ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលជាច្រើន ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ បណ្ដាកម្មវិធីបន្តទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។
សត្វខ្លា ដែលតំណាងឲ្យអំណាច កម្លាំងពលំ និងរាសីល្អ |
ពីរាជធានីភ្នំពេញ មិត្តអ្នកស្ដាប់គីម ឡៃហៀងបានផ្ញើអ៊ីមែលមកកាន់កម្មវិធី ដោយមានខ្លឹមសារថា៖“ជូនពរមិត្តវៀតណាមទទួលអំណរឆ្នាំថ្មីជាមួយសមិទ្ធិផលថ្មីៗជាច្រើន ដែលមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។ សូមថ្លែងអំណរគុណចំពោះ VOV ដែលបានផ្តល់ឱ្យខ្ញុំនូវព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីសត្វតំណាងឆ្នាំ២០២២ នេះ។ សង្ឃឹមថាដូចទៅនឹងសត្វខ្លា ដែលតំណាងឲ្យអំណាច កម្លាំងពលំ និងរាសីល្អនោះ យើងនឹងជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ ជាក់ជាពុំខាន”។ ចំណែកមិត្តអ្នកស្ដាប់ ហេងលាព មកពីកម្ពុជាបានចែករំលែកថា៖ “ឆ្នាំថ្មីបានមកជាមួយនឹងផែនការ និងក្តីសង្ឃឹមជាច្រើន។ យើងទាំងអស់គ្នាសុទ្ធតែសង្ឈឹមថា ជំងឺរាតត្បាតកូវីដ ១៩ នឹងត្រូវបានបញ្ចប់ ដើម្បីជីវភាពរស់នៅវិលត្រឡប់មកប្រក្រតីភាពវិញផងដែរ”។
មិត្តអ្នកស្ដាប់ជាទីមេត្រី ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះ យើងខ្ញុំទទួលបានការចែករំលែកគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ សុខតារា។ ក្នុងសំបុត្រ មិត្តបានសរសេរថា៖ “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍បុណ្យតេតដាំដើមឈើ និទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២ នៅវៀតណាមណាស់។ ក៏ដូចជាប្រទេសវៀតណាមដែរ កម្ពុជាក៏បានរៀបចំរុក្ខទិវានាថ្ងៃទី ៩ កក្កដាជារៀងរាល់ឆ្នាំ។ តាមរយៈការរៀបចំរុក្ខទិវានេះ គឺសំដៅឃោសនាអំពីអត្ថន័យ និងគុណសម្បត្តិនៃការដាំដើមឈើ លើកកម្ពស់ការយល់ដឹងរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ក្នុងការដាំដើមឈើ ការពារបរិស្ថាន”។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទូងស្គរបំផុសបុណ្យតេតដាំដើមឈើ “ដឹងគុណលោកប្រធានហូជីមិញជានិច្ច” |
មិត្ត សុខតារា និងប្រិយមិត្តជាទីមេត្រី។ កាលពីថ្ងៃទី ៦ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ “ដឹងគុណលោកប្រធានហូជីមិញជានិច្ច” និទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២។ លោកប្រធានរដ្ឋបានសង្តត់ធ្ងន់ថា ការដាំ និងកិច្ចការពារព្រៃឈើបានដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺជាកិច្ចការបន្ទាន់ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ លោកប្រធានរដ្ឋ បានអំពាវនាវដល់ជនរួមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមយ៉ាងក្លៀវក្លាក្នុងការដាំដើមឈើចាប់ពីដើមនិទាឃរដូវនេះ។ មនុស្សម្នាក់ៗ ផ្ទះនីមួយៗ ស្ថាប័ន និងអង្គការនីមួយៗគួរតែរួមចំណែកយ៉ាងជាក់ស្តែងក្នុងការអនុវត្តកម្មវិធីដាំដើមឈើមួយពាន់លានដើមដំណាក់កាល ២០២១-២០២៥ ដើម្បីរួមចំណែកកសាងប្រទេសវៀតណាមបៃតងប្រកបដោយនិរន្តរភាពជានិច្ច។
មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តអញ្ជើញទៅទស្សនាគោលដៅទេសចរណ៍មួយដ៏ស្រស់ស្អាតនៅវៀតណាម នោះគឺ ភូមិ Si Thau Chai ឃុំ Ho Thau ស្រុក Tam Duong ខេត្ត Lai Chau។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ រតនៈ ហួនមានបំណងចង់ស្វែងយល់ផងដែរ។
ភូមិ Si Thau Chai ឃុំ Ho Thau ស្រុក Tam Dương |
មិត្តអ្នកស្ដាប់ រតនៈ ហួន និងប្រិយមិត្តជាទីមេត្រី។ ភូមិ Si Thau Chai ឃុំ Ho Thau ស្រុក Tam Dương ស្ថិតនៅកម្ពស់ ១ ៤០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ តាំងពីយូរណាស់មកហើយ ភូមិ ត្រូវបានស្គាល់ជាគោលដៅទេសចរណ៍សហគមន៍គួរឲ្យទាក់ទាញភ្ញៀវទេសចររបស់ខេត្ត Lai Chau។ ចំណុចពិសេសនៅភូមិនេះ គឺជំនឿអំពីព្រៃអារក្ស និងកិច្ចការពារព្រៃឈើ ត្រូវបានជនរួមជាតិ
Dao ថែរក្សា និងអនុវត្តន៍រាប់ពាន់ជំនាន់មកហើយ។ ភូមិគឺជាទីកន្លែងរស់នៅរបស់ជនរួមជាតិ Dao ដូច្នេះហើយ ទីកន្លែងនេះមានលក្ខណៈជីវភាពរស់នៅដ៏វិសេសវិសាល និងដាច់ដោយឡែកនៅភូមិស្រុកតំបន់ខ្ពស់ភាគពាយព្យ។ គ្រួសារជាង ៦០ គ្រួនៅតែថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតជាច្រើនជំនាន់។ អ្នកភូមិ Si Thau Chai បានចាត់ទុកព្រៃជាអារក្សមួយអង្គ ដែលបានជួយថែទាំដំបូលផ្ទះរួមរបស់អ្នកភូមិ។ ក្រោយពីពិធីសែនព្រៃ អ្នកភូមិនឹងមិនត្រូវបានអនុញាតឲ្យចូលតំបន់ព្រៃហាមឃាត់ និងធ្វើសកម្មភាពឈ្លានបំពានដល់ព្រៃនោះឡើយ។ ដោយសារកិច្ចការពារព្រៃឈើដូច្នេះ បានបង្កើត ជាទេសភាពដូចសព្វថ្ងៃរបស់ Si Thau Chai រួមចំណែកយ៉ាងធំធេងទៅក្នុងការងារកសាងភូមិវប្បធម៌ ទេសចរណ៍សហគមន៍ ដោយទាក់ទាញភ្ញៀវទេសចរទាំងជិតឆ្ងាយយ៉ាងច្រើនកុះករ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕