ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួន ៤៥៥ ដែលត្រូវបានផ្ញើមកកម្មវិធីផ្សាយសម្លេងនានានៃប៉ូស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃដល់យើងខ្ញុំ។

ក្នុងសប្តាហ៍មុន ព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីសំណាក់មិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា។ មិត្តអ្នកអាន ជ័យ ម៉ាលី បានសម្តែងថា៖ «សូមជូនពរទំនាក់ទំនងវៀតណាម-ចិន កាន់តែអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងតំបន់”។ មិត្តអ្នកអាន ស៊ុន ផល បានផ្ញើអធិប្បាយមួយថា៖ “ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន ប្រព្រឹត្តទៅត្រឹមតែបីខែប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក Joe Biden។ ប្រការនេះបង្ហាញយ៉ាងច្បាស់នូវឋានៈកាន់តែសំខាន់របស់វៀតណាមក្នុងក្រសែភ្នែកមហាអំណាចពិភពលោក”។ ហើយមិត្តអ្នកស្តាប់សម្បត្តិ នៅទីក្រុងភ្នំពេញបានផ្ញើសំបុត្រចែករំលែកថា៖ “ខ្ញុំចាប់អារម្មណ៍នឹងរូបភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong ដែលអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ទទួលទានតែ។ សូមសួរថា តើមេដឹកនាំទាំងពីរបានទទួលទានតែប្រភេទណា ហើយដាំនៅកន្លែងណា?

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ទទួលទានតែក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ (រូបថត៖ VNA)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានរាយការណ៍ថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋទាំងពីរបានឯកភាពគ្នាបង្កើតឋានៈថ្មី កម្រិតថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងចិន។ ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញអគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន លោក Xi Jinping ទទួលទានតែ ៣ ប្រភេទ ដែលត្រូវបានជ្រើសរើសមកពីតំបន់ដាំតែល្បីៗនៅវៀតណាម។ នោះគឺជាតែផ្កាឈូក Tay Ho ដែលមានធាតុផ្សំស្នូលគឺតែ Shan tuyet ពណ៌សនៅលើភ្នំ Tay Con Linh ខេត្ត Ha Giang គួបផ្សំជាមួយនឹងអង្ករផ្កាឈូកបឹង Tay Ho ទីក្រុងហាណូយ ត្រាំរយៈពេល ៣ ឆ្នាំ ត្រូវការផ្កាឈូក ១៣០០ ទង ទើបផលិតបានតែផ្កាឈូក ១ គីឡូក្រាមដោយមានគុណភាពខ្ពស់បំផុត។ ផលិតផលទីពីរគឺតែ អ៊ូឡុង បុរាណ នៅតំបន់ខ្ពង់រាប Moc Chau ខេត្ត Son La ដែលបានឈ្នះរង្វាន់មាសក្នុងការប្រកួតតែអន្តរជាតិក្រុងប៉ារីសឆ្នាំ ២០១៩ ប្រទេសបារាំង។ ហើយផលិតផលទីបីគឺតែ Shan tuyet ពណ៌សដែលដុះនៅលើកំពូលភ្នំ Tay Con Linh ក្នុងកំពស់ ២០០០ ម៉ែត្រ នៅខេត្ត Ha Giang។ នៅក្នុងវប្បធម៌វៀតណាម ឬចិន ការអញ្ជើញគ្នាទទួលទានតែ គឺបង្ហាញពីការគោរព បដិសណ្ឋារកិច្ច ហើយក៏ជាឱកាសមួយដើម្បីផ្លាស់ប្តូរគ្នាយ៉ាងស្មោះត្រង់ ដូច្នេះហើយ នេះគឺជាពិធីកិច្ចមួយក្នុងចំណោមពិធីកិច្ចទទួលភ្ញៀវដ៏ពិសេសបំផុត ដែលបង្ហាញពីភាពស្និទ្ធស្នាល និងស្មោះស្ម័គ្រ រវាងមេដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។

ដោយបង្ហាញពីការយកចិត្តទុកដាក់ដល់វិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងអប់រំ មិត្តអ្នកស្តាប់ សុគន្ធារិទ្ធ នៅទីក្រុងភ្នំពេញបានផ្ញើសំណួរមកកម្មវិធីថា៖ “ខ្ញុំសង្ឃឹមថា កម្មវិធីនឹងធ្វើការឧទ្ទេសនាមអំពីពានរង្វាន់ VinFuture។

លោក សុគន្ធារិទ្ធ និងប្រិយមិត្តជាទីគោរព! VinFuture គឺជាពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល ដែលត្រូវបានបង្កើតឡើងដោយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup និងលោកជំទាវ ដែលបានបង្ហាញមុខនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០។ ក្រុមប្រឹក្សាពានរង្វាន់ VinFuture រួមមានអ្នកវិទ្យាសាស្ត្រ និងអ្នកច្នៃប្រឌិតអន្តរជាតិដែលមានកិត្យានុភាព មកពីអង្គការអប់រំ ស្រាវជ្រាវ និងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក។ សកម្មភាពស្នូលនៃមូលនិធិគឺផ្តល់ពានរង្វាន់ VinFuture ជាប្រចាំឆ្នាំ ដល់នីយបត្រតក្កកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នើមបំផុត ដែលបាន កំពុងឬមានសក្តានុពលដើម្បីបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងជីវភាពរស់នៅរបស់មនុស្ស។ លើសពីនេះ មូលនិធិក៏អនុវត្តន៍សកម្មភាពជាច្រើន ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ដូចជាការផ្តល់ឧបត្ថម្ភធនដល់ការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកសិក្សាវិទ្យា និងជំរុញការអប់រំតាមវិធីសាស្ត្រ STEM ជាដើម។ ជាមួយនឹងសារ “រួមកម្លាំងជាសកល” ពានរង្វាន់ VinFuture រដូវកាលទី ៣ ឆ្នាំ ២០២៣ ទទួលបានសំណុំឯកសារជិត ១៤០០ មកពីប្រទេស និងតំបន់ដែនដីជាង ៩០ ដែលកើនឡើង ៣ ដងបើធៀបនឹងរដូវកាលទី ១ ដែលមានតម្លៃពានរង្វាន់សរុបឡើងដល់ទៅ ៤,៥ លានដុល្លារអាមេរិក។

ហើយនៅក្នុងផ្នែកបន្ទាប់ យើងខ្ញុំសូមឧទ្ទេសនាមដល់ប្រិយមិត្តអំពី វិថីវៀតណាម (Vietnam Town) ដំបូងគេលើពិភពលោក តាមសំណើរបស់ មិត្ត ចន្ថាវី ដែលជានិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Thai Binh។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចូលរួមពិធីបើកសម្ពោធ វិថីវៀតណាម នៅទីក្រុង Udon Thani។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាថ្ងៃទី ៩ ខែធ្នូ កន្លងទៅ “វិថីវៀត ណាម” - Vietnam Town ត្រូវបានបើកសម្ពោធជាផ្លូវការនៅទីក្រុង Udon Thani ខេត្ត Udon Thani ប្រទេសថៃ។ នេះជាគំរូ វិថីវៀតណាម ដំបូងគេលើពិភពលោក ជាកន្លែងជួបប្រាស្រ័យ ដោះដូរទំនិញ និងឧទ្ទេសនាមអំពីមុខម្ហូប និងវប្បធម៌វៀតណាមដល់សហគមន៍ជនជាតិថៃ ក៏ដូចជាភ្ញៀវទេសចរផងដែរ។ Vietnam Town មានអាស័យដ្ឋាននៅច្រកលេខ ២ ផ្លូវ Si Suk ទីក្រុង Udon Thani មានចម្ងាយប្រហែល ៥៥០ គីឡូម៉ែត្រពីរាជធានីបាងកក។ Udon Thani តាំងពីយូរលង់មកជាផ្ទះរបស់សហគមន៍ជនថៃដើមកំណើតវៀតណាម ដែលមានប្រជាជនប្រហែល ៦ ម៉ឺននាក់។ បច្ចុប្បន្ននេះ Vietnam Town បើកជារៀងរាល់ថ្ងៃក្នុងសប្តាហ៍ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ១២ និង ៣០ នាទី។ ភ្ញៀវទេសចរបរទេស សហគមន៍ជនជាតិថៃ និងជនជាតិថៃដើមកំណើតវៀតណាម ដែលមកទីនេះអាចសាកភ្លក់ម្ហូបអាហារវៀតណាមជាមួយហាងជាច្រើន ដែលមានលក់ម្ហូបពិសេសប្រចាំតំបន់ភាគខាងជើង-កណ្តាល-ខាងត្បូងនៃប្រទេសវៀតណាម។ គម្រោង Vietnam Town ទទួលបានឧបត្ថម្ភធនពីរដ្ឋបាលខេត្ត Udon Thani អាណិកជនវៀតណាមនៅថៃ និងអាជីវកម្មក្នុងស្រុកមួយចំនួន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ