(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួនជាង ៤០០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ យើងក៏ទទួលបានរបាយការណ៍របស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច និងសំឡេងច្បាស់។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។
ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍កន្លងទៅ គឺក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមនឹងចូលរួមការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ នៅនូវែលសេឡង់។ យើងបានទទួលសំបុត្រជាច្រើនអបអរសាទរក្រុមកីឡាបាល់ទាត់នារីវៀតណាមដែលដណ្ដើមបានសំបុត្រចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣។ ក្នុងនោះ មិត្ត Chinda នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានសរសេរថា “សូមជូនពរដល់ក្រុមបាល់ទាត់នារីវៀតណាម សូមឱ្យមានសុខភាពល្អ និងទទួលបានសមិទ្ធិផលខ្ពស់នៅ World Cup នារីឆ្នាំ ២០២៣ ។ ខ្ញុំជានិច្ចកាលគាំទ្រអ្នកយ៉ាងពេញទំហឹង”។
ក្រុមបាល់ទាត់នារីវៀតណាមហ្វឹកហ្វឺនសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃWorld Cup នារីឆ្នាំ ២០២៣។ រូបថត៖ VFF |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាព្រឹកថ្ងៃទី៥ ខែកក្កដា ក្រុមបាល់ទាត់នារីវៀតណាមបានចេញដំណើរទៅកាន់ប្រទេសនូវែលសេឡង់ជាផ្លូវការ ដើម្បីត្រៀមចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣។ កាលពីដើមឆ្នាំនេះ គ្រូបង្វឹក Mai Duc Chung និងកូនសិស្សបានធ្វើឱ្យអ្នកគាំទ្រកីឡាមានការភ្ញាក់ផ្អើល នៅពេលយកឈ្នះលើក្រុមបាល់ទាត់នារី ថៃ (២-០) និងតៃវ៉ាន់ (ចិន) (២-១) នៅវគ្គ Play-off ដើម្បីកត់ឈ្មោះជាផ្លូវការនៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup នារីឆ្នាំ ២០២៣ ។ នេះក៏ជាលើកដំបូងដែលក្រុមនារីវៀតណាមបានចូលរួម World Cup។
នៅ FIFA World Cup នារី ២០២៣ ក្រុមនារីវៀតណាមនឹងប្រកួតក្នុងពូលE ហើយនឹងជួបជាមួយគូប្រជែងគឺក្រុមនារីអាមេរិក (ថ្ងៃទី ២២ ក្កដា) ក្រុមនារីហូឡង់ (ថ្ងៃទី ២៧ ខែកក្កដា) និងក្រុមនារីព័រទុយហ្គាល់នៅថ្ងៃទី ១ ខែសីហា។ ក្រុមបាល់ទាត់អាស៊ីចំនួន ៥ ដែលឈ្នះសំបុត្រចូលរួម World Cup នារីឆ្នាំ ២០២៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន ហ្វីលីពីន វៀតណាម។
ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលសំបុត្ររបស់មិត្តអ្នកស្ដាប់ លាង រិទ្ធី និស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Hue ដែលបានចែករំលែកអំពីសកម្មភាពជិះកង់ដើរក្បួនដង្ហែរក្នុងក្របខ័ណ្ឌនៃសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ២០២៣។ នៅក្នុងសំបុត្រមិត្តអ្នកសរសេរថា“ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងភ្ញាក់ផ្អើលនៅពេលឃើញរូបភាពមនុស្សរាប់រយនាក់ ក្នុងសម្លៀកបំពាក់អាវផាយ ជិះកង់ដើរដង្ហែរតាមដងវិថីនៅទីក្រុង Hue ។ ជាមួយនឹងសម្លៀកបំពាក់អាវផាយប្រពៃណីដ៏ចម្រុះពណ៌ បានបង្កើតរូបភាពពិសេសនៅអតីតរាជធានី Hue។
កម្មាភិបាល និយោជិក និយោជកនិងកម្មកររាប់រយនាក់ក្នុងសម្លៀកបំពាក់អាវផាយ បានជិះកង់ដើរដង្ហែរតាមដងវិថីនៅទីក្រុង Hue ។ |
មិត្តអ្នកស្ដាប់ លាង រិទ្ធី និងប្រិយមិត្តជាទីមេត្រី! សប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦-១២ ខែកក្កដា ដោយមានសកម្មភាពដូចជាការតាំងបង្ហាញ ការសម្តែងអាវផាយ Hue និងការសម្តែងសិល្បៈ សំដៅផ្សព្វផ្សាយនិងលើកតម្កើងរូបភាពអាវផាយប្រពៃណីវៀតណាម។ នេះគឺជាសកម្មភាពវប្បធម៌ដែលរួមចំណែកដល់ការអភិរក្សនិងពង្រីកតម្លៃអាវផាយប្រពៃណី Hue បង្កើតផលិតផលទេសចរណ៍វប្បធម៌ពិសេសសម្រាប់សហគមន៍នៅពេលមកដល់ទីក្រុង Hue។ កម្មាភិបាល បុគ្គលិក សិស្ស និស្សិត អាជីវករតូចឬធំ និងសហគមន៍ត្រូវបានលើកទឹកចិត្តឲ្យពាក់អាវផាយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
ភ្លាមៗបន្ទាប់ពីពិធីបំផុសសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២៣នោះ កម្មាភិបាល និយោជិក និយោជកនិងកម្មកររាប់រយនាក់ក្នុងសម្លៀកបំពាក់អាវផាយ បានជិះកង់ដើរតាមដងវិថីជាច្រើននៅក្នុងទីក្រុង Hue ឆ្លងកាត់កេរ្តិ៍តំណែលបុរាណសំខាន់ៗ។
ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តទៅទស្សនា និងស្វែងយល់អំពី ស្ពានកញ្ចក់ Bach Long នៅស្រុក Moc Chau ខេត្ត Son La ដែលជាស្ពានកញ្ចក់វែងជាងគេបំផុតនៅលើពិភពលោក ហើយត្រូវបានអង្គការឯកទគ្គកម្ម Guinness ពិភពលោកទទួលស្គាល់ផងដែរ។ នេះក៏ជាទិសដៅដែលមិត្តអ្នកស្ដាប់ សូធីតា នៅរាជធានីភ្នំពេញមានបំណងចង់ស្វែងយល់ផងដែរ។
ស្ពានកញ្ចក់ Bach Long មានប្រវែង ៦០០ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រពីដី។ |
មិត្ត សូធីតា និងប្រិយមិត្តជាទីមាត្រី! ស្ពានកញ្ចក់ Bach Long គឺជាស្ពានកញ្ចក់ទី ៣ នៅវៀតណាម ដែលមានទីតាំងស្ថិតនៅឃុំ Muong Sang ស្រុក Moc Chau។ ជាមួយនឹងប្រវែងរហូតដល់ ៦០០ម៉ែត្រ នេះគឺជាស្ពានកញ្ចក់ដែលវែងជាងគេបំផុតនៅលើពិភពលោករហូតមកដល់ពេលនេះ។ ស្ពានកញ្ចក់នេះ មានការរចនាដ៏គួរឱ្យចាប់អារម្មណ៍ ស្ថិតនៅចន្លោះថ្មរដិបរដុបនិងព្រៃភ្នំដ៏ធំសម្បើម។ ជាមួយនឹងកម្ពស់ ១៥០ម៉ែត្រពីដី អ្នកអាចក្រឡែកមើលពីចម្ងាយដើម្បីគយគន់ទេសភាពព្រៃភ្នំភាគពាយ័ព្យទាំងមូល។
ថ្ងៃដែលមានពន្លឺព្រះអាទិត្យគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដើម្បីទស្សនាស្ពានកញ្ចក់ Bach Long។ មិនត្រឹមតែនាំមករូបភាព check-in ស្អាតៗប៉ុណ្ណោះទេ អាកាសធាតុស្រស់បំព្រង់ក៏ជាលក្ខខណ្ឌអំណោយផលសម្រាប់អ្នកដើម្បីគយគន់ទេសភាពនៃតំបន់ខ្ពង់រាប Moc Chau ផងដែរ។ ប្រសិនបើអ្នកមកទីនេះនៅថ្ងៃដែលមានពពកច្រើន អ្នកនឹងមានអារម្មណ៍ថាខ្លួនកំពុងដើរលើពពកដើម្បីឆ្លងកាត់ច្រាំងថ្មចោទ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕