ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៤៣២ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ៩០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1Nguyen Thuc Thuy Tien – បវរកញ្ញាឯកវៀតណាមបានយកឈ្នះលើបេក្ខនារីចំនួន ៥៩ នាក់ផ្សេងទៀត ដើម្បីក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយោបល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាដោយបានអបអរសាទរតំណាងវៀតណាមជាលើកដំបូងដែលក្លាយទៅជាម្ចាស់គ្រងមកុដ Miss Grand International ២០២១។ ក្នុងសំបុត្រ ដែលផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ មកពីកម្ពុជាបានចែករំលែកថា៖ “តំណាងវៀតណាមបានក្លាយទៅជាម្ចាស់គ្រងមកុដ Miss Grand International ២០២១ ហើយ។ សូមអបអរសាទរ។ ជ័យជំនះនេះបានមកពីគោលជំហរដ៏រឹងមាំអំពីសិទ្ធិមនុស្ស និងសកម្មភាពដ៏ក្លាហានរបស់នាង”។ ចំណែកមិត្តអ្នកស្ដាប់គង់ សាវិន បានសម្តែងថា៖ “អបអរសាទរបវរកញ្ញាសន្តិភាពវៀតណាម។ តាមគំនិតរបស់ខ្ញុំ នាងពិតជាសក្តិសមនឹងកិត្តិនាមនេះណាស់។ ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះរបៀបដែលនាងបាននិយាយអំពីអ្នកវិទ្យាសាស្ត្រ Sarah Gilbert ដែលបានបង្កើតវ៉ាក់សាំង AstraZeneca ប្រឆាំងនឹងកូវីដ ១៩ ណាស់ ។ ស្ត្រីនៅជុំវិញពិភពលោកបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីដណ្ដើមបានសមភាព និងប្រឆាំងនឹងការប្រកាន់ហើយខ្លះបន្តក្លាយជាជនរងគ្រោះនៃបញ្ហាទាំងនេះ។ ខ្ញុំមានជំនឿជាក់ទៅលើកម្លាំងរបស់ស្ត្រី ហើយនាងពិតជាសក្តិសមនឹងកិត្តិនាមនេះណាស់”។

លោកអ្នកនាងជាទីមេត្រី។ Nguyen Thuc Thuy Tien – បវរកញ្ញាឯក វៀតណាមបានយកឈ្នះលើបេក្ខនារីចំនួន ៥៩ នាក់ផ្សេងទៀត ដើម្បីក្លាយជាម្ចាស់គ្រងមកុដ Miss Grand International ២០២១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលបានរៀបចំឡើងនារាត្រីថ្ងៃទី ៤ ធ្នូនៅប្រទេសថៃ។ ក្នុងរាត្រីផ្តាច់ព្រ័ត្រនេះ Nguyen Thuc Thuy Tien បានឆ្លងកាត់ការប្រកួតគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ជាពិសេស ក្នុងបទបង្ហាញលើប្រធានបទស្ដីពីការបញ្ឈប់អំពើហិង្សា និងសង្រ្គាមនោះ នាងបានបង្ហាញពីទំនុកចិត្តនៅពេលអំពាវនាវឱ្យមនុស្សគ្រប់រូបសាមគ្គីភាព រួមដៃគ្នាការពារពិភពលោក ចែករំលែកក្តីស្រលាញ់ ដើម្បីបង្កើតកម្លាំងពលំធំជាងមុន ឆ្ពោះទៅកាន់ពិភពលោកដ៏ល្អប្រសើរ និងពោរពេញដោយក្តីស្រឡាញ់។ នាងមានសមត្ថភាពនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងការបញ្ចេញកាយវិការប្រកបដោយមន្តស្នេហ៍។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួននោះ បវរកញ្ញាឯក វៀតណាម ក្លាយទៅជាម្ចាស់គ្រងមកុដ Miss Grand International ២០២១។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះមានការចែកលែកគួរឲ្យទាក់ទាញរបស់មិត្តអ្នកស្ដាប់ នួន ស៊ីណា។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធីមិត្តបានសរសេរថា “តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានដឹងថា ទីក្រុងហាណូយបានបើកសម្ពោធខ្សែរថភ្លើង អគ្គិសនីដោយប្រើប្រាស់បច្ចេកវិទ្យា “បៃតង” ។ សូមចូលរួមអបអរសាទរផង”។

មិត្តអ្នកស្ដាប់នួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ នាពេលថ្មីៗនេះមជ្ឈមណ្ឌលគ្រប់គ្រងផ្លូវគមនាគមន៍សាធារណៈទីក្រុងហាណូយ និងក្រុមហ៊ុន Vinbus បានរៀបចំពីធីបើកសម្ពោធខ្សែរថយន្តក្រុងអគ្គិសនីដើមដំបូងនៅវៀតណាម។ នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ ដោយបានបង្ហាញការប្ដេជ្ញាចិត្តរបស់ទីក្រុងហាណូយ សំដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយនាំមកនូវផាសុខភាពជូនប្រជាជន។ រថយន្តក្រុងអគ្គិសនី Green Bus ផលិតដោយ VinFast គឺជារថយន្តក្រុងអគ្គិសនីឆ្លាតវៃដើមដំបូង ដោយមានពាណិជ្ជសញ្ញា "Make in Vietnam" ។ រថយន្តក្រុងនេះបានត្រូវបានដំណើរការដោយថាមពលអគ្គិសនី ១០០% ដោយមិនបញ្ចេញឧស្ម័នពុល  គ្មានផ្សែង និងគ្មានសំលេងរំខានផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ភូមិផ្ទាំងគំនូរ Canh Duong

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់គឹម សែនសុខ មកពីកម្ពុជា មានគោលបំណងចង់ស្វែងយល់អំពី ភូមិផ្ទាំងគំនូរ Canh Duong។ ដោយស្ថិតនៅក្បែរភ្នំ Phuong និងទន្លេ Loan ដ៏រ៉ូមែនទិចនោះ ភូមិឆ្នេរសមុទ្រ Canh Duong (ស្រុក Quang Trach) ប្រៀបប្រដូចទៅនឹងនាវាកំពុងបោះយុថ្កាមួយ នៅក្បែរឆ្នេរសមុទ្រអញ្ចឹង។ ភូមិនេះគឺជាភូមិបុរមបុរាណមួយក្នុងចំណោភូមិទាំង ៨ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពីយូរណាស់មកហើយនៅទឹកដីខេត្ត Quang Binh។ ទីកន្លែងនេះបានទាក់ទាញភ្ញៀវទេសចរដោយមានផ្ទាំងគំនូរដ៏ស្រស់ស្អាតជាច្រើន។ ភូមិផ្ទាំងគំនូរ Canh Duong គឺជាសមិទ្ធិផលនៃគម្រោង“ ផ្ទាំងគំនូរ នាពេលអនាគត” ដែលផ្ដើមចេញពីបំណងប្រាថ្នាចង់ជួយឧបត្ថម្ភប្រជាជនឲ្យមានឱកាសអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាបង្កើតគុណតម្លៃសិល្បៈ។ ចាប់ពីឆ្នាំ ២០១៨ តាមរយៈប្រភពសង្គមនីយកម្ម ជាពិសេសគឺមានការជួយឧបត្ថម្ភថវិកាពីមន្ទីរទេសចរណ៍ខេត្ត Quang Binh និងការធ្វើសេនាធិការជំនាញពីមន្ទីរវប្បធម៌និងកីឡានោះ រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានបង្កើតគំនូរជាង ៥០ ផ្ទាំង ដែល បានរចនាតាមបែប 3D  នៅតាមវិថីដែលមានប្រវែង ១ គីឡូម៉ែទ្រ។ ប្រជាជននៅទីនេះមានមោទនភាពអំពីផ្ទាំងគំនូរដ៏រស់វរើកនៅស្រុកកំណើតរបស់ខ្លួនណាស់។ មន្ទីរទេសចរណ៍ខេត្ត Quang Binh បានជ្រើសរើសយកភូមិ Canh Duong ជាភូមិទេសចរណ៍គំរូ ដោយស្ថិតក្នុងខ្សែទេសចរណ៍ ឧទ្យានទូកកន្ត្រកតាមបណ្តោយឆ្នេរសមុទ្រស្រុក Quang Trach ផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ