ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ជាប្រចាំសប្ដាហ៍
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។
ទាក់ទិននឹងមតិប្រតិកម្មរបស់មិត្តអ្នកស្តាប់និងមិត្តអ្នកអានក្នុងសប្តាហ៍មុន មតិជាច្រើនបានសម្តែងជំនឿជាក់លើការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា។ មិត្តអ្នកស្តាប់ សម្បត្តិ នៅរាជធានីភ្នំពេញបានផ្ដល់មតិថា៖ “រដ្ឋាភិបាលកម្ពុជានីតិកាលថ្មី ប្រាកដថានឹងបន្តទទួលមរតក និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម”។ ចំណែកឯមិត្តអ្នកស្ដាប់ បុប្ផា នៅខេត្តសៀមរាប បានធ្វើអត្ថាធិប្បាយថា៖ “កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាលទ្ធផលនៃទំនាក់ទំនងនយោបាយកាន់តែល្អប្រសើរ និងការយល់ដឹងគ្នាទៅវិញទៅមក ភាពស្អិតរមួតកាន់តែល្អប្រសើរ រវាងប្រជាជននៃប្រទេសទាំងពីរ”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត។
(រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចព័ត៌មានដែលយើងបានផ្សាយ កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយបានជួបសំណេះសំណាលជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានីតិកាលថ្មីបានសង្កត់ធ្ងន់លើសារៈសំខាន់ ហើយសម្ដែងនូវបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ទាំងកម្រិតទ្វេភាគី និងពហុភាគី។ ក្នុងព័ត៌មានផ្សេងទៀតទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ យោងតាមការធ្វើស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេល ៩ ខែកន្លងមក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមសម្រេចបាន ៤,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ វៀតណាមបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេទី ៣ របស់កម្ពុជា (បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក) និងជាទីផ្សារនាំចេញធំជាងគេទីពីររបស់កម្ពុជា (បន្ទាប់ពីអាមេរិក)។
ព្រឹត្តិការណ៍ដ៏ធំមួយដែលក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានក្នុងសប្តាហ៍មុន គឺពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរណាមបូ។ មិត្តអ្នកស្តាប់ ចាន់ លីនដា និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត Thai Binh បានសម្តែងថា៖ “ក្រុមការងារជាច្រើនដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានមកសួរសុខទុក្ខ និងអបអរសាទរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យសែនដូនតា ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស និងរដ្ឋដល់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏ចង់ស្វែងយល់បន្ថែមអំពីពិធីបុណ្យសែនដូលតា និងសកម្មភាពដែលតែងតែប្រព្រឹត្តទៅក្នុងឱកាសបុណ្យនេះ? សូមអរគុណ"។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ចុះសួរសុខទុក្ខនិងអបអរសាទរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Tra Vinh ក្នុងឱកាសពិធីបុណ្យសែនដូនតា។ |
លីនដា និងប្រិយមិត្តជាទីមេត្រី! ពិធីបុណ្យសែនដូនតា (ស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា) គឺជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំរបស់ជនរួមជាតិខ្មែរណាមបូ ដែលមានអត្ថន័យដូចគ្នានឹងពិធីបុណ្យ Vu Lan របស់ជនជាតិ Kinh នៅប្រទេសវៀតណាមដែរ។ នេះជាពិធីដែលប្រារព្ធឡើង ក្នុងបំណងរំលឹកដល់គុណបំណាច់របស់ជីដូនជីតា ឪពុកម្តាយ និងញាតិសន្ដាន ឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ ហើយបួងសួងសុំពរជ័យដល់អ្នកដែលនៅរស់ រឹតបន្តឹងការផ្សាភ្ជាប់រវាងមិត្តភក្តិ ញាតិសន្ដាន និងសហគមន៍ទាំងមូល។ ពិធីបុណ្យសែនដូនតា ត្រូវបានរៀបចំឡើងក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែទី៨ ដល់ថ្ងៃទី ១ ខែទី ៩ តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ។ ក្នុងអំឡុងពិធីបុណ្យសែនដូនតា នៅតាមវត្តអារាមនានារបស់ជនរួមជាតិខ្មែរណាមបូ តែងតែរៀបចំការសម្តែងសិល្បៈជាច្រើនក្រោមទម្រង់ដ៏វិសេសវិសាល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរ ដូចជាការប្រគុំភ្លេងពិណពាទ្យ ការសម្ដែងរបាំរាំវង់ ជាដើម។
ទាក់ទិននឹងវប្បធម៌-ទេសចរណ៍ផងដែរ នៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នៃសប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តអំពីរបាំ ព្រះសុនខ នៅទីក្រុងបុរាណ Hoi An ខេត្ត Quang Nam យោងតាមសំណួររបស់មិត្តអ្នកស្តាប់ ស៊ុន ផល នៅភ្នំពេញ ដែលផ្ញើមកកម្មវិធី។
របាំព្រះសុនខគឺជាលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែក ដែលបង្កើតឡើងដួងព្រលឹងនៃពិធីបុណ្យសំពះព្រះខែនៅ Hoi An។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! របាំព្រះសុនខ គឺជាលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែក ដែលបង្កើតឡើងដួងព្រលឹងនៃពិធីបុណ្យសំពះព្រះខែនៅ Hoi An។ ពីទស្សនៈទានប្រជាប្រិយប្រចាំស្រុក ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយសហគមន៍ជនដើមកំណើតចិន ដែលមកទីនេះតាំងទីលំនៅ ប្រជាជន Hoi An តាំងពីយូរយារណាស់មកហើយបានជឿថា ព្រះសុនខ គឺជាសត្វពិសិដ្ឋមួយប្រភេទ ដែលអាចកម្ចាត់ខ្មោចព្រាយបិសាច ហើយវត្តមាននៃសត្វព្រះសុនខនេះ ក្នុងពិធីបុណ្យសំពះព្រះខែ គឺជាសំណាងល្អនៃអាកាសធាតុនិងរដូវអំណោយផលពេញមួយឆ្នាំ។ លក្ខណាការនៃព្រះសុនខ ត្រូវបានប្រមូលផ្តុំនៅលើក្បាល ជាមួយនឹងពណ៌តំណាងឱ្យធាតុទាំងប្រាំ និងការតុបតែងយោងទៅតាមបទប្បញ្ញត្តិជាក់លាក់ ដើម្បីភ្ជាប់ជាមួយមុខងារដ៏ពិសិដ្ឋរបស់សត្វនេះ ដូចជា កម្ចាត់ព្រាយបិសាច ការព្យាបាលជំងឺ និងការប្រទានពរជ័យ។ របាំព្រះឆ្កែរ នៅ Hoi An មានចលនាដោយឡែករបស់ខ្លួន ដែលខុសពីក្បាច់រាំតោ របាំម៉ុងសាយដែលត្រូវបាននាំចេញនៅពេលក្រោយមក។ របាំព្រះសុនខ រួមមានចលនា និងដំណាក់កាលជាច្រើន រួមមាន៖ ដើរ ឈរ លោត ដេក ភ្ញាក់ កំចាត់ឧបទ្រព្យចង្រៃ បង្គមសុំពរជ័យ ហូបស្លឹកឈើ ផឹកទឹក បាញ់ភ្លើង...។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕