ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៤០៧ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកអារម្មណ៍របស់ខ្លួនចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសជាតិ និងប្រជាជនវៀតណាម។

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលបានមតិយោបល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់ដែលស្រលាញ់កីឡាបាល់ទាត់នៅកម្ពុជា អបអរសាទរចំពោះសមិទ្ធផលរបស់ក្រុមបាល់ទាត់ជម្រើសជាតិ U១៧ វៀតណាម ដែលដណ្ដើមបានសំបុត្រឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ U១៧ អាស៊ី (AFC U-17 Asian Cup) ឆ្នាំ ២០២៣។ ក្នុងសំបុត្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ អ៊ុំ ចន្ថា មកពីភ្នំពេញបានសម្តែងថា៖ “សូមអបអរសាទរកីឡាករវ័យក្មេងនៃក្រុមបាល់ទាត់ U១៧ វៀតណាម ដែលសម្រេចបានលទ្ធផលកំពូលតារាងក្នុងការប្រកួតវគ្គជម្រុះ U១៧ អាស៊ីឆ្នាំ ២០២៣។ សូមជូនពរឱ្យកីឡាករទាំងអស់បន្តរក្សារបៀបលេង និងបង្ហាញខ្លួនបានយ៉ាងល្អបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ដើម្បីនាំមកនូវលទ្ធផលដ៏ល្អប្រសើរ”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ក្រុម U១៧ វៀតណាមយកឈ្នះលើក្រុមនេប៉ាល់ក្នុងលទ្ធផល ៥-០ នាយប់ថ្ងៃទី ៧ ខែតុលា (រូបថត៖ TTXVN)

លោកអ្នកនាងជាទីមេត្រី! នាយប់ថ្ងៃទី៩ ខែតុលា នៅកីឡដ្ឋាន Viet Tri (ខរត្ត Phu Tho) ក្រុមបាល់ទាត់ជម្រើសជាតិ U១៧ វៀតណាម បានជួបជាមួយក្រុម U១៧ ថៃ ក្នុងការប្រកួតវគ្គជម្រុះ U១៧ អាស៊ីឆ្នាំ ២០២៣។ ហើយក្នុងពូល F ក្រុម U១៧ វៀតណាម របស់គ្រូបង្វឹក Nguyen Quoc Tuan បានយកឈ្នះលើក្រុមតៃវ៉ាន់ដោយលទ្ធផល ៤-០ ឈ្នះនេប៉ាល់ ៥-០ និងឈ្នះក្រុម U១៧ ថៃក្នុងលទ្ធផល ៣-០; ទទួលបានសំបុត្រចូលវគ្គផ្តាច់ព្រ័ត្រដោយជ័យជម្នះយ៉ាងដាច់ខាតក្នុងវគ្គចែកពូល។ នាថ្ងៃដដែល ថ្ងៃទី៩ ខែតុលា វគ្គជម្រុះ AFC Asian Cup ២០២៣ បានបិទបញ្ចប់ ហើយបានកំណត់ក្រុមបាល់ទាត់ចំនួន ១៦ ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រផងដែរ។

មិត្តអ្នកស្តាប់ សុខឃាង នៅខេត្តសៀមរាប បានចែករំលែកថា “ខ្ញុំបានដឹងថា ឆ្នាំ ២០២២នេះជាលើកទីមួយហើយដែលវៀតណាមបានរៀបចំទិវាផ្លាស់ប្តូរឌីជីថលជាតិ ដើម្បីទទួលស្គាល់ លើកសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ននានាក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ។ សូមកម្មវិធីណែនាំព័ត៌មានបន្ថែមទៀតអំពីព្រឹត្តិការណ៍នេះ"។

មិត្តអ្នកស្តាប់ សុខឃាង និងប្រិយមិត្តជាទីមេត្រី! នៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២២ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ 505/QĐ-TTg  ស្តីពីទិវាផ្លាស់ប្តូរឌីជីថលជាតិ ដោយយកថ្ងៃទី ១០ ខែតុលាជារៀងរាល់ឆ្នាំ ជាទិវាផ្លាស់ប្តូរឌីជីថលជាតិ ដើម្បីទទួលស្គាល់និងលើកសរសើរបណ្តាអង្គការ បុគ្គលដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ជាព្រឹត្តិការណ៍មួយដើម្បីវាយតម្លៃសកម្មភាពផ្លាស់ប្តូរឌីជីថលជារៀងរាល់ឆ្នាំផងដែរ។ នាពេលថ្មីៗនេះ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចាប់ផ្តើមកម្មវិធី“ខែតុលា - ខែនៃការប្រើប្រាស់ឌីជីថល”ដើម្បីប្រជាជនទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល និងសហគ្រាសបច្ចេកវិទ្យាឌីជីថលអាចឈានដល់អតិថិជនដែលមានសក្តានុពល។ លើសពីនេះទៀត សកម្មភាព និងចលនាជាច្រើនក៏ត្រូវបានរៀបចំឡើងនៅបណ្តាខេត្តក្រុងទូទាំងប្រទេស ដើម្បីជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំនេះផងដែរ។ ក្រោមប្រធានបទ “ការផ្លាស់ប្តូរឌីជីថលជួយដោះស្រាយបញ្ហាសង្គមដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជន” សកម្មភាពជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២២ នឹងផ្តោតលើការបំផុសគំនិតផ្តួចផ្តើមដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន ឧទ្ទេសនាមផលិតផល សេវាកម្មឌីជីថល ជំរុញការផ្សព្វផ្សាយជំនាញឌីជីថលជាដើម។

ក្នុងសំបុត្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ហេ សុឃិម បានសម្ដែងថា៖ "នាពេលថ្មីៗនេះ នាងខ្ញុំបានអានព័ត៌មានថា អ្នកថតរូបវៀតណាមម្នាក់បានឈ្នះពានរង្វាន់អន្តរជាតិ ដោយរូបភាពនៃរដូវស្រូវទុំ នៅជ្រលងភ្នំ Phong Nam ខេត្ត Cao Bang។ ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តក្នុងការធ្វើដំណើរនិងថតរូប នាងខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបថតនេះនិងចង់ឲ្យថ្ងៃមួយអាចទៅទស្សនា និងឆ្លងបទពិសោធន៍ទេសភាពដ៏ស្រស់ស្អាតនៅទីនេះ។ សូមកម្មវិធីណែនាំព័ត៌មានពីបីអំពីទេសភាពនិងមនុស្សនៅទីនេះផងណា"។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2រូបថត "Ripe rice valley" (ជ្រលងភ្នំនៃស្រូវទុំ) របស់អ្នកថតរូប Cao Ky Nhan ដែលបានបានឈ្នះពានរង្វាន់មាសអន្តរជាតិ Epson International Pano Awards ឆ្នាំ ២០២២។

មិត្តអ្នកស្ដាប់ ហេ សុឃិម ជាទីគោរព! ជ្រលងភ្នំ Phong Nam ស្ថិតនៅ ស្រុក Trung Khanh ខេត្ត Cao Bang ដែលមានចម្ងាយជាង ៣០០ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ ទោះបីជាមិនល្បីល្បាញដូចគោលដៅផ្សេងទៀតនៅ Cao Bang ដូចជាទឹកជ្រោះ Ban Gioc អណ្តូង Le Nin ខ្នងភ្នំ Ma Phuc ក៏ដោយ ប៉ុន្តែ Phong Nam បានទាក់ទាញអ្នកថតរូបជាច្រើនដោយទេសភាពដ៏ស្រស់ស្អាតនៃរដូវស្រូវទុំ ពណ៌មាស ពាសពេញមួយជ្រលងភ្នំ។ ពេលវេលាដ៏ល្អបំផុតដើម្បីមកទស្សនាជ្រលងភ្នំ Phong Nam គឺជារដូវស្លឹកឈើជ្រុះ ចន្លោះពីខែសីហាដល់ខែតុលា ចំពេលរដូវស្រូវទុំ។ រដូវស្លឹកឈើជ្រុះក៏ជារដូវកាលដែលអ្នកថតរូបជាច្រើនបានមកដល់ Phong Nam ដើម្បីប្រមាញ់រូបថត; រកឃើញសម្រស់ធម្មជាតិ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណនៅតំបន់ជនបទដ៏សុខាសន្តនេះ។ ដែលក្នុងនោះអ្នកថតរូប Cao Ky Nhan អាយុ ៤០ ឆ្នាំ រស់នៅទីក្រុងហូជីមិញបានឈ្នះពានរង្វាន់មាសអន្តរជាតិ Epson International Pano Awards ឆ្នាំ ២០២២ ជាមួយនឹងរូបថត "Ripe rice valley" (ជ្រលងភ្នំនៃស្រូវទុំ)។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ