ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១១ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីផ្សាយសម្លេងនានានៃប៉ូស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃដល់យើងខ្ញុំ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីហូឡង់
លោក Mark Rutte ជិះកង់តាមផ្លូវ នាព្រឹកថ្ងៃទី ២ វិច្ឆិកា។ (រូបថត៖ VOV)

មិត្តអ្នកស្តាប់ សម្បត្តិ នៅទីក្រុងភ្នំពេញ បានសម្តែងការចាប់អារម្មណ៍ចំពោះរូបភាពនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីហូឡង់ ជិះកង់និងជជែកគ្នាតាមផ្លូវ៖ “ខ្ញុំគិតថារូបភាពនេះមានឥទ្ធិពលខ្លាំងលើប្រជាជននៃប្រទេសទាំងពីរ ជាពិសេសនៅពេលដែលហូឡង់មានភាពល្បីល្បាញជាប្រទេសដែលស្រឡាញ់ការជិះកង់ ហើយភាគីទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបៃតងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ”។ ហើយអ្នកស្តាប់ បុប្ផា នៅខេត្តសៀមរាប បានចាត់ទុកថា៖ “វៀតណាមមិនត្រឹមតែជាគោលដៅដ៏ស្និទ្ធស្នាលសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងសម្រាប់ថ្នាក់ដឹកនាំ និងអ្នកនយោបាយអន្តរជាតិទៀតផង”។

អ្នកស្តាប់ ស៊ុន ផល់ អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយ បានផ្ញើក្ដីអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងឱកាសដែលមានទីក្រុងចំនួនពីរបន្ថែមទៀតក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៖ “ក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម ខ្ញុំមានសំណាងដែលបានទៅទស្សនាទាំងទីក្រុង Hoi An និង Da Lat។ ទីក្រុងទាំងពីរនេះ សុទ្ធតែបង្កប់នូវតម្លៃ និងសក្តានុពលអភិវឌ្ឍន៍ជាច្រើន។ សូមអបអរសាទរចំពោះអ្នក ហើយឆ្លៀតឱកាសនេះ ខ្ញុំក៏មានសំណួរតូចមួយផងដែរ៖ តើការចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនឹងនាំមកនូវអត្ថប្រយោជន៍អ្វីខ្លះដល់ទីក្រុងទាំងពីរនេះ”?

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ទិដ្ឋភាពដ៏ស្រស់បំព្រងនិងសុខសាន្តនៃទីក្រុងបុរាណ Hoi An។ (រូបថត៖ VNA)

មិត្ត ស៊ុន ផល់ និងប្រិយមិត្តជាទីគោរព! កាលពីចុងខែតុលាកន្លងទៅ អង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការទីក្រុង Da Lat និង Hoi An ជាសមាជិកនៃ "បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ" (UCCN)។ Da Lat ជាទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រី ហើយ Hoi An គឺជាទីក្រុងច្នៃប្រឌិតក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ ក្នុងឆ្នាំ ២០១៩ រដ្ឋធានីហាណូយរបស់វៀតណាមក៏ត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនាផងដែរ។ ការចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងទាំងនេះក្នុងការកំណត់ម៉ាកយីហោ ផ្សព្វផ្សាយរូបភាពក្នុងវិស័យច្នៃប្រឌិតនានា រួមចំណែកក្នុងការទាក់ទាញការវិនិយោគ និងប្រមូលផ្ដុំកម្មវិធីអភិវឌ្ឍន៍អប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទីក្រុងហាណូយ ដាឡាត់ និងហូយអាន នឹងពង្រីកទំនាក់ទំនង បង្កើនឱកាសសហប្រតិបត្តិការអន្តរជាតិ ទទួលបានបទពិសោធន៍ និងគុណតម្លៃល្អៗពីអ្នកជំនាញអន្តរជាតិ អង្គការយូណេស្កូ ក៏ដូចជាទីក្រុង និងប្រទេសដទៃទៀត ដើម្បីអនុវត្តន៍ដោយភាពបត់បែនទៅក្នុងគំរូអភិវឌ្ឍន៍ដោយឡែករបស់ទីក្រុងនីមួយៗ។ ប្រភពធនធាន ប្រៀបខ្លាំងខាងធម្មជាតិ មនុស្ស វប្បធម៌-សិល្បៈ និងប្រវត្តិសាស្រ្តក៏នឹងត្រូវបានពង្រីកជាអតិបរមាក្នុងទិសដៅត្រឹមត្រូវ; ធ្វើជាមូលដ្ឋានដើម្បីទីក្រុងផ្តោតលើការឧទ្ទេសនាមរូបភាព និងគោលនយោបាយអភិរក្ស និងអភិវឌ្ឍន៍វិស័យច្នៃប្រឌិតរបស់ខ្លួនឱ្យកាន់តែទូលំទូលាយថែមទៀត។

ក៏ទាក់ទងនឹងប្រធានបទវប្បធម៌-សិល្បៈ-ទេសចរណ៍ោងដែរ លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព ក្រោយពីជោគជ័យនៃព្រឹត្តិការណ៍តន្ត្រីលំដាប់អន្តរជាតិនាពេលកន្លងទៅ នៅថ្ងៃទី ១៦ ខែធ្នូ ខាងមុខ ក្រុមតារាចម្រៀង Maroon 5 ដ៏ល្បីល្បាញរបស់អាមេរិក នឹងសម្តែងនៅលើឆាក 8Wonder នៅក្នុងមជ្ឈមណ្ឌល Phu Quoc United ក្នុងលើកដំបូងមកកាន់វៀតណាម។ ព័ត៌មាននេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រឡាញ់តន្ត្រីក្នុងស្រុក និងអន្តរជាតិ។ មិត្ត ចាន់ លីនដា នៅទីក្រុងភ្នំពេញបានចែករំលែកក្នុងសំបុត្រផ្ញើរមកកម្មវិធីថា៖ "ខ្ញុំសង្ឃឹមថានឹងទទួលបានដំបូន្មានពីអ្នកទាំងអស់គ្នាដើម្បីជួយខ្ញុំអាចមានភាពងាយស្រួលក្នុងការទស្សនាកម្មវិធីតន្រ្តីផង ហើយអាចឆ្លៀតពេលស្វែងយល់ និងទទួលបទពិសោធន៍នៅកោះពេជ្រ Phu Quoc ទៀតផង"។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 3មជ្ឈមណ្ឌល Phu Quoc United ស្ថិតនៅតំបន់ភាគខាងជើងនៃកោះ Phu Quoc។

មិត្ត លីនដា និងប្រិយមិត្តជាទីមេត្រី! មជ្ឈមណ្ឌល Phu Quoc United ជាកន្លែងដែលព្រឹត្តិការណ៍តន្ត្រីអន្តរជាតិ 8Wonder ប្រព្រឹត្តទៅនោះ ស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc។ តំបន់នេះប្រមូលផ្តុំសណ្ឋាគារជាច្រើន ដោយមានម៉ាកល្បីៗជាច្រើនពីម៉ាកលំដាប់ផ្កាយ ៥ ដល់សណ្ឋាគារខ្នាតតូចទំនើប ទាន់សម័យ... អ្នកទាំងអស់គ្នាអាចជ្រើសរើសកន្លែងស្នាក់នៅ ដែលសមស្របនឹងថវិកា និងចំណងចំណូលចិត្តរបស់អ្នក។ ជាពិសេស នៅចំកណ្តាលនៃ "ទីក្រុងដែលមិនដែលដេក" Grand World ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល Phu Quoc United នោះ បន្ទប់សណ្ឋាគារឬផ្ទះស្នាក់នៅប្រកបដោយផាសុខភាព មើលទៅព្រែកដ៏រ៉ូមែនទិក... ចំណាយត្រឹមតែ ៥០ម៉ឺនដុង/ថ្ងៃ។ ពីទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់កន្លែងទស្សនាដ៏ល្បីល្បាញនៅលើកោះ ឬប្រើប្រាស់សេវាទទួល-ជូនទៅអាកាសយានដ្ឋានដោយមិនគិតថ្លៃដោយឡានក្រុងអគ្គិសនី Vinbus។ ក្នុងអំឡុងពេលនេះ Phu Quoc ស្ទើរតែគ្មានភ្លៀងធ្លាក់ ពន្លឺថ្ងៃចែងចាំងរស្មីយ៉ាងស្រស់ស្អាត សមុទ្រស្ងប់ស្ងាត់ និងអាកាសធាតុត្រជាក់ស្រួល ដូច្នេះវាពិតជាសមស្របដើម្បីឲ្យភ្ញៀវទេសចរអាចទទួលបទពិសោធន៍ពីសកម្មភាពនៅកណ្ដាលវាល សម្របខ្លួននៅក្នុងបរិយាកាសនៃពិធីបុណ្យ - តន្ត្រី - កម្សាន្តកំពូល ទស្សនាធម្មជាតិនៅភាគខាងជើងកោះ ហើយរីករាយជាមួយគ្រឿងសមុទ្រ និងអាហារឆ្ងាញ់ៗនៅមូលដ្ឋាន... ប្រសិនបើអ្នកខ្លាចការកក់សេវាកម្មនីមួយៗដាច់ដោយឡែក អ្នកអាចស្វែងរកកញ្ចប់ combo តាមរយៈក្រុមហ៊ុនទេសចរណ៍ដែលមានកេរ្តិ៍ឈ្មោះ ដែលផ្ដល់ combo រួមមានសំបុត្រយន្តហោះទៅមករវាងទីក្រុងហូជីមិញ - Phu Quoc បន្ទប់សណ្ឋាគារ សំបុត្រចូលទស្សនាតន្ត្រី និងសំបុត្រចូលទស្សនាកន្លែងផ្សេងៗ... សូមជូនពរអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាននៅកោះ Phu Quoc។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ