ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៦៦ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលបានសំបុត្ររបស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីលើពិភពលោក អបអរសាទរវិទ្យុសម្លេងវៀតណាមដែលទទួលបានពានរង្វាន់នៅសន្និសីទប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់អាស៊ីលើកទី១៨(AMS 2023) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ ពីប្រទេសអេស្ប៉ាញ មិត្តអ្នកស្ដាប់ Juan Diez បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយចំពោះពានរង្វាន់ដែលវិទ្យុសម្លេងវៀតណាមទទួលបាននៅ AMS ២០២៣ នៅទីក្រុងបាលី ឥណ្ឌូនេស៊ី។ វិទ្យុសម្លេងវៀតណាមដូចជាគ្រួសាររបស់ខ្ញុំ ដូច្នេះ រាល់ពានរង្វាន់ដែលវិទ្យុដណ្ដើមបានសុទ្ធតែនាំមកនូវអារម្មណ៍ថា ខ្ញុំទើបតែទទួលបានពានរង្វាន់ដូច្នេះ ហើយកាន់តែចង់ទទួលបានសមិទ្ធិផលបន្ថែមទៀត។ ពានរង្វាន់របស់គណៈវិនិច្ឆ័យបានប្រគល់ជូនកម្មវិធីផ្សាយសម្លេងរបស់VOVជាមួយស្នាដៃថា៖ “មមាញឹក ៦៨៩ - បំណងប្រាថ្នាសន្តិភាព” ជាការទទួលស្គាល់ដ៏សក្តិសមសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់VOV ដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាពនៅទ្វីបអាស៊ី និងលើទូទាំងពិភពលោក”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សន្និសីទប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ១៨ (AMS 2023) គឺជាសន្និសីទពិសេសនៃវិទ្យាស្ថានអភិវឌ្ឍន៍វិទ្យុអាស៊ី - ប៉ាស៊ីហ្វិក (AIBD) ។ សន្និសីទនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៣ -២៥ ខែឧសភា ដើម្បីចែករំលែកបទពិសោធន៍ប្រព័ន្ធផ្សព្វផ្សាយក្នុងការរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់ដែលកំពុងខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-19 ក៏ដូចជាគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ និងអស្ថិរភាពនយោបាយ។ ក្នុងសន្និសីទនោះ វិទ្យុសម្លេងវៀតណាមទទួលបានពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យសម្រាប់ប្រភេទស្នាដៃផ្សាយសម្លេងដែលមានចំណងជើងថា “មមាញឹក ៦៨៩-បំណងប្រាថ្នាសន្តិភាព”របស់ក្រុមអ្នកនិពន្ធ VOV១។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ចៃយ៉ និងគួង ត្រូវបានច្រើសរើសជាអាហារសម្រន់ដ៏ទាក់ទាញបំផុតទាំង ៥០នៅលើពិភពលោក។

ក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ សុភាព មកពីខេត្ត កំពង់ធំ  ដែលបច្ចុប្បន្នកំពុងរស់នៅនិងធ្វើការនៅទីក្រុងហូជីមិញបានចែករំលែកថា៖ “នាពេលថ្មីៗនេះ ខ្ញុំបានដឹងថា គេហទំព័រម្ហូបអាហារដ៏ល្បីល្បាញ Taste Atlas បាននាំមុខម្ហូបវៀតណាមចំនួន២ គឺ “ចៃយ៉”និង“គួង”ក្នុងបញ្ជីអាហារសម្រន់ដ៏ទាក់ទាញបំផុតចំនួន ៥០ នៅលើពិភពលោក។ ខ្ញុំក៏បានដឹងថានៅតំបន់នីមួយៗ ចៃយ៉ក៏មានឈ្មោះផ្សេងៗគ្នាដែរ។ សូមកម្មវិធីពន្យល់បន្ថែមអំពីមុខម្ហូបទាំងពីរនេះ”។

មិត្តអ្នកស្ដាប់ សុភាព និងប្រ័យមិត្តជាទីមេត្រី! ឆៃយ៉ នៅភាគខាងត្បូងហៅថាឆៃយ៉ នៅភាគខាងជើងហៅថា Nem ran នៅភាគកណ្ដាលហៅថា Cha ram។ ឈ្មោះទាំងបីនេះដើម្បីហៅមុខម្ហូបតែមួយ ដែលធ្វើពីសាច់ជ្រូកជញ្ជ្រាំ រួមផ្សំជាមួយការ៉ុត ផ្សិតត្រចៀកកណ្តុល...មូរហើយយកទៅចៀនបំពង។ ចៃយ៉បំពងមានពណ៌លឿងចាប់ភ្នែក ស្ងួតប្រេង ស្រួយនៅខាងក្រៅ មានក្លិនឈ្ងុយ ជ្រលក់ទឹកត្រីជូរផ្អែមបាននាំមកនូវរសជាតិឈ្ងុយឆ្ងាញ់។ក្រៅពីរូបមន្តប្រពៃណី យើងក៏អាចកែច្នៃតាមវិធីផ្សេងៗ ដូចជាចៃយ៉គ្រឿងសមុទ្រ ចៃយ៉បួសផងដែរ។

ដូចនឹងចៃយ៉ដែរ គួងក៏ត្រូវបានមូរជាមួយបាញ់ត្រាងរុំសាច់ជ្រូក សាច់គោ ឬគ្រឿងសមុទ្រដូចជាបង្កង ក្តាម តាមចំណង់ចំណូលចិត្ត។ យ៉ាងណាមិញ មុខម្ហូបនេះមិនត្រូវការចៀននោះទេ។ គួងប្រើប្រាស់គ្រឿងផ្សាំដែលបានឆ្អិនរួចហើយ មូរជាមួយបន្លែគ្រប់មុខ ជ្រលក់ទឹកត្រីជូរផ្អែម ទឹកស៊ីអ៊ីវ ឬទឹកជ្រលក់ នាំមកនូវរសជាតិស្រស់ៗ ឈ្ងុយឆ្ងាញ់។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2“វាលសារ៉ាយសមុទ្រ” នៅកោះ Hon Kho ទីក្រុង Quy Nhon។

ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងរួមដំណើរជាមួយយើងខ្ញុំ ទៅស្វែងយល់អំពី “វាលសារ៉ាយសមុទ្រ” នៅកោះ Hon Kho ទីក្រុង Quy Nhon។ នេះក៏ជាកន្លែងដែលមិត្តអ្នកស្ដាប់ សុផន នៅខេត្ត សៀមរាបមានបំណងចង់ស្វែងយល់ផងដែរ។

មិត្ត សុផន និងប្រិយមិត្តជាទីមាត្រី! កោះ Hon Kho ស្ថិតនៅឃុំ Nhon Hai ទីក្រុង Quy Nhon ខេត្ត Binh Dinh មានឆ្នេរសមុទ្រប្រវែង ១៥ គីឡូម៉ែត្រ ដែលល្បីល្បាញជាមួយផ្កាថ្មប៉ប្រះទឹកនៅជិតឆ្នេរសមុទ្រ និងវាលសារ៉ាយសមុទ្រដ៏ស្រស់ស្អាត គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរនិងអ្នកថតរូប។ ពេលវេលាដ៏ល្អបំផុតសម្រាប់ទៅទស្សនា Hon Kho គឺចាប់ពីខែឧសភាដល់ខែកក្កដា នៅពេលដែលសារ៉ាយសមុទ្រដុះនៅក្នុងតំបន់នេះ។ កោះតូចមួយត្រូវបានហ៊ុំព័ទ្ធដោយវាលសារ៉ាយសមុទ្រពណ៌លឿង នៅក្រោមបាតសមុទ្រពណ៌ខៀវស្រឡះ បង្កើតឡើងទេសភាពដ៏អស្ចារ្យ។ នៅពេលដែលជំនោរទាប អ្នកទេសចរជាច្រើនបានជ្រើសរើសជិះទូកទៅមើលសារ៉ាយសមុទ្រ ឬឆ្លងពិសោធនៃការមុជទឹកសមុទ្រលេងកម្សាន្តជាមួយហ្វូងត្រីចម្រុះពណ៌និងគយគន់ទេសភាពនៃវាលសារ៉ាយសមុទ្រពណ៌មាស សន្យានឹងធ្វើឱ្យអ្នកទស្សនាមានចំណាបអារម្មណ៍ដែលមិនអាចបំភ្លេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ