាំងប្រទេស ជាមួយនឹងកន្លែងស្នូលចំនួន២គឺរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ។ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីស្លាប់ដោយជម្ងឺកូវីដ-១៩សរុបនៅវៀតណាមមានចំនួន២៣.៤៧៦នាក់។ ជនរងគ្រោះសឹងតែទាំងអស់បានទទួលមរណភាពក្នុងកាលៈទេសៈនៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ ហើយមិនត្រូវបានរៀបចំបុណ្យសពក្នុងលក្ខខ័ណ្ឌគ្រប់គ្រាន់បំផុតនោះឡើយ។ ហេតុដូច្នេះហើយ ការរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះគឺជាសកម្មភាពមនុស្សសាស្ត្រ មេត្តាធម៌ មនុស្សធម៌ ត្រឹមត្រូវតាមគុណធម៌របស់ជនជាតិវៀតណាម។ ពិធីនេះក៏សំដៅបន្តលើកទឹកចិត្តស្មារតីរបស់កម្លាំងនៅខ្សែត្រៀមជួរមុខ ហើយលើកកំពស់ការទទួលខុសត្រូវរបស់ប្រជាជនក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ។ តាមរយៈពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះ ក៏ជួយលើកទឹកចិត្តស្មារតីមហាសាមគ្គីភាព ឆន្ទៈមោះមុតរបស់ប្រជាជាតិទាំងមូល ដើម្បីរួមកម្លាំងកាយចិត្តជំនះពុះពារលើការលំបាកឧបសគ្គ សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងការឆ្លងរីករាលដាលប្រកបដោយប្រសិទ្ធភាព ស្ដារផលិតកម្ម អាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ កសាងនិងការពារមាតុប្រទេស។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2សិស្សានុសិស្សនៅទីក្រុងហាណូយ ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ តាំងពីថ្ងៃទី២៣ ខែវិច្ឆិកា។ (រូបថត៖ VOV)

ក៏ពាក់ព័ន្ធដល់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ដែរ មិត្ត តារា នៅខេត្តសៀមរាប បានផ្ញើរសំបុត្រមកកាន់កម្មវិធី ដោយសម្ដែងបំណងចង់ស្ដាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារនៅវៀតណាម។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា វៀតណាមមានខេត្ត ក្រុងចំនួន២៣ បានដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារក្នុងវ័យអាយុពី១២ដល់១៧ឆ្នាំ។ ប្រភេទវ៉ាក់សាំងដែលបានជ្រើសរើសសម្រាប់ចាក់ជូនកុមារគឺវ៉ាក់សាំង Pfizer; គិតត្រឹមពេលនេះចាក់បានជាង១,៨លានដូស ក្នុងនោះដូសទី២មានចំនួនជាង៤៣០០ដូស។ អត្រាគ្របដណ្ដប់វ៉ាក់សាំងដូសទី១សម្រាប់ក្រុមប្រជាជនក្នុងវ័យអាយុ១២-១៧ឆ្នាំ សម្រេចបានប្រមាណ២០%។ ទីក្រុងហូជីមិញជាតំបន់ដំបូងដែលបានចាក់វ៉ាក់សាំងជូនកុមារ ក្នុងបរិមាណជាង៦៦០ពាន់ដូស។ បន្ទាប់មកគឺខេត្ត Quang Ninh Binh Duong Ca Mau ក្នុងបរិមាណជាង១០ម៉ឺនដូស។ រដ្ឋធានីហាណូយបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ១៥-១៧ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងបរិមាណវ៉ាក់សាំងជាង៥០ម៉ឺនដូស។ យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារមានអត្ថន័យដ៏សំខាន់ ដំបូងបង្អស់ដើម្បីការពារសុខភាពកុមារនៅចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺកូវីដ-១៩ ព្រមទាំងរួមចំណែកបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងក្នុងសហគមន៍ផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3សារ “រស់នៅយ៉ាងពេញលេញនៅវៀតណាម” មានអត្ថន័យអញ្ជើញភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់មកវៀតណាវិញ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព គួរឲ្យទាក់ទាញ ពោរពេញទៅដោយកម្លាំងរស់ ជាមួយនឹងធម្មជាតិស្រស់បំព្រង ឆ្នេរសមុទ្រស្អាតអស្ចារ្យ និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណផងដែរ។

ក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ដូចធម្មតា យើងខ្ញុំសូមជូនព័ត៌មានមួយចំនួនស្ដីអំពីវប្បធម៌និងទេសចរណ៍។ សប្ដាហ៍នេះ តាមសំណើររស់មិត្ត ហ៊ាន សុភត្តិ អតីតនិស្សិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh យើងខ្ញុំសូមឧទ្ទេសនាមអំពីកម្មវិធី “រស់នៅយ៉ាងពេញលេញនៅវៀតណាម” សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់មកវៀតណាមវិញ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដើម្បីបង្កើនការងារសារព័ត៌មានបម្រើការបើកទ្វារប្រទេស ទទួលភ្ញៀវទេសចរ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបើកដំណើរការយុទ្ធនាការពន្លឿន ផ្សព្វផ្សាយដោយមានឈ្មោះថា “រស់នៅយ៉ាងពេញលេញនៅវៀតណាម” (Live fully in Vietnam) ដោយផ្សាភ្ជាប់នឹងអត្តសញ្ញាណម៉ាកទេសចរណ៍ជាតិ៖ វៀតណាម - ភាពស្រស់ស្អាតគ្មានទីបញ្ចប់។ សារ “រស់នៅយ៉ាងពេញលេញនៅវៀតណាម” មានអត្ថន័យអញ្ជើញភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់មកវៀតណាវិញ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព គួរឲ្យទាក់ទាញ ពោរពេញទៅដោយកម្លាំងរស់ ជាមួយនឹងធម្មជាតិស្រស់បំព្រង ឆ្នេរសមុទ្រស្អាតអស្ចារ្យ និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណផងដែរ។ ក្នុងថ្ងៃទី២០ ខែវិច្ឆិកា កោះ Phu Quoc បានទទួលភ្ញៀវទេសចរកូរ៉េខាងត្បូងចំនួន២០៤នាក់ តាមកម្មវិធីសាកល្បងការទទួលភ្ញៀវទេសចរអន្តរជាតិដែលមានលិខិតឆ្លងដែនវ៉ាក់សាំង។ មុននោះ នៅថ្ងៃទី១៧និងទី១៨ វិច្ឆិកា ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជិត១៣០នាក់មកពីអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង ស្វីស... តាមកម្មវិធីសាកល្បងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក។ នាពេលខាងមុខ ទីក្រុង Phu Quoc (ខេត្ត Kien Giang) ទីក្រុង Hoi An (ខេត្ត Quang Nam) ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ទីក្រុង Da Nang និងខេត្ត Quang Ninh គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិជាច្រើនថែមទៀត តាមកម្មវិធីសាកល្បង ដើម្បីបញ្ជាក់ពីកម្លាំងទាក់ទាញរបស់វៀតណាមក្នុងកាលៈទេសៈថ្មី នាំមកជូនភ្ញៀវទេសចរនូវចំណាប់អារម្មណ៍ “រស់នៅយ៉ាងពេញលេញនៅវៀតណាម"។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំបូកសរុបក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោ សញ្ចេតនាក៏ដូចជាការរួមមតិយោបល់របស់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់លោកអ្នកសូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីមែល៖ Vov5khmer@gmail.com។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ