ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែលចំនួន ៣០០ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ |
ក្នុងសប្ដាហ៍កន្លងទៅយើងខ្ញុំទទួលបានការចែករំលែកជាច្រើនពីមិត្តអ្នកស្ដាប់កម្ពុជាអំពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១។ លោក ហេង វុទ្ធី មកពីកម្ពុជាបានសម្តែងការចាប់អារម្មណ៍ នៅពេលដែលសិល្បករខ្មែរបានសម្តែងលើវេទិកាបិទ ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ កាលពីយប់ថ្ងៃទី ២៣ ឧសភា៖ “វត្តមានរបស់សិល្បករខ្មែរបានបង្ហាញពីសារធ្វើសមាហរណកម្ម តភ្ជាប់មិត្តភក្តិអន្តរជាតិ ព្រមទាំងឆ្ពោះទៅរក ស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា”។ ចំណែកឯមិត្តអ្នកស្តាប់ ហេង ស៊ុនហាក់ មកពីកម្ពុជាបានចែករំលែកថា៖ “ដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមប្រកបដោយជោគជ័យ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាមបានជំនះពុះពារលើការលំបាក សាកល្បងជាច្រើន”។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ ឡៃទ្រីម មកពីកម្ពុជាបានអបអរសាទរក្រុមបាល់ទាត់ជម្រើជាតិបុរស និងនារីវៀតណាមដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ផងដែរ។
លោកអ្នកនាងជាទីមេត្រី ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩ នោះ គ្មានការប្រកួតកីឡា ធំៗណា បានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍ឡើយ។ វៀតណាមបានទទួលបេសកកម្មឈានមុខគេ ហើយបានរៀបចំស៊ីហ្គេមលើកទី ៣១ ប្រកបដោយ ជោគជ័យ។ ស៊ីហ្គេមលើកទី៣១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៣ ឧសភា ដោយមានការចូលរួមរបស់ក្រុមកីឡាចំនួន ១១ មកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកីឡាករ គ្រូបង្វឹក និង អាជ្ញាកណ្តាលចំនួន ១ ម៉ឺននាក់ ហើយបានប្រព្រឹត្តិទៅនៅតាមខេត្តក្រុងចំនួន ១២។ នេះគឺជាសក្ខីភាពសរឲ្យឃើញថា វៀតណាមគឺជាគោលដៅប្រកបដោយសុវត្ថិភាព និងស្និទ្ធិស្នាល។ ដោយទទួលបានមេដាយមាសសរុបចំនួន ២០៥ គ្រឿង ក្រុមកីឡាវៀតណាមបានបំបែកកំណត់ត្រាថ្មីក្នុងតារាងមេដាយស៊ីហ្គេម។
ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “តំបន់ជីវមណ្ឌលបម្រុងភ្នំ Chua” នៅខេត្ត Ninh Thuan។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់គីមសំនៀងមានគោលបំណងចង់ស្វែងយល់ផងដែរ។
មិត្តអ្នកស្ដាប់គីមសំនៀងជាទីមេត្រី។ តំបន់ជីវមណ្ឌលបម្រុងភ្នំ Chua ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ភ្នំ Chua ដែកមានផ្ទៃដីសរុបជាង ១០៦,៦៤៦ ហិកតា (តំបន់ស្នូលគឺជាង ១៦,៤០០ ហិកតា) ស្ថិតនៅភូមិសាស្ត្រស្រុកចំនួនពីរគឺស្រុក Ninh Hai និងស្រុក Thuan Bac ហើយមានចំងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីក្រុង Phan Rang - Thap Cham ខេត្ត Ninh Thuan តាមទិសភាគឦសាន។តំបន់ជីវមណ្ឌលបម្រុងនេះមានសណ្ឋានដីដ៏ពិសេសដែលចែកចេញជា ៣ ផ្នែកគឺតំបន់ព្រៃឈើ តំបន់សមុទ្រ និងតំបន់ពាក់កណ្តាលវាលខ្សាច់។ កន្លែងនេះត្រូវបានគេចាត់ទុកថា មានអាកាសធាតុមិនអំណោយផលបំផុតនៅវៀតណាម ដោយមានចំនួនភ្លៀងធ្លាក់តិចតូចនិងអាកាសធាតុក្តៅហួតហែងពេញមួយឆ្នាំ។អាកាសធាតុបែបនេះបានបង្កើតប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ និងសត្វដ៏វិសេសវិសាល។ ដូច្នេះហើយ តំបន់ជីវមណ្ឌលបម្រុង ភ្នំ Chua ត្រូវបានចាត់ទុកថា ជា "វាលស្មៅនៃដើមឈើមានបន្លា" តែមួយគត់នៅវៀតណាម។ យោងតាមលទ្ធផលស្រាវជ្រាវបានឲ្យដឹងថា នាបច្ចុប្បន្ន តំបន់ជីវមណ្ឌលបម្រុងភ្នំ Chua មានរុក្ខជាតិចំនួន ១ ៥១៤ ប្រភេទ ក្នុងនោះ រុក្ខជាតិចំនួន ៥៤ ប្រភេទបានកត់ត្រាក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក (IUCN) ។ ជាមួយនឹងតម្លៃពិសេសទាំងនេះ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ឧទ្យានជាតិភ្នំ Chua ត្រូវបាន UNESCO ទទួលស្គាល់ជា តំបន់ជីវមណ្ឌលបម្រុងរបស់ពិភពលោកផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕