ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១១របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រិយមិត្តទាំងអស់ដែលបានផ្ដល់មតិយោបល់និងមនោសញ្ចេតនាដល់កម្មវិធី។

មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ញើរសំបុត្រសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការវិវឌ្ឍន៍កាន់តែវិជ្ជមាននៃស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។ គាត់បានឲ្យដឹងយ៉ាងដូច្នេះថា៖ “ខ្ញុំតែងតែតាមដានព័ត៌មានស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅវៀតណាមតាមរយៈគេហទំព័រ VOV5 ជារៀងរាល់ថ្ងៃ ហើយបានសង្កេតឃើញថា ចាប់តាំងពីដើមខែតុលាមក ស្ថានភាពជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រងទៅហើយ។ ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតលើកនេះពិតជាជួបការលំបាកខ្លាំងណាស់ ទោះជាមិនអាចជៀសផុតពីការបាត់បង់ជាច្រើនក៏ដោយ ប៉ុន្តែខ្ញុំគិតថា វៀតណាមបានឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុត”។

ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ប្រជាជនទីក្រុងហាណូយទៅហាត់ប្រាណនៅក្នុងឧទ្យានក្រោយពីបញ្ចប់រយៈពេលរក្សាគម្លាតសង្គម។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! ក្នុងចន្លោះពីចុងខែកញ្ញាដល់ដើមខែតុលាកន្លងមកនេះ ស្ថានភាពបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមបានកត់សម្គាល់លទ្ធផលវិជ្ជមានជាច្រើន នៅពេលដែលចំនួនករណីឆ្លងថ្មីបានថយចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ ចាប់ពីចំនួនជាង១ម៉ឺនករណីក្នុងមួយថ្ងៃនោះបានថយចុះមកជាង៣ពាន់ករណីក្នុងមួយថ្ងៃ។ ករណីស្លាប់មានពីចំនួនជាង៣០០ករណីក្នុងមួយថ្ងៃក៏បានថយចុះមកនៅប្រមាណ១០០ករណីផងដែរ។ ចំនួនអ្នកជម្ងឺបានជាសះស្បើយក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីសម្រេចបានលទ្ធផលនេះ គឺអាស្រ័យដោយមានការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការលះបង់មិនចេះនឿយណាយរបស់កម្លាំងនៅខ្សែត្រៀមជួរមុខ ការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់ប្រជាជន សហគមន៍អង្គភាពអាជីវកម្ម និងការអនុវត្តដោយទាន់ពេលវេលានូវវិធានការដ៏សមស្របនឹងការវិវឌ្ឍន៍នៃជម្ងឺរាតត្បាត ដូចជា៖ រឹតបន្តឹងការរក្សាគម្លាតសង្គមនៅតាមតំបន់កើតជម្ងឺ បង្កើនការធ្វើតេស្តនៅក្នុងសហគមន៍ បង្កើតមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមទម្រង់ពហុជាន់ ហើយជាពិសេសគឺការជំរុញខ្លាំងនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ។

អាស្រ័យដោយមានបទពិសោធន៍ដែលទទួលបានក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតលើកនេះ វៀតណាមបានផ្លាស់ប្ដូរគោលដៅពី ស្ថានការណ៍ “គ្មានកូវីដ” ទៅការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជម្ងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្ដារនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ បន្ទាប់ពីបន្ធូរស្រាលការរក្សាគម្លាតសង្គម បើកឡើងវិញប្រតិបត្តិការអាជីវកម្ម សេវាកម្មមួយចំនួនរួចមក នាពេលថ្មីៗនេះ វៀតណាមបានសាកល្បងការបើកឡើងវិញនូវប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកតាមផ្លូវអាកាសលើទូទាំងប្រទេស ចាប់ពីថ្ងៃទី១០ខែតុលាដល់ដំណាច់ថ្ងៃទី២០ តុលា ឆ្នាំ២០២១។ យកចិត្តទុកដាក់ដល់បញ្ហានេះ មិត្តអ្នកស្ដាប់ ច័ន្ទធាវី ដែលកំពុងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ បានចោទជាសំណួរថា៖ “ប្រសិនបើខ្ញុំចង់ជិះយន្តហោះពីទីក្រុងហូជីមិញទៅកាន់ហាណូយ គឺត្រូវមានលក្ខខណ្ឌនិងលិខិតបញ្ជាក់អ្វីខ្លះ? តើខ្ញុំត្រូវចាប់បង្ខំឲ្យទៅធ្វើចត្តាឡីស័កដែរឬអត់?”

ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ចាប់ពីថ្ងៃទី១០ខែតុលាដល់ដំណាច់ថ្ងៃទី២០ តុលា ឆ្នាំ២០២១ វៀតណាមបានសាកល្បងការបើកឡើងវិញនូវប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកតាមផ្លូវអាកាសលើទូទាំងប្រទេស។

មិត្តអ្នកស្ដាប់ ច័ន្ទធាវីនិងលោកអ្នកនាងជាទីមេត្រី! តាមបទបញ្ញត្តិថ្មីនៃក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមអំពីការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសក្នុងអំឡុងពេលសាកល្បងនេះ អ្នកដំណើរត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់ដូស ដែលត្រូវបានគូសបញ្ជាក់ដោយកាតខៀវលើកម្មវិធី កំណត់ត្រាសុខភាពអេឡិចត្រូនិក/ PC-Covid ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងគ្រប់ដូស ផ្ដល់ដោយស្ថាប័នមានសមត្ថកិច្ច ហើយចាក់ដូសចុងក្រោយបានយ៉ាងហោចណាស់១៤ថ្ងៃ; ឬបានជាសះស្បើយពីជម្ងឺកូវីដ ១៩ ក្នុងរយៈពេល៦ខែ (មានលិខិតចេញមន្ទីរពេទ្យ/លិខិតបញ្ជាក់បានជាសះស្បើយពីជម្ងឺកូវីដ ១៩); មានលទ្ធផលធ្វើតេស្ត SARS-CoV-2 ដោយវិធីតេស្ត RT-PCR ឬការធ្វើតេស្តរហ័សជាអវិជ្ជមានក្នុងរយៈពេល៧២ម៉ោងមុនពេលឡើងយន្តហោះ។ រួមជាមួយគ្នានោះ អ្នកដំណើរត្រូវអនុវត្តន៍ការរាយការណ៍ស្ថានភាពសុខភាព តាមបទបញ្ញត្តិ ព្រមទាំងគ្មានអាការៈដូចជា ក្អក គ្រុនក្ដៅ ពិបាកដកដង្ហើម ឈឺបំពង់ក នៅពេលឡើងយន្តហោះផងដែរ។ ចំពោះបញ្ហាធ្វើចត្តាឡីស័កវិញ នាបច្ចុប្បន្ន ទីក្រុងហាណូយអនុញ្ញាតឲ្យអ្នកធ្វើដំណើរមកពីទីក្រុងហូជីមិញទៅកាន់រដ្ឋធានី អាចធ្វើចត្តាឡីស័កនៅផ្ទះ ប្រសិនបើបានទទួលការចាក់វ៉ាក់សាំងគ្រប់២ដូស ហើយមានលទ្ធផលធ្វើតេស្តកូវីដ ១៩ អវិជ្ជមាន។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំបូកសរុបក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោ សញ្ចេតនាក៏ដូចជាការរួមមតិយោបល់របស់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់លោកអ្នកសូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីមែល៖ Vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ